ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​នឹង​សម្រេចចិត្ត​ទិញ​ផ្ទះ​នៅ​ក្នុង​បុរី តើ​ត្រូវ​សិក្សា​ពី​ចំណុច​អ្វីខ្លះ ?

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ពេល​ចាប់ផ្ដើម​មាន​ផែនការ​ទិញ​ផ្ទះ មាន​មនុស្ស​មិន​តិច​ទេ​ដែល​ពិបាក ឬ​ស្មុគស្មាញ​ក្នុង​ការ​សម្រេចចិត្ត​ភ្លាម​ៗ​ថា​តើ​គួរ​ទិញ​លំនៅ​ឋាន​ក្នុង​បុរី ឬ​ក្រុមហ៊ុន​ណា​ដើម្បី​ឲ្យ​មាន​សុវត្ថិភាព ព្រោះថា

រាជធានី​ភ្នំពេញ ៖ នៅ​ពេល​ចាប់ផ្ដើម​មាន​ផែនការ​ទិញ​ផ្ទះ មាន​មនុស្ស​មិន​តិច​ទេ​ដែល​ពិបាក ឬ​ស្មុគស្មាញ​ក្នុង​ការ​សម្រេចចិត្ត​ភ្លាម​ៗ​ថា​តើ​គួរ​ទិញ​លំនៅ​ឋាន​ក្នុង​បុរី ឬ​ក្រុមហ៊ុន​ណា​ដើម្បី​ឲ្យ​មាន​សុវត្ថិភាព ព្រោះថា​សព្វថ្ងៃ​នេះ​ក្រុមហ៊ុន​ផ្គត់ផ្គង់​ផ្ទះល្វែង ឬ​វីឡា​នៅ​តាម​បុរី​មាន​ច្រើន ដែល​បុរី​ខ្លះ​មិន​បង្ក​បញ្ហា​ដល់​អតិថិជន ប៉ុន្តែ​ក៏​មាន​បុរី​ខ្លះ​ទៀត​មិន​បាន​គោរព​តាម​កិច្ចសន្យា​នៃ​ការ​ទិញ​លក់​រវាង​អ្នកទិញ និង​ម្ចាស់​បុរី​ដែរ​។ ជាក់ស្ដែង ប៉ុន្មាន​ថ្ងៃមុន​នេះ តារាចម្រៀង​ទិ​ត្យ​វិច្ឆិកា បាន​បង្ហោះ​សារ​វី​ឌី​អូ​ពី​បញ្ហា​ដែល​ខ្លួន​ជួប​ប្រទះ គឺ​បង់លុយ​ជូន​ក្រុមហ៊ុន​សាងសង់​ផ្ទះល្វែង​រួច​ហើយ តែ​ក្រុមហ៊ុន​មិន​បាន​គោរព​តាម​កិច្ចសន្យា ដោយ​មិន​សង់ផ្ទះ​ឲ្យ​តាម​កាលកំណត់​នោះ​ទេ ។ ចំណុច​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​អ្នកទិញ​ផ្ទះ​អន់ចិត្ត ព្រោះ​ធម្មតា​អ្នកទិញ​ផ្ទះ គឺ​ចង់បាន​ផ្ទះ​នៅ​ឆាប់​ៗ ហើយ​បើ​អូស​បន្លាយពេល​កាន់តែ​យូរ​នោះ នឹង​ធ្វើ​ឲ្យ​មានការ​អាក់អន់ចិត្ត​ជាមួយ​គ្នា​ជា​មិន​ខាន ។

ដូចនេះ មុន​នឹង​សម្រេចចិត្ត​ទិញ​ផ្ទះ​នៅ​ក្នុង​បុរី ឬ​ក្រៅ​បុរី ដែល​សំដៅលើ​ប្រភេទ​ផ្ទះ​បង់​រំលស់ ឬ​បង់​ជា​ដំណាក់កាល មិនមែន​បង់​ផ្ដាច់ តើ​ត្រូវ​សិក្សា​ពី​ចំណុច​អ្វីខ្លះ​ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា​នៅ​ពេល​ក្រោយ​ធ្វើ​កិច្ចសន្យា​ទិញ ?

