ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​ម្នាក់​ស្រែកយំ​ខ្លាំង​ៗ និង​ស្រែក​ឲ្យ​អ្នក​ជិតខាង​ជួយ

7 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ នារី​​វ័យ​ក្មេង​ស្រស់​ស្អាត​ម្នាក់​បាន​ស្រែកយំ​ខ្លាំង​ៗ និង​ស្រែក​ឲ្យ​អ្នក​ជិតខាង​ជួយ នៅ​ពេល​ដែល​អ្នក​ជិតខាង​ទៅ​ដល់​ ស្រាប់តែ​ឃើញ​នាងរង​របួស​ភ្លាត់​ក្បាលជង្គង់​ …

ខេត្ត​ប៉ៃលិន ៖ នារី​​វ័យ​ក្មេង​ស្រស់​ស្អាត​ម្នាក់​បាន​ស្រែកយំ​ខ្លាំង​ៗ និង​ស្រែក​ឲ្យ​អ្នក​ជិតខាង​ជួយ នៅ​ពេល​ដែល​អ្នក​ជិតខាង​ទៅ​ដល់​ ស្រាប់តែ​ឃើញ​នាងរង​របួស​ភ្លាត់​ក្បាលជង្គង់​ខាងស្តាំ​បាត់​ទៅ​ហើយ ពេល​សួរ​នាង​ហេតុ​អ្វី​នាង​ថា​ត្រូវ​ប្តី​វ៉ៃ ។ អំពើ​ហិង្សា​ក្នុង​គ្រួសារ​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៧ និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅផ្ទះ​របស់​នារី​រង​គ្រោះ ស្ថិត​នៅ​ភូមិ​អូរ​បេង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា នារី​រង​គ្រោះ​ឈ្មោះ ទូច គឹ​ម​អ៊ា អាយុ​២៩​ឆ្នាំ បាន​រង​របួស​ភ្លាត់​ក្បាលជង្គង់ ចំណែក​ប្តី​ឈ្មោះ បង វែង អាយុ​៤៣​ឆ្នាំ មានកូន​ស្រី​២​នាក់​នៅ​ក្នុង​បន្ទុក ។ ទាំង​២​នាក់​ជា​បុគ្គលិក​កាស៊ីណូ​នៅ​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ទៀត​ថា មុន​ពេល​កើតហេតុ ប្តី​-​ប្រពន្ធ​នេះ​បាន​ឈ្លោះ​ទាស់ទែង​ពាក្យ​សម្តី​គ្នា​ទៅ​វិញ​ទៅ​មក ដោយសារ​តែ​ប្រចណ្ឌ​ដាក់​គ្នា លុះដល់​យប់​ស្រាប់តែ​ឮ​សម្លេង​ស្រែកយំ​ឱ្យ​អ្នក​ជិតខាង​ទៅ​ជួយ ខណៈ​ពេល​ទៅ​ដល់​គេ​ឃើញ​នារី​ជា​ប្រពន្ធ​បាន​ភ្លាត់​ក្បាលជង្គង់​បាត់​ទៅ​ហើយ ដោយ​នាង​ប្រាប់​ថា ត្រូវ​ប្តី​វាយ​ទើប​រង​របួស​បែប​នេះ ។

ប្រភព​បន្ត​ទៀត​ថា ក្រោយ​ពេល​កើតហេតុ​រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា នារី​រង​គ្រោះ​អត់​បាន​ទៅ​ប្តឹង​សមត្ថកិច្ច​នោះ​ទេ ព្រោះ​ខ្លាច​គេ​ចាប់​ប្តី​ទៅ​ធ្វើបាប អត់​មាន​អ្នក​ណា​មើលថែ​រក្សា​កូន​ទាំង​២​នាក់ ។

លោក ជុំ វឿ​ន នាយ​ប៉ុស្តិ៍​នគរបាល​ឃុំ​ស្ទឹង​កាច់ បានឱ្យ​ដឹង​ថា លោក​ទើបតែ​ទទួល​បាន​ដំណឹង​មក​ពី​សាលាខេត្ត​ប៉ៃលិន​ប្រាប់​ឱ្យ​ចុះ​ទៅ​មើល​នារី​រង​គ្រោះ​ខាងលើ​ដោយសារ​ប្តី​ប្រើ​អំពើ​ហិង្សា ពេល​ចុះ​ទៅ​ដល់​នារី​រង​គ្រោះ​អត់​មាន​និយាយ​រឿង​អ្វី​នោះ​ទេ ហើយ​សុំ​ឱ្យ​លោក​ជួយ​សម្របសម្រួល និង​ណែនាំ​ប្តី​កុំឱ្យ​វាយ​នាងដៃ​ធ្ងន់​ៗ​ពេក​ក្រែង​ស្លាប់​ចោល​កូន​ទាំង​២​នាក់​ទៅ ។

លោក​បញ្ជាក់​ទៀត​ថា ប្តី​ប្រពន្ធ​នេះ​ធ្លាប់​ឈ្លោះប្រកែក​គ្នា​ជា​ច្រើន​លើក​ច្រើន​សារ​មក​ហើយ ដោយសារ​តែ​ប្តី​ប្រចណ្ឌ​ប្រពន្ធ ហើយ​ជួនកាល​ទៀត​ប្រពន្ធ​ប្រចណ្ឌ​ប្តី ហើយ​ក៏​វាយ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​បាន​ចូល​ធ្វើ​កិច្ចសន្យា​នៅ​ក្នុង​ប៉ុស្តិ៍​របស់​លោក​២-៣​លើក​មក​ហើយ តែ​នៅ​មិន​រាងចាល រហូត​មក​ដល់​ពេល​នេះ​បាន​វាយ​ប្រពន្ធ​រហូត​ដល់​រង​របួសធ្ងន់​ថែម​ទៀង ។

ទោះបីជា​យ៉ាងណា ខាង​លោក​នឹង​សហការ​ជាមួយ​មេ​ភូមិ​ដើម្បី​ហៅ​ប្តី​មក​ជួប​ធ្វើ​កិច្ចសន្យា បើ​នៅ​តែ​ប្រចណ្ឌ​វាយ​ធ្វើបាប​ប្រពន្ធ​ឱ្យ​រង​របួស​ធ្ងន់ធ្ងរ​បែប​នេះ​ទៀត លោក​នឹង​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ជាក់​ជា​មិន​ខាន ៕