ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃស្អែកនេះ ផលិតករភាពយន្តល្បីៗនឹងមកជួបជុំគ្នានៅមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើក ទី១១

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រោយ​ខកខាន​រយៈពេល​២​ឆ្នាំ​ជាប់​ៗ​គ្នា​ដោយសារ​តែ​វិ​បត្ត​កូ​វី​ដ​-១៩ ពេល​នេះ​មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា ប្រចាំឆ្នាំ​២០២២ (CIFF) ដែល​ត្រូវជា​លើក​ទី​១១ នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​២៨ ខែមិថុនា ដល់​ថ្ងៃ​ទី​៣…

រាជធានី​ភ្នំពេញ ៖ ក្រោយ​ខកខាន​រយៈពេល​២​ឆ្នាំ​ជាប់​ៗ​គ្នា​ដោយសារ​តែ​វិ​បត្ត​កូ​វី​ដ​-១៩ ពេល​នេះ​មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា ប្រចាំឆ្នាំ​២០២២ (CIFF) ដែល​ត្រូវជា​លើក​ទី​១១ នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​២៨ ខែមិថុនា ដល់​ថ្ងៃ​ទី​៣ ខែកក្កដា​។

ដោយ​ក្នុង​នោះ​ភាពយន្ត​ជាង​១៤៤ មក​ពី ២៦​ប្រទេស រួម​ទាំង​ភាពយន្ត​ខ្នាត​ខ្លី ភាពយន្ត​ឯកសារ និង​គំនូរជីវចល នឹង​ត្រូវ​ដាក់​បញ្ចាំង​នៅ​ទីតាំង​ចាក់​បញ្ចាំង​ធំ​ៗ​ក្នុង​រាជធានី​ភ្នំពេញ​ ។ ព្រឹត្តិការណ៍​មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​គណៈកម្មការ​ភាពយន្ត​កម្ពុជា និង​មជ្ឈមណ្ឌល​បុប្ផា​ណា សហការ​ជាមួយ​តួអង្គ​ឧស្សាហកម្ម​ភាពយន្ត​ធំ​ៗ រោង​ភាពយន្ត អ្នក​ឧបត្ថម្ភ និង​ផលិតករ​ភាពយន្ត​ ។ ពិសេស ​គឺ​ប្រទេស​អូស្ត្រាលី​បាន​ជួយ​ដល់​មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា​លើក​ទី​១១​នេះ​។

ជុំវិញ​ការ​ជួយ​ដល់​ការ​រៀបចំ​ព្រឹត្តិការណ៍​មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា លើក​ទី​១១​នេះ ឯកឧត្តម Andreas Zurbrugg ភារធារី​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា​បាន​ថ្លែង​ឱ្យ​ដឹង​អំពី​ហេតុផល​នៅ​ពីក្រោយ​ការ​ជួយ​លើ​មហា​ព្រឹត្តិការណ៍​មួយ​នេះ​ដូច​ខាងក្រោម​៖ សំណួរ​៖ ហេតុ​អ្វី​បានជា​ស្ថានទូត​អូស្ត្រាលី​ជួយ​ដល់​មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា​ឆ្នាំ​នេះ? ភារធារី​ស្ថានទូត​អូស្ត្រាលី​៖ ខ្ញុំ​ពិតជា​រីករាយ​ណាស់​ដែល​មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា បាន​ត្រលប់​មក​វិញ​ជា​ថ្មី នៅ​ឆ្នាំ​នេះ ជា​លើក​ទី​១១ បន្ទាប់​ពី​ខកខាន​អស់​រយៈពេល​ពីរ​ឆ្នាំ​មក​ហើយ​។ នេះ​ក៏​ដោយសារ​តែ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ប្រកបដោយ​ជោគជ័យ របស់​រដ្ឋាភិបាល​កម្ពុជា ហើយ​អូស្ត្រាលី​មាន​មោទនភាព​ណាស់ ដែល​បាន​ជួយ​ដល់​ភាព​ជោគជ័យ​នេះ ដោយ​យើង​បាន​ផ្តល់​វ៉ាក់សាំង Pfizer និង​ជំនួយ​តាំងពី​ដើម​ដល់​ចប់ ក្នុង​ការ​ចែកចាយ​វ៉ាក់សាំង​នេះ​។ វា​ជា​ការ​រីករាយ​ណាស់ ដែល​បន្ទាប់​ពី​ការ​ខិតខំ​ប្រឹងប្រែង​ទាំងនេះ ព្រម​ជាមួយ​និង​យុទ្ធនាការ​ចាក់​វ៉ាក់សាំង យើង​ទាំងអស់​គ្នា​អាច​ទៅ​មើល​ភាពយន្ត នៅ​តាម​រោង​ភាពយន្ត​បាន ក្នុង​ពេល​ឥឡូវនេះ​។

