ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​អាជីវកម្ម​ទម្លាយ​រឿង​មន្ត្រី​ពន្ធដារ​ប្រើ​ល្បិច​ទារ​លុយ​សេវា​​ក្រៅ​ច្បាប់

7 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ ច្រើន​ខែ​កន្លង​មក​ហើយ ដែល​មន្ត្រី​ពន្ធដារ​ខិលខូច​មួយ​ចំនួន​ប្រចាំ​សាខា​ខេត្តបាត់ដំបង បាន​ប្រើ​ល្បិច​ទារ​ថ្លៃ​សេវា​ក្រៅច្បាប់​ចំនួន​១០​ដុល្លារ ជា​ថ្នូរ​នឹង​ការ​សរសេរ​លិ​ខិ​តប្រកាស​ពន្ធ​ ជំនួស​ម្ចាស់​អាហារ​ដ្ឋា​ន ឬ​ម្ចាស់​អាជីវកម្ម ផ្សេង​ៗ ក្រោម​ហេតុ

ខេត្តបាត់ដំបង ៖ ច្រើន​ខែ​កន្លង​មក​ហើយ ដែល​មន្ត្រី​ពន្ធដារ​ខិលខូច​មួយ​ចំនួន​ប្រចាំ​សាខា​ខេត្តបាត់ដំបង បាន​ប្រើ​ល្បិច​ទារ​ថ្លៃ​សេវា​ក្រៅច្បាប់​ចំនួន​១០​ដុល្លារ ជា​ថ្នូរ​នឹង​ការ​សរសេរ​លិ​ខិ​តប្រកាស​ពន្ធ​ ជំនួស​ម្ចាស់​អាហារ​ដ្ឋា​ន ឬ​ម្ចាស់​អាជីវកម្ម ផ្សេង​ៗ ក្រោម​ហេតុ ផល​ថា ម្ចាស់​សាមី​ទាំងនោះ​បំពេញ​មិន​ត្រឹមត្រូវ​តាម​ខ្លឹមសារ​ដែល​មាននៅ​ក្នុង​លិខិត​ប្រកាស​ពន្ធ ។ នេះ​បើ​តាម​ការ​ទម្លាយ​ឲ្យ​ដឹង​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ ​ពី​ម្ចាស់​អាហារ​ដ្ឋា​ន និង​ម្ចាស់​អាជីវកម្ម​នានា​នៅ​ក្នុង​ក្រុង​បាត់ដំបង ។

ម្ចាស់​អាហារ​ដ្ឋា​ន​មួយ​នៅ​ម្ដុំ​ផ្សារ​ថ្មី​បាន​និយាយ​នៅ​ព្រឹក​ថ្ងៃ​ទី​២២​វិច្ឆិកា​ថា កាល​ឆ្នាំ​មុន មន្ត្រី​ពន្ធដារ​បាន​មក​ទារ​លុយ​ថ្លៃ​បង់ពន្ធ​ដល់​ផ្ទះ ហើយ​ចេញ​បង្កាន់ដៃ​បង់ប្រាក់​ឲ្យ តែ​ឆ្នាំ​នេះ​ពន្ធដារ​បាន​ណែនាំ​ឲ្យ​សរសេរ​លិខិត​ប្រកាស​ពន្ធ រួច​កាន់​យក​ទៅ​បង់​ខ្លួនឯង​នៅ​ធនាគារ ឬ​នៅ​សាខា​ពន្ធដារ​ខេត្ត ។ គាត់​បាន​បំពេញ​កាតព្វកិច្ច​នេះ​យ៉ាង​ល្អ​ទៀងទាត់​រាល់​ខែ មិន​ដែល​យឺត​ពេល​មួយ​ថ្ងៃ​ទេ ប៉ុន្តែ​ចុង​ក្រោយ​នេះ ស្រាប់តែ​មន្ត្រី​ពន្ធដារ​ដែល​ទទួល​ការងារ​នេះ បែរជា​ស្ដីបន្ទោស​គាត់​ថា សរសេរ​បំពេញ​លើ​លិខិត​ប្រកាស​ពន្ធ​មិន​ត្រឹមត្រូវ ហើយ​ទារ​ថ្លៃ​សេវា​ពី​គាត់​១០​ដុល្លារ​ដោយ​អះអាង​ថា ចាំ​គេ​បំពេញ​ឲ្យ ។

