ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះ​សីហ​នុ​នឹង​ផ្តល់​ការងារ​ប្រមាណ​10​ម៉ឺន​នាក់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះ​សីហ​នុ​ដែល​នឹង​ប្រែ​ក្លាយជា​ទីក្រុង​សិន​ជិន​នៃ​ប្រទេស​កម្ពុជា​នោះ នឹង​ផ្តល់​ការងារ​ដល់​កម្មករនិយោជិត​ប្រមាណ​១០​ម៉ឺន​នាក់​នៅ​ពេល​អនាគត ។ នេះ​បើ​តាម​លោក Chen Jiangang

រាជធានី​ភ្នំពេញ ៖ តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះ​សីហ​នុ​ដែល​នឹង​ប្រែ​ក្លាយជា​ទីក្រុង​សិន​ជិន​នៃ​ប្រទេស​កម្ពុជា​នោះ នឹង​ផ្តល់​ការងារ​ដល់​កម្មករនិយោជិត​ប្រមាណ​១០​ម៉ឺន​នាក់​នៅ​ពេល​អនាគត ។ នេះ​បើ​តាម​លោក Chen Jiangang  អគ្គនាយក​ក្រុមហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ​បាន​អះអាង​ក្នុង​ជំនួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​លោក អិុ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នា​ព្រឹក​ថ្ងៃ​ទី​២៨ វិច្ឆិកា ម្សិលមិញ នៅ​ទីស្តីការក្រសួង  ។

លោក​អគ្គនាយក​រូប​នេះ​បាន​បញ្ជាក់​ថា ៖ « បច្ចុប្បន្ន មាន​ក្រុមហ៊ុន​វិនិយោគ​កើនឡើង​ដល់​១០៥​ក្រុមហ៊ុន ដែល​ផ្តល់​ការងារ​ជូន​កម្មករនិយោជិត​ប្រមាណ​១៦​ពាន់​នាក់ ហើយ​ជា​គោលដៅ​នា​ពេល​អនាគត នឹង​បង្កើន​ការងារ​ជូន​កម្មករនិយោជិត​ប្រមាណ​១០​ម៉ឺន​នាក់ » ។

ជាមួយ​គ្នា​នេះ លោក​បាន​សម្តែង​នូវ​អំណរ​គុណ​ចំពោះ​ការ​ជួយ​គាំទ្រ​យ៉ាង​កក់ក្តៅ​ពី​សំណាក់​រាជរដ្ឋាភិបាល​កម្ពុជា ជា​ពិសេស ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដែល​បាន​ផ្តល់​កិច្ចសហការ​យ៉ាង​ល្អ ក្នុង​ការ​ធានា​បាន​នូវ​សុខដុម​នី​យ​កម្ម​ទំនាក់ទំនង​វិជ្ជាជីវៈ ដែល​ធ្វើ​ឱ្យ​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះ​សីហ​នុ​ទទួល​បាន​នូវ​ជំនឿ​ទុកចិត្ត រួម​ទាំង​ការ​ទាក់ទាញ​វិនិយោគិន និង​ធ្វើ​ឱ្យ​ក្រុមហ៊ុន​មានកា​រវិ​វត្ត​រីក​ចម្រើន​ជា​ខ្លាំង ។

ថ្លែង​ក្នុង​ជំនួប​នោះ​ដែរ លោក​រដ្ឋមន្ត្រី អិុ​ត សំ​ហេង បាន​កោតសរសើរ​ចំពោះ​ក្រុមហ៊ុន ដែល​បាន​សហការ​យ៉ាង​ល្អជា​មួយ​គ្រប់​ភាគី​ទាំងអស់ ជា​ពិសេស មន្ត្រី​នៅ​ច្រក​ចេញ​ចូល​តែ​មួយ និង​អាជ្ញាធរ​ដែនដី ។

លោក​រដ្ឋមន្ត្រី​បាន​ចាត់​ទុក​ថា តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ ជា​សួន​ឧស្សាហកម្ម​គ្រប់​ជ្រុងជ្រោយ​មួយ ដែល​អាច​ជា​គំរូ​ដល់​តំបន់​សេដ្ឋកិច្ច​ពិសេស​នានា​នៅ​ព្រះរាជា​ណាចក្រ​កម្ពុជា ព្រោះថា មិន​ត្រឹមតែ​មាន​ប្រព័ន្ធ​គ្រប់គ្រង​ល្អ​ទេ ថែម​ទាំង​មាន​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​សម្រាប់​ផ្តល់​ជំនាញ​ជូន​ដល់​កម្មករនិយោជិត​នា​ពេល​អនាគត​ផង​ដែរ ។

