ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​ស៊ែ​បៃ​ហ្ស​ង់​ចាប់អារម្មណ៍​មក​វិនិយោគ​លើ​វិស័យ​ប្រេងកាត និង​ឧស្ម័ន​នៅ​កម្ពុជា

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អា​ស៊ែ​បៃ​ហ្ស​ង់ ជា​ប្រទេស​ដែល​មាន​សមត្ថភាព​ខ្ពស់​ក្នុង​វិស័យ​ប្រេងកាត និង​ឧស្ម័ន និង​ជា​ប្រទេស​ទី​មួយ​មាន​សមត្ថភាព​ផលិត​ប្រេង​ដែន​គោក ដែល​មាន​ក្រុមហ៊ុន​ប្រកបដោយ​ជំនាញ សមត្ថភាព និង​

រាជធានី​ភ្នំពេញ ៖ អា​ស៊ែ​បៃ​ហ្ស​ង់ ជា​ប្រទេស​ដែល​មាន​សមត្ថភាព​ខ្ពស់​ក្នុង​វិស័យ​ប្រេងកាត និង​ឧស្ម័ន និង​ជា​ប្រទេស​ទី​មួយ​មាន​សមត្ថភាព​ផលិត​ប្រេង​ដែន​គោក ដែល​មាន​ក្រុមហ៊ុន​ប្រកបដោយ​ជំនាញ សមត្ថភាព និង​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប ហើយ​ពេល​នេះ​កំពុង​មាន​ចំណាប់អារម្មណ៍​យ៉ាង​ខ្លាំង​ក្នុង​ការ​មក​វិនិយោគ​លើ​វិស័យ​ប្រេងកាត និង​ឧស្ម័ន​នៅ​កម្ពុជា ។ នេះ​បើ​យោង​តាម​ខ្លឹមសារ​ក្នុង​ជំនួប​ពិភាក្សា​ការងារ​រវាង​លោក Anar Imanov ឯកអគ្គរដ្ឋទូត​អា​ស៊ែ​បៃ​ហ្ស​ង់​ប្រចាំ​កម្ពុជា កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ វិច្ឆិកា កន្លង​ទៅ នៅ​ទីស្តីការក្រសួង​រ៉ែ និង​ថាមពល ជាមួយ​លោក ស៊ុ​យ សែ​ម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល ។

ក្នុង​កិច្ច​ពិភាក្សា​នោះ លោក​រដ្ឋមន្ត្រី ស៊ុ​យ សែ​ម បាន​លើក​ឡើង​ពី​ការងារ​សំខាន់​ៗ​របស់​ក្រសួង​ពាក់ព័ន្ធ​នឹង​វិស័យ​រ៉ែ ប្រេងកាត និង​ថាមពល​នៅ​កម្ពុជា និង​បាន​បង្ហាញ​ជំហរ​ស្វាគមន៍​ចំពោះ​ក្រុមហ៊ុន​មក​ពី​អា​ស៊ែ​បៃ​ហ្ស​ង់ ដែល​មាន​ចំណាប់អារម្មណ៍​មក​វិនិយោគ​លើ​វិស័យ​ប្រេងកាត និង​ឧស្ម័ន​នៅ​កម្ពុជា ។

ចំណែក​លោក​ឯកអគ្គរដ្ឋទូត​បាន​បញ្ជាក់​ថា ៖ « អា​ស៊ែ​បៃ​ហ្ស​ង់ ជា​ប្រទេស​ដែល​មាន​សមត្ថភាព​ខ្ពស់​ក្នុង​វិស័យ​ប្រេងកាត និង​ឧស្ម័ន ហើយ​ផ្គត់ផ្គង់​៥០% ទៅ​កាន់​ពិភពលោក និង​ជា​ប្រទេស​ទី​មួយ​មាន​សមត្ថភាព​ផលិត​ប្រេង​ដែន​គោក ដែល​មាន​ក្រុមហ៊ុន​ប្រកបដោយ​ជំនាញ សមត្ថភាព និង​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​ក្នុង​វិស័យ​នេះ ។ ក្រុមហ៊ុន​ទាំងនោះ​មាន​ចំណាប់អារម្មណ៍​យ៉ាង​ខ្លាំង​ក្នុង​ការ​មក​វិនិយោគ​នៅ​កម្ពុជា » ។

