ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋ​ស្នើ​ឱ្យ​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ​អនុគ្រោះ​ដល់​កសិករ ខណៈ​តម្លៃ​ស្រូវនៅ​តែ​ធ្លាក់​ចុះ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បញ្ហា​តម្លៃ​ស្រូវ​ធ្លាក់​ចុះ នៅ​តែ​ជា​កង្វល់​របស់​ប្រជា​កសិករ និង​រាជរដ្ឋាភិបាល​កម្ពុជា​ទាំងមូល ព្រោះ​ប្រជា​កសិករ​មួយ​ចំនួន​ធំ​បាន​ប្រើប្រាស់​កម្ចី​ឥណទាន​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ សម្រាប់​ទិញ​ជី និង​

រាជធានី​ភ្នំពេញ ៖ បញ្ហា​តម្លៃ​ស្រូវ​ធ្លាក់​ចុះ នៅ​តែ​ជា​កង្វល់​របស់​ប្រជា​កសិករ និង​រាជរដ្ឋាភិបាល​កម្ពុជា​ទាំងមូល ព្រោះ​ប្រជា​កសិករ​មួយ​ចំនួន​ធំ​បាន​ប្រើប្រាស់​កម្ចី​ឥណទាន​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ សម្រាប់​ទិញ​ជី និង​ជួល​គ្រឿងចក្រ​ធ្វើស្រែ​បង្កបង្កើន​ផល​ស្រូវ​។ ប៉ុន្តែ​នៅ​ពេល​តម្លៃ​ស្រូវ​ធ្លាក់​ចុះ​នោះ វា​បាន​ធ្វើ​ឲ្យ​មាន​បញ្ហា​ក្នុង​ការ​សង​ប្រាក់​កម្ចី​ត្រឡប់​ទៅ​ធនាគារ ឬ​មីក្រូហិរញ្ញវត្ថុ​វិញ ។ ទាក់ទង​នឹង​បញ្ហា​តម្លៃ​ស្រូវ​នេះ រាជរដ្ឋាភិបាល​បាន​ប្រឹងប្រែង​ដោះស្រាយ​ជា​បន្តបន្ទាប់ ។ ជាក់ស្ដែង រាជរដ្ឋាភិបាល​បាន​បញ្ចេញ​ថវិកា​សម្រាប់​ប្រមូល​ទិញ​ស្រូវ​ស្តុក​ទុក​នៅ​ធនាគារ​ស្រូវ​ជាដើម ប៉ុន្តែ​នៅ​តែ​មិន​អាច​ដោះស្រាយ​បាន​ទូលំទូលាយ​ឡើយ ។

ថ្មី​ៗ​នេះ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អំពាវនាវ​ដល់​មីក្រូហិរញ្ញវត្ថុ និង​ស្ថាប័ន​ហិរញ្ញ​វត្ថុ​ផ្សេង​ៗ​ដែល​បាន​ផ្ដល់​ប្រាក់​កម្ចី​ដល់​ប្រជា​កសិករ សូម​មេត្តា​យោគយល់​ដល់​ទុក្ខ​លំបាក​របស់​ពួក​គាត់ ខណៈ​តម្លៃ​ស្រូវ​ធ្លាក់​ចុះ ។ សម្ដេច​មាន​ប្រសាសន៍​ថា ៖ « តម្លៃ​ស្រូវ​ចុះ​នេះ វា​មិនមែន​ចុះ​តែ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទេ គឺ​ស្ទើរតែ​គ្រប់​ប្រទេស​ទាំងអស់ ហើយ​វា​មិនមែន​តែ​ស្រូវ​មួយ​មុខ​ទេ គឺ​កសិផល​ផ្សេង​ៗ រាប់​ទាំង​ជ័រកៅស៊ូ​ជាដើម » ។

សម្ដេច​តេ​ជោ​បន្ត​ថា ឆ្នាំ​នេះ បើ​តាម​ការ​ប៉ាន់ស្មាន​ទុកជា​មុន កម្ពុជា​អាច​នឹង​សល់​ស្រូវ​ប្រមាណ​៥​លាន​តោន​ក្រោយ​ពី​កាត់​ទុក​ហូប និង​ទុក​ពូជ​រួចរាល់​ហើយ ។ សម្ដេច​មាន​ប្រសាសន៍​ថា ៖ « បរិមាណ​នៅ​សល់​ស្រូវ​ជុំវិញ​៥​លាន​តោន​នេះ យើង​អាច​នាំ​ចេញ​ទៅ​ទីផ្សារ​ដែល​មាន​ស្រាប់ ក្នុង​នោះ​ចិន​ប្រមាណ​២០​ម៉ឺន​តោន​, វៀតណាម​ប្រមាណ​៣០​ម៉ឺន​តោន និង​អឺរ៉ុប​មួយ​ចំនួន​ទៀត ។