ស្ថានទូត​អូស្ត្រាលី​ជា​ដៃគូ​ឧបត្ថម្ភ​ដ៏​ធំ​របស់​មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា (CIFF) នៅ​ឆ្នាំ​នេះ​។ ឆ្នាំ​២០២២ គឺជា​ឆ្នាំ​ដ៏​សំខាន់​សម្រាប់​យើង ជា​ឆ្នាំ​ដែល​យើង​ប្រារព្ធ​ខួប​ទី​៧០​ឆ្នាំ នៃ​ការ​បង្កើត​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា និង​អូស្ត្រាលី​។ ដូច្នេះ​ហើយ យើង​ចង់​ប្រើប្រាស់​កម្មវិធី​នេះ ដើម្បី​ភ្ជាប់​វប្បធម៌​របស់​យើង ស្វែងរក​មូលដ្ឋាន​រួម និង​អារម្មណ៍​រួម​គ្នា​ជា​សហគមន៍​។ ខ្សែភាពយន្ត​នានា​នឹង​ឆ្លុះ​បញ្ចាំង​ពី​ប្រទេស​អូស្ត្រាលី​សហ​សម័យ ដែល​មាន​ភាព​ចម្រុះ ការ​ច្នៃប្រឌិត និង​ភាព​បទ​បែន​ជា​ច្រើន​។ ការ​គាំទ្រ​របស់​យើង​ដល់​មហោស្រព​ភាពយន្ត​នៅ​ឆ្នាំ​នេះ គឺជា​ឱកាស​សម្រាប់​ប្រជាជន​អូស្ត្រាលី និង​ប្រជាជន​កម្ពុជា​ទាំងអស់ ឆ្លុះ​បញ្ចាំង​ពី​ដំណើរ​របស់​ប្រទេស​យើង​ទាំង​ពីរ ក្នុង​រយៈពេល​៧០​ឆ្នាំ​មកនេះ និង​អ្វី​ដែល​យើង​អាច​ធ្វើ​ក្នុង​រយៈពេល​៧០​ឆ្នាំ​ខាង​មុខ និង​រាប់​ឆ្នាំទៅ​មុខ​ទៀត​។ កម្មវិធី​មហោស្រព​ភាពយន្ត​នេះ​ទទួល​បានការ​ពេញ​និយម​ជា​ខ្លាំង​។ ខណៈ​ពេល​ដែល​ការ​គាំទ្រ​របស់​យើង​នេះ មាន​គោលបំណង​ដើម្បី​អបអរ​ខួប​ទី​៧០​ឆ្នាំ​របស់​យើង កម្មវិធី​នេះ​ក៏​នឹង​ជួយ​ផ្តល់​ជា​វេទិកា​សម្រាប់​ផលិតករ​ភាពយន្ត និង​ទស្សនិកជន ធ្វើការ​ទាក់ទង​គ្នា​ទៅ​វិញ​ទៅ​មក និង​បង្កើត​ការ​សន្ទនា​រវាង​មនុស្ស​ទាំងអស់​។ វា​នឹង​គាំទ្រ​ដល់​ដំណោះស្រាយ​ប្រកបដោយ​ភាព​ច្នៃប្រឌិត និង​កិច្ចសហការ​រវាង​មនុស្ស និង​ស្ថាប័ន​ដែល​មានគុណ​តម្លៃ និង​ចំណាប់អារម្មណ៍​ស្រ​ដៀង​គ្នា​។