មាន​អ្នកជំនាញ​ខាង​វិស័យ​អចលនទ្រព្យ​ជា​ច្រើន​បាន​លើក​ឡើង​ស្រ​ដៀង​គ្នា និង​ផ្ដល់​យោបល់​មួយ​ចំនួន​ដល់​អ្នកមាន​បំណង​ចង់​ទិញ​ផ្ទះ ដូច​ជា ៖

១-​ត្រូវ​គិត​ជា​មុន​ថា តើ​អ្នក​ណា​ជា​អ្នក​អភិវឌ្ឍន៍​គម្រោង​លំនៅ​ឋាន​នោះ ដែល​សំដៅលើ​បុរី តើ​ម្ចាស់​បុរី​ជា​អ្នក​ណា មកពីណា និង​មាន​ប្រវត្តិ​យ៉ាងម៉េច ។ ដូចដែល​បានដឹង​ហើយ​ថា បុរី​មាន​ច្រើន ហើយ​បុរី​ទាំង​អស់នោះ ក៏​មិន​ប្រាកដ​ថា​ម្ចាស់​បុរី​ទាំងអស់​សុទ្ធ​ជា​អ្នកមាន​ទ្រព្យ​ផ្ទាល់ខ្លួន​មក​វិនិយោគ​នោះ​ទេ ជួនកាល ម្ចាស់​បុរី​អាច​យក​ឥណទាន​ពី​ធនាគារ​ដើម្បី​មក​អភិវឌ្ឍន៍​។

២-​ត្រូវ​មើល​ទីតាំង​របស់​បុរី​ដែល​ចង់​ទិញ​ផង​ថា តើ​បុរី​នោះ​មាន​ប្រវត្តិ​លិច​ទឹក​ដែរ​ទេ ស្ថិត​នៅ​តំបន់​មាន​សន្តិសុខ​ដែរ​ទេ អាច​ប្រកប​អាជីវកម្ម ឬ​ក៏​នៅ​ជិត​តំបន់​អាច​ប្រកប​អាជីវកម្ម​ដែរ​ឬទេ ដូច​ជា នៅ​ជិត​ផ្សារ សាលារៀន រោងចក្រ​សហគ្រាស និង​មន្ទីរពេទ្យ​ជាដើម ។

៣-​បើ​តាម​អ្នក​ដែល​ធ្លាប់​ទិញ​ផ្ទះ​ក្នុង​បុរី​កន្លង​មក ក៏​បាន​ឲ្យ​យោបល់​ដែរ​ថា បើ​ចង់​ទិញ​ផ្ទះ​ក្នុង​បុរី ត្រូវ​សម្លឹង​មើល​ពី​គុណភាព​សំណង់ផ្ទះ​ផង​ដែរ ព្រោះ​កន្លង​មក​អ្នកទិញ​ផ្ទះ​ក្នុង​បុរី​ទិញ ទើបតែ​បាន​ប៉ុន្មាន​ឆ្នាំ​សោះ បែរជា​ប្រេះ​បែក​ជញ្ជាំង​បាត់​ទៅ​ហើយ ។

