ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពង្រឹង​អធិបតេយ្យ កម្ពុជា​ទុក​ឱសានវាទ​ត្រឹម​ថ្ងៃ​30 ធ្នូ ដល់​ឧត្តមស្នងការ​សិទ្ធិ​មនុស្ស

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក​ប្រាក់ សុ​ខុន ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ផ្ញើ​លិខិតផ្លូវការ​មួយ​ច្បាប់​ជូន​ចំពោះ

រាជធានី​ភ្នំពេញ ៖ លោក​ប្រាក់ សុ​ខុន ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ផ្ញើ​លិខិតផ្លូវការ​មួយ​ច្បាប់​ជូន​ចំពោះ​លោក Zeid Ra’ad Al Hussein ឧត្តមស្នងការ​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​កាលពី​ថ្ងៃ​ទី​២២ វិច្ឆិកា កន្លង​មកនេះ​ដោយ​បាន​សម្តែង​នូវ​ការ ខកចិត្ត​ចំពោះ​ការិយាល័យ​ឧត្តមស្នងការ​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា ។ ការ​ខកចិត្ត​ត្រូវ​បាន​កត់​សម្គាល់ថា​បាន​រំលោភ​ម្តង​ហើយ​ម្តងទៀត​លើ​តួនាទី​របស់​ខ្លួន​ដែល​បាន
កំណត់​នៅ​ក្នុង​អនុស្សា​រណៈ​នៃ​ការ​យោគយល់​គ្នា ។

សារលិខិត​ដដែល​នេះ​ក៏​បាន​ដាក់​ឱសានវាទ​ត្រឹម​ថ្ងៃ​៣០ ធ្នូ ដល់​ការិយាល័យ​ឧត្តមស្នងការ​សិទ្ធិ​មនុស្ស​បញ្ជាក់​ពី​ការ​ទទួលយក​អនុស្សា​រណៈ​នៃ​ការ​យោគយល់​គ្នា​ថ្មី​មួយ ដោយ​ផ្អែក​លើ​គោលការណ៍​គោរព​អធិបតេយ្យ និង​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា ។

សារលិខិត​បាន​សរសេរ​ថា ​៖ យោង​លិខិត​មុន​ៗ​របស់ខ្ញុំ ខ្ញុំ​សូម​សរសេរ​លិខិត​មួយ​ច្បាប់​នេះ​ផ្ញើ​ជូន​លោក​ដើម្បី​បញ្ជាក់​សារ​ជា​ថ្មី​ម្តងទៀត​ពី​ជំហរ​របស់​កម្ពុជា​ពាក់ព័ន្ធ​នឹង​អនុស្សា​រណៈ​នៃ​ការ​យោគយល់​គ្នា (MoU) រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​ការិយាល័យ​ឧត្តមស្នងការ​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស (OHCHR) ដូច​តទៅ​៖
ជាមួយនឹង​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​ម៉ឺងម៉ាត់ ដើម្បី​ប្រកាន់ខ្ជាប់​នូវ​ការ​គោរព​ប្រជាធិបតេយ្យ​និង សិទ្ធិ​មនុស្ស​ដូច​មាន​ចែង​នៅ​ក្នុង​រដ្ឋ​ធម្ម នុ​ញ្ញ​នៃ ព្រះរាជាណាចក្រ​កម្ពុជា រាជរដ្ឋាភិបាល​កម្ពុជា​បាន​និង​កំពុង​ប្រកាន់​យក​យន្តការ​ជា​ច្រើន​សំដៅ​លើកកម្ពស់​និង​ការពារ​សេរីភាព​ជា​មូលដ្ឋាន​នៅ​ក្នុង ដែល​ក្នុង​នោះ​រួម​មាន កា​​រ​បន្ត​ឱ្យ​មាន​វត្តមាន​អ្នក​សរសេរ​របាយការណ៍​ពិសេស ការ​ត្រួតពិនិត្យ​ឡើង​វិញ​ជា​សកល​តាម​កាលកំណត់​របស់​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស ការ​អនុញ្ញាត​ឱ្យ​អង្គការក្រៅរដ្ឋាភិបាល​អន្តរជាតិ​រាប់រយ​និង​បណ្តាញ​ផ្សព្វផ្សាយ​សង្គម ។​ល​។ ដែល​តួអង្គ​ទាំង​អស់នេះ​អាច​ដើរតួ​នាទី​តាមដាន​ផង និង​ផ្តល់​ការ​ប្រឹក្សា​ផង​ទាក់ទិន នឹង​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ។

ម្យ៉ាងវិញទៀត ចាប់តាំងពី​ឆ្នាំ​១៩៩៣ រាជរដ្ឋាភិបាល​កម្ពុជា ក៏​បាន​ឯកភាព​ឱ្យ​មាន​វត្តមាន​ការិយាល័យ​ឧត្តមស្នងការ​អង្គការសហប្រជាជាតិ​ទទួល​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ផង​ដែរ តាម​រយៈ​កិច្ចព្រមព្រៀងទ្វេភាគី​មួយ ហៅ​ថា អនុស្សា​រណៈ​នៃ​ការ​យោគយល់​គ្នា រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​ការិយាល័យ​ឧត្តមស្នងការ​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស សម្រាប់​អនុវត្ត​កម្មវិធី​កិច្ច​សហប្រតិបត្តិការ​បច្ចេកទេស​ស្តី​ពី​សិទ្ធិ​មនុស្ស ហើយ​អនុស្សា​រណៈ​នេះ​បាន​បន្ត​សារ​ជា​ថ្មី​ជា​ច្រើន​លើក​រួច​មក​ហើយ ។

