ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កា​រត​ភ្ជាប់​វិនិយោគ​បរទេស​ដោយ​ផ្ទាល់​ជាមួយ​ក្រុមហ៊ុន​ក្នុងស្រុក​ជា​កត្ដា​សំខាន់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​បាន​ចាត់​ទុក​កា​រត​ភ្ជាប់​វិនិយោគ​បរទេស​ដោយ​ផ្ទាល់​ជាមួយ​ក្រុមហ៊ុន​ក្នុងស្រុក ជា​កត្ដា​សំខាន់​សម្រាប់​អភិវឌ្ឍ​ឧស្សាហកម្ម​នៅ​កម្ពុជា ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​បាន​ចាត់​ទុក​កា​រត​ភ្ជាប់​វិនិយោគ​បរទេស​ដោយ​ផ្ទាល់​ជាមួយ​ក្រុមហ៊ុន​ក្នុងស្រុក ជា​កត្ដា​សំខាន់​សម្រាប់​អភិវឌ្ឍ​ឧស្សាហកម្ម​នៅ​កម្ពុជា ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងពាណិជ្ជកម្ម ដែល​បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​ពិភាក្សា​ក្រៅផ្លូវការ​មួយ​រវាង​វិស័យ​សាធារណៈ និង​ឯកជន ស្ដី​ពី «​ការ​វិនិយោគ​បរទេស​ដោយ​ផ្ទាល់ និង​ទំនាក់ទំនង​ជាមួយ​ឧស្សាហកម្ម​ក្នុងស្រុក​» កាលពី​ព្រឹក​ថ្ងៃ​ទី​២៩ វិច្ឆិកា ម្សិលមិញ ។

កិច្ចប្រជុំ​ពិភាក្សា​នេះ ធ្វើ​ឡើង​ដើម្បី​ស្វែងរក​ដំណោះស្រាយ​បញ្ហា​ប្រឈម​ដែល​ក្រុមហ៊ុន​ប្រកប​ធុរកិច្ច​នៅ​កម្ពុជា​ជួប​ប្រទះ និង​បាន​ផ្ដល់​ពេល​ឲ្យ​ក្រុមហ៊ុន​ទាំងអស់​លើក​ឡើង​ពី​បញ្ហា​ប្រឈម និង​ដំណោះស្រាយ​សម្រាប់​រាយការណ៍​ជូន​តំណាង​រាជរដ្ឋាភិបាល ស្វែងរក​កិច្ច​អន្តរាគមន៍​នានា ។

បញ្ហា​ភាគច្រើន​ដែល​បាន​លើក​ឡើង​ក្នុង​កិច្ចប្រជុំ គឺ​ទាក់ទង​នឹង​ការ​ផ្គត់ផ្គង់ រួម​មាន កង្វះខាត​អ្នក​ផ្គត់ផ្គង់​ក្នុងស្រុក​សម្រាប់​ផ្គត់ផ្គង់​វត្ថុធាតុដើម ដែល​ជា​ធាតុ​ផ្សំ​ចាំបាច់​ក្នុង​ការ​ផលិត​។ អ្នក​ផ្គត់ផ្គង់​ភាគច្រើន​មាន​ភាព​ខ្វះខាត​ដូច​ជា ធនធានមនុស្ស ទំហំ​នៃ​ការ​ផ្គត់ផ្គង់ បច្ចេកវិទ្យា ចំណេះដឹង ឬ​មិន​អាច​ទុកចិត្ត​បាន ។ បញ្ហា​ផ្សេង​ទៀត​រួម​មាន កង្វះខាត​ហេដ្ឋារចនាសម្ព័ន្ធ ជា​ពិសេស អគ្គិសនី​ដែល​មាន​តម្លៃ​ថ្លៃ​ជាង​ប្រទេស​ជិតខាង ក៏​ដូច​ជា​គោលនយោបាយ និង​នីតិវិធី​មួយ​ចំនួន​មិន​ទាន់​ច្បាស់​នៅឡើយ ដែល​បង្កើត​ជា​បញ្ហា​ដល់​ក្រុមហ៊ុន ទាំង​ហិរញ្ញវត្ថុ និង​ធនធានមនុស្ស ។

ចំពោះ​បញ្ហា​ប្រឈម​ទាំងឡាយ ក្រុមហ៊ុន​ទាំងនោះ​ក៏​បាន​ផ្ដល់​នូវ​ដំណោះស្រាយ​មួយ​ចំនួន​ផង​ដែរ ។ ក្រុមហ៊ុន​ខ្លះ​ចាត់​ទុក​ការ​ប្រើប្រាស់​វត្ថុធាតុដើម ឬ​ធនធាន​ក្នុងស្រុក គឺ​សំខាន់​ក្នុង​ប្រតិបត្តិការ​របស់​គេ ។ ដូចនេះ ក្រុមហ៊ុន​បរទេស​អាច​ទាក់ទាញ​យកដៃ​គូ​ផ្គត់ផ្គង់​របស់​គេ​មក​វិនិយោគ​ព្រម​គ្នា ហើយ​ដៃគូ​ផ្គត់ផ្គង់​នោះ​អាច​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ក្នុងស្រុក​ដើម្បី​សម្រួល​ដល់​ការ​ផ្ទេរ​ចំណេះដឹង និង​បច្ចេកវិទ្យា ដែល​ជា​គន្លឹះ​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​ក្នុងស្រុក និង​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ក្នុងស្រុក​មានឱកាស​ពង្រីក​ខ្លួន​ក្លាយជា​អ្នក​ផ្គត់ផ្គង់​ពេញលេញ ។

