ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រីជំនាញ ៖ ការហូបសាច់សត្វព្រៃអាចប៉ះពាល់ដល់សុខភាព និងជម្រុញឱ្យមានការប្រមាញ់

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ មន្ត្រី​ជំនាញ​បាន​ព្រមាន​ថា ការ​ហូប​សាច់សត្វ​ព្រៃ អាច​ប៉ះពាល់​ដល់​សុខភាព​ផង និង​ជម្រុញ​ឱ្យ​មានការ​ប្រមាញ់​សត្វព្រៃ​ផង​ដែរ ដូច្នេះ​ហើយ​ការ​កាត់​បន្ថយ តម្រូវការ​ទិញ​និង​ហូប​សាច់សត្វ​ព្រៃ ដើម្បី​ចូលរួម​ការពារ​ព្រៃឈើ​និង​សត្វព្រៃ​នៅ​កម្ពុជា​។​ បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ចេញ​ដោយ​អង្គការ​ធ្វើ​ការងារ​ខាង​ផ្នែក​សត្វព្រៃ​និង​ព្រៃឈើ​ចំនួន​៧ និង​ក្រសួងបរិស្ថាន…

រាជធានី​ភ្នំពេញ​៖ មន្ត្រី​ជំនាញ​បាន​ព្រមាន​ថា ការ​ហូប​សាច់សត្វ​ព្រៃ អាច​ប៉ះពាល់​ដល់​សុខភាព​ផង និង​ជម្រុញ​ឱ្យ​មានការ​ប្រមាញ់​សត្វព្រៃ​ផង​ដែរ ដូច្នេះ​ហើយ​ការ​កាត់​បន្ថយ តម្រូវការ​ទិញ​និង​ហូប​សាច់សត្វ​ព្រៃ ដើម្បី​ចូលរួម​ការពារ​ព្រៃឈើ​និង​សត្វព្រៃ​នៅ​កម្ពុជា​។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ចេញ​ដោយ​អង្គការ​ធ្វើ​ការងារ​ខាង​ផ្នែក​សត្វព្រៃ​និង​ព្រៃឈើ​ចំនួន​៧ និង​ក្រសួងបរិស្ថាន ចេញ​ថ្ងៃ​ទី​២២ ខែមិថុនា​នេះ​បាន​ប្រកាស​ឱ្យ​ដឹង​អំពី​ការ​ចាប់ផ្តើម​នូវ​យុទ្ធនាការ​យុទ្ធនា​ថ្មី​មួយ​នៃ​ការ​ផ្លាស់​ប្តូរ​ឥរិយាបថ​សង្គម ដើម្បី​កាត់​បន្ថយ​ការ​ទិញ​និង​ការ​ហូប​សាច់សត្វ​ព្រៃ​។

ប្រភព​ដដែល​បាន​បន្ត​ថា​យុទ្ធនាការ​ការពារ​សត្វព្រៃ​យើង​៖ ការ​កាត់​បន្ថយ ការ​ដាក់​អន្ទាក់ ការ​ទិញ​/​លក់ និង ការ​ហូប​សាច់សត្វ​ព្រៃ ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​អន្ទាក់​-​សូន្យ នៅ​ក្នុង​តំបន់ការពារធម្មជាតិ​កម្ពុជា ដែល​ផ្តោត លើ​ការ កាត់​បន្ថយ​ការ​ទិញ និង​ការ​ហូប​សាច់សត្វ​ព្រៃ ដោយសារ ការ​ហូប​សាច់សត្វ​ព្រៃ អាច​ប៉ះពាល់​ដល់ សុខភាព និង​ជម្រុញ​ឱ្យ​មានការ​ប្រមាញ់​សត្វព្រៃ​។ យុទ្ធនាការ​ទី​ពីរ ក្នុង​ចំណោម​យុទ្ធនាការ​ចំនួន​បី ដែល​ផ្តល់ ខ្លឹមសារ និង​សារ​គន្លឹះ តាម​រយៈ​ប្រព័ន្ធ ពហុ​ផ្សព្វផ្សាយ ដើម្បី​គាំទ្រ​យុវជន ឲ្យ​ក្លាយជា «​ជើងឯក​បៃតង​» គំរូ ក្នុង​ការ​ផ្លាស់​ប្តូរ​ឥរិយាបថ និង​ការ​អនុវត្ត ប្រកបដោយ​ជោគជ័យ​របស់​ពួក​គេ ជុំវិញ​កិច្ច​ការពារ​ធនធានធម្មជាតិ របស់​កម្ពុជា​។