ជា​ការ​គួរ​ឱ្យ​សោកស្តាយ រាជរដ្ឋាភិបាល​កម្ពុជា បាន​ធ្វើការ​កត់សម្គាល់​ប្រកបដោយ​កា​រខក​ចិត្តជា​ខ្លាំង ដោយ​ការិយាល័យ​ឧត្តមស្នងការ​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​បាន​និង​កំពុង​រំលោភ​ម្តង​ហើយ​ម្តងទៀត​លើ​តួនាទី​របស់​ខ្លួន​ដែល​បាន​កំណត់​នៅ​ក្នុង​អនុស្សា​រណៈ​នៃ​ការ​យោគយល់​គ្នា​នេះ ។ បើ​ទោះបីជា​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ខិតខំ​ប្រឹងប្រែង​ជំរុញ​កិច្ច​សហប្រតិបត្តិការ​មួយ​នេះ​ឱ្យ​ដំណើរការ​ទៅ​មុខ​ដោយ​រលូន ប្រកបដោយ​ន័យ​ស្ថាបនា និង​ប្រសិទ្ធភាព ដោយ​ឈរ​លើ​មូលដ្ឋាន​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​យ៉ាងណា​ក៏​ដោយ ក៏​ការិយាល័យ​ឧត្តមស្នងការ​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា នៅ​តែ​បង្កើន​សកម្មភាព​របស់​ខ្លួន​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​ដដែល ។ ជាង​នេះ​ទៅ​ទៀត តំណាង​និង​អ្នកនាំពាក្យ​របស់​ការិយាល័យ​នេះ បាន​បញ្ចេញ​ឥរិយាបថ​ព្រហើន និង​មិន​គោរព​អធិបតេយ្យភាព​កម្ពុជា ដែល​ជា​ទ​ង្វើ​មិន​អាច​ទទួលយក​បាន និង​ជា​ការ​បំពាន​ក្រមសីលធម៌​ការទូត ដូច​មាន​ចែង​នៅ​ក្នុង​មាត្រា​៤១ (​កថា​ខ័​ណ្ឌ​១ និង​២) នៃ​អនុសញ្ញា​ទីក្រុង​វី​យែ​ន ស្តី​ពី​ទំនាក់ទំនង​ការទូត​ឆ្នាំ​១៩៦១ ។

លោក​បាន​ជ្រាប​ហើយ​ថា អនុស្សា​រណៈ​នៃ​ការ​យោគយល់​គ្នា​ចុង​ក្រោយ​បំផុត ដែល​អនុញ្ញាត​ឱ្យ​ការិយាល័យ​ឧត្តមស្នងការ​អង្គការសហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​មាន​ប្រតិបត្តិការ​ស្របច្បាប់​នៅ​កម្ពុជា បាន​ផុត​សុពលភាព​ចាប់តាំងពី​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០១៥​មក​ម្ល៉េះ ។ ទោះជា​រាជរដ្ឋាភិបាល​កម្ពុជា មាន​សុច្ឆន្ទៈ​និង​ការ​ប្តេជ្ញា​ចិត្ត​ម៉ឺងម៉ាត់ ក្នុង​ការ​ជំរុញ​សិទ្ធិ​មនុស្ស​និង​នីតិរដ្ឋ​ឱ្យ​រីក​ចម្រើន​ទៅ​មុខ​យ៉ាងណា​ក៏​ដោយ ក៏​ស្ថានភាព​បែប​នេះ​នឹង​មិន​ត្រូវ​អនុញ្ញាត​ឱ្យ​កើត​មាន​បន្ត​ទៅ​មុខ​ទៀត​ដោយ​គ្មាន​កាលកំណត់​ពេល​ឡើយ ។

ក្នុង​ន័យ​នេះ រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេចចិត្ត​រង់ចាំ​រហូត​ដល់​ថ្ងៃ​ទី​៣០ ខែធ្នូ ឆ្នាំ​២០១៦ ឱ្យ​ការិយាល័យ​ឧត្តមស្នងការ​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​បញ្ជាក់​ពី​ការ​ទទួលយក​អនុស្សា​រណៈ​នៃ​ការ​យោគយល់​គ្នា​ថ្មី​មួយ រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​ការិយាល័យ​ឧត្តមស្នងការ​អង្គការសហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស ដោយ​ផ្អែក​លើ​មូលដ្ឋាន​នៃ​គោលការណ៍​គោរព​អធិបតេយ្យភាព និង​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា ដែល​អនុលោម​ទាំងស្រុង​តាម​មាត្រា​២ (​កថាខណ្ឌ​៧) នៃ​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ ។ បើ​មិន​ដូច្នេះ​ទេ រាជរដ្ឋាភិបាល​កម្ពុជា​នឹង​មិន​មាន​ជម្រើស​អ្វី​ផ្សេង​ក្រៅ​តែ​ពី​ប្រើប្រាស់​សិទ្ធិ​អធិបតេយ្យ​របស់​ខ្លួន សម្រេច​លើ​អនាគត​នៃ​វត្តមាន​របស់​ការិយាល័យ​ឧត្តមស្នងការ​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ៕