តើ​លោក​អាច​រៀបរាប់​បាន​ទេ​ថា​មាន​ព្រឹត្តិការណ៍​របស់​អូស្ត្រាលី​អ្វីខ្លះ ដែល​នឹង​ត្រូវ​បាន​រៀបចំ​ឡើង ជា​ផ្នែក​មួយ​នៃ​កម្មវិធី​ទាំងមូល? ភារធារី​ស្ថានទូត​អូស្ត្រាលី​៖ គេហទំព័រ​របស់ CIFF គឺ www.cambodiaiff.com មាន​រៀបរាប់​ពី​កម្មវិធី​ទាំងអស់​របស់់់់ មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា ដែល​ធ្វើ​ឡើង​ចាប់ពី ថ្ងៃ​ទី​២៨ ខែមិថុនា ដល់ ថ្ងៃ​ទី​៣ ខែកក្កដា​។ ដើម្បី​អបអរ​ខួប​ទី​៧០​ឆ្នាំ​នៃ​ទំនាក់ទំនង​ទ្វេភាគី​រវាង​កម្ពុជា និង​អូស្ត្រាលី យើង​នឹង​ចាក់​បញ្ចាំងភាពយន្ត​អូស្ត្រាលី​ប្រហែល​២០​រឿង ដែល​ផលិត​ឡើង​ក្នុង​អំឡុង​ឆ្នាំ​១៩៥២ ដល់​ឆ្នាំ​២០២២​។ ភាពយន្ត​ទាំងនេះ​រួម​មាន ភាពយន្ត​សហគមន៍ និង​ភាពយន្ត​អប់រំ ដែល​លើក​ឡើង​អំពី​បញ្ហា​បរិស្ថាន និង​ការ​គ្រប់គ្រង​ទឹកទន្លេ​មេគង្គ កសិកម្ម ក្រុម​ជនជាតិ​ដើម​ភាគតិច និង​សមភាព​យេ​ន​ឌ័​រ​។

លើស​ពី​នេះ​ទៅ​ទៀត ផលិតករ​ភាពយន្ត​ជនជាតិ​អូស្ត្រាលី​ល្បី​ៗ​មួយ​ចំនួន ក៏​នឹង​មក​កាន់​ប្រទេស​កម្ពុជា​ផង​ដែរ ដើម្បី​ចូលរួម​ក្នុង​មហោស្រព​ឆ្នាំ​នេះ​។ ផលិតករ​ភាពយន្ត និង​សិល្បករ​ទាំងនេះ រក្សា និង​ចែករំលែក​វប្បធម៌​សោត​ទស្សន៍​ដ៏​រស់​រវើក និង​ចម្រុះ​របស់​អូស្ត្រាលី ដែល​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត​ថា យើង​ជា​អ្វី យើង​ធ្លាប់​ជា​អ្វី ហើយ​យើង​ចង់​ក្លាយជា​អ្វី​។

សំណួរ​៖ លោក​បាន​រៀបរាប់​ថា ផលិតករ​ភាពយន្ត​អូស្ត្រាលី​មួយ​ចំនួន​នឹង​មក​កាន់​ប្រទេស​កម្ពុជា ។ តើ​ពួក​គេ​ជា​នរណា ហើយ​ពួក​គេ​នឹង​ធ្វើ​អ្វីខ្លះ​ក្នុង​កម្មវិធី​មហោស្រព​នេះ? ភារធារី​ស្ថានទូត​អូស្ត្រាលី​៖ យើង​មាន​ផលិតករ​ភាពយន្ត​អូស្ត្រាលី​ចំនួន​បី​រូប ដែល​នឹង​មក​ចូលរួម​ក្នុង​កម្មវិធី​មហោស្រព​ក្នុងឆ្នាំនេះ គឺ លោក Richard Kuipers អ្នក​នាង ឈ​ន អា​លី​សុ​ន និង លោក James Gerrand ។

