រាជធានីភ្នំពេញ ៖ ឧប្បត្តិហេតុដ៏អាក្រក់មួយបានកើតឡើង ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្តយីឌុបបើកបុកអូសជាង៥០ម៉ែត្របណ្តាលឲ្យអ្នកជិះម៉ូតូរងរបួសធ្ងន់ ហើយពេលបញ្ជូនដល់មន្ទីរពេទ្យក៏ស្លាប់ ។ អ្វីដែលជាគ្រោះចង្រៃមិនទាន់រសាត់ផុតផង ខណៈរថយន្តឈប់នៅកន្លែងកើតហេតុមិនទាន់វាស់វែងរួចនៅឡើយ ក៏ត្រូវម៉ូតូមួយគ្រឿងទៀតជិះជែងគ្នាទាក់ដៃចង្កូតជ្រុលទៅបុករថយន្តនោះពីក្រោយបណ្តាលឲ្យស្លាប់ម្នាក់ទៀតភ្លាមៗនៅកន្លែងកើតហេតុ ។
គ្រោះអកុសលនេះ កើតឡើងកាលពីវេលាម៉ោង៦និង៥០នាទីល្ងាចថ្ងៃទី២៧ ខែវិច្ឆិកា តាមផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិគល់ សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ ។ រថយន្តយីឌុបម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស្លាទុំ ពាក់ផ្លាកលេខ កំពង់ធំ ៣A ១៨៦ បើកបរពីកើតទៅលិច ។ ចំណែកជនរងគ្រោះទី១ដែលស្លាប់ មិនត្រូវបានស្គាល់អត្តសញ្ញាណទេ ជិះម៉ូតូហុងដាឌ្រីម ស៊េរ៊ីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ ១BZ ៥១៦៣ តែម្នាក់ឯងឆ្លងផ្លូវពីជើងទៅត្បូង ។ ឯជនរងគ្រោះទី២មិនស្គាល់ឈ្មោះដែរ ជិះម៉ូតូម៉ាក FZ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ ១B ១១៦៨ ស្របទិសនឹងរថយន្តដែលឈប់ ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុនិយាយថា បុរសរងគ្រោះទី១ជិះម៉ូតូឆ្លងផ្លូវបានបន្តិច ក៏ត្រូវរថយន្តយីឌុបខាងលើបុកពេញទំហឹងអូសជាង៥០ម៉ែត្រនិងកិនចំជើងឆ្វេងរបួសធ្ងន់ ។ ជនរងគ្រោះ ត្រូវបានរថយន្តសង្គ្រោះគ្លីនិកឯកជនមួយដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសមៈ តែក៏បានស្លាប់នៅក្នុងមន្ទីរពេទ្យ ។
ប្រភពដដែលបន្តទៀតថា ខណៈគ្រោះថ្នាក់ចរាចរណ៍ខាងលើមិនទាន់វាស់វែងរួចរាល់ផង ប្រមាណជាកន្លះម៉ោងក្រោយមក ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាក FZ បើកបរក្នុងទិសដៅពីកើតទៅលិចយ៉ាងលឿន ហើយជែងម៉ូតូស្គូពីមួយគ្រឿងក៏ទាក់ដៃចង្កូតគ្នាដួលម៉ូតូស្គូពីដែលជិះគ្នា២នាក់រងរបួសស្រាល និងបានជិះចេញទៅបាត់ ។ ចំណែកម៉ូតូ FZ ដែលមិនទាន់អស់ល្បឿន បានជ្រុលទៅបុករថយន្តយីឌុបដែលជួបគ្រោះថ្នាក់ចរាចរណ៍មុននេះ បណ្តាលឲ្យអ្នកបើកម៉ូតូ FZ ដួលបោកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។
សពជនរងគ្រោះទាំង២នាក់ ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណតាមប្រពៃណីនៅឯស្រុកកំណើតរៀងៗខ្លួន រីឯរថយន្តនិងម៉ូតូទាំង២គ្រឿងត្រូវបាននគរបាលចរាចរណ៍យកទៅរក្សាទុកដើម្បីដោះស្រាយតាមច្បាប់ ៕
ចែករំលែកព័តមាននេះ