​លោក រី​ឆាត ឈិ​ន ប្រធាន​ការិយាល័យ​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព ទីភ្នាក់ងារ​ជំនួយ​អា​មេ​រិ​ក USAID បាន​មាន​ប្រសាសន៍​ថា «​សត្វព្រៃ គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​មរតក​ជាតិ​របស់​ប្រទេស​កម្ពុជា និង ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ធានា​សេវាកម្ម​ប្រព័ន្ធ​អេកូឡូស៊ី ដែល​ផ្តល់​អត្ថប្រយោជន៍​ដល់​ប្រជាជន និង សេដ្ឋកិច្ច​។ យើង​សង្ឃឹមថា ការ​បង្កើន​ការ​យល់​ដឹង​អំពី​សារៈសំខាន់​នៃ​ជីវៈចម្រុះ នឹង​លើកទឹកចិត្ត​ដល់ ប្រជាពលរដ្ឋ​កម្ពុជា​បន្ថែម​ទៀត ក្នុង​ការពារ​សត្វព្រៃ​»​។

គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ចូលរួម​សហការ ពង្រឹង​ការ​យល់​ដឹង​ជា​សាធារណៈ ក្នុង​គោលដៅ ផ្លាស់​ប្តូរ ឥ​វិ​យា​ប​ថ ដើម្បី​ការពារ​ព្រៃឈើ​និង​សត្វព្រៃ តាម​រយៈ​ការ​ផ្សព្វផ្សាយ​សារ​គ​ន្លឺះ​សំខាន់​ៗ ស្តី​ពី ការ​កាត់​បន្ថយ តម្រូវការ​ទិញ​និង​ហូប​សាច់សត្វ​ព្រៃ ដើម្បី​ចូលរួម​ការពារ​ព្រៃឈើ​និង​សត្វព្រៃ និង ធានា​ចីរភាព​នៃ​ជីវភាព រស់នៅ​របស់​សហគមន៍​។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន បាន​បាន​ប្រសាសន៍​ថា «​ប្រជាជន​កម្ពុជា​គ្រប់​ៗ​រូប ទាំង​ក្មេង​និង​ចាស់ មាន​ភារកិច្ច​រួម​មួយ ក្នុង​ការ​អភិរក្ស​និង​ការពារ​ធនធានធម្មជាតិ​ដ៏​មាន​តម្លៃ​របស់​យើង​។ ក្រសួង​បរិ​សា្ថ​ន អំពាវនាវ ឲ្យ​ប្រជាជន​ទាំងអស់ ឈប់​ហូប​សាច់សត្វ​ព្រៃ និង​ផលិតផល​សត្វព្រៃ​ផ្សេង​ទៀត​។ យើង ទទូច ឲ្យ​ប្រជាជន​កម្ពុជា​ទូ​ទាំង​ប្រទេស និយាយ​ថា «​ទេ ចំពោះ​សាច់សត្វ​ព្រៃ​» និង​ចូលរួម​ក្នុង​កិច្ច ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​ប្រឆាំង​នឹង​ជំនួញ​សត្វព្រៃ​ខុសច្បាប់ ក៏​ដូច​ជា​ចូលរួម​ក្នុង​ការ​អភិរក្ស ធនធានធម្មជាតិ របស់​ព្រះរាជាណាចក្រ​យើង​»​។

​យុទ្ធនាការ​នេះ ក៏​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​អន្ទាក់​-​សូន្យ ដែល​ដឹកនាំ​ដោយ ក្រសួងបរិស្ថាន សហការ​ជាមួយ អង្គការ​មូលនិធិ​សាកល​សម្រាប់​ធម្មជាតិ (WWF កម្ពុជា​) ទីភ្នាក់ងារ​ជំនួយ​អា​មេ​រិ​ក USAID អង្គការ​សមាគម អភិរក្ស​សត្វព្រៃ (WCS) អង្គការ អភិរក្ស​អន្តរជាតិ (CI) អង្គការ​សត្វព្រៃ​និង​រុក្ខជាតិ​អន្តរជាតិ (FFI) អង្គការ ជីវិត​ធម្មជាតិ​នៅ​កម្ពុជា (NatureLife/BirdLife) និង​អង្គការ​សម្ព័ន្ធ​សត្វព្រៃ​និង​ធម្មជាតិ (Wild Earth Allies) និង​សហគមន៍ មូលដ្ឋាន​។ យុទ្ធនាការ​អន្ទាក់​-​សូន្យ បាន​ចាប់ផ្តើម​ពី​ខែមីនា ឆ្នាំ​២០២២ មាន​គោលបំណង លុប​បំបាត់​ការ​ប្រើ​អន្ទាក់​គ្រប់​ប្រភេទ ការ​ជួញដូរ និង​បញ្ចប់​តម្រូវការ​សត្វព្រៃ​និង​ផលិតផល​ធ្វើ​ពី​សត្វព្រៃ ផ្សេង​ទៀត នៅ​កម្ពុជា​។ យុទ្ធនាការ​អន្ទាក់​-​សូន្យ នេះ នឹង​បញ្ចប់ នៅ​ខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០២២ ដោយ​ផ្តោត​លើ ខេត្ត​ចំនួន ប្រាំមួយ គឺ​ខេត្តស្ទឹងត្រែង ព្រះ​វិហារ ក្រចេះ មណ្ឌល​គី​រី កំពង់ធំ និង រតនគីរី​។