លោក Richard Kuipers ជា​អ្នកវិភាគ​ភាពយន្ត និង​ជា​អ្នក​រៀបចំ​កម្មវិធី​មហោស្រព​ភាពយន្ត ជនជាតិ​អូស្ត្រាលី​រស់នៅ​ក្នុង​ទីក្រុង​ស៊ី​ដ​នី​។ គាត់​បាន​ជួយ​រៀបចំ និង​បង្ហាញ​ពី ‘Panorama of Australian Cinema’ ដែល​នឹង​បញ្ចាំង ដែល​មាន​ចំនួន​១៧​ភាពយន្ត ដែល​ផលិត​នៅ​ក្នុង​រយៈពេល​៧០​ឆ្នាំ​នៃ​ទំនាក់ទំនង​អូស្ត្រាលី និង​កម្ពុជា គឺ​ពី​ឆ្នាំ​១៩៥២ ដល់​ឆ្នាំ​២០២២ ​។ ការ​ចាក់​បញ្ចាំង និង​ព្រឹត្តិការណ៍​នានា នឹង​ធ្វើ​ឡើង​នៅ​រោង​ភាពយន្ត​ផ្សេង​ៗ​គ្នា ដូច្នេះ​សូម​ពិនិត្យ​មើល​ព័ត៌មាន​ក្នុង​កម្មវិធី​លម្អិត​។

លោក Richard ក៏​នឹង​ធ្វើ​ជា​វាគ្មិន​នៅ​ថ្នាក់រៀន​ស្តី​ពី​ប្រវត្តិសាស្ត្រ​នៃ​វិស័យ​ភាពយន្ត​អូស្ត្រាលី ដល់​អ្នក​ដែល​ចូល​ចិត្ត​ភាពយន្ត និង​ផលិតករ​ភាពយន្ត​កម្ពុជា ដោយ​បង្ហាញ​រៀបរាប់​ពី​ការ​ចាប់ផ្តើម​ដំបូង និង​សមិទ្ធិ​ផល​ថ្មី​ៗ របស់​វិស័យ​ភាពយន្ត​អូស្ត្រាលី ​។ ខ្ញុំ​ក៏​រីករាយ​ផង​ដែរ ដែល​អ្នក​នាង ឈ​ន អា​លី​សុ​ន ជា​សិល្បករ និង​ផលិតករ​ភាពយន្ត ជនជាតិ​អូស្ត្រាលី សញ្ជាតិ​ខ្មែរ នឹង​មក​កាន់​កម្ពុជា ​។

អា​លី​សុ​ន កើត​នៅ​ប្រទេស​អូស្ត្រាលី មាន​ឪពុក​ម្តាយ​ជា​ខ្មែរ ដែល​បាន​ភៀសខ្លួន​ពី​របប​ខ្មែរក្រហម​។ កាលពី​១០​ឆ្នាំ​មុន នាង​បាន​ធ្វើ​ដំណើរ​មក​ប្រទេស​កម្ពុជា​ជា​លើក​ដំបូង ជាមួយ​ក្រុម​គ្រួសារ​ដើម្បី​មក​លេង​សាច់ញាតិ និង​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ប្រទេស​នេះ​ឡើង​វិញ​។ ស្នាដៃ​របស់ អា​លី​សុ​ន ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​មហោស្រព​ភាពយន្ត​ដ៏​ល្បីល្បាញ​ជុំវិញ​ពិភពលោក ហើយ​នាង​គឺជា​គំរូ​ដ៏​ល្អ​មួយ​នៃ​ការ​រួមចំណែក​របស់​ប្រជាជន​អូស្ត្រាលី​ដែល​មាន​ដើម​កំណើត​កម្ពុជា បាន​ធ្វើ​ចំពោះ​ប្រទេស​អូស្ត្រាលី​សម័យ​ទំនើប​។ ខ្សែភាពយន្ត​ថ្មី​បំផុត​របស់​នាង ដែល​មាន​ចំណងជើង​ថា «The Plastic House» ទទួល​បានការ​ចាប់អារម្មណ៍​ជា​ខ្លាំង​ពី​ឆាក​អន្តរជាតិ ហើយនឹង​ត្រូវ​ដាក់​បង្ហាញ​នៅ Java Creative Café នៅ​ទួល​ទំពូង នៅ​ថ្ងៃ​សៅរ៍ ទី​២ ខែកក្កដា វេលា​ម៉ោង​៤​រសៀល​។

