ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យមួយក្រុម ប្រដាប់ដោយកាំបិត ដាវសាមូរ៉ៃ បំពង់ទីប និងពូថៅ បានធ្វើសកម្មភាពវាយនិងកាប់កម្ទេចទ្វារផ្ទះគ្រួសារមួយ ដែលសង្ស័យជាអំពើប៉ុនប៉ងប្លន់ តែមិនបានសម្រេច ខណៈម្ចាស់ផ្ទះចាក់សោជាប់ ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោងជិត១២រំលងអធ្រាត្រឈានថ្ងៃទី២៩ វិច្ឆិកា ស្ថិតត្រង់ភូមិសាមគ្គីមានជ័យ ក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។
គ្រួសាររងគ្រោះ មានប្តីឈ្មោះជាតិ សុភាព អាយុ៣៦ឆ្នាំ និងប្រពន្ធឈ្មោះកែវ ស្រីអូន អាយុ៣២ឆ្នាំ ពួកគេជាអាជីវករលក់ទាអាំងនិងចាប់ហួយ ។
គ្រួសារខាងលើបានអះអាងថា ជនសង្ស័យមានគ្នា៤នាក់ ជិះម៉ូតូ២គ្រឿង បានវាយនិងកាប់កម្ទេចទ្វារផ្ទះគាត់ ធ្វើឱ្យគាត់និងប្រពន្ធកូនព្រមទាំងម្តាយនាំគ្នារត់ឡើងទៅពួនសំងំនៅលើឡៅតឿ ព្រោះសូម្បីតែក្នុងផ្ទះកម្ទេចកញ្ចក់បែករាយដែរ ។ បុរសម្ចាស់ផ្ទះប្រាប់ទៀតថា គាត់ស្គាល់អត្តសញ្ញាណជនសង្ស័យហើយ ហើយអះអាងថា ជាអំពើប៉ុនប៉ងប្លន់ ព្រោះដឹងថា ម្តាយគាត់ទើបលក់ដី នៅឯភ្នំពេញបាន តាមពិតទិញផ្ទះ និងទិញដីអស់វិញហើយ ។
បើតាមប្រភពពីអ្នកជិតខាងបង្ហើបថា ករណីដែលកើតឡើងនោះ ដូចជាសាហាវណាស់ គឺជនសង្ស័យបានស្រែកហៅឱ្យម្ចាស់ផ្ទះចេញយ៉ាងកងរំពង ។
ប្រភពឱ្យដឹងទៀតថា ជនសង្ស័យទាំងនោះ ត្រូវនគរបាលចាប់ខ្លួនបានម្នាក់ហើយ នៅព្រឹកថ្ងៃទី៣០ វិច្ឆិកា នេះ ។
ចែករំលែកព័តមាននេះ