ចំណុច​មួយទៀត អ្នកទិញ​ផ្ទះ​ក៏​គួរតែ​ប្រមើល​មើល​ពី​អនាគត​នៃ​តំបន់​ដែល​ខ្លួន​រស់នៅ​ដែរ ជាក់ស្ដែង នៅ​ជុំវិញ​រាជធានី​ភ្នំពេញ ក៏​ត្រូវ​ដឹង​ថា​តើ​ថ្ងៃ​អនាគត ប៉ែក​ខាង​ណា​ដែល​មាន​សក្ដានុពល​ទាំង​ការ​រស់នៅ និង​ការ​ធ្វើ​អាជីវកម្ម ព្រោះ​បើ​ថ្ងៃ​ណា​ចង់​ដូរ​ទីតាំង​នោះ ដោយ​ត្រូវការ​លក់​ផ្ទះ​វិញ ក៏​ទទួល​បាន​ចំណេញ​ច្រើន ។ ប៉ុន្តែ​បើសិនជា​ទៅ​រស់នៅ​តំបន់​ដែល​គ្មាន​ការ​អភិវឌ្ឍ ឬ​មិនមែន​ជា​គោលដៅ​អភិវឌ្ឍន៍​របស់​រាជរដ្ឋាភិបាល នៅ​ពេល​ចង់​លក់​ផ្ទះ​វិញ ក៏​មិន​ចំណេញ​ប៉ុន្មាន​ដែរ ឬ​អាច​ខាត​ផង​ក៏​មិនដឹង ។

ដោយឡែក​បច្ចុប្បន្ន​នេះ ទន្ទឹម​នឹង​មានការ​ផ្ដល់​ជូន​លក្ខខណ្ឌ​ងាយ​ៗ​របស់​ក្រុមហ៊ុន​ផ្គត់ផ្គង់​លំនៅ​ឋាន ឬ​បុរី​ជា​ច្រើន​ក៏​ដោយ ប៉ុន្តែ​អ្នកទិញ​ក៏​គួរ​សម្លឹង​មើល​ឲ្យ​បាន​ច្បាស់​ផង​ដែរ​ទៅ​ថ្ងៃ​អនាគត ជាក់ស្ដែង ម្ចាស់​បុរី​ផ្ដល់​ជូន​អតិថិជន​របស់​ខ្លួន ដោយ​មិន​ចាំបាច់​ដាក់​ប្រាក់​កក់​ដំបូង​ឡើយ ដោយ​គ្រាន់តែ​ចុះ​កិច្ចសន្យា​ទិញ​លក់ ហើយ​បង់​ប្រចាំខែ​រយៈពេល​យូរ​រហូត​ដល់​១៧​ឆ្នាំ​ឯណោះ ។ ត្រង់​ចំណុច​នេះ អ្នកទិញ​ផ្ទះ​ក៏​គួរ​គិត​ផង​ដែរ​ថា តើ​មាន​ចំណូល​ប៉ុន្មាន​ក្នុង​មួយ​ខែ ។

បើ​តាម​អ្នកជំនាញ​ខាង​ហិរញ្ញវត្ថុ​លើក​ឡើង​ថា ទិញ​របស់​អ្វីមួយ​បង់​រំលស់ ត្រូវ​លៃ​យ៉ាងណា​បង់​ត្រឹមតែ​៣០%​នៃ​ប្រាក់​ចំណូល​ឬ​ប្រាក់ខែ ឧទាហរណ៍ បើ​ប្រាក់​ចំណូល​១.០០០​ដុល្លារ គឺ​អាច​ទិញរ​បស់បង់​រំលស់​ត្រឹម​៣០០​ដុល្លារ​អា​មេ​រិ​កបាន​ហើយ ប៉ុន្តែ​បើ​លើសលប់​ពេក នៅ​ពេល​មាន​បញ្ហា​កើតឡើង វា​នឹង​មាន​វិបត្តិ​ហិរញ្ញវត្ថុ​នៅ​ក្នុង​គ្រួសារ និង​អាច​ឈាន​ដល់​វិបត្តិ​សេដ្ឋកិច្ច​ប្រទេស​ផង​ដែរ ក្នុង​ករណី​ពលរដ្ឋ​ម្នាក់​ៗ​ចេះ​តែ​នាំ​គ្នា​ទិញរ​បស់បង់​រំលស់​លើស​ពី​ប្រាក់​ចំណូល​ច្រើន​ពេក ៕