ម្ចាស់​អាហារ​ដ្ឋា​នរូ​ប​នេះ​បាន​បង្ហាញ​ពី​ការ​ខឹង​យ៉ាង​ខ្លាំង ពេល​គាត់​រៀបរាប់​អំពី​ល្បិច​ទារ​សេវា​ក្រៅច្បាប់​របស់​មន្ត្រី​ពន្ធដារ​នោះ ។ គាត់​បាន​និយាយ​ទៀត​ថា គាត់​បាន​សួរនាំ​ម្ចាស់​ហាង និង​ម្ចាស់​អាជីវកម្ម ផ្សេង​ៗ​ទៀត​ដែល​ជាប់ពន្ធ​ដូច​គាត់ ពួក​គេ​សុទ្ធ​ត្រូវ​មន្ត្រី​ពន្ធដា​ស្ដីបន្ទោស​ដូច​ៗ​គ្នា​ពី​បញ្ហា​សរសេរ​លើ​លិខិត​ប្រកាស​ពន្ធ​ខុស បើ​ទោះជា​គាត់​ប្រៀបធៀប​នឹង​លិខិត​ប្រកាស​ពន្ធ​ដែល​ធ្វើ មុន​ៗ​ត្រឹមត្រូវ​ដូច​គ្នា​ក្ដី ក៏​មន្ត្រី​ពន្ធដារ​ខិលខូច​ទាំងនោះ​ស្ដីបន្ទោស​ថា​ខុស​ដដែល ។ ពោល​គឺ​ខុស ឬ​ត្រូវ​ស្រេច​តែ​លើ​លោក​មន្ត្រី​ពន្ធដារ​ជា​អ្នក​ថា ។ តាម​ពិត​នេះ​ជា​ការ​ប្រើ​ល្បិច​ដើម្បី​ចង់​ទារ​សេវា​ក្រៅ​ផ្លូវច្បាប់​ចំនួន​១០​ដុល្លារ​សោះ ។

ស្ត្រី​ម្ចាស់​ភោជនីយដ្ឋាន​មួយទៀត​បាន​និយាយ​ថា «​ខ្ញុំ​បានដឹង​ថា​មាន​ម្ចាស់​អាហារ​ដ្ឋា​ន ឬ​ម្ចាស់​អាជីវកម្ម​មួយ​ចំនួន​ដែល​ជាប់ពន្ធ ពិតជា​ត្រូវ​មន្ត្រី​ពន្ធដារ​ទារ​ថ្លៃ​សេវា​ក្រៅច្បាប់​១០​ដុល្លារ​មែន ជា​ថ្នូរ​នឹង​ការ​ធានា​រ៉ាប់រង​ជួយ​សរសេរ​លិ​ខិ​ត្រ​ប្រកាស​ឲ្យ​» ។ ប៉ុន្តែ​មន្ត្រី​នោះ​បាន​ប្រើ​ល្បិច «​ត្រីងៀត​ឆ្លៀត​ពង​» នេះ​ស្ដីបន្ទោស​ទៅ​លើ​ម្ចាស់​ហាង និង​ម្ចាស់​អាជីវកម្ម​ដទៃ​ទៀត ដើម្បី​ទាមទារ​ថ្លៃ​សេវា​១០​ដុល្លារ​ដែរ បើ​ទោះជា​ម្ចាស់​សាមី​ទាំងនោះ​បាន​បំពេញបែបបទ​ត្រឹមត្រូវ​អស់ហើយ​ក្ដី ។ សូ​ម្បី​តែ​រូប​ខ្ញុំ​ដែល​បាន​បំពេញ​ត្រឹមត្រូវ​តាម​ខ្លឹមសារ​ក្នុង​លិខិត​ប្រកាស​ពន្ធ​នោះ​ដូច​សព្វដង ហើយ​ក៏​ត្រូវ​មន្ត្រី​ពន្ធដារ​ស្ដីបន្ទោស​ថា ធ្វើ​ខុស​ដែរ »​។

ស្ត្រី​រូប​នេះ​បញ្ជាក់​ថា រូប​គាត់​ក៏​ដូច​ម្ចាស់​អាជីវកម្ម​នានា​ដែរ​បាន​ព្យាយាម​សួរនាំ​អំពី​កំហុសឆ្គង​មិន​ចេះ​ចប់​នេះ តែ​មន្ត្រី​ពន្ធដារ​មិន​ព្រម​ពន្យល់​ឲ្យ​បាន​ច្បាស់លាស់​ទេ បែរជា​ឆ្លើយ​តប ដដែល​ៗ​ដូច្នេះ​ថា «​ដើម្បី​កុំ​ឲ្យ​ខុស ដដែល​ៗ​នាំ​ខាត​ពេល​ឲ្យ​តែ​១០​ដុល្លារ​មក​ទុក​ឲ្យ​គេ​សរសេរ​ឲ្យ​» ។

