ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាងសង់​ផ្លូវ​មិន​ទាន់​សម្ពោធ​ផង ផ្លូវ​ខូច​បាត់​ទៅ​ហើយ រង​ការ​រិះគន់​ចាស់ដៃ​ពី​ពលរដ្ឋ

1 ឆ្នាំ មុន
  • ព្រៃវែង

ប្រជាពលរដ្ឋ​នៅ​ខេត្តព្រៃវែង ​បាន​ថត​វី​ដេ​អូ​មួយ​ខ្លី សម្តែង​នូវ​ការ​ខកចិត្ត​ឥត​ឧបមា​ ដោយសារ​តែ​ផ្លូវ​ថ្មី​មួយ​ខ្សែ​នៅ​ស្រុក​ព្រះស្តេច ខេត្តព្រៃវែង ដែល​ទើប​តែ​បញ្ចប់​ការ​សាងសង់​ថ្មី​ៗ ទើប​ចាប់​តំឡើង​ស្លាក​ចរាចរណ៍ និង​មិន​ទាន់​បាន​ដាក់

រាជធានី​ភ្នំពេញ​ ៖ ប្រជាពលរដ្ឋ​នៅ​ខេត្តព្រៃវែង ​បាន​ថត​វី​ដេ​អូ​មួយ​ខ្លី សម្តែង​នូវ​ការ​ខកចិត្ត​ឥត​ឧបមា​ ដោយសារ​តែ​ផ្លូវ​ថ្មី​មួយ​ខ្សែ​នៅ​ស្រុក​ព្រះស្តេច ខេត្តព្រៃវែង ដែល​ទើប​តែ​បញ្ចប់​ការ​សាងសង់​ថ្មី​ៗ ទើប​ចាប់​តំឡើង​ស្លាក​ចរាចរណ៍ និង​មិន​ទាន់​បាន​ដាក់​​​សម្ពោធ​ឱ្យ​ប្រើប្រាស់​ផង ស្រាប់តែ​ផ្នែក​ខ្លះ​នៃ​ផ្លូវ​នោះ ​បាន​ខូចខាត​បែកបាក់ និង​ការ​ចាក់​កៅស៊ូ ក៏​ស្តែង​ដែល​មិន​អាច​នឹង​មាន​អាយុកាល​បាន​វែង​ឆ្ងាយ​នោះ​ទេ​។

ជាមួយ​គ្នា​នោះ ពលរដ្ឋ​នៅ​ខេត្តព្រៃវែង​ បាន​ផ្តាំផ្ញើ​ដល់​ឯកឧត្តម ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ​ និង​ដឹក​ជ​ញ្ជួ​ន​ឱ្យ​ជួយ​ពិនិត្យ​មើលផ្លូវ​នោះ​ផង ដោយសារ​តែ​ការ​សាងសង់ ​គឺ​គ្មាន​គុណភាព ចាក់​​ស្តើង និង​មិន​ទាន់​បាន​ដាក់​សម្ពោធ​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ផង ស្រាប់តែ​ផ្នែក​ខ្លះ​នៃ​ដងផ្លូវ​នេះ​ខូចខាត​ដោយ​ផ្នែក​ៗ​រួច​ទៅ​ហើយ​។

ឃ្លី​ប​វី​ដេ​អូ​ខ្លី​មាន​រយៈពេល​ជាង​១​នាទី ថត​ដោយ​ប្រជាពលរដ្ឋ​នៅ​ខេត្តព្រៃវែង ដែល​លោក​បាន​សម្តែង​​នូវ​ការ​​ហួសចិត្ត​ខ្លាំង​ដោយ​ថត​វី​ដេ​អូ​បណ្តើរ ​ពោល​ពាក្យ​បណ្តើ​រថា «​បងប្អូន​ជួយ​ផ្ញើ​វី​ដេ​អូ​នេះ​ទៅ​ដល់​ឯកឧត្តម ស៊ុន ចាន់​ថុ​ល​ ផង​បាទ​ ។ នេះ​ផ្លូវ​​នៅ​ខេត្តព្រៃវែង នៅ​ស្រុក​ព្រះស្តេច​។ ផ្លូវ​ទើប​ធ្វើ​ហើយ ទើប​លាបថ្នាំ​ និង​ចាប់​ស្លាក​នៅ​ថ្ងៃនេះ មិន​ទាន់​ហ្នឹង​សម្ពោធ​ផង ខូច​បាត់​ទៅ​ហើយ​នេះ​។ យើង​មើល​ហ្នឹង​ភ្នែក កំរាស់​ចាក់​ គឺ​មិន​បាន​ដល់​មួយ​ហ៊ុន​ផង​»​។

