ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្រា​ភាព​ក្រីក្រ​នៅ​កម្ពុជា​ធ្លាក់​ចុះ​មក​ត្រឹម​ប្រមាណ​10​ភាគរយ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អត្រា​នៃ​ភាព​ក្រីក្រ​នៅ​កម្ពុជា​បាន​ធ្លាក់​ចុះ​មក​ក្នុង​រង្វង់​ប្រមាណ​១០%​ប៉ុណ្ណោះ ខណៈ​ដែល​ប្រទេស​នេះ​បាន​ឆ្លង​ផុត​ពី​ប្រទេស​មាន​ចំណូល​ទាប មក​កាន់​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប

រាជធានី​ភ្នំពេញ ៖ អត្រា​នៃ​ភាព​ក្រីក្រ​នៅ​កម្ពុជា​បាន​ធ្លាក់​ចុះ​មក​ក្នុង​រង្វង់​ប្រមាណ​១០%​ប៉ុណ្ណោះ ខណៈ​ដែល​ប្រទេស​នេះ​បាន​ឆ្លង​ផុត​ពី​ប្រទេស​មាន​ចំណូល​ទាប មក​កាន់​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប ។

លោក​បណ្ឌិត អិុ​ន ចាន់​នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ នា​ព្រឹក​ថ្ងៃ​ទី​២៩ វិច្ឆិកា ម្សិលមិញ​ថា កាលពី​ឆ្នាំ​២០០៤ ប្រជា​ពល​រដ្ឋ​កម្ពុជា​ប្រមាណ​៧​លាន​នាក់​បាន​រស់នៅ​ក្នុង​បន្ទាត់​នៃ​ភាព​ក្រីក្រ ។ ប៉ុន្តែ​នៅ​ឆ្នាំ​២០១៤​កន្លង​មកនេះ អត្រា​នៃ​ភាព​ក្រីក្រ​បាន​ធ្លាក់​ចុះ​មក​នៅ​ត្រឹម​ប្រមាណ​១០% ដែល​មាន​ប្រជា​ពលរដ្ឋ​សរុប​ប្រមាណ​១,៦​លាន​នាក់​ប៉ុណ្ណោះ ហើយ​កម្ពុជា​បាន​ឈាន​ទៅ​កាន់​ប្រទេស​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ទាប ដោយ​ឆ្នាំ​២០១៦​នេះ​ចំណូល​របស់​ប្រជា​ពល​រដ្ឋ​ម្នាក់​បាន​កើនឡើង​ដល់​១.៣០០​ដុល្លារ​អា​មេ​រិ​ក ។

លោក​បន្ត​ថា ៖ « នេះ​មាន​ន័យ​ថា គោលនយោបាយ​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​រាជរដ្ឋាភិបាល​ដើរ​លើ​ផ្លូវ​ត្រឹមត្រូវ ហើយ​កម្ពុជា​នឹង​សម្រេច​បាន​នូវ​គោលដៅ​ក្នុង​ការ​ក្លាយជា​ប្រទេស​មាន​ប្រាក់​ចំណូល​កម្រិត​មធ្យម​នៅ​ឆ្នាំ​២០៣០ ដោយសារ​សេដ្ឋកិច្ច​កម្ពុជា​មាន​កំណើន​៧%» ។ លោក​បន្ត​ថា តាម​របាយការណ៍​របស់​ធនាគារពិភពលោក​បង្ហាញ​ថា កម្ពុជា​បាន​ក្លាយជា​ប្រទេស​ទី​៣​លើ​ពិភពលោក ដែល​មាន​សេដ្ឋកិច្ច​លូតលាស់​លឿន​ជាងគេ ដោយ​មាន​កំណើន​ក្នុង​រង្វង់​៧,៧%​ក្នុង​រយៈពេល​ជិត​៣​ទសវត្សរ៍ ។

លោក​បណ្ឌិត អិុន ចាន់​នី បន្ថែម​ថា ពេល​កម្ពុជា​ក្លាយជា​ប្រទេស​មាន​ប្រាក់​ចំណូល​កម្រិត​មធ្យម ប្រជាពលរដ្ឋ​កម្ពុជា​ម្នាក់​មាន​ប្រាក់​ចំណូល​ប្រមាណ​៣.០០០​ដុល្លារ​ក្នុង​១​ឆ្នាំ នៅ​ឆ្នាំ​២០៣០​ខាង​មុខ​នេះ ដែល​ស្ថានភាព​ជីវភាព​ប្រជាពលរដ្ឋ​មាន​ភាព​ស្រ​ដៀង​គ្នា​នឹង​ប្រទេស​ថៃ និង​ម៉ា​ឡេ​ស៊ី ពេល​បច្ចុប្បន្ន​នេះ ។

