ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូត្រ ប៊ុ​ន​ធី និង​សេក គឹ​ម​រួន ប៉ះ​ថៃ​លើស​ង្វៀ​នខា​រ៉ា​បាវ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​សៅរ៍ ទី​៣ ធ្នូ ខាន​ស្អែក​នេះ ប្រដាល់​អន្តរជាតិ​របស់​​ភេសជ្ជៈ​ខា​រ៉ា​បាវ នៅ​តែ​បើក​ការ​ប្រកួត​រវាង​កីឡាករ​កម្ពុជា និង​បរទេស​ដដែល ខណៈ​ដែល​ព្រឹត្តិការណ៍​នេះ នៅ​មិន​ទាន់​ចាប់ផ្ដើម​

រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​សៅរ៍ ទី​៣ ធ្នូ ខាន​ស្អែក​នេះ ប្រដាល់​អន្តរជាតិ​របស់​​ភេសជ្ជៈ​ខា​រ៉ា​បាវ នៅ​តែ​បើក​ការ​ប្រកួត​រវាង​កីឡាករ​កម្ពុជា និង​បរទេស​ដដែល ខណៈ​ដែល​ព្រឹត្តិការណ៍​នេះ នៅ​មិន​ទាន់​ចាប់ផ្ដើម​ការ​ប្រកួត​ដណ្ដើម​ជើងឯក​អន្តរជាតិ​សម្រាប់​រដូវ​កាល​ទី​២​នៅឡើយ ។ កីឡាករ សូត្រ ប៊ុ​ន​ធី និង សេក គឹ​ម​រួន នឹង​ក្លាយជា​បេក្ខ​ភាព​២​រូប​ដែល​ត្រូវ​ឡើង​ប្រកួត​ជាមួយ​កីឡាករ​ថៃ ដើម្បី​សាកល្បង​សមត្ថភាព​គ្នា​នៅ​លើស​ង្វៀ​នខា​រ៉ា​បាវ ។

ការ​ប្រកួត​ដែល​នឹង​ចាប់ផ្ដើម​ឡើង​ពី​ម៉ោង​២​រសៀល ក្រោម​ការ​រៀបចំ​របស់​ក្រុមហ៊ុន​ភេសជ្ជៈ​ខា​រ៉ា​បាវ លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​នេះ ត្រូវ​គេ​ឃើញ​មានការ​រំពឹង​ខ្ពស់​មិន​ខុស​ពី​ការ​ប្រកួត​អន្តរជាតិ​កាលពី​ស​ប្ដា​ហ៍​មុន​ៗ​នោះ​ទេ ដោយសារ​តែ​ភាព​ជាក់ស្ដែង គឺ​ព្រឹត្តិការណ៍​នេះ នៅ​មុន​ពេល​ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ដំណើរការ ។ កីឡាករ​កម្ពុជា​២​រូប គឺ សូត្រ ប៊ុ​ន​ធី និង សេក គឹ​ម​រួន គឺជា​គូប្រកួត​ស៊ីសាច់ហុតឈាម​ជាមួយ​កីឡាករ​ថៃ​នៅ​រសៀល​ថ្ងៃ​សៅរ៍​នោះ ។ អ្នក​រៀបចំ​ការ​ប្រកួត​បាន​អះអាង​ថា កីឡាករ​ទាំង​៤​មាន​បំណង​ប៉ះ​គ្នា​យូរហើយ មុន​ពេល​មានការ​សម្រេច​រៀបចំ​ព្រឹត្តិការណ៍​អន្តរជាតិ​ខា​រ៉ា​បាវ ឲ្យ​ពួក​គេ​ប្រកួត​គ្នា​។ ក្នុង​នោះ​ភាគី​កីឡាករ​កម្ពុជា​បាន​ទាំង​សុំ​ខ្លួនឯង​ក្នុង​ការ​ចង់​សាក​កណ្ដាប់ដៃ​គ្នា​ជាមួយ​កីឡាករ​ថៃ​ដែល​ត្រូវ​មក​ប្រកួត​តាំងពី​ឮ​មានការ​ផ្គូផ្គង​នោះ​ផង ដោយ​មិនមែន​ជា​ការ​ផ្គូផ្គង​បែប​ចាប់បង្ខំ​នោះ​ឡើយ​។

