អាជ្ញាធរ​ជាតិ​អប្សរា​សហការ​ជាមួយ​ព្រះសង្ឃ​ធ្វើ​កិច្ច​សាសនា និង​ធ្វើ​របង​ព័ទ្ធ​គល់​គ្រញូង​ដែល​នៅ​សល់


ខេត្តសៀមរាប ៖ អាជ្ញាធរ​ជាតិ​អប្សរា សហការ​នឹង​បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម បាន​ប្រារព្ធ​ពិធី​សាសនា និង​ធ្វើ​របង​ព័ទ្ធ​គល់​គ្រញូង បន្ទាប់​ពី​ជនល្មើស​បាន​លួច​ចូល​កាប់​កាលពី​ពេល​កន្លង​ទៅ​ថ្មី​ៗ​នោះ ដើម្បី​ធ្វើ​ពិធី​ឆ្លើយ​តប​ទៅ​នឹង​ជំនឿ​របស់​ប្រជាពលរដ្ឋ និង​ដើម្បី​ការពារ​គល់​គ្រញូង​ដែល​នៅ​សេសសល់ ទុកជា​ស្លាកស្នាម​ប្រវត្តិសាស្ត្រ​នៃ​ដើមឈើ​កម្រ រក​គ្មាន ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ព្រមទាំង​ការពារ​កូន​គ្រញូង​ដែល​បាន​ដុះ​ឡើង​ត្រង់​គល់​ចាស់​នោះ​។

គួ​រម្លឹក​ផង​ដែរ​ថា បន្ទាប់​ពី​ជនល្មើស​បាន​លួច​ចូល​អារកាត់​នៅ​ក្នុង​ឧទ្យាន​អង្គរ កាលពី​ថ្ងៃ​ទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៦ ស្ថិត​នៅ​ភូមិ​ត្រពាំង​សេះ សង្កាត់​គោក​ចក ក្រុង​/​ខេត្តសៀមរាប ត្រូវ​បាន​អាជ្ញាធរ​ជាតិ​អប្សរា សហការ​នឹង​បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម បាន​ប្រារព្ធ​ពិធី​សាសនា និង​ធ្វើ​របង​ព័ទ្ធ​គល់​គ្រញូង ដើម្បី​ការពារ​កុំឱ្យ​សត្រូវ​ចូល​លួច​បាន​តទៅ​ទៀត​។ ព្រះ​តេជគុណ បូរ បេ​ត សមាជិក​ក្រុម​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម​មាន​ថេរ​ដីកា​ថា ដោយសារ​គ្រញូង​មួយ​ដើម​នេះ​ជាដើម​ឈើ​ដែល​អ្នកស្រុក​ធ្លាប់​មាន​ជំនឿ​បន់ស្រន់​ពី​មុន យើង​ចង់​បំពេញ​កិច្ច​សាសនា​ជូន​ពួក​គាត់ និង​សុំ​ឲ្យ​គាត់​យក​ការ​ខឹងសម្បារ​នោះ​មក​ជា​ការ​រួមចំណែក​ថែរក្សា​វិញ​។ ជាក់ស្តែង​នា​ថ្ងៃ​ទី​២៤​កន្លង​ទៅ​នេះ យើង​បាន​ដឹកនាំ​ពួក​គាត់​ដាំ​កូន​គ្រញូង​ចំនួន​១០០​ដើម នៅ​ក្នុង​វត្ត​ថ្មី​ដំរី​សែន​ជ័យ​រួចរាល់​ហើយ​ដែរ​។

លោក ហង់ ពៅ អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា​មាន​ប្រសាសន៍​ក្នុង​ពិធី​នេះ​ថា ការ​អភិរក្ស​ថែទាំ និង​ដាំ​ឡើង​វិញ​ព្រៃឈើ​ក្នុង​ឧទ្យាន​អង្គរ គឺជា​សកម្មភាព​ដែល​យើង​តែង​ធ្វើ​ជា​ប្រចាំ​។ យើង​មានការ​សោកស្តាយ​ដើម​គ្រញូង​មួយ​ដើម​ដែល​បាន​បាត់បង់​ទៅ តែ​ពេល​នេះ​យើង​ឃើញ​ដុះ​កូន​គ្រញូង​ថ្មី​ដុះ​ឡើង ទើប​យើង​សម្រេច​ធ្វើ​របង​ការពារ​កុំ​ឲ្យ​អ្នក​មក​មើល​ឡើង​ជាន់​។ ម្យ៉ាងទៀត យើង​ក៏​បាន​សហការ​ជាមួយ​ព្រះសង្ឃ​ធ្វើ​ពិធី​សាសនា​ដើម្បី​តម្រូវ​តាម​ប្រជាពលរដ្ឋ​ដែល​គាត់​ចង់បាន​។

ជាមួយ​គ្នា​នេះ​ដែរ លោក​អគ្គនាយករង​ក៏​បាន​បង្ហាញ​អំពី​បេសកកម្ម​ការពារ​ព្រៃឈើ​ក្នុង​ឧទ្យាន​អង្គរ ដែល​សម្បូរ​ដោយ​ប្រភេទ​ឈើ​ជាង​១៨០​ប្រភេទ​។ យើង​មិនមែន​អភិរក្ស និង​ដាំ​ឡើង​វិញ​តែ​ប្រភេទ​ឈើ​កម្រ​ដូច​ជា​គ្រញូង​ជាដើម​តែ​មួយ​មុខ​ទេ យើង​បាន​ដាំ​កូន​ឈើ​រាប់​ម៉ឺន​ដើម ជា​រៀង​រាល់​ឆ្នាំ​ក្នុង​ឧទ្យាន​អង្គរ និង​ចែកចាយ​តាម​វត្ត និង​សហគមន៍​នានា​ដើម្បី​ចូលរួម​ដាំ​ផង​ដែរ​។

សូម​រម្លឹក​ផង​ដែរ​ថា ការ​ព័ទ្ធ​របង​ជុំវិញ​គល់​គ្រញូង​នោះ គឺ​បន្ទាប់​ពី​មាន​ក្រុម​ចោរ​ចូល​លូច​កាប់​ដើម​គ្រញូង​នៅ​ក្នុង​ឧទ្យាន​អង្គរ កាលពី​ថ្ងៃ​ទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៦ កន្លង​ទៅ​ថ្មី​ៗ​នោះ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ក្រុម​ចោរ​ទាំង​៥​នាក់​នោះ​មានឈ្មោះ​អគ្គនាយករង​ម្នាក់ និង​ប្រធាន​ការិយាល័យ​ម្នាក់ និង​បុគ្គលិក​ចំនួន​៣​នាក់​ទៀត តាម​បទបញ្ជា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ខណៈ​ដែល​ពួក​គេ​ទាំងនោះ​បាន​ចូលរួម លួច​កាប់​ដើម​គ្រញូង ដ៏​មាន​ត​ម្លែ រាប់​សែន​ដុល្លារ បញ្ជូន​ទៅ​តុលាការខេត្ត ដើម្បី​ដាក់ទោស​ទៅ​តាម​ច្បាប់​ស្តី​ពី​ព្រៃឈើ ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ទូ​ទាំង​ប្រទេស​ផង​ដែរ​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ជ្រុង​មួយ​នៃ​សាសនា

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