ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទិញ​ទំនិញ​អន​ឡាញ​បែប​ណា មិន​ត្រូវ​គេ​បោកប្រាស់ ?

7 ឆ្នាំ មុន

ក្នុង​រយៈពេល​ជិត​១០​ឆ្នាំ​កន្លង​មកនេះ គេ​សង្កេត​ឃើញ​ថា ការ​ទិញ​លក់ទំនិញ​តាម​អន​ឡាញ​បាន​ទទួល​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង ព្រោះ​វា​ងាយស្រួល គ្រាន់តែ​យក​ម្រាមដៃ​ចុច មិន​ចាំបាច់​ខាត​ពេលវេលា​ដើរ​រក​ទំនិញ​នៅ​ខាងក្រៅ និង

ក្នុង​រយៈពេល​ជិត​១០​ឆ្នាំ​កន្លង​មកនេះ គេ​សង្កេត​ឃើញ​ថា ការ​ទិញ​លក់ទំនិញ​តាម​អន​ឡាញ​បាន​ទទួល​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង ព្រោះ​វា​ងាយស្រួល គ្រាន់តែ​យក​ម្រាមដៃ​ចុច មិន​ចាំបាច់​ខាត​ពេលវេលា​ដើរ​រក​ទំនិញ​នៅ​ខាងក្រៅ និង​អាច​សន្សំ​សំចៃ​ថ្លៃ​ធ្វើ​ដំណើរ ។ ប៉ុន្តែ​អ្វី​ដែល​មាន​ចំណុច​ល្អ ក៏​មាន​ចំណុច​មិនល្អ​ដូច​គ្នា​ដែរ ព្រោះថា មាន​អ្នក​យល់​ខុស​មួយ​ចំនួន​ច្រើន​ប្រើ​វិធី​នេះ​បោកប្រាស់​អ្នកទិញ​ឱ្យ​បង់ថ្លៃ​ទំនិញ ប៉ុន្តែ​មិន​បញ្ជូន​ទំនិញ​ឱ្យ ឬ​ទទួល​ទំនិញ​ដែល​មិន​បាន​កុម្ម​ង់ ដែល​ធ្វើ​ឱ្យ​អតិថិជន​ត្រូវ​ខាតបង់​ទាំង​ប្រាក់ និង​ខូច​អារម្មណ៍ ។

ដើម្បី​មិន​ឱ្យ​អ្នក​ក្លាយជា​នុយ​របស់​អ្នកមាន​បំណង​អាក្រក់​ទាំងនោះ យើង​បាន​រួបរួម​វិធី​ខ្លះ​ៗ​ក្នុង​ការ​ទិញ​ទំនិញ​អន​ឡាញ និង​ប្រើ​សេវាកម្ម​អន​ឡាញ​យ៉ាង​សប្បាយចិត្ត ហើយ​មិន​ត្រូវ​គេ​បោកប្រាស់ ។

១-​សិក្សា​ព័ត៌មាន​ទំនិញ ៖
ពិនិត្យ​ឡើង​វិញ​នូវ​តម្លៃ​មធ្យម និង​មើលរូប​ភាព​ទំនិញ​ពិតប្រាកដ​យ៉ាង​លម្អិត​ថា ជា​អ្វី​ដែល​យើង​ត្រូវការ​ពិតប្រាកដ​សម្រាប់​ពេល​ទៅ​រក​ក្នុង​ហាង គឺ​នឹង​បាន​ប្រៀបធៀប​រូប​ក្នុង​ហាង​នោះ​ថា ដូច​គ្នា​ឬទេ ។ បើសិនជា​ហាង​ដែល​យើង​កំពុង​ចាប់អារម្មណ៍​មិន​បាន​ថតរូប​ទំនិញ​នោះ អ្នក​អាច​សាកសួរ​ទៅ​ហាង​ពី​លក្ខណៈ​កញ្ចប់ ពណ៌ ដើម្បី​ចាប់​ចំណុច​ខុស ហើយ​បើ​ហាង​នោះ​ឆ្លើយ​តប​បែប​គេច​ៗ ឬ​មិន​ចង់​ឆ្លើយ​តប​នោះ គួរ​ទៅ​រក​ហាង​ផ្សេង​វិញ ។

២-​កុំ​ចិត្ត​ក្តៅ ៖
ហាង​ណា​ដែល​លក់ទំនិញ​ក្នុង​តម្លៃ​ថោក កុំ​ប្រញាប់​រំភើប​ថា នឹង​បាន​ទិញ​របស់​ថោក​។ អ្នក​ត្រូវ​មើល​ការ​ពន្យល់​របស់​ហាង​ជា​មុន​ថា ហេតុ​អ្វី​បានជា​ទំនិញ​ប្រភេទ​នេះ​អាច​លក់​ថោក​ដល់​ថ្នាក់​នេះ ដូច​ជា ជា​ហាង​លក់ដុំ ឬ​នាំ​ចូល​មក​ចំនួន​ច្រើន​ជាដើម ។ ប៉ុន្តែ​អ្នក​ត្រូវ​សង្ស័យ​ថា អាច​នឹង​យក​សម្ភារ​មិន​សុទ្ធ ឬ​បន្លំ​មក​លក់ ទំនិញ​ជិត​ផុតកំណត់ ឬ​ទ្រុឌទ្រោម ។ អ្នក​អាច​សួរ​ទៅ​កាន់​ហាង បើសិនជា​អ្នកលក់​នោះ​ចៀសវាង​មិន​ឆ្លើយ​តប ចូរ​កុំ​ប្រថុយ ។