លោក ញាណ សុធី អ្នក​រៀបចំ​ការ​ប្រកួត​ប្រចាំ​នៅ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​បាន​ថ្លែងប្រាប់​ថា ក្នុង​ចំណោម​កីឡាករ​កម្ពុជា លោក​បាន​សម្រេចចិត្ត​ដាក់​ឱ្យ សូត្រ ប៊ុ​ន​ធី មក​ពី​ក្លិប​បក្សា​ស្លាប​ដែក ឱ្យ​ឡើង​ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ អា​រាំ ប៊​យ ក្នុង​នាម​ជា​គូ​បើក​ឆាក​មិត្តភាព​អន្តរជាតិ​សម្រាប់​ព្រឹត្តិការណ៍​នេះ ។ លោក​ថា ជំនួប​រវាង​ពួក​គេ​មិនមែន​ជា​រឿង​ចៃដន្យ​នោះ​ទេ ដោយ​លោក​គឺ​មាន​បំណង​ចង់ឱ្យ​គេ​ប៉ះ​គ្នា​ជា​មួយគូ​បរទេស​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ ដើម្បី​បើក​ឆាក​ការ​ប្រកួត​មិត្តភាព​តែ​ម្ដង ដើម្បី​កំដរ​សង្វៀ​នខា​រ៉ា​បាវ​នៅ​ពេល​ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​រដូវ​កាល​ទី​២​នៅ​មិន​ទាន់​ចាប់ផ្ដើម ។ លោក​ថា កីឡាករ សូត្រ ប៊ុ​ន​ធី អាច​ចាត់​ទុក​ថា ជា​ជើង​ខ្លាំង​ម្នាក់​នៅ​លើ​សង្វៀន​ប្រដាល់​អន្តរជាតិ​ខា​រ៉ា​បាវ ដែល​ជា​ព្រឹត្តិការណ៍​ចម្រុះ​ដោយ​កីឡាករ​ខ្លាំង​ៗ​នៅ​ក្នុង​ពិភព​ប្រដាល់ ហើយ​មានការ​ចាប់អារម្មណ៍​ខ្លាំង​តាំងពី​មុន​ការ​ប្រដាល់​ដណ្ដើម​ខ្សែក្រវាត់​រដូវ​កាល​ទី​១​មិន​ទាន់​ចាប់ផ្ដើម ។ លោក​ជឿជាក់​ទៅ​លើ​សមត្ថភាព​របស់​កីឡាករ​រូប​នេះ ពូកែ​គេច និង​ពូកែ​វាយ​សន្ធាប់ ទើប​សម្រេចចិត្ត​ឱ្យ​គេ​ឡើង​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ខាងលើ​ជា​ថ្មី ក្នុង​ពេល​ដែល​គេ​ទើបនឹង​ឈ្នះ​កីឡាករ​ថៃ​មុន​នោះ ។