អា​លី​សុ​ន​ក៏​នឹង​ចូលរួម​ក្នុង​ការ​ពិភាក្សា ស្តី​ពី​ស្ត្រី​នៅ​ក្នុង​វិស័យ​ភាពយន្ត រួម​ជាមួយ​ផលិតករ​ភាពយន្ត​ផ្សេង​ៗ​មក​ពី​អាស៊ី​អាគ្នេយ៍ ក្នុងអំឡុងពេល​មហោស្រព​នេះ​ផង​ដែរ​។ លោក James Gerrand ដែល​ជា​ផលិតករ​ភាពយន្ត​ជើង​ចាស់​អូស្ត្រាលី ក៏​នឹង​ចូលរួម​ជាមួយ​យើង​នៅ​ឆ្នាំ​នេះ​ដែរ​។ លោក James បាន​ផលិត​ខ្សែភាពយន្ត​ជាង​ដប់​រឿង នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​យើង​ទន្ទឹងរង់ចាំ​មើល​ភាពយន្ត​ដ៏​ល្បីល្បាញ​ពីរ​របស់​គាត់ អំពី​ទន្លេមេគង្គ គឺ​រឿង «​ទន្លេមេគង្គ​ក្រោម​» និង «​ខ្មែរ​! ខ្មែរ​! កម្ពុជា​ក្នុង​ជម្លោះ»​។

លោក James ក៏​នឹង​មាន​ផ្តល់​ថ្នាក់​សិក្សា​ស្តី​ពី​ការ​ផលិតភាព​យន្ត​ឯកសារ ដល់​ផលិតករ​ភាពយន្ត និង​និស្សិត​ភាពយន្ត​កម្ពុជា​វ័យក្មេង ក្នុងអំឡុងពេល​ទស្សនកិច្ច​របស់​លោក​នេះ​។ សំណួរ​៖ តើ​លោក​អាច​ប្រាប់​យើង​បន្ថែម​អំពី​ខួប​ទី​៧០​ឆ្នាំ​នៃ​ទំនាក់ទំនង​ទ្វេភាគី​រវាង​កម្ពុជា និង​អូស្ត្រាលី​បាន​ទេ ? ភារធារី​ស្ថានទូត​អូស្ត្រាលី​៖ អូស្ត្រាលី និង​កម្ពុជា​បាន​បង្កើត​ទំនាក់ទំនង​ការទូត នៅ​ឆ្នាំ​១៩៥២ ប្រហែល​មួយ​ឆ្នាំ​មុន​កម្ពុជា​ទទួល​បាន​ឯករាជ្យ​ជា​ផ្លូវការ ​។ ទំនាក់ទំនង​របស់​យើង​គឺ​ផ្អែក​លើ​ទំនាក់​ទំនងជា​មូលដ្ឋាន រវាង​ប្រជាជន​និង​ប្រជាជន ហើយ​តំណ​ភ្ជាប់​ពី​ប្រជាជន​ទៅ​ប្រជាជន​នេះ គឺជា​មូលដ្ឋាន​គ្រឹះ​ពិតប្រាកដ​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​និង​ប្រទេស​។