ជុំវិញ​ភាព​មិន​ប្រក្រតី​ដែល​កំពុង​កើតឡើង​ក្នុង​ស្ថាប័ន​ពន្ធដារ​ខេត្តបាត់ដំបង​នេះ លោក ជា ពិ​សិ​ដ្ធ ប្រធាន​សាខា​ពន្ធដារ​ខេត្ត បាន​បំភ្លឺ​ប្រាប់​កោះសន្តិភាព កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ វិច្ឆិកា​ថា ជា​គោលការណ៍​របស់​ច្បាប់​ពន្ធដារ គឺ​ម្ចាស់​អាជីវកម្ម ឬ​ម្ចាស់​សហគ្រាស​នានា​ដែល​ជាប់ពន្ធ​ត្រូវ​បំពេញ​ឯកសារ និង​ត្រូវ​យក​ប្រាក់​ជាប់ពន្ធ​ទៅ​បង់​ដោយ​ខ្លួនឯង​នៅ​ធនាគារ ឬ​នៅ​សាខា​ពន្ធដារ​ខេត្ត ។ ប៉ុន្តែ​លោក​បញ្ជាក់​ថា មុន​នឹង​តម្រូវ​ឲ្យ​ម្ចាស់​អាជីវកម្ម​ឬ​ម្ចាស់​ហាង​ដែល​ជាប់ពន្ធ​បំពេញ​ឯកសារ​បង់ពន្ធ​ដោយ​ខ្លួនឯង​នេះ គឺ​ម​ន្រី្ត​ជំនាញ​របស់​លោក​បាន​ណែនាំ​ដល់​អាជីវករ​ទាំងអស់​ច្រើន​លើក​ហើយ ដើម្បី​ឲ្យ​ពួក​គាត់​ចេះ​បំពេញ​ឯកសារ​ទាំងនោះ ។

ដូច្នេះ​បើ​មន្ត្រី​របស់​លោក​ទាមទារ​លុយ​ក្រៅច្បាប់​ពី​ម្ចាស់​អាជីវកម្ម​ចំនួន​១០​ដុល្លារ​ជា​ថ្នូរ​នឹង​ការ​ជួយ​បំពេញ​ឯង​សារ​នោះ គឺជា​រឿង​មិន​ត្រូវ​ទេ ។ លោក​ជា ពិ​សិ​ដ្ធ បញ្ជាក់​ថា រឿង​នេះ​ប្រហែល​អាច​មាន​មែន ហើយ​ក៏​អាច​មាន​ហេតុផល​២ គឺ​ទី​១-​អាច​ម្ចាស់​ហាង ឬ​ម្ចាស់​អាជីវកម្ម​ដែល​ជាប់ពន្ធ​ពឹងពាក់​សុំ​ឲ្យ​មន្ត្រី​ពន្ធដារ​ជួយ​បំពេញ​ឯកសារ​បង់ពន្ធ​ទាំងនោះ រួច​ផ្ដល់​សេវា​ក្រៅ និង​ទី​២-​អាច​មន្ត្រី​ពន្ធដារ​ឆក់​ឱកាស​ទាមទារ​សេវា​ក្រៅច្បាប់​ដើម្បី​ផល ប្រយោជន៍ ។

លោក​ប្រធាន​សាខា​ពន្ធដារ​ខេត្ត​ ហាក់​មិន​មាន​ប្រតិកម្ម​ខ្លាំង​ទេ​ទៅ​លើ​មន្ត្រី​ខិលខូច ដែល​ប្រព្រឹត្ត​ខុស​នោះ​បើ​ទោះជា​លោក​ទទួលស្គាល់​ថា ពិតជា​មាន​ករណី​នេះ​កើតឡើង​មែន​ក្ដី ប៉ុន្តែ​លោក​អះអាង​ថា លោក​នឹង​ប្រជុំ​មន្ត្រី​ក្រោម​ឱវាទ​ដើម្បី​សួរនាំ​រឿង​នេះ ។ លោក​ក៏​បាន​ផ្ដល់​ជា​មតិយោបល់​ដែរ​ថា មន្ត្រី​ពន្ធដារ​គួរតែ​ព្យាយាម​ពន្យល់ ឬ​ណែនាំ​ឲ្យ​កាន់តែ​ច្រើន​ដល់​ម្ចាស់​អាជីវកម្ម ឬ​ម្ចាស់​អាហារ​ដ្ឋា​ន​នានា​ដែល​ជាប់ពន្ធ​ឲ្យ​ពួក​គាត់​ចេះ​បំពេញ​ឯកសារ​ដោយ​ខ្លួនឯង ចៀសវាង​បង្ក​ឲ្យ​មាន​ភាព​មិន​ប្រក្រតី ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អង្គភាព​ពន្ធដារ ៕