ប៉ុន្តែ​ការ​នាំ​ចេញ​នៅ​តែ​មាន​បញ្ហា ព្រោះ​តំបន់​ទាំងនោះ​មាន​តម្លៃ​ទាប​នៅឡើយ អីចឹង​ទេ​មាន​តែ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​របស់​យើង​យោគយល់​ចំពោះ​ការ​លំបាក​រួម​របស់​ប្រទេស​ជាតិ ដែល​តម្លៃ​កសិផល និង​ស្រូវ​នៅ​លើ​ទីផ្សារ​មាន​តម្លៃ​ទាប ហើយ​ចំពោះ​ការ​ទិញ​ស្រូវ​របស់​បរទេស​ដូច​ជា​ចិន​ជាដើម មិនមែន​មាន​ន័យ​ថា ចិន​ខ្វះ​អង្ករ​ទេ តែ​ការ​ទិញ​អង្ករ​របស់​ចិន គឺ​ដើម្បី​ជួយ​សម្រួល​ដល់​ប្រទេស​យើង​កុំ​ឲ្យ​សល់​ស្រូវ​ច្រើន​ពេក » ។

សម្ដេច​បញ្ជាក់​ផង​ដែរ​ថា ស្រប​ពេល​ដែល​កម្ពុជា​មាន​ទីផ្សារ​អង្ករ​នៅ​ក្រៅប្រទេស​ហើយ​នោះ ឈ្មួញ​នាំ​ចេញ​ក៏​ត្រូវធ្វើ​យ៉ាងណា​បង្កើន​គុណភាព​កុំ​ឲ្យ​ខូច​ពូជ មាន​ន័យ​ថា កុំ​ឲ្យ​អង្ក​រលាយ​ពីរ​បី​ពូជ ហើយ​បើ​ធ្វើ​បែប​នេះ វា​នឹង​ធ្វើ​ឲ្យ​ខូច​ពូជខ្មែរ ឬ​លក់​ផ្លូវ​ខ្លួនឯង​ដែរ ។ សម្ដេច​បញ្ជាក់​ថា ៖ « រាជរដ្ឋាភិបាល​ខិតខំ​ណាស់ ដើម្បី​រក​ទីផ្សារ​ជូន​ប្រជា​កសិករ តែ​បញ្ហា​នេះ​វា​មិន​ងាយ​ទេ ព្រោះថា​ប្រទេស​ផ្សេង​ៗ​ក៏​គេ​ផលិត​ស្រូវ ឬ​កសិផល​ផ្សេង​ៗ​ដែរ ហើយ​តម្លៃ​របស់​គេ​អាច​នឹង​ទាប​ជាង​យើង​ផង » ។

គួរ​បញ្ជាក់​ថា បើ​តាម​របាយការណ៍​ពី​មីក្រូហិរញ្ញវត្ថុ​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា អតិថិជន​ដែល​ប្រើប្រាស់​កម្ចី​ឥណទាន​ភាគច្រើន គឺជា​កសិករ និង​សហគ្រិន​ខ្នាត​តូច ។ ដូចនេះ អាច​បញ្ជាក់​បាន​ថា ប្រជា​កសិករ​កម្ពុជា​ភាគច្រើន​ប្រើប្រាស់​កម្ចី​ឥណទាន​សម្រាប់​ពង្រីក​អាជីវកម្ម និង​សង​ត្រឡប់​វិញ​ក្នុង​រយៈពេល​មួយ​ឆ្នាំ ។

តាម​របាយការណ៍​របស់​ធនាគារជាតិ​នៃ​កម្ពុជា គិត​រហូត​មក​ដល់​ពេល​នេះ ប្រជាពលរដ្ឋ​កម្ពុជា​ប្រមាណ​ជាង​២​លាន​នាក់​កំពុង​ប្រើប្រាស់​ឥណទាន​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ ៕