រាជធានីភ្នំពេញ ៖ ក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានជម្រាបជូនសាធារណជន និងប្រជាជនកម្ពុជាថា នៅថ្ងៃទី៣០ វិច្ឆិកា ឆ្នាំ២០១៦ ក្នុងកិច្ចប្រជុំគណៈកម្មការអន្តររដ្ឋាភិបាលនៃអង្គការយូណេស្កូ សម្រាប់ការការពារបេតិកភណ្ឌអរូបីលើកទី១១នៅទីក្រុង អាឌីសអាបាបា ប្រទេសអេត្យូពី បានអនុម័តយល់ព្រមចុះ «ចាប៉ីដងវែង» ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ តាមសេចក្តីសម្រេច DECISION 11.Com 10.a.6 ។
ការសម្រេចរបស់គណៈកម្មការអន្តររដ្ឋាភិបាលនៃអង្គការយូណេស្កូនៅពេលនេះ គឺជាមោទនភាពជាតិដ៏ធំធេងថ្មីមួយទៀត ដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជានិច្ចកាលផ្តល់អាទិភាពខ្ពស់ចំពោះវប្បធម៌ និងបេតិកភណ្ឌរបស់ជាតិ ។ ក្រោមការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល និងការខិតខំពុះពារចូលរួមយ៉ាងសកម្មពីថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយមានការសហការគាំទ្រយ៉ាងផុសផុលពីសិល្បករ អង្គការសមាគម សង្គមស៊ីវិលក្នុងវិស័យសិល្បៈវប្បធម៌ និងការជួយគាំទ្រលើកទឹកចិត្តពីមហាជន ប្រជាជន និងស្រទាប់យុវជនកម្ពុជាទាំងមូល ទើបយើងទទួលបាននូវលទ្ធផលនៃការដាក់ ចាប៉ីដងវែង ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ដ៏គួរជាទីមោទនៈនេះ ។ បេតិកភណ្ឌវប្បធម៌រូបី និងអរូបីរបស់ជាតិយើងបានរូមចំណែកធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់ព្រះរាជាណាចក្រកម្ពុជាល្បីរន្ទឺនៅលើឆាកអន្តរជាតិ ព្រមទាំងជាតួអង្គមួយដ៏លេចធ្លោនៅលើវេទិកាបេតិកភណ្ឌពិភពលោកថែមទៀតផង ។
ទន្ទឹមនេះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈអំពាវនាវដល់សាធារណជនឱ្យបន្តចូលរួមថែរក្សាការពារ និងលើកតម្កើងតម្លៃបេតិកភណ្ឌវប្បធម៌ជាតិ ពិសេសបេតិកភណ្ឌអរូបី ដែលកំពុងប្រឈមនឹងចរន្តវប្បធម៌អសកម្មក្នុងសម័យសាកលភាវូបនីយកម្មនាពេលបច្ចុប្បន្ន ។
ដោយឡែកតាមការប្រកាសលើហ្វេសប៊ុករបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាឲ្យដឹងថា «កម្ពុជាអបអរសាទរចាប៉ីដងវែង ដែលបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីមនុស្សជាតិ កាលពីវេលាម៉ោង២រសៀល (ម៉ោងនៅទីក្រុងភ្នំពេញ) ត្រូវនឹងម៉ោង១០ព្រឹក (នៅទីក្រុង Addis Ababa ប្រទេសអេត្យូពី) ។ ថ្ងៃនេះអង្គការយូណេស្កូ បានដាក់បញ្ចូលចាប៉ីដងវែងខ្មែរទៅក្នុងសម្បត្តិបេតិកភណ្ឌអរូបីរបស់ មនុស្សជាតិ តាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជាហើយ ។