ក្រុមហ៊ុន​បរទេស​ក៏​អាច​ជួយ​អភិវឌ្ឍ​អ្នក​ផ្គត់ផ្គង់​ក្នុង​រូបភាព​មួយ​ផ្សេង​ទៀត ដោយ​ជួយ​ផ្ទាល់​ដល់​ក្រុមហ៊ុន​ក្នុងស្រុក​ឲ្យ​ក្លាយជា​ដៃគូ​មួយ​សំខាន់​ក្នុង​ខ្សែ​សង្វា​ក់​ផ្គត់ផ្គង់ ។ ចំពោះ​បញ្ហា​ថ្លៃ​អគ្គិសនី ក្រុមហ៊ុន​ក៏​កំពុង​តែ​ពិចារណា​លើ​ការ​ប្រើប្រាស់​ប្រភព​អគ្គិសនី​ថ្មី​ៗ ប៉ុន្តែ​អាស្រ័យ​លើ​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល ។ ក្រៅពី​នេះ ក្រុមហ៊ុន​ទាំងអស់​ស្នើ​សុំ​ឲ្យ​រាជរដ្ឋាភិបាល​ពិនិត្យ​ឡើង​វិញ​នូវ​គោលនយោបាយ និង​នីតិ​វី​ធី​មួយ​ចំនួន​ដើម្បី​ឲ្យ​មាន​ភាព​ងាយស្រួល និង​ច្បាស់លាស់​សម្រាប់​ក្រុមហ៊ុន​ទាំងអស់​ប្រតិបត្តិ​។

លោក ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ក៏​ដូច​ជា​តំណាង​ដទៃ​ទៀត​របស់​រាជរដ្ឋាភិបាល​បាន​ឯកភាព​ថា បញ្ហា​ប្រឈម​ដែល​លើក​ឡើង គឺ​សុទ្ធតែ​ចាំបាច់​ដែល​ត្រូវ​ដោះស្រាយ ។ រាជរដ្ឋាភិបាល​យល់​ឃើញ​ថា ការ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ ជា​ជំហាន​បន្ទាប់​ដើម្បី​ប្រែក្លាយ​ពលកម្ម​កម្ពុជា ទៅ​ជា​ពលកម្ម​ដែល​មាន​បច្ចេកទេស និង​ចំណេះដឹង​គ្រប់គ្រាន់​សម្រាប់​ជួយ​ទ្រទ្រង់​ដល់​ការ​លូតលាស់​នៃ​វិស័យ​ឧស្សាហកម្ម ។

ចំពោះ​បច្ចេកវិទ្យា​វិញ គឺ​ចាំបាច់​បំផុត ប្រសិនបើ​កម្ពុជា​ចង់​ពង្រឹង​ភាព​ប្រកួតប្រជែង​ជាមួយ​ប្រទេស​ដទៃ​ទៀត ដែល​ឧស្សាហកម្ម​របស់​គេ​មានការ​អភិវឌ្ឍ និង​បច្ចេកវិទ្យា​ខ្ពស់ ។ រាជរដ្ឋាភិបាល​អបអរ​ចំពោះ​ក្រុមហ៊ុន​ទាំងអស់​ដែល​មានគំនិត​ផ្ដួចផ្ដើម​ជួយ​អភិវឌ្ឍ​ក្រុមហ៊ុន​ក្នុងស្រុក​ដើម្បី​កាត់​បន្ថយ​គម្លាត​ជំនាញ និង​ចំណេះដឹង ។

ទន្ទឹម​នឹង​នេះ រាជរដ្ឋាភិបាល​ក៏​អាច​ជួយ​សម្របសម្រួល​ឲ្យ​ក្រុមហ៊ុន​បរទេស​ជួប​ជាមួយ​ក្រុមហ៊ុន​ក្នុងស្រុក ដើម្បី​ពិភាក្សា​ពី​ការ​ប្រកប​ធុរកិច្ច និង​ទាក់ទាញ​អ្នក​ផ្គត់ផ្គង់​បរទេស​មក​ដាក់​ទុន​វិនិយោគ​នៅ​កម្ពុជា​ផង​ដែរ ។ ចំពោះ​បញ្ហា​ទាក់ទង​នឹង​ហេដ្ឋារចនាសម្ព័ន្ធ តម្លៃ​អគ្គិសនី សម្រួល​គោលនយោបាយ និង​នីតិវិធី​នោះ រាជរដ្ឋាភិបាល​បាន​រៀបចំ​ដំណោះស្រាយ​មួយ​ចំនួន​ហើយ ដោយ​បញ្ហា​នេះ​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​វិនិយោគិន​ក្រៅ​ស្រុក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ប៉ះពាល់​ដល់​អ្នក​ប្រកប​អាជីវកម្ម​ទាំងមូល​ផង​ដែរ ។

លោក​រដ្ឋមន្ត្រី​បាន​លើកទឹកចិត្ត​ឲ្យ​វិនិយោគិន​ទាំងអស់​ធ្វើការ​យ៉ាង​ស្អិតរ​មួ​ត​ជាមួយ​ក្រសួងពាណិជ្ជកម្ម ដែល​តែង​ត្រៀម​ជា​និច្ច​ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​គាំទ្រ​ដល់​ការ​រីក​ដុះដាល​នៃ​ឧស្សាហកម្ម​កម្ពុជា ៕