ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អភិបាលខេត្ត​បន្ទាយមានជ័យ និង​បាត់ដំបង ជួបប្រជុំពិភាក្សាការងារ ជាមួយ​អភិបាល​ខេត្តស្រះកែវ ប្រទេសថៃ

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ អភិបាលខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង បានជួបប្រជុំពិភាក្សាជាមួយ អភិបាលខេត្តស្រះកែវ ប្រទេសថៃ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២​ នៅទីស្នាក់ការអន្តរជាតិ​ក្លងលឹក…

បន្ទាយមានជ័យ៖ អភិបាលខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង បានជួបប្រជុំពិភាក្សាជាមួយ អភិបាលខេត្តស្រះកែវ ប្រទេសថៃ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២​ នៅទីស្នាក់ការអន្តរជាតិ​ក្លងលឹក ក្នុង​ស្រុក​អារ័ញ្ញ ខេត្តស្រះកែវ ក្នុងគោលបំណង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ សម្ព័ន្ធមេត្រីភាព និងដោះស្រាយកិច្ចការងារមួយចំនួន។ កិច្ចប្រជុំនឹងធ្វើឡើងម្តងទៀត នៅខេត្តបន្ទាយមានជ័យ នាសប្តាហ៍ទី៣ ក្នុង​ខែកក្កដា ឆ្នាំ២០២២។​

ប្រតិភូខេត្តបន្ទាយមានជ័យ ដឹកនាំដោយ​លោក  អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និង​ខេត្តបាត់ដំបងដឹកនាំដោយ​លោក ធូ  ភា  អភិបាលរង ខេត្តបាត់ដំបង។ ដោយឡែកភាគីថៃ ដឹកនាំដោយលោក បរិនបញ្ញា ភោធិសាធ អភិបាលខេត្តស្រះកែវ ព្រមទាំងមានការចូលរួម​ពីមន្ត្រីពាក់ព័ន្ធ និងកងកម្លាំប្រដាប់អាវុធជាច្រើនរូបទៀត។

ក្នុងកិច្ចប្រជុំនេះ ភាគីទាំង២ បានពិភាក្សា ដើម្បីសម្របសម្រួលបន្ថែមនៃកិច្ចដំណើរការច្រកជាប់​ព្រំដែន​នៃខេត្តបន្ទាយមានជ័យ រួមមាន​ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត គឺពិភាក្សាការប្រើ​ប្រាស់ប័ណ្ណព្រំដែន អនុញ្ញាត្តឲ្យចេញចូលហើយកន្លងមកនេះ តែសូមអោយប្រើប្រាស់​យានយន្តអាចចេញចូលបន្ថែមទៀត ពិភាក្សាការបើកបណ្តោះអាសន្នច្រកស្ទឹងបត់  និង ពិភាក្សាការបើកច្រក៤៣ រីឯខេត្តបាត់ដំបងសម្របសម្រួលបន្ថែមដំណើរការលើច្រកទ្វារ​អន្តរជាតិគីឡូ១៣ ស្រុកសំពៅលូន ឈមភាគីច្រកខៅឌិន ស្រុកក្លងហាត ខេត្តស្រះកែវ ។

ក្នុងកិច្ចពិភាក្សាទាំងប៉ុន្មានចំណុច ដែលភាគីខាងកម្ពុជា បានលើកមកនេះ នៅមិនទាន់មានការ​សម្រេច​ជាផ្លូវការនោះទេ ប៉ុន្តែភាគីទាំង ៣ខេត្ត គឺបន្ទាយមានជ័យ បាត់ដំបង និងខេត្តស្រះកែវ ​បានរៀបចំបង្កើតឲ្យមានគណៈកម្មការរួមមួយ ដែលដឹកនាំដោយអភិបាលរងខេត្តមួយរូប ដើម្បីពិនិត្យសិក្សាលម្អិតបន្ថែម ហើយភាគីខេត្តបន្ទាយមានជ័យ និងខេត្តស្រះកែវ នឹងមានបើកកិច្ចប្រជុំមួយទៀត នៅសាលាខេត្តបន្ទាយមានជ័យ នៅក្នុងសប្តាហ៍ទី៣ នៃខែកក្កដាខាងមុខនេះ ដើម្បីពិនិត្យសម្រេចជាលទ្ធផល។

ក្នុងប្រជុំពិភាក្សានេះដែរ ភាគីថៃ បានទទួលយកសំណើរកិច្ចពិភាក្សានេះ ដើម្បីស្នើសុំបន្តទៅថ្នាក់​ដឹកនាំរដ្ឋាភិបាលថៃ​ ដើម្បីសម្រេចពេលក្រោយ ហើយកម្ពុជា នឹងស្នើសុំគោលការណ៍ឯកភាព​ពីប្រមុខរាជរដ្ឋាភិបាលផងដែរ៕ ​ណុប រក្សា​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