៣-​វែ​ប​សាយ Update ជា​ប្រចាំ ៖
ប្រសិនជា​វែ​ប​សាយ​ដែល​អ្នក​កំពុង​មើល​នោះ Update ជា​ប្រចាំ ដូច​ជា មានការ​ផ្សព្វផ្សាយ​អំពី​ផលិតផល​ថ្មី​ៗ ឬ​ផ្លាស់​ប្តូរ​ការ​ផ្សព្វផ្សាយ​ថ្មី​បំផុត គឺ​បង្ហាញ​ឱ្យ​ឃើញ​ថា ម្ចាស់​ហាង​បាន​ប្រើប្រាស់​វែ​ប​សាយ​រហូត ដែល​ធ្វើ​ឱ្យ​យើង​មាន​ទំនុកចិត្ត​ច្រើន ។

៤-​ចូល​មើល​វែ​ប​សាយ ៖
សាកល្បង​មើល​ក្នុង​វែ​ប​សាយ​របស់​ហាង​ថា អតិថិជន​ដទៃ​ទៀត​មាន​បញ្ហា​ឬទេ ដូច​ជា ហាង​ខ្លះ​បញ្ជូន​ទំនិញ​យឺតយ៉ាវ ហើយ​ម្ចាស់​ហាង​បាន​ឆ្លើយ​តប​រហ័ស​ឬទេ និង​តប​ដូច​ម្តេច ។ រីឯ​វែ​ប​សាយ​ណា​ដែល​មាន​មនុស្ស​ចូល​មើល​ច្រើន បែប​នេះ​ក៏​កុំ​អាល​ប្រញាប់​ពេក​ដែរ ព្រោះ​អាច​ជា​មនុស្ស​ដែល​ម្ចាស់​ហាង​ឱ្យមក​ផូស ឬ​ម្ចាស់​ហាង​ផូស​ដោយ​ខ្លួន​ឯង។

៥-​ការ​បង្ហាញ​ហាង និង​អ្នកលក់ ៖
មើល​ក្នុង «​ទាក់ទង​មក​យើង​» ឬ «Contact Us» ក្នុង​វែ​ប​សាយ​លក់ទំនិញ ដើម្បី​ដឹង​នូវ​ព័ត៌មាន​ពី​ហាង​ឱ្យ​បាន​ច្រើន​បំផុត ។ បើសិនជា​ហាង​នោះ​មាន​ទាំង​រូបភាព​អ្នកលក់ ឈ្មោះ​ពិត​នៃ​ផ្នែក​លក់ អុ​ី​ម៉ែ​ល Line លេខ​ទូរស័ព្ទ​អាច​ទាក់ទង​បាន អាសយដ្ឋាន​ពិតប្រាកដ ឬ​ឈ្មោះ​និង​លេខ​បញ្ជី​ផ្ទេរ​ប្រាក់ នឹង​កាន់តែ​ល្អ ។ បន្ទាប់​មក​យក​ព័ត៌មាន​ទាំងនេះ​ទៅ​ស្វែងរក​ក្នុង Google ដើម្បី​មើល​ថា មាន​ពិតប្រាកដ​ឬ​អត់ ។

៦-​ពិនិត្យ​រយៈពេល​បង្កើត​វែ​ប​សាយ ៖
អាច​ពិនិត្យ​ពី​ប្រវត្តិ​វែ​ប​សាយ ហើយ​កុំ​ភ្លេច​ពិនិត្យ​មើល​ពី​អតិថិជន​ដើម្បី​ដឹង​ថា តើ​អតិថិជន​និយាយ​អំពី​ហាង​នេះ​យ៉ាងណា​ខ្លះ ហើយ​ការ​ទិញ​លក់ សេវាកម្ម ការ​បញ្ជូន​ទំនិញ​មាន​បញ្ហា​ឬ​អត់​។ ទោះជា​យ៉ាងណា ក៏​វា​អាច​ជួយ​ក្នុង​ការ​សម្រេចចិត្ត​ថា ហាង​នេះ​គួរ​ឱ្យ​ជឿជាក់​កម្រិត​ណា ។

៧-​មាន​លក្ខខណ្ឌ និង​គោលការណ៍​ប្រើ​សេវាកម្ម​ច្បាស់លាស់ ៖
ដូច​ជា គោលការណ៍​ប្តូរ​ទំនិញ គោលការណ៍​សង​ប្រាក់​វិញ គោលការណ៍​ចាត់ចែង​ក្នុង​ករណី​ទំនិញ​ទ្រុឌទ្រោម​ក្នុងអំឡុងពេល​ធ្វើការ​បញ្ជូន​… ទាំងនេះ​បង្ហាញ​ដល់​ភាព​ច្បាស់លាស់​ក្នុង​ការ​ប្រកប​មុខ​ជំនួញ និង​សេវាកម្ម​ជាមួយ​អតិថិជន ។