សព្វថ្ងៃ​យើង​មាន​ជនជាតិ​អូស្ត្រាលី​ប្រហែល ៦៦ ០០០​នាក់ ដែល​មាន​ប្រវត្តិ​ជា​ខ្មែរ ហើយ​ពួក​គេ​បាន​រួមចំណែក​យ៉ាង​រស់​រវើក​ដល់​សហគមន៍​ពហុ​វប្បធម៌​របស់​ប្រទេស​អូស្ត្រាលី​។ ៧០​ឆ្នាំ​មកនេះ យើង​ជា​ដៃគូ​ដ៏​រឹង​មាំ​សម្រាប់​ប្រទេស​កម្ពុជា ក្នុង​វិស័យ សុខាភិបាល កសិកម្ម ការ​អប់រំ និង​ហេដ្ឋារចនាសម្ព័ន្ធ ហើយ​យើង​ចង់​អបអរ​ភាព​ជា​ដៃគូ​នេះ ដោយ​ឆ្លុះ​បញ្ចាំង​ពី​របៀប​ដែល​យើង​អាច​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ប្រភេទ​នេះ ឱ្យ​កាន់តែ​ស៊ីជម្រៅ​ទៅ​មុខ​ទៀត​។ ទំនាក់ទំនង​របស់​យើង​ជាមួយ​កម្ពុជា អាច​ឱ្យ​យើង​ចូលរួម​ក្នុង​បញ្ហា​នានា​ដែល​សំខាន់​ទាំង​ទ្វេភាគី ក្នុង​តំបន់ និង​ជា​យុទ្ធសាស្ត្រ ព្រមទាំង​ជួយ​ធ្វើ​អោយ​ប្រសើរ​ឡើង​នូវ​ផលប្រយោជន៍​សម្រាប់​ប្រជាជន​អូស្ត្រាលី និង​កម្ពុជា​។ ចាប់តាំងពី​ឆ្នាំ​១៩៩៧ មក អូស្ត្រាលី​បាន​ផ្តល់​ជំនួយ​អភិវឌ្ឍន៍​ចំនួន​១,៣ ពាន់​លាន ដុល្លា​អូស្ត្រាលី ដល់​កម្ពុជា​។

ជំនួយ​របស់​យើង​មាន​ទៅ​ដល់​ផ្នែក​ជា​ច្រើន រួម​ទាំង​បញ្ហា​ជនជាតិ​ដើម​ភាគតិច ការ​ផ្តល់​សិទ្ធិ​អំណាច​ដល់​ស្ត្រី ការ​គ្រប់គ្រង​បរិស្ថាន​និង​ទឹក​នៅ​ទន្លេមេគង្គ ដែល​ទាំង​អស់នេះ​នឹង​ត្រូវ​បាន​បង្ហាញ​ក្នុង​ចំណោម​ភាពយន្ត​អូស្ត្រាលី​ទាំង​២០ ដែល​បាន​លើក​ឡើង​ខាងលើ​នេះ​។ ជំនួយ​របស់​យើង​នឹង​បន្ត​ទៅ​អនាគត​។ ក្តី​បារម្ភ​ជា​បន្ទាន់​របស់​យើង​ពេល​នេះ គឺ​ជួយ​កម្ពុជា​ឱ្យ​ស្តារ​ឡើង​វិញ​ពី​ផល​ប៉ះពាល់​សេដ្ឋកិច្ច​នៃ​ជំងឺ​រាតត្បាត និង​រីក​ចម្រើន​ចេញពី​ចំណាត់ថ្នាក់​ជា​ប្រទេស​អភិវឌ្ឍន៍​តិចតួច​បំផុត​។ ឆាប់​ៗ​នេះ យើង​នឹង​ចាប់ផ្តើម​ជំនួយ​ថ្មី ដែល​មាន​ចំនួន ៨៧​លាន​ដុល្លារ ដើម្បី​គាំទ្រ​គំនិត​ផ្តួចផ្តើម​នេះ​។

