ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សារ​ទំនើប​លំដាប់​អន្តរជាតិ​2​ទៀត​នឹង​បើក​ដំណើរការ​នៅ​ឆ្នាំ​2017

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​អំណាច​នៃ​ការ​ទិញ​កើនឡើង ហើយ​កម្ពុជា​បាន​ឆ្លង​ផុត​ពី​ប្រទេស​ក្រីក្រ ទៅ​ជា​ប្រទេស​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ទាប ផ្សារ​ទំនើប​នៅ​កម្ពុជា​នឹង​កើនឡើង​បន្ថែម​ទៀត ។ ជាក់ស្តែង

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​អំណាច​នៃ​ការ​ទិញ​កើនឡើង ហើយ​កម្ពុជា​បាន​ឆ្លង​ផុត​ពី​ប្រទេស​ក្រីក្រ ទៅ​ជា​ប្រទេស​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ទាប ផ្សារ​ទំនើប​នៅ​កម្ពុជា​នឹង​កើនឡើង​បន្ថែម​ទៀត ។ ជាក់ស្តែង ផ្សារ​ទំនើប​ធំ​ៗ​ចំនួន​ពីរ​នឹង​បើក​ដំណើរការ​នៅ​ឆ្នាំ​២០១៧​ខាង​មុខ​នេះ ។

នាយិកា​ក្រុមហ៊ុន CBRE Cambodia អ្នក​នាង អាន សុធី​តា បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ វិច្ឆិកា​ថា នៅ​ឆ្នាំ​២០១៧​ខាង​មុខ​នេះ ផ្សារ​ទំនើប​ចំនួន​ពីរ​ទៀត គឺ​ផ្សារ​ទំនើប Parkson Mall និង​ផ្សារ​ទំនើប​ក្នុង​គម្រោង Exchange Square ដែល​អភិវឌ្ឍន៍​ដោយ​ក្រុមហ៊ុន Hong Kong Land នឹង​បើក​ដំណើរការ ដែល​អាច​ធ្វើ​ឲ្យ​ទីផ្សារ​នេះ​កាន់តែ​មាន​ភាព​ប្រកួតប្រជែង ឬ​បំពេញ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ដោយសារ​ផ្សារ​ទាំងនេះ​មាន​ទីតាំង​ខុស​ៗ​គ្នា ។

អ្នក​នាង​បន្ត​ថា ផ្សារ​ទំនើប Parkson Mall មាន​កម្ពស់​៩​ជាន់ ស្ថិត​នៅ​តាម​បណ្តោយ​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី ជា​ផ្សារ​ទំនើប​ដែល​មានកេរ្តិ៍ឈ្មោះ​ល្បី​នៅ​ក្នុង​តំបន់​អាស៊ី ។ ផ្សារ​ទំនើប​នេះ នឹង​លក់ទំនិញ​ក្នុងស្រុក ក៏​ដូច​ជា​ម៉ាក​ទំនិញ​ល្បី​ៗ​លំដាប់​អន្តរជាតិ ។ ចំណែក​ផ្សារ​ទំនើប​ក្នុង​អគារ Exchange Square មាន​កម្ពស់​៤​ជាន់ មាន​ទំហំ​១៣.០០០​ម៉ែត្រការ៉េ នឹង​លក់ទំនិញ​ក្នុងស្រុក និង​ទំនិញ​មានកេរ្តិ៍ឈ្មោះ​ល្បី​ៗ​លំដាប់​អន្តរជាតិ​ផង​ដែរ ។

អ្នក​នាង អាន សុធី​តា បន្ត​ថា ការ​លក់​ចំណីអាហារ ភេសជ្ជៈ និង​សេវា​កម្សាន្ត មាន​ចំណែក​ទីផ្សារ​ធំ​ជាងគេ​នៅ​តាម​ផ្សារ​ទំនើប​នានា​នៅ​កម្ពុជា ខណៈ​ទំហំ​ផ្សារ​ទំនើប​ក្នុង​ប្រទេស​កម្ពុជា​ធៀប​នឹង​ចំនួន​ប្រជាពលរដ្ឋ គឺ​មាន​ចំនួន​ទាប​នៅឡើយ ។ ជាក់ស្តែង ផ្សារ​ទំនើប​នៅ​ទីក្រុង​ភ្នំពេញ មាន​ទំហំ​០,១​ម៉ែត្រការ៉េ​, ទីក្រុង​ម៉ានីល ០,៤​ម៉ែត្រការ៉េ​, ទីក្រុង​បាងកក ១,២៤​ម៉ែត្រការ៉េ និង​ប្រទេស​វៀតណាម​មាន​ទំហំ​០,០៨​ម៉ែត្រការ៉េ ធៀប​នឹង​ចំនួន​ប្រជាជន​ម្នាក់ ។