​សូម​បញ្ជាក់​ថា ធនធាន​សត្វព្រៃ​របស់​ប្រទេស​កម្ពុជា​កំពុង​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​ដោយសារ​វិបត្តិ​នៃ​ការ​បរបាញ់ និង​ការ​ដាក់ អន្ទាក់​ដែល​បាន និង​កំពុង​កើតឡើង​បណ្តាល​មក​ពី​ការ​ប្រើប្រាស់ និង​ការ​ជួញដូរ​សត្វព្រៃ​ដោយ​ខុសច្បាប់​។ ដើម្បី​ដោះស្រាយ​វិបត្តិ​នេះ ស្ថាប័ន​នៃ​រាជរដ្ឋាភិបាល​ពាក់ព័ន្ធ និង​ដៃគូ​អភិវឌ្ឍន៍ ក្រោម​ការ​ដឹកនាំ​របស់ ក្រសួងបរិស្ថាន បាន​សហការ​ជាមួយ អង្គការ​មូលនិធិ​សាកល​សម្រាប់​ធម្មជាតិ (WWF កម្ពុជា​) ទីភ្នាក់ងារ​ជំនួយ​អា​មេ​រិ​ក USAID អង្គការ​សមាគម​អភិរក្ស សត្វព្រៃ (WCS) អង្គការ​អភិរក្ស​អន្តរជាតិ (CI) អង្គការ​ជីវិត​ធម្មជាតិ​នៅ​កម្ពុជា (NatureLife/BirdLife) អង្គការ​សត្វព្រៃ​និង​រុក្ខជាតិ​អន្តរជាតិ (FFI) និង​អង្គការ​សម្ព័ន្ធ​សត្វព្រៃ​និង​ធម្មជាតិ (Wild Earth Allies) បាន​បើក យុទ្ធនាការ​អន្ទាក់​-​សូន្យ នៅ​ក្នុង​តំបន់ការពារធម្មជាតិ កម្ពុជា និង​បាន​ប្តេជ្ញា​ចិត្ត​រួម​គ្នា លុប​បំបាត់​ការ​ប្រើ​អន្ទាក់​គ្រប់​ប្រភេទ ការ​ជួញដូរ និង​បញ្ចប់​តម្រូវការ​សត្វព្រៃ និង ផលិតផល​សត្វព្រៃ​ផ្សេង​ទៀត នៅ​កម្ពុជា​ ។ យុទ្ធនាការ​នេះ មាន​រយៈ​ពេល​៩​ខែ ចាប់ផ្តើម​ពី​ខែមីនា ឆ្នាំ​២០២២ ផ្តោត​លើ​ខេត្ត​ចំនួន​ប្រាំមួយ គឺ ខេត្តស្ទឹងត្រែង ព្រះ​វិហារ ក្រចេះ មណ្ឌល​គី​រី កំពង់ធំ និង​រតនគីរី​។

ក្រសួងបរិស្ថាន និង​ស្ថាប័ន​-​អង្គការ​ដៃគូ ក៏​បាន​សហការ​គ្នា ផ្តល់​ជម្រើស​ជីវភាព​រស់នៅ​របស់​សហគមន៍ មាន​ដូច​ជា​គំនិត​ផ្តួចផ្តើម​ផ្នែក​កសិកម្ម រុក្ខា​ប្រមាញ់ និង​អេកូ​ទេសចរណ៍ ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជាប់​តំបន់ ការពារ​ធម្មជាតិ ដែល​ពឹងផ្អែក​លើ​ការ​ប្រមូល​ផល​អនុ​ផល​ព្រៃឈើ​និង​ការ​បរបាញ់​តាម​បែប​ប្រពៃណី ដើម្បី​បាន សាច់​មក​ហូប និង​សម្រាប់​លក់​។

កិច្ច​ខិតខំ​ប្រឹងប្រែង​នេះ ក៏​នឹង​ស្វែងរក​ការ​ផ្លាស់​ប្តូរ​ចំណង់​ចំណូលចិត្ត និង ឥរិយាបថ​របស់​ប្រជាពលរដ្ឋ ក្នុង​ការ​ទិញ​និង​ការ​ហូប​សាច់សត្វ​ព្រៃ ដើម្បី​ការពារ សុខភាព​សាធារណៈ ពី​ហានិភ័យ​ជំងឺ​រាតត្បាត នា​ពេល​អនាគត​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