ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ណា​បំផ្លាញ​រូបសំណាក​លោកតា​ក្រហម​ក ?

7 ឆ្នាំ មុន

ខេត្តឧត្តរមានជ័យ ៖ ប្រជាពលរដ្ឋ​នៅ​ស្រុក​អន្លង់​វែង មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ដោយសារ​តែ​មាន​ជន​មិន​ស្គាល់​មុខ

ខេត្តឧត្តរមានជ័យ ៖ ប្រជាពលរដ្ឋ​នៅ​ស្រុក​អន្លង់​វែង មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ដោយសារ​តែ​មាន​ជន​មិន​ស្គាល់​មុខ បាន​លួច​បំផ្លាញ​រូបសំណាក​លោកតា​កែវ ពេជ្រ​រស្មី ឬ​អ្នកស្រុក​តែងតែ​ហៅ​ថា លោកតា​ក្រហម​ក កាលពីយប់​ថ្ងៃ​ទី​២៣ វិច្ឆិកា ឱ្យ​បាក់បែក​ខ្ទេចខ្ទី ។ រូប​លោកតា​ក្រហម​ក​នេះ ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជា​៥០​ម៉ែត្រ ពី​រូបសំណាក​លោកយាយ​ម៉ៅ នៅ​ចំណុច​ចង្កេះភ្នំ​ដងរែក ផ្លូវជាតិ​លេខ​៦៧B ដែល​ជា​ផ្លូវ​ឡើង​ទៅ​ច្រក​ទ្វារ​អន្តរជាតិ​ជាំ ក្នុងភូមិ​ជើងភ្នំ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់​វែង ។

លោក ខៀវ ផ​ន មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ស្រុក​អន្លង់​វែង ថា តាម​ការ​ត្រួតពិនិត្យ​ជាក់ស្តែង​នៅ​កន្លែង​កើតហេតុ រូបសំណាក​លោកតា​កែវ​ពេជ្រ​រស្មី ឬ​លោកតា​ក្រហម​ក​នេះ ត្រូវ​បាន​គេ​ច្រាន​ផ្តួល ឬ​រុញ​ផ្តួល បណ្តាល​ឱ្យ​បាក់​ត្រឹម​ប្រអប់​កជើង​រូប​ក៏​ដួល​បោក​នឹង​ស៊ីម៉ងត៍​នៅ​ខាងក្រោម បណ្តាល​ឱ្យ​បែកបាក់​ជា​ច្រើន​កំណាត់ ។ រូប​បដិមា​នេះ​មាន កម្ពស់​ជិត​២​ម៉ែត្រ​។ បានជា​សង្ស័យ​ថា មាន​គេ​រុញ​ផ្តួល​នេះ ដោយសារ​បំណែក​រូប​បដិមា​នេះ​ពុំ​ឃើញ​មាន​ស្នាម​វាយ​បំបែក​នោះ​ទេ ។

លោក​បាន​បញ្ជាក់​ថា តាម​ការ​រៀបរាប់​ពី​ក្មេង​ប្រុស​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​ដែល​នៅ​ក្បែរ​រូបសំណាក​លោកយាយ​ម៉ៅ ក្នុងអំឡុងពេល​កើតហេតុ បាន​និយាយ​ថា ដោយសារ​យប់​ងងឹត​គេ​មើល​ពុំ​សូវ​ច្បាស់​ទេ តែ​បានឃើញ​មនុស្ស​ប្រុស​២​នាក់​ជិះ​ម៉ូតូ​១​គ្រឿង ធុន​C១០០​ផលិត ឆ្នាំ​២០១៥ ពណ៌​ខ្មៅ​គ្មាន​កញ្ចក់ និង​គ្មាន​ស្លាក​លេខ បាន​បើក​ទៅ​ឈប់​នៅ​អាស្រម​លោកតា​កែវ​ពេ​ជ្រេ​រស្មី ឬ​លោកតា​ក្រហម​ក​ស្រាប់​មួយសន្ទុះ​ក្រោយមក ក៏​ឮ​ស្នូរ​ធ្លាក់​ថ្ម​បាក់ ក្នុង​អាស្រម បន្ទាប់​មក​បុរស​ទាំង​ពីរ​នាក់ ក៏​បាន​បើក​ម៉ូតូ​ចេញពី​អាស្រម​យ៉ាង​លឿន​ចុះ​ពី​ភ្នំ​ដងរែក​ទៅ​ដោយ​ឆ្ពោះ​មក​ទីរួមស្រុក​អន្លង់​វែង ។

ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ឈ្មោះ គង់ លាត អាយុ ៦៣​ឆ្នាំ ដែល​មានមុខ​របរ​លក់​ផ្លែ​ឈើ ទៀន​ធូប និង​គ្រឿង​សែនព្រេន​ជាដើម ដែល​ស្នាក់​នៅ​ខ្ទម​ក្បែរ​អាស្រម​លោកតា​ប្រមាណ​ជា ៣០​ម៉ែត្រ​បាន​ប្រាប់​ឱ្យ​ដឹង​ថា ក្រោយ​ពេល​គាត់​បិទទ្វារ​តូប​នៅ​អំឡុង​ម៉ោង​៧​យប់ ថ្ងៃ​ទី​២៣ វិច្ឆិកា គាត់​បានឮ​ស្នូរ​ដូច​ថ្មរ​លំបាក់​ដែរ តែ​គាត់​មិន​បាន​ចាប់អារម្មណ៍ តែ​នៅ​ពេល​កូនប្រុស​របស់​គាត់​ត្រឡប់​មក​ពី​ធ្វើការ​ស៊ីឈ្នួល​គេ​វិញ គាត់​បាន​ប្រើ​ឱ្យទៅ​មើល ក៏​ឃើញ​រូបសំណាក​លោកតា​បាន​ដួល​បាក់​ខ្ទេចខ្ទី​អស់​ទៅ​ហើយ ។

ស្ត្រី​ដដែល​បាន​បញ្ជាក់​ថា រូបសំណាក​លោកតា​កែវ​ពេជ្រ ឬ​លោកតា​ក្រហម​ក និង​អាស្រម ត្រូវ​បាន​កសាង​នៅ​ឆ្នាំ​២០១១ ហើយ​និង​រូបសំណាក​លោកយាយ​ម៉ៅ​ដែល​នៅ​ក្បែរ​គ្នា ដែល​ជាទី​សក្ការៈបូជា​ដ៏​ពូកែ​ស័ក្តិសិទ្ធិ តែងតែមាន​ប្រជាពលរដ្ឋ និង​អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់​ចូល​ទៅ​អុជ​ធូប​បន់ស្រន់ ដើម្បី​សុំ​សេច​ត្តី​សុខ ឬ​យក​ដ​ង្វា​យ​ទៅ​ថ្វាយ​សុំ​លេខ​ឆ្នោត​ផង​ដែរ ។

លោក ហោ​ជិន វី​រៈ​យុទ្ធ អភិបាលស្រុក​អន្លង់​វែង ប្រាប់​តាម​ទូរស័ព្ទ​ឱ្យ​ដឹង​ថា អាជ្ញាធរ​កំពុង​តែ​ថ្កោលទោស​ទៅ​លើ​អ្នក​បំផ្លាញ ដែល​បាន​កម្ទេច​រូបសំណាក​បដិមា ដែល​ជា​វត្ថុ​គោរព​បូជា​របស់​ប្រជាជន​ទូទៅ ហើយ​អាជ្ញាធរ​បាន​ស្នើ​ឱ្យ​ប្រជាពលរដ្ឋ​មេត្តា​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ និង​សមត្ថកិច្ច ដើម្បី​ឈាន​ដល់​ការ​វែកមុខ ។

នេះ​ជា​ករណី​ទី​២​ហើយ​នៅ​ឆ្នាំ​២០១៦​នេះ ដែល​កាលពី​ខែតុលា​កន្លង​មក រូបសំណាក​លោកតា​ស្រុះ​លើ​ភ្នំ​ដោះ​ក្រមុំ ដែល​ជាទី​គោរព​បូជា​របស់​ជន្មា​នុ​ជន​ទូទៅ ពិសេស​បងប្អូន​ជនជាតិ​ព្នង ក៏​ត្រូវ​បាន​វាយ​បំផ្លាញ​ដោយ​ជន​ស​សៃ​ប្រសាទ​ម្នាក់ ដែល​ជា​អតីត​គ្រូបង្រៀន ៕