៨-​ព្យាយាម​ទិញ​ទំនិញ​ពី​ហាង​ដែល​មានការ​ដឹក​ជញ្ជូន ៖
ប្រសិនបើ​អ្នក​ផ្ទេរ​ប្រាក់​ហើយ ខាង​ហាង​នឹង​បញ្ជូន​ទំនិញ​មក​ឱ្យ​ភ្លាម​ៗ វា​ល្អ​ជាង​ហាង​ដែល​ទទួល​ការ​បញ្ជា​ទិញ​ជា​មុន (pre-order) ហើយ​អ្នក​ត្រូវ​រង់ចាំ​ជា​ច្រើន​ថ្ងៃ ទើប​ហាង​នោះ​បញ្ជូន​ទំនិញ​មក គឺ​អាច​ប្រថុយ​នឹង​ត្រូវ​គេ​បោក ។

៩-​កុំ​ទិញ​សម្ភារ​មាន​តម្លៃ​ថ្លៃ​តាម​អន​ឡាញ ៖
ដូច​ជា ស្មា​ត​ហ្វូ​ន និង​ម៉ាស៊ីនថតរូប ដែល​សម្ភារ​ទាំងនេះ គួរតែ​ទៅ​ទិញ​តាម​ហាង​ផ្ទាល់​វិញ​ប្រសើរ​ជាង ព្រោះ​អ្នក​នឹង​អាច​សាកល្បង​សម្ភារ​ទាំងនេះ​ជា​មុន​បាន ។ បើ​អ្នកទិញ​វា​តាម​អន​ឡាញ គឺ​អាច​មិន​សម​ជាមួយនឹង​ចំនួន​ប្រាក់ ។

១០-​សាកសួរ​ពី​មិត្តភក្តិ ៖
អាច​សាកសួរ​មិត្តភក្តិ​ថា ធ្លាប់​ទិញ​ទំនិញ​ពី​វែ​ប​សាយ​ដែល​អ្នក​កំពុង​តែ​ចាប់អារម្មណ៍​នោះ​ឬទេ ហើយ​បើ​អ្នក​ចង់បាន​ទំនិញ​ប្រភេទ​នេះ គួរ​ទិញ​ពី​វែ​ប​សាយ​ណា​ល្អ តម្លៃ​បែប​ណា សេវាកម្ម​ល្អ​ទេ ជាដើម ។

១១-​កុំ​ផ្តល់​ព័ត៌មាន​ផ្ទាល់ខ្លួន​ដាច់ខាត ៖
បើសិនជា​កន្លែង​លក់​ណា​សុំ​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់​អ្នក​ដូច​ជា លេខ​អត្តសញ្ញាណប័ណ្ណ ឬ​លេខ​កាត​ឥណទាន កុំឱ្យ​ដាច់ខាត ព្រោះ​រឿង​ទាំងនេះ​មិន​ពាក់ព័ន្ធ​នឹង​ការ​ទិញ​លក់​ឡើយ ។

១២-​ប្រមូល​ទុក​នូវ​ភស្តុ​តាង​ការ​ទិញ​លក់ ៖
ត្រូវ​ប្រមូល​រាល់​ភស្តុ​តាង​គ្រប់​វិធី​ដូច​ជា អត្តសញ្ញាណប័ណ្ណ គណនី និង​ការ​ផ្ទេរ​ប្រាក់ ដើម្បី​ទុក​ប្រើ​ក្នុង​ករណី​អ្នកលក់​បោកប្រាស់ ។ វិធី​ការពារ​ដែល​ល្អ គឺ​ការ​សុំ​រក្សា​ទុក​នូវ​ភស្តុ​តាង​ទាំងឡាយ​នៅ​ពេល​មាន​បញ្ហា អ្នក​នឹង​អាច​ប្តឹង​បាន ។

ការ​ទិញ​លក់ទំនិញ​តាម​អន​ឡាញ ទោះបីជា​មាន​ភាព​ងាយស្រួល ប៉ុន្តែ​ក៏​ពោរពេញ​ទៅ​ដោយ​ភាព​ប្រថុយប្រថាន ព្រោះ​យើង​មិនដឹង​ថា អ្នកលក់​ជា​អ្នក​ណា ហើយ​ទំនិញ​ពិត​ប្រាកដ​ដូច​ម្តេច ។ ប៉ុន្តែ​ទោះជា​ណា បើសិនជា​បាន​ប្រុង​ប្រយ័ត្ន និង​ប្រើ​ពេលវេលា​ក្នុង​ការ​ពិនិត្យ​មើល​ហាង​ទំនិញ តាម​ការ​ណែនាំ​មុន​នឹង​សម្រេចចិត្ត​ទិញ​នោះ អ្នក​ពិតជា​អាច​ចៀស​ផុត​ពី​បញ្ហា​ទាំងនេះ​បាន ៕