ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធីករ​កីឡា គន្ធ ជី​វ័​ន្ត សម្ងំ​កើប​ប្រាក់​ក្រៅ​ស្រុក ប្រឈម​បាត់​កៅអី​ក្នុងស្រុក

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រយៈពេល​ប្រមាណ​៣​ខែ​មក​ហើយ ដែល​លោក​គន្ធ ជី​វ័​ន្ត អ្នក​អត្ថាធិប្បាយ​កីឡាប្រដាល់​ប្រចាំ​ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍ និង​ជា​អ្នកវិភាគ​កីឡា​ប្រចាំ​ស្ថានីយទូរទស្សន៍​បាយ័ន បាន​បាត់​មុខ​ពី​កញ្ចក់​ទូរទស្សន៍

រាជធានី​ភ្នំពេញ ៖ រយៈពេល​ប្រមាណ​៣​ខែ​មក​ហើយ ដែល​លោក​គន្ធ ជី​វ័​ន្ត អ្នក​អត្ថាធិប្បាយ​កីឡាប្រដាល់​ប្រចាំ​ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍ និង​ជា​អ្នកវិភាគ​កីឡា​ប្រចាំ​ស្ថានីយទូរទស្សន៍​បាយ័ន បាន​បាត់​មុខ​ពី​កញ្ចក់​ទូរទស្សន៍ ។ មានការ​បញ្ជាក់​ថា លោក​នឹង​ត្រូវ​បាត់​មុខ​យ៉ាង​ហោច​៣​ខែ​បន្ត​ទៀត ដោយសារ​តែ​ជាប់រវល់​ការងារ​នៅ​ក្រៅ​ប្រទេស ។

លោក គន្ធ ជី​វ័​ន្ត មិន​ទាន់​អាច​សុំ​ការ​បញ្ជាក់​បាន​ទេ ប៉ុន្តែ​យោង​តាម​លោក​ញាណ សុធី អ្នក​រៀបចំ​កម្មវិធី​ប្រដាល់​ប្រចាំ​ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍ បាន​អះអាង​ថា ពិធីករ​ប្រដាល់​រូប​នេះ បាន​ដាក់​ពាក្យសុំ​ច្បាប់​ពី​កម្មវិធី​ប្រដាល់​របស់​លោក​រយៈពេល​៦​ខែ ដែល​មក​ទល់​នឹង​ដំណាច់​ខែធ្នូ ឆ្នាំ​២០១៦​នេះ គឺ​មាន​រយៈពេល​៣​ខែ​ហើយ ។ លោក​ថា លោក គន្ធ ជី​វ័​ន្ត បាន​ដាក់​ក្នុង​ច្បាប់​ថា ជាប់រវល់​ទៅ​បំពេញការងារ​នៅ​ក្នុង​ប្រទេស​ចិន ប៉ុន្តែ​ត្រង់​ថា​ការងារ​នោះ​ពាក់ព័ន្ធ​កិច្ចការ​អ្វី​លោក​មិន​បានដឹង​ច្បាស់​នោះ​ទេ ។ លោក គន្ធ ជី​វ័​ន្ត មិន​ទាន់​ច្បាស់​ថា នឹង​អាច​វិល​ត្រឡប់​មក​កាន់​ក្បាល​មេក្រូ​អត្ថាធិប្បាយ​ព្រឹត្តិការណ៍​កីឡា​នៅ​ក្នុង​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ដូច​ដើម​នោះ​ទេ ក្នុង​ពេល​ដែល​ការ​សុំ​ច្បាប់​របស់​លោក​មាន​រយៈពេល​ដល់​កន្លះ​ឆ្នាំ ដែល​លោក​យល់​ថា បើ​ដាក់​អ្នក​ថ្មី​ហើយ​ប្រគល់​តំណែង​ឱ្យ​លោក​ក្រោយ​ពេល​ត្រឡប់​មក​វិញ ក៏​ជា​រឿង​ប៉ះពាល់​ផង​ដែរ ។