ពលរដ្ឋ​បាន​សម្តែង​ការ​ហួសចិត្ត​បន្ត​ថា «​ផ្លូវ​នេះ ​ឡាន​ដឹកស្រូវ ដឹក​អី​តាម​ហ្នឹង ហើយ​ធ្វើ​ផ្លូវ​កម្រាស់​មិន​បាន​មួយ​ហ៊ុន​ផង​។ មិន​ទាន់​បាន​សម្ពោធ​ផង ខូច (​ផ្លូវ​) បាត់​ហើយ ប៉ោង​ចេញ​អស់ ប៉ោង​ចេញ​ទាំង​ដុំ​ៗ»​។ បងប្រុស​ដែល​ជា​ពលរដ្ឋ​នៅ​ខេត្តព្រៃវែង ​បាន​អះអាង​ថា​ ផ្លូវ​មួយ​ខ្សែ​នេះ គឺ​សាងសង់​ដោយ​​ក្រុមហ៊ុន​ចិន​។

យ៉ាងណាមិញ ក្រោយ​ពី​វី​ដេ​អូ​បង្ហាញ​ពី​ផ្លូវ​ទើប​សាងសង់ ស្រាប់តែ​ខូចខាត​បណ្តើរ​នោះ​ បង្ហោះ​ចូល​ក្នុង​​បណ្តាញ​សង្គម Tik Tuk និង​ហ្វេ​ស​ប៊ុ​ក​ភ្លាម ត្រូវ​បាន​មហាជន​ចែកចាយ​យ៉ាង​ផុសផុល ​និង​រិះគន់​ដូច​ទឹកបាក់​ទំនប់​។ អ្នកលេង​បណ្តាញ​សង្គម​ដែល​បាន​ចែកចាយ​វី​ដេ​អូ​ បន្ត​បាន​ពោល​ឌឺដង​ថា «​គេ​ធ្វើ​ថ្នល់​ចឹ​ង ​ទើបត្រូវ​ស្តង់ដា​, គេ​មិនមែន​ចាក់​កៅស៊ូ​ទេ​, គេ​ប្រឡាក់​កៅស៊ូ​, ម្យ៉ាងទៀត​ជាប់​ឈ្មោះ​លំដាប់​​ល្អ​, អភិវឌ្ឍន៍​បន្ត​,​ធ្វើ​ជាប់​រហូត​»​។ ចំណែក​គណនី​ហ្វេ​ស​ប៊ុ​ក​ខ្លះ​បាន​រិះគន់​ចំ​ៗ​ថា «​ចាក់​ស្តើង​ស៊ី​ក្រាស់ ចាក់​ក្រាស់​ស៊ី​ស្តើង ខ្យល់​ខ្លាំង​មក​ប៉ើង​ចាក់​ស្តើង​ៗ​បាន​លុយ​ធ្វើ​ទៀត​»​។

ក្រោយ​ទទួល​បាន​នូវ​ការ​ចែកចាយ​ដូច​ទឹកបាក់​ទំនប់​ និង​ផ្ទុះ​ការ​រិះគន់​ខ្លាំង​ៗ​នោះលោក គ្រី រដ្ឋ​ថេ​ត​ដែលជាអនុប្រធាន​មន្ទីរ​សាធារណការ ​និង​ដឹក​ជញ្ជូន​ខេត្តព្រៃវែង បាន​ផ្ញើ​សារ​ក្នុង​បណ្តាញ​សង្គម​តេ​ឡេ​ក្រាម​បញ្ជាក់​ជូន​មហាជន​ថា «​ខ្ញុំបាទ​ឈ្មោះ​ គ្រី រដ្ឋ​ថេ​ត អនុប្រធាន​មន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូន​ខេត្តព្រៃវែង សូម​ជំរាប​ជូន​ថា​ កំណាត់​ផ្លូវ​នេះ​មិន​ស្ថិត​ក្រោម​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ទេ គឺ​ក្រោម​ក្រសួង​អភិវឌ្ឍន៍ជនបទ​។​សូម​អរគុណ​»​។

យ៉ាងណាមិញ មហាជន​អ្នកលេង​បណ្តាញ​សង្គម​បាន​លើក​ឡើង​ថា មិន​ថា​ស្ថាប័ន​ណា​ទទួលខុសត្រូវ​នៃ​ការ​​សាងសង់​ផ្លូវ​មួយ​ខ្សែ​នេះ​ទេ គឺ​ត្រូវ​ប្រាកដ​ថា ផ្លូវ​គួរតែ​សាងសង់​ឱ្យ​ត្រូវ​ស្តង់ដា​សម្រាប់​បម្រើ​ប្រយោជន៍​​សាធារណជន និង​គួរតែ​បញ្ឈប់​ទម្លាប់ «​ចាក់​ស្តើង​ស៊ី​ក្រាស់ ចាក់​ក្រាស់​ស៊ី​ស្តើង​» កុំឱ្យ​ខាត​បង់​​លុយ​រដ្ឋ​ពេក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