ជាមួយ​គ្នា​នេះ លោក​រដ្ឋមន្ត្រី​បាន​ស្នើ​ឱ្យ​ក្រុមហ៊ុន​បន្ត​យកចិត្តទុកដាក់​សហការ​ឱ្យ​បាន​ល្អ​បន្ត​ទៀត ដោយ​ចូលរួម​ជួយ​ផ្សព្វផ្សាយ​ច្បាប់​ស្តី​ពី​សហជីព និង​សំណូមពរ​ឱ្យ​យកចិត្ត​ទុកដាក់​ខ្ពស់​ដល់​សុខភាព និង​សុវត្ថិភាព​ការងារ​របស់​កម្មករនិយោជិត ជា​ពិសេស សុវត្ថិភាព​ដឹក​ជញ្ជូន​កម្មករនិយោជិត ព្រមទាំង​ចូលរួម​គាំទ្រ​ដល់​ការ​អនុវត្ត​ធានា​រ៉ាប់រង​សុខ​ភាព​ជូន​កម្មករនិយោជិត​របស់​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ។

គួរ​បញ្ជាក់​ថា តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះ​សីហ​នុ មាន​ផ្ទៃដី​១.១១៣​ហិ​កតា ឆ្លងកាត់​ការ​អភិវឌ្ឍ​រយៈពេល​៨​ឆ្នាំ បាន​បង្កើត​ជា​សួន​ឧស្សាហកម្ម​អន្តរជាតិ ស្រូប​យក​សហ​គ្រាស​ចូល​មក​វិនិយោគ និង​មាន​វិនិយោគិន​មក​ពី​ប្រទេស​ចិន ជប៉ុន បារាំង កូរ៉េ​ខាងត្បូង និង​សហភាព​អឺរ៉ុប ជាដើម ។ ទិស​ដៅ​ខាង​មុខ តំបន់​សេដ្ឋកិច្ច​ពិសេស​នឹង​សម្រេច​ឲ្យ​បាន​នូវ​រោងចក្រ​ចំនួន​៣០០​សហគ្រាស មក​វិនិយោគ​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស និង​មាន​និយោជិត​ធ្វើការ​ចំនួន​១០​ម៉ឺន​នាក់ និង​អាច​ស្រូប​យក​កម្លាំង​ពលកម្ម​ចំនួន​២០​ម៉ឺន​នាក់ ។

ក្រៅពី​ផ្តល់​ឱកាស​ការងារ​ធ្វើ​ជូន​ប្រជាពលរដ្ឋ តំបន់​សេដ្ឋកិច្ច​ពិសេស​បាន​ជួយ​បណ្តុះបណ្តាល​ភាសា​ចិន​ដល់​កម្មករ កម្មការិនី សិស្សានុសិស្ស និង​ជួយ​សាងសង់​សាលារៀន​ក្នុង​ឃុំ​បិត​ត្រាំ​ង ហើយ​នៅ​ថ្ងៃ​ខាង​មុខ តំបន់​សេដ្ឋកិច្ច​ពិសេស នឹង​សាងសង់​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដើម្បី​បង្ហាត់បង្រៀន​ជំនាញ​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​ឲ្យ​កាន់តែ​ច្រើន​ដើម្បី​ប្រកួតប្រជែង​សមាហរណកម្ម​ក្នុង​តំបន់​អាស៊ាន ។ ជាមួយ​គ្នា​នេះ តំបន់​សេដ្ឋកិច្ច​ពិសេស​នឹង​សាងសង់​មន្ទីរពេទ្យ​មាន​ស្តង់ដា​ដើម្បី​បម្រើសេវា​សុខភាព​ជូន​ប្រជា​ពល​រដ្ឋ ក៏​ដូច​ជា​កម្មករ កម្មការិនី ដោយ​បន្ត​អនុវត្ត​សម្រាប់​ប្រយោជន៍​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ទាំងមូល​ឱ្យ​មាន​ជីវភាព​កាន់តែ​ប្រសើរ​ឡើង ៕