ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

UN ដាក់​ទណ្ឌកម្ម​លើ​ការ​នាំ​ចេញ​ធ្យូងថ្ម និង​ដែក​របស់​កូរ៉េ​ខាងជើង

7 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ កូរ៉េ​ខាងជើង​កំពុង​ជួប​ប្រទះ​នឹង​ការ​កាត់​បន្ថយ​ការ​នាំ​ចេញ​យ៉ាង​ខ្លាំង នៅ​ក្រោម​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សា​អង្គការសហប្រជាជាតិ (UN) ដែល​មាន​គោលដៅ​ដាក់​ទណ្ឌកម្ម​ដល់​រដ្ឋាភិបាល​របស់​លោក

សហរដ្ឋអាមេរិក ៖ កូរ៉េ​ខាងជើង​កំពុង​ជួប​ប្រទះ​នឹង​ការ​កាត់​បន្ថយ​ការ​នាំ​ចេញ​យ៉ាង​ខ្លាំង នៅ​ក្រោម​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សា​អង្គការសហប្រជាជាតិ (UN) ដែល​មាន​គោលដៅ​ដាក់​ទណ្ឌកម្ម​ដល់​រដ្ឋាភិបាល​របស់​លោក Kim Jong Un បន្ទាប់​ពី​បាន​ធ្វើ​តេស​អាវុធ​នុយក្លេអ៊ែរ​កាលពី​ខែកញ្ញា កន្លង​មក ។

សេចក្តីសម្រេច​នេះ នឹង​កាត់​បន្ថយ​ការ​នាំ​ចេញពី​កូរ៉េ​ខាងជើង​ប្រមាណ​៧០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ។ លើស​ពី​នេះ សំណើ​នេះ​ត្រូវ​បាន​គាំទ្រ​ដោយ​ប្រទេស​ចិន ដែល​មាន​សិទ្ធិ​ច្រាន​ចោលការ​សម្រេចចិត្ត និង​ជា​ប្រទេស​នៅ​ស្ទាក់ស្ទើរ​ក្នុង​ការ​ផ្តន្ទាទោស​ដល់​ប្រទេស​ជិតខាង​របស់​ខ្លួន ។

វិធានការ​ដែល​ត្រូវ​បាន​សម្រេច​កាលពី​ថ្ងៃ​ពុធ ក្នុង​ទីក្រុង​ញូ​វ​យ៉​ក គឺ​កាត់​បន្ថយ​ការ​នាំ​ចេញ​ធ្យូងថ្ម​ពី​កូរ៉េ​ខាងជើង​ប្រមាណ​៦២% ក្នុង​នោះ​រួម​មាន ការ​ហាម​នាំ​ចេញ​ស្ពាន់ នី​កែ​ល និង​ប្រាក់​ផង​ដែរ ដែល​ធ្វើ​ឲ្យ​ប្រទេស​នេះ​បាត់បង់​ប្រាក់​ចំណូល​ផ្នែក​នាំ​ចេញ​ប្រមាណ​១០០​លាន​បន្ថែម​ទៀត ។ លើស​ពី​នេះ អ្នកការទូត​ក៏​ត្រូវ​បាន​ហាមឃាត់​ការ​លួច​លក់​ទំនិញ​​ខុសច្បាប់ ឬ​អាវុធ ហើយ​ម្នាក់​ៗ​អាច​មាន​គណនី​ធនាគារ​តែ​មួយ​ប៉ុណ្ណោះ ។

លោក Ralph Cossa ប្រធាន​ក្រុម​ស្រាវជ្រាវ Pacific Forum CSIS នៅ Honolulu និយាយ​ថា ៖ « ខ្ញុំ​មិន​គិត​ថា ប្រទេស​ចិន​នឹង​អនុម័ត​ការ​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​នេះ​បាន​តឹង​រ៉ឹង​ឡើយ ។ សកម្មភាព​របស់​ប្រទេស​ចិន​ពី​មុន​មក​មិនសូវ​ជា​ល្អ​ទាំងស្រុង​ទេ ប៉ុន្តែ​សង្ឃឹមថា ពួក​គេ​អាច​នឹង​បង្ហាញ​ការ​ប្តេជ្ញា​ថ្មី​ក្នុងអំឡុងពេល​គ្រោះថ្នាក់​នេះ » ។

គួរ​បញ្ជាក់​ថា យោង​តាម Council on Foreign Relations ចិន​ជា​ដៃគូ​ពាណិជ្ជកម្ម​របស់​កូរ៉េ​ខាងជើង​ដ៏​សំខាន់​មួយ ដែល​ត្រូវ​បាន​រាប់​បញ្ចូល​៧០%​នៃ​ពាណិជ្ជកម្ម​សរុប​របស់​កូរ៉េ​ខាងជើង និង​ជា​ប្រទេស​ដែល​ផ្តល់​អាហារ និង​ថាមពល​ដ៏​សំខាន់​ផង​ដែរ ។

កាលពី​ខែមីនា អង្គការសហប្រជាជាតិ​បាន​ដាក់​ទណ្ឌកម្ម​ខ្លាំង​ដល់​រដ្ឋាភិបាល​របស់​លោក Kim ប៉ុន្តែ​នៅ​មាន​ចំណុច​ខ្វះខាត​មួយ គឺ​ការ​អនុញ្ញាត​ឲ្យ​ប្រទេស​នេះ​ធ្វើ​ពាណិជ្ជកម្ម​សម្រាប់​ផ្គត់ផ្គង់​ដល់​ប្រជាជន និង​ស្ថានភាព​បន្ទាន់ ។ បច្ចុប្បន្ន ប្រទេស​ចិន​អនុញ្ញាត​ឲ្យ​មានការ​នាំ​ចូល​ធ្យូងថ្ម និង​រ៉ែ​ដែក​ពី​កូរ៉េ​ខាងជើង ដែល​ទាំងនោះ​ត្រូវ​បាន​ហាមឃាត់​ដោយ​អង្គការសហប្រជាជាតិ ។

លោក Cossa បន្ត​ថា ៖ « ការ​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​នេះ យ៉ាងតិច​ណាស់ ក៏​បាន​បង្កើត​ជា​លក្ខណៈ​វិនិច្ឆ័យ និង​បង្ក​ភាព​ងាយស្រួល​ដើម្បី​តាមដាន​សកម្មភាព​ផង​ដែរ ។ បើ​ទោះជា​គ្មាន​អ្វី​អាច​ទប់ស្កាត់​ការ​ធ្វើបាប​ប្រទេស​នេះ​ទាំងស្រុង​ក្តី រាល់​សកម្មភាព​ដែល​អាច​បិទ ឬ​បញ្ជាក់​ពី​ចន្លោះ​ខ្វះខាត គឺ​មាន​ប្រយោជន៍​ណាស់ » ៕