មិនតែប៉ុណ្ណោះយូណេស្កូ បានផ្ដល់ប្រាក់ជាង២៣ម៉ឺនដុល្លារសម្រាប់សកម្មភាពគាំទ្រ និងការពារបេតិកភណ្ឌចាប៉ីដងវែងខ្មែទៀតផង ។ នេះគឺជាជោគជ័យ និងមោទនភាពរបស់កម្ពុជាយើងទាំងអស់គ្នា ។ សូមអរគុណលោកគ្រូអ្នកគ្រូ សាស្ត្រាចារ្យ និងមន្ត្រីនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដែលបានខិតខំថែរក្សាកេរ្តិ៍មរតកចាប៉ីដងវែងរបស់ប្រទេសយើងឱ្យនៅគង់វង្ស»។
ការដាក់ចាប៉ីដងវែងខ្មែរជាបេតិក្ខភណ្ឌពិភពលោកនេះ បានទទួលការអបអរសាទរយ៉ាងណាខ្លាំងពីប្រជាជនខ្មែរ ជាពិសេសបណ្តាអ្នកជំនាញ និងអ្នកដែលចាប់យកអាជីពមួយនេះ ខណៈពេលដែលនេះគឺជាជោគជ័យថ្មីទៀតសម្រាប់ប្រទេសកម្ពុជាបន្ទាប់ពីរបាំព្រះរាជ្រទ្រព្យ និងសិល្បៈស្រមោលស្បែកធំបានចុះបញ្ជីដូចគ្នានេះដែរ ។
លោកពេជ្រ សារ៉ាត ប្រធានសហគមន៍ចាប៉ីអមតៈបានផ្ញើសារអបអរសាទរដោយបញ្ជាក់ថា «ដោយសេចក្តីរំភើប គោរព សាទរយ៉ាងជ្រាលជ្រៅកក់ក្តៅសម្រាប់ប្រជាជាតិខ្មែរយើង និងសាកលលោកសម្រាប់ទម្រង់ចាប៉ីខ្មែរយើង» ។
ចំណែកលោកសាយ ប៊ុនធឿន ជាអ្នកលេង និងស្រឡាញ់ឧបករណ៍ចាប៉ីដងវែងបានចូលអបអរសារទរចំពោះជោគជ័យ ខណៈពេលដែលលោកយល់ថា ឧបករណ៍ភ្លេងបុរាណខ្មែរមួយនេះស្ថិតក្នុងបញ្ជីបេតិកភណ្ឌអរូបីដែលត្រូវការសង្គ្រោះបន្ទាន់ ។
អ្នកអាជីពចាប៉ីដងវែងលោកសាន សុវណ្ណឌឿន ត្រេកអរ ខណៈទទួលដំណឹងមួយនេះប៉ុន្តែលោកនឹងរង់ចាំមើលថា នៅពេលដែលសិល្បៈបុរាណមួយនេះ ត្រូវបានទទួលស្គាល់ពេញពិភពលោកហើយនោះ តើក្រសួងពាក់ព័ន្ធនឹងចាត់វិធានការបែបណាក្នុងការលើកស្ទួយឲ្យកាន់តែមានសន្ទុះខ្លាំងឡើង ។
លោកសាន សុវណ្ណឌឿន បញ្ជាក់ថាក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកគួរពិចារណាធ្វើកិច្ចការណាមួយដើម្បីលើកស្ទួយសិល្បៈចាប៉ី ជាពិសេសជួយជំរុញធ្វើយ៉ាងណាឲ្យអ្នកដែលមានអាជីពមួយនេះមានជីវភាពសមរម្យ ព្រោះតាមលោកដឹងអ្នកដែលមានអាជីពពិតប្រាកដមិនដល់១០នាក់ផង ។
លោកសាន សុវណ្ណឌឿន បានថ្លែងអំណរគុណដល់ប្រមុខរដ្ឋាភិបាល ជាពិសេសសមាគមសិល្បៈខ្មែរអមតៈដែលតែងតែខិតខំជំរុញ និងបណ្តុះបណ្តាល ក្មេងៗជំនាន់ក្រោយជាច្រើនបើទោះបីជាពេលនេះនៅសាលាសិល្បៈមិនសូវមានសិស្សចាប់អារម្មណ៍រៀនផ្នែកនេះក៏ដោយ ៕
ចែករំលែកព័តមាននេះ