លោក​ថា មក​ទល់​ពេល​នេះ​ពិធីករ​ដែល​ត្រូវ​បាន​ជ្រើសរើស​ឱ្យមក​អត្ថាធិប្បាយ​ប្រដាល់​ជំនួស​លោក គន្ធ ជី​វ័​ន្ត កាន់តែ​ថ្នឹក​នឹង​ការងារ​ល្អ អ៊ីចឹង​លោក​ក៏​នឹង​ធ្វើការ​ពិចារណា​ផង​ដែរ​ក្នុង​ពេល​ដែល​ពិធីករ​កីឡា​រូប​នេះ ចំណាយពេល​សុំ​ឈប់​យូរ​ពេក ដែល​លោក​មិន​ចង់ឱ្យ​អ្នក​ជំនួស​មាន​អារម្មណ៍​អន់ចិត្ត​។ លោក​និយាយ​ថា​៖ «​ជី​វ័​ន្ត​គាត់​សុំ​ច្បាប់​៦​ខែ ហើយ​ខ្ញុំ​គិត​ថា នេះ​ជា​ការ​សុំ​ក្នុង​រយៈពេល​យូរ​ដែល​ប៉ះពាល់​ដល់​ការងារ​របស់ខ្ញុំ​ដែរ ប្រសិនបើ​គេ​ចង់​ភ្លេចមុខ​គាត់​ហើយ​ស្រាប់តែ​មក​ដក​អ្នក​ថ្មី ហើយ​ដាក់​គាត់​វិញ​ក្រោយ​ពេល​គាត់​ត្រឡប់​មក​!» ។ រយៈពេល​៦​ខែ អាច​ធ្វើ​ឱ្យ​អ្នក​ស្នេហា​វិស័យ​ប្រដាល់​ជាប់​ចិត្តនឹង​អ្នក​មក​ជំនួស​ក្នុង​រយៈពេល​បាត់​មុខ​នោះ​ដែរ ទើប​លោក​ប្រកាស​ថា តំណែង​របស់​លោក គន្ធ ជី​វ័​ន្ត សម្រាប់​ការ​អត្ថាធិប្បាយ​ប្រដាល់​នៅ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ អាច​នឹង​មាន​ភាគរយ​តិច​សម្រាប់​ការ​ត្រឡប់​មក​វិញ ។ ទោះបី​យ៉ាងណា លោក​ថា ថ្វីមាត់​របស់​ពិធីករ​រូប​នេះ ក៏​នឹង​ធ្វើ​ឱ្យ​លោក​ពិចារណា​សម្រាប់​ការ​ដោះ​ដូរ​ផង​ដែរ ដោយសារ​តែ​លោក​ក្រៅពី​អាច​កំប្លុកកំប្លែង​ក្នុង​ពេល​ប្រដាល់​ដំណើរការ​បាន​ល្អ ក៏​អាច​អត្ថាធិប្បាយ​ជា​ភាសា​បរទេស និង​អាច​ប្រកាស​ណែនាំ​កីឡាករ​ជាតិ និង​អន្តរជាតិ​នៅ​លើ​រេញ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​អន្តរជាតិ​ធំ​ៗ បាន​រស់​រវើក​ពិបាក​រក​អ្នក​ជំនួស​ដែរ ។ លោក​ថា លោក គន្ធ ជី​វ័​ន្ត ស្ថិត​នៅ​ប្រទេស​ចិន​នៅឡើយ ហើយ​ក៏​មិន​ទាន់​ច្បាស់​ថា ពិធីករ​កីឡា​រូប​នេះ​នឹង​សុំ​ខ្លួន​ត្រឡប់​មក​វិញ​ឬ​ក៏​អត់​ផង ទើប​លោក​បញ្ជាក់​ថា លុះត្រាតែ​លោក​ត្រឡប់​មក​សុំ​កៅអី​របស់​ខ្លួន​ជា​មុន​សិន ទើប​អាច​ដឹង​ថា តើ​ត្រូវ​ដោះ​ដូរ ឬ​អាច​មិន​ទទួលយក​សំណើ​នោះ ។