នេះ​ជា​បច្ច័យ​មួយ​យ៉ាង​ល្អ ស្រប​ពេល​ដែល​ជំនាញ និង​បទ​ពិសោធន៍​របស់​កម្ពុជា​ក្នុង​វិស័យ​នេះ​នៅ​មាន​កម្រិត លោក​រដ្ឋមន្ត្រី ស៊ុ​យ សែ​ម បាន​សម្ដែង​ការ​រីករាយ​ស្វាគមន៍ និង​ផ្តល់​កិច្ច​សហប្រតិបត្តិការ​ជា​និច្ច​ដល់​វិនិយោគិន​អា​ស៊ែ​បៃ​ហ្ស​ង់ ក្នុង​ការ​មក​វិនិយោគ​នៅ​កម្ពុជា ដែល​ជួយ​ជំរុញ​ឲ្យ​វិស័យ​ប្រេង និង​ឧស្ម័ន​នៅ​ប្រទេស​កម្ពុជា​កាន់តែ​អភិវឌ្ឍ និង​រីក​ចម្រើន​នា​ពេល​អនាគត ។

គួរ​រំឭក​ថា បច្ចុប្បន្ន កម្ពុជា​ក៏​មាន​ក្រុមហ៊ុន​ពីរ​កំពុង​សហការ​គ្នា សាងសង់​រោងចក្រ​ចម្រាញ់​ប្រេងកាត់​ដែល​មា​នទី​តាំងនៅ​ប៉ែក​និរតី​នៃ​ប្រទេស​ផង​ដែរ ដោយ​កាលពី​ថ្ងៃ​ទី​៤ ឧសភា ឆ្នាំ​២០១៦ កន្លង​មក ក្រុមហ៊ុន​ខេ​ម​បូ​ឌា​ន ភេ​ត្រូ​ខេ​មី​ខ​ល ខូ​អិ​ល​ធី​ឌី (CPC) បាន​ចុះហត្ថលេខា​សហការ​វិនិយោគ​រួម​គ្នា​ជាមួយ​ក្រុមហ៊ុន CNPC Northeast Refining & Chemical Engineering របស់​ចិន ក្នុង​ការ​សាងសង់​រោងចក្រ​ចម្រាញ់​ប្រេងកាត​របស់​ខ្លួន ដែល​គ្រោង​នឹង​ដំណើរការ​នៅ​ចុងឆ្នាំ​២០១៨​ខាង​មុខ ។ ទោះបី​យ៉ាងណា គិត​មក​ដល់​ពេល​នេះ ពុំ​ទាន់​ដឹង​ថា​លទ្ធផល​សម្រេច​បាន​យ៉ាងណា​នោះ​ទេ​។ រោងចក្រ​ចម្រាញ់​ប្រេងកាត​នេះ នឹង​អនុវត្ត​នៅ​ដំណាក់កាល​ទី​១ ក្នុង​ទំហំ​ទឹកប្រាក់​៦២០​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​មាន​សមត្ថភាព​ផលិត​បាន​២​លាន​តោន​ក្នុង​១​ឆ្នាំ ស្ថិត​នៅ​ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ លើ​ផ្ទៃដី​ប្រមាណ​៤០​ហិ​កតា ក្នុង​ចំណោម​ផ្ទៃដី​សរុប​៤០០​ហិ​កតា ។
រោងចក្រ​ចម្រាញ់​ប្រេងកាត​នេះ ជា​គម្រោង​វិនិយោគ​លើ​វិស័យ​ប្រេងឥន្ធនៈ​ប្រកបដោយ​មហិច្ឆតា​តែ​មួយ​គត់ មិន​ធ្លាប់​មាន​ពី​មុន​នៅ​កម្ពុជា​គិត​មក​ដល់​ពេល​នេះ នឹង​ត្រូវ​ប្រើ​ទឹកប្រាក់​បណ្តាក់ទុន​ប្រមាណ​៣​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​។ នៅ​ពេល​សាងសង់​រួច​ជា​ស្ថាពរ​ហើយ ដំណើរការ​ពេញ​សមត្ថភាព​រោងចក្រ​នេះ​អាច​ផលិត​ប្រេង​បាន​៥​លាន​តោន​ក្នុង​១​ឆ្នាំ ។

គួរ​បញ្ជាក់​ថា បច្ចុប្បន្ន កម្ពុជា​បាន​នាំ​ចូល​នូវ​ប្រេងឥន្ធនៈ​ទាំងស្រុង​ពី​ប្រទេស​វៀតណាម សិង្ហ​បុរី និង​ថៃ មក​ធ្វើការ​ផ្គត់ផ្គង់​រាប់​លាន​តោន​ក្នុង​១​ឆ្នាំ​ៗ ៕