សំណួរ​៖ តើ​ភាពយន្ត​អ្វី​ដែល​លោក​ចូល​ចិត្ត​ជាងគេ ហើយ​ហេតុ​អ្វី? ភារធារី​ស្ថានទូត​អូស្ត្រាលី​៖ ខ្ញុំ​មាន​ភាពយន្ត​ច្រើន​ដែល​ខ្ញុំ​ចូល​ចិត្ត ប៉ុន្តែ​ក្នុង​ចំណោម​ភាពយន្ត​ទាំង​២០ ដែល​នឹង​ដាក់​បញ្ចាំង​នៅ CIFF ខ្ញុំ​រង់ចាំ​មើល​រឿង «LION​» ។ វា​ជា​រឿង​ដ៏​អស្ចារ្យ ផ្អែក​លើ​រឿង​ពិត ដែល​និយាយ​អំពី​ក្មេង​ប្រុស​ជនជាតិ​ឥណ្ឌា​ម្នាក់​ឈ្មោះ Saroo (Dev Patel) ដែល​បាត់បង់​ពី​គ្រួសារ​របស់​គាត់ កំព្រា និង​ត្រូវ​បាន​ឪពុក​ម្តាយ​ជនជាតិ​អូស្ត្រាលី​យក​ទៅ​ចិញ្ចឹម (Nicole Kidman សម្តែង​ជា​តួ​ម្តាយចិញ្ចឹម​របស់​គាត់​)​។ ២០​ឆ្នាំ​ក្រោយមក​គាត់​ប្រើ Goggle Earth ដើម្បី​តាមរ​កភូមិ​របស់​គាត់ ហើយ​បាន​ត្រលប់​ទៅ​ប្រទេស​ឥណ្ឌា​វិញ ដើម្បី​ស្វែងរក​គ្រួសារ​របស់​គាត់​។

វា​ជា​ភាពយន្ត​និយាយ​អំពី​ឥទ្ធិពល​នៃ​ភាព​ស្មុគស្មាញ​នៃ​អត្តសញ្ញាណ​ជាតិ​ពីរ​។ ខ្ញុំ​ជឿ​ថា​វា​នឹង​ធ្វើ​ឱ្យ​អ្នកមាន​អារម្មណ៍​អស្ចារ្យ និង​ចង់​យំ ក្នុង​ពេល​តែ​មួយ​! ខ្ញុំ​ចូល​ចិត្ត​មើល​ភាពយន្ត​ជាមួយ​ប្រពន្ធ និង​កូន​របស់ខ្ញុំ​។ ភាពយន្ដ​ផ្តល់​នូវ​ការ​កំសាន្ត​អារម្មណ៍ និង​អាច​ឱ្យ​យើង​ស្វែង​យល់​អំពី​ខ្លួន​យើង និង​ពិភពលោក វា​ជា​ចក្ខុ​ដែល​យើង​សម្លឹង​មើល​ពិភពលោក​។

ភាពយន្ត​ផ្តល់​ឱ្យ​យើង​នូវ​សមត្ថភាព​ក្នុង​ការ​ស្តាប់​សម្លេង​ដ៏​សម្បូរ​បែប​ពី​កន្លែង​ដែល​យើង​មិន​បាន​ស្គាល់ ព្រមទាំង​អ្វី​ដែល​កើតឡើង​នៅ​ក្នុង​កន្លែង​ដែល​នៅ​ឆ្ងាយ​ៗ​បំផុត​នៃ​ពិភពលោក​។ ខ្ញុំ​ទន្ទឹងរង់ចាំ​ចូលរួម​ក្នុង​កម្មវិធី​មហោស្រព​នេះ ហើយ​សង្ឃឹមថានឹង​ឃើញ​អ្នក​ទាំងអស់​គ្នា​នៅ​តាម​រោង​ភាពយន្ត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