តាម​គម្រោង ផ្សារ​ទំនើប Parkson Mall នឹង​បើក​សាខា​ចំនួន​៣​កន្លែង​នៅ​រាជធានី​ភ្នំពេញ  ៖ ១-​ស្ថិត​នៅ​តាម​បណ្តោយ​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី ក្បែរ​ទីស្តីការគណៈរដ្ឋមន្ត្រី ។ ២-​ស្ថិត​នៅ​ទល់មុខ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ និង​៣-​គ្រោង​បើក​នៅ​ជាន់​ក្រោម​នៃ​គម្រោង The Bridge ដែល​មា​នទី​តាំងនៅ​ជិត​កោះ​ពេជ្រ ។

លោក ស៊ឹង ប៊ុ​ណ្ណា អគ្គនាយក​ក្រុមហ៊ុន​ប៊ុ​ណ្ណា​រៀល​ធី​គ្រុប បាន​ថ្លែង​ថា ផ្សារ​ទំនើប​នៅ​ទីក្រុង​ភ្នំពេញ មិន​ទាន់​មាន​ចំនួន​ច្រើន​នៅឡើយ​ទេ ហើយ​ត្រូវការ​ផ្សារ​ទំនើប​ធំ​ៗ​លំដាប់ AEON MALL ចំនួន​៣ ទៅ​៤​ទីតាំង​ទៀត​ក្នុង​ទីក្រុង​ភ្នំពេញ ប៉ុន្តែ​គួរតែ​ស្ថិត​នៅ​ទីតាំង​ខុស​ៗ​គ្នា ។ ប៉ុន្តែ​កម្ពុជា​ត្រូវការ​ផ្សារ​ដែល​លក់ទំនិញ​ផ្តាច់មុខ​មួយ​ចំនួន​ទៀត ដែល​កម្ពុជា​មិន​ទាន់​មាននៅ​ឡើយ ។ ការ​មាន​ផ្សារ​ទំនើប​កាន់តែ​ច្រើន នឹង​ធ្វើ​ឲ្យ​ការ​ផ្គត់ផ្គង់​កើន​លើស​តម្រូវការ ។

លោក​បន្ត​ថា ៖ « ការ​បើក​ដំណើរការ​ផ្សារ​ទំនើប AEON MALL ទី​១ បាន​ធ្វើ​ឲ្យ​ផ្សារ​ទំនើប​តូច​ៗ​នៅ​ក្រុងភ្នំពេញ​មួយ​ចំនួន​មាន​ភាព​ស្ងប់ស្ងាត់ ដែល​ទាមទារ​ឲ្យ​ម្ចាស់​ផ្សារ​ទំនើប​ទាំងនោះ​កែ​លម្អ​ប្រព័ន្ធ​នៃ​ការ​លក់ និង​ឌី​សាញ​អគារ​របស់​ខ្លួន​ឲ្យ​មាន​ភាព​ទាក់ទាញ​បន្ថែម​ទៀត » ។

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​នេះ ផ្សារ​ទំនើប​សូ​រិ​យា បាន​បោះទុន​៥,៥​លាន​ដុល្លារ​ដើម្បី​កែ​លម្អ​ផ្សារ​របស់​ខ្លួន​ឲ្យ​កាន់តែ​មាន​ភាព​ទាក់ទាញ ដើម្បី​ប្រកួតប្រជែង​ជាមួយ​ផ្សារ​ដទៃ​ទៀត ។

លោក ឆា​រស៍ វ៉ា​ន់ តំណាង​ភាគ​ហ៊ុ​និក​នៃ​ផ្សារ​ទំនើប​សូ​រិ​យា សេន​ធ័​រ​ភ័ន​ធ៍ (Sorya Center Point) បាន​ថ្លែង​ឲ្យ​ដឹង​ថា ការ​កែ​លម្អ​ផ្សារ​ទំនើប​នេះ​នឹង​បញ្ចប់​ទាំងស្រុង​នៅ​ដើមឆ្នាំ​២០១៧​ខាង​មុខ ។ ការ​កែ​លម្អ​ផ្សារ​ដោយ​ដូរ​ឈ្មោះ​ពី​ផ្សារ​ទំនើប​សូ​រិ​យា ទៅ​ជា​សូ​រិ​យា សេន​ធ័​រ​ភ័ន​ធ៍ ដើម្បី​ធ្វើ​ឲ្យ​ផ្សារ​នេះ​ស្អាត​ជាង​មុន និង​ធ្វើ​យ៉ាងណា ឲ្យ​ការ​លក់​ទំនិញ​ឆ្លើយ​តប​តាម​តម្រូវការ​របស់​អតិថិជន ។ លោក​បន្ត​ថា ៖ «​ក្រៅពី​រៀបចំ​ឲ្យ​មាន​ភាព​ស្រស់​ស្អាត​សម្រាប់​ទាក់ទាញ​អតិថិជន​ក្នុងស្រុក ផ្សារ​ទំនើប​នេះ​ក៏​ធ្វើ​ឡើង​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ផង​ដែរ » ៕