លោក​រំពឹង​យ៉ាង​ខ្លាំង​ថា ការ​ប្រកួត​របស់​គូ​នេះ នឹង​ធ្វើ​ឱ្យ​មហាជន​ចាប់អារម្មណ៍ ដោយសារ​តែ​ផ្អែក​ថា សូត្រ ប៊ុ​ន​ធី ក៏​ប្រាកដជា​ចង់​ឈ្នះ ហើយ​កីឡាករ​ថៃ​ក៏​ត្រូវការ​រក្សា​ក្រេ​ឌី​ត​នៅ​លើ​សង្វៀន ក្នុង​នាម​ជា​កីឡាករ​ល្អ​ម្នាក់​មក​ពី​បាងកក ។ លោក​ថា កីឡាករ​ថៃ អា​រាំ ប៊​យ ធ្លាប់​ប្រកួត​៦៨​លើក ឈ្នះ​៥៥​លើក និង​ចាញ់​១៣​លើក ក្នុង​ពេល​ដែល​កីឡាករ​កម្ពុជា ក៏​ប្រកួត​បាន​ប្រហាក់ប្រហែល​គ្នា​គឺ​៨២​លើក ឈ្នះ​៦៨​លើក  ចាញ់​១១​លើក និង​ស្មើ​៣​លើក ដែល​លោក​យល់​ថា ពួក​គេ​នឹង​អាច​តតាំង​គ្នា​បាន​ល្អ​ដោយ​ស្មើភាព​នៅ​លើស​ង្វៀ​នខា​រ៉ា​បាវ ដែល​នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃ​សៅរ៍ខាន​​ស្អែក​នេះ ។

សម្រាប់​កីឡាករ សេក គឹ​ម​រួន លោក​ញាណ សុធី បញ្ជាក់​ថា គេ​ត្រូវ​ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​ជើង​ខ្លាំង​របស់​ថៃ​ឈ្មោះ សាំង យ៉ូ​ត នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​អន្តរជាតិ​ខា​រ៉ា​បាវ​នេះ​ដែរ ។ លោក​ថា ការ​ប្រកួត​របស់​គូ​នេះ​នៅ​មិន​ទាន់​ដឹង​ថា អ្នក​ណា​ល្អ​ជាង​អ្នក​ណា​នោះ​ទេ ក្នុង​ពេល​ដែល​កីឡាករ សេក គឹ​ម​រួន ជួន​ក៏​ប្រកួត​ល្អ ហើយ​ជួន​ក៏​ប្រកួត​មិនល្អ ។ លោក​ថា កីឡាករ​ថៃ​ធ្លាប់​ប្រកួត​បាន​៧០​លើក ឈ្នះ​៥៧​លើក ចាញ់​១២​លើក និង​ស្មើ​មួយ​លើក រីឯ​កីឡាករ​កម្ពុជា​ធ្លាប់​ប្រកួត​បាន​ដល់​៧៦​លើក ឈ្នះ​៦៣​លើក  និង​ចាញ់​​១៣​លើក ដែល​បង្ហាញ​ថា បទ​ពិសោធន៍​ប្រកួត​របស់​កីឡាករ​កម្ពុជា​ខ្ពស់​ជាង​ច្រើន​ជាង ។ យ៉ាងណា​ក៏​ដោយ កីឡាករ​កម្ពុជា​មិន​អាច​មើល​ស្រាល​សមត្ថភាព​របស់​កីឡា​ករ​ថៃ​បាន​ទេ ដោយសារ​តែ​សមាសភាព​របស់​កីឡាករ​ថៃ​ក៏​មិនមែន​ធម្មតា ។ គូ​នេះ​មានការ​រំពឹង​ខ្ពស់​ថា នឹង​មាន​អ្នក​ជក់ចិត្ត​ដិតអារម្មណ៍​ភាគច្រើន ដោយសារ​តែ​សេក គឹ​ម​រួន ក៏​មិន​ចង់​ធ្លាក់​ចុះ​ក្រេ​ឌី​ត ហើយ​កីឡាករ​ថៃ​ក៏​មិន​ចង់​ចាញ់​នាំ​ឱ្យ​មានការ​រិះគន់ ។ ដោយឡែក​នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​នា​យប់​ថ្ងៃ​សុក្រ​នេះ​វិញ ក៏​មាន​ជំនួប​រវាង​កីឡាករ​កម្ពុជា និង​កីឡាករ​ថៃ​ដែល​សុទ្ធតែ​ជា​ជើង​ខ្លាំង​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ផង​ដែរ ៕