សេដ្ឋវិទូ​កម្ពុជា លោក​បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សា​ជាន់ខ្ពស់​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិបាន​ថ្លែង​ថា ការ​រួច​ផុត​ពី​ប្រទេស​មាន​ប្រាក់​ចំណូល​ទាប មក​ជា​ប្រទេស​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ទាប ហើយ​ធនាគារអភិវឌ្ឍន៍អាស៊ី​បាន​ប្រសិទ្ធ​នាម​កម្ពុជា « ជា​ខ្លា​សេដ្ឋកិច្ច​ថ្មី​អាស៊ី​» ទាំងអស់​គ្នា​គួរតែ​ទះដៃ​អបអរសាទរ ព្រោះ​យើង​បាន​ក្លាយជា​ប្រទេស​​ថ្មី​មួយទៀត ដែល​ពិភពលោក​មើល​មក​កម្ពុជា​កាន់តែ​មាន​សាច់ដុំ​ជាង​មុន និង​អាច​ទាក់ទាញ​វិនិយោគិន​បាន​ច្រើន​ជាង​មុន ដោយសារ​ប្រជាពលរដ្ឋ​មាន​ប្រាក់​ចំណូល​កើនឡើង ដែល​ធ្វើ​ឲ្យ​អំណាច​នៃ​ការ​ទិញ​របស់​ពួក​គេ​មានការ​កើនឡើង​ផង​ដែរ​។ លោក​បន្ត​ថា ៖ « ទោះជា​យ៉ាងណា យើង​មិន​ត្រូវ​អបអរ​ពេក​ដែរ មិន​ត្រូវ​សប្បាយ​ភ្លេចខ្លួន​ឡើយ ព្រោះ​កម្ពុជា​នៅ​តែ​ស្ថិត​ក្នុង​នាម​ជា​ប្រទេស​ក្រីក្រ​នៅឡើយ ដែល​ទាមទារ​ឲ្យ​យើង​ទាំងអស់​គ្នា​ខិតខំ​ប្រឹងប្រែង​បន្ថែម​ទៀត » ។

ទិន្នន័យ​របស់​ធនាគារពិភពលោក​បាន​បង្ហាញ​ថា ប្រជាពលរដ្ឋ​កម្ពុជា​រស់នៅ​ក្នុង​បន្ទាត់​នៃ​ភាព​ក្រីក្រ​មាន​អត្រា​១៧,៧% កាលពី​ឆ្នាំ​២០១២​កន្លង​មកនេះ ។

លោក ប៊ូ សា​រឿ​ន អ្នកនាំពាក្យ​ធនាគារ ពិភពលោក​ប្រចាំ​កម្ពុជា ថ្លែង​ថា ធនាគារ ពិភពលោក​មិន​បាន​កំណត់​ថា ប្រជាពលរដ្ឋ​ប៉ុន្មាន​ភាគរយ​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ទាប​នោះ​ទេ ប៉ុន្តែ​តាម​និយម​ន័យ​របស់​ធនាគារ​នេះ​បង្ហាញ​ថា ប្រជាពលរដ្ឋ​ដែល​មាន​ប្រាក់​ចំណូល​ចន្លោះ​ពី​១.០៤៥​ដល់​៤.១២៥​ដុល្លារ ត្រូវ​បាន​ចាត់​ចូល​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ទាប​, ប្រជាពលរដ្ឋ​មាន​ប្រាក់​ចំណូល​ចន្លោះ​៤.១២៥​ដល់​១២.៧៤៦​ដុល្លារ ត្រូវ​បាន​ចាត់​ចូល​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ខ្ពស់ និង​ប្រជាពលរដ្ឋ​មាន​ប្រាក់​ចំណូល​ធំ​ជាង​១២.៧៤៦​ដុល្លារ ត្រូវ​បាន​ចាត់​ចូល​មាន​ប្រាក់​ចំណូល​ខ្ពស់ ៕