ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ប្រេង​ធ្លាក់​ចុះ​ក្នុងអំឡុងពេល​ទីផ្សារ​កំពុង​តាមដាន​កិច្ចប្រជុំ OPEC

7 ឆ្នាំ មុន

តម្លៃ​ប្រេង​បាន​ធ្លាក់​ចុះ​កាលពី​ថ្ងៃ​អង្គារ ដោយ​ទីផ្សារ​កំពុង​តាមដាន​ថា តើ​អ្នក​ផលិត​ក្នុង OPEC នឹង​អាច​សម្រេច​កិច្ចព្រមព្រៀង​កាត់​បន្ថយ​ផលិតកម្ម​ប្រេង​បាន​ឬទេ​នៅ​ថ្ងៃ​ពុធ ដើម្បី​ទប់ទល់​នឹង​ការ​ផ្គត់ផ្គង់​លើសលប់

តម្លៃ​ប្រេង​បាន​ធ្លាក់​ចុះ​កាលពី​ថ្ងៃ​អង្គារ ដោយ​ទីផ្សារ​កំពុង​តាមដាន​ថា តើ​អ្នក​ផលិត​ក្នុង OPEC នឹង​អាច​សម្រេច​កិច្ចព្រមព្រៀង​កាត់​បន្ថយ​ផលិតកម្ម​ប្រេង​បាន​ឬទេ​នៅ​ថ្ងៃ​ពុធ ដើម្បី​ទប់ទល់​នឹង​ការ​ផ្គត់ផ្គង់​លើសលប់ និង​ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​ប្រេង ។

អង្គការ​នៃ​ប្រទេស​នាំ​ចេញ​ប្រេង (OPEC) នឹង​បើក​កិច្ចប្រជុំ​ផ្លូវការ​មួយ​ក្នុង Vienna នៅ​ថ្ងៃ​ពុធ ដើម្បី​ពិភាក្សា​ពី​ការ​កាត់​បន្ថយ​ផលិតកម្ម​ប្រេង ដើម្បី​ទប់ទល់​នឹង​ការ​ផលិត​ហួស​កម្រិត ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់ទី​ផ្សារ និង​បាន​ទម្លាក់​តម្លៃ​ប្រេង​ច្រើន​ជាង​ពាក់កណ្តាល​ទៅ​ទៀត​តាំងពី​ឆ្នាំ​២០១៤ ។

ដោយ​មាន​ភាព​មិន​ប្រាកដប្រជា​យ៉ាង​ខ្លាំង ពាណិជ្ជករ​បាន​និយាយ​ថា មានឱកាស​ខ្ពស់​ណាស់​សម្រាប់​ការ​ផ្លាស់​ប្តូរ​តម្លៃ​ប្រេង​មួយ​រំពេច​បន្ទាប់​ពី​ព័ត៌មាន​ចេញ​មក​ពី Vienna ។
ក្រុមហ៊ុន Goldman Sachs និយាយ​ថា ការ​ចរចា​ដ៏​មោះមុត​សំខាន់​ណាស់​ក្នុង​ការ​សម្រេច​បាន​កិច្ចព្រមព្រៀង​មួយ​នា​ថ្ងៃ​ពុធ​នេះ ។

ចំណុច​មិន​ទាន់​ស្រុះស្រួល​គ្នា​រវាង​សមាជិក​ក្នុង OPEC រួម​មាន តើ​អ្នក​ផលិត​ណាខ្លះ​ដែល​គួរ​កាត់​បន្ថយ​កម្រិត​ណា រួម​ទាំង​គម្រោង​ចូលរួម​ពី​ប្រទេស​មិនមែន​ជា​សមាជិក OPEC ដូច​ជា​រុ​ស្ស៊ី ក៏​បាន​បរាជ័យ​ផង​ដែរ ។

Goldman និយាយ​ថា ប្រសិនបើ OPEC យល់​ស្រប​ក្នុង​ការ​កាត់​បន្ថយ​ផលិតកម្ម​ប្រមាណ៣២,៥​លាន​ធុង​ក្នុង​មួយ​ថ្ងៃ តិច​ជាង​ខែតុលា​ដែល​ផលិត​បាន​៣៣,៨២​លាន​ធុង​ក្នុង​មួយ​ថ្ងៃ នោះ តម្លៃ​ប្រេង​នឹង​មានឱកាស​កើនឡើង​មក​ត្រឹម​៥០​ដុល្លារ​ស្តើង​ក្នុង​មួយ​ធុង ។

បើ​និយាយ​ពី​តម្រូវការ​វិញ ការ​នាំ​ចូល​ប្រេង​ឆៅ​មក​កាន់​ប្រទេស​កូរ៉េ​ខាងត្បូង បាន​កើនឡើង​៣,៩%​ក្នុង​ត្រីមាស​ទី​៣​ឆ្នាំ​២០១៦ បើ​ធៀប​នឹង​ឆ្នាំ​មុន ព្រោះតែ​ការ​ប្រើប្រាស់​ប្រេង​បាន​កើនឡើង​ក្នុងអំឡុងពេល​តម្លៃ​ប្រេង​ទាប ។

ក្រសួង​ថាមពល​កូរ៉េ​ខាងត្បូង ក៏​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ប្រទេស​នាំ​ចូល​ប្រេង​ច្រើន​ជាងគេ​លេខ​៣​របស់​ពិភពលោក​មួយ​នេះ បាន​នាំ​ចូល​ប្រេង​ចំនួន​២៧០,៤​លាន​ធុង​ក្នុងអំឡុងពេល​ពី​ខែកក្កដា ដល់​កញ្ញា ខណៈ​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១៥ មាន​ត្រឹមតែ​២៦០,៣​លាន​ធុង​ប៉ុណ្ណោះ ៕