មុន​ពេល​បាត់​មុខ លោក គន្ធ ជី​វ័​ន្ត គឺជា​អ្នក​អត្ថាធិប្បាយ​ប្រដាល់​នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​អន្តរជាតិ​រៀង​រាល់​ចុង​ស​ប្ដា​ហ៍​របស់​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ។ ថ្វី​ដ្បិតតែ​សង្វៀន​នេះ​មានការ​ដោះ​ដូរ​អ្នក​អត្ថាធិប្បាយ​ច្រើន​នាក់ ប៉ុន្តែ​គេ​នៅ​តែ​កត់​សម្គាល់ថា ពិធីករ​រូប​នេះ​លេចមុខ​ជាងគេ ដោយសារ​តែ​លោក​អត្ថាធិប្បាយ​កីឡា​ដៃគូ​ជាមួយ​លោក​ហេ​រ៉ូ មាន​ភាព​ស៊ីសង្វាក់ និង​ប្រឡាក់​ក្រឡា​គ្នា​ដោយ​ភាព​កំប្លុកកំប្លែង ទៀត​ផង ។ លោក​ក៏​ត្រូវ​មហាជន​កោតសរសើរ​ថា ជា​អ្នកវិភាគ​កីឡា​ដែល​មាន​ប្រជាប្រិយភាព និង​ដឹង​ច្បាស់​ពី​ទម្រង់​ប្រកួត និង​ប្រវត្តិ​របស់​កីឡាករ​ច្បាស់លាស់​ផង​ដែរ ទើប​ធ្វើ​ឱ្យ​ការ​បាត់​មុខរប​ស់លោក​មានការ​ចាប់អារម្មណ៍ ។ ជា​ពិសេស​បន្ទាប់​ពី​មានការ​បន្លុយ​ថា លោក​អាច​នឹង​មិន​ត្រូវ​បាន​ធានា​ការ​ត្រឡប់​ចូល​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​វិញ ក្រោយ​បញ្ចប់​បេសកកម្ម​នៅ​ប្រទេស​ចិន ។ លោក គន្ធ ជី​វ័​ន្ត ត្រូវ​គេ​ប្រកាស​ថា សម្ងំ​កើប​លុយ​ក្រៅ​ស្រុក​មិនធម្មតា ទើប​លោក​សម្រេចចិត្ត​ទម្លាក់​ចោលការ​ងារ​ក្នុងស្រុក​រហូត​ដល់​កន្លះ​ឆ្នាំ ខណៈ​ដែល​លោក​ក៏​ហាក់​មិន​ខ្វល់​រឿង​ត្រឡប់​មក​វិញ​នឹង​បាន​តំណែង​ចាស់ ឬ​តំណែង​ថ្មី​នោះ​ដែរ ។ មុន​ពេល​បាត់​មុខ លោក​បាន​ប្រកាស​ថា លោក​នឹង​ទៅ​ក្រៅប្រទេស​មួយ​ខ្យល់​ធំ ហើយ​សង្ឃឹមថា នឹង​បាន​លុយ​ច្រើន​ៗ​ត្រឡប់​មក​វិញ ដើម្បី​ឱ្យ​ប្រពន្ធ និង​កូន​របស់​លោក​សប្បាយ​ចិត្ត ។ លោក​ថា ការងារ​ក្នុងស្រុក​ក៏​លុយ​ច្រើន​ដែរ ប៉ុន្តែ​មក​ពី​លោក​ចង់​មើល​ពិភព​ខាងក្រៅ​ផង និង​ចង់​ដើរ​កម្សាន្ត​ផង ទើប​លោក​សម្រេចចិត្ត​បាត់​មុខ​។ លោក​ថា ធ្វើការ​ក្រៅ​ស្រុក បើ​ទោះជា​អាច​ប្រឈម​នឹង​បាត់​មុខ​ពី​ការងារ​ចាស់​ជា​រៀង​រហូត ប៉ុន្តែ​អ្វី​ដែល​លោក​ទទួល​បាន​គឺ​ក្រេ​ឌី​ត​ការងារ និង​បទ​ពិសោធន៍ ទើប​លោក​យល់​ថា ប្រសិនបើ​ខ្លួន​ត្រឡប់​មក​វិញ​ហើយ​បែរជា​មិន​អាច​មក​អង្គុយ​កន្លែង​ចាស់​បាន គឺ​មាន​តែ​បន្ត​ស្វែងរក​ទ្រនំ​ថ្មី​ក្នុង​ពេល​បន្តបន្ទាប់ ។ យ៉ាងណាមិញ គេ​កត់​សម្គាល់ថា លោក​គន្ធ ជី​វ័​ន្ត ធ្លាប់​បាត់​មុខ​​ប្រមាណ​ជាមួយ​រយៈ​ធំ​ផង​ដែរ បន្ទាប់​ពី​លោក​ចាក​ចេញពី​ទូរទស្សន៍​CTN ហើយ​នៅ​តាម​ស្ថាប័ន​ទូរទស្សន៍​ផ្សេង​ទៀត​ដែល​មាន​ព្រឹត្តិការណ៍​កីឡា ក៏​មាន​ពិធីករ​របស់​គេ​ប្រចាំការ​ល្អ​ៗ​មិន​ខុស​គ្នា​នឹង​លោក​ដែរ ។ លោក​ញាណ សុធី បញ្ជាក់​ថា ស្ថានភាព​ក្រោយ​ត្រឡប់​មក​វិញ​របស់​ពិធីករ​កីឡា​រូប​នេះ លុះត្រាតែ​ចាំ​អ៊ុត​សិន​ទើប​ដឹង ៕