ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គោព្រៃ​កម្ពុជា​បាត់បង់​ឱកាស​ឡើង​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ព្រឹត្តិការណ៍ AFF Suzuki Cup 2016

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុម​គោព្រៃ​កម្ពុជា​បាន​បាត់បង់​ឱកាស​ឡើង​ទៅ​វគ្គ​៤​ក្រុម​ចុង​ក្រោយ ឬ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍ AFF Suzuki Cup 2016 បន្ទាប់​ពី​ត្រូវ​ក្រុម​ម្ចាស់ផ្ទះ​មី​យ៉ា​ន់​ម៉ា​លត់​យ៉ាង​ចាស់ដៃ​ក្នុង​លទ្ធផល​១-៣

រាជធានី​ភ្នំពេញ ៖ ក្រុម​គោព្រៃ​កម្ពុជា​បាន​បាត់បង់​ឱកាស​ឡើង​ទៅ​វគ្គ​៤​ក្រុម​ចុង​ក្រោយ ឬ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍ AFF Suzuki Cup 2016 បន្ទាប់​ពី​ត្រូវ​ក្រុម​ម្ចាស់ផ្ទះ​មី​យ៉ា​ន់​ម៉ា​លត់​យ៉ាង​ចាស់ដៃ​ក្នុង​លទ្ធផល​១-៣ ក្នុង​ជំនួប​កាលពី​ល្ងាច​ថ្ងៃ​ទី​២៣ វិច្ឆិកា នៅ​កីឡដ្ឋាន Thuwunna YTC Stadium ស្ថិត​ក្នុង​ទីក្រុង Yangon ប្រទេស​មី​យ៉ា​ន់​ម៉ា ធ្វើ​ឱ្យ​អ្នកគាំទ្រ​សោកស្តាយ និង​ខកចិត្ត​យ៉ាង​ខ្លាំង ។

ក្រុម​គោព្រៃ​កម្ពុជា​រកបាន​១​គ្រាប់​មុន​ដោយ​កីឡាករ សុះ ស៊ូ​ហា​ណា បន្ទាប់​ពី​កីឡាករ ចាន់ វឌ្ឍនាកា បញ្ជូន​បាល់​ឱ្យ​នៅ​នាទី​ទី​១៤ ប៉ុន្តែ​ត្រូវ​កីឡាករ Zaw Min Tun របស់​ក្រុម​មី​យ៉ា​ន់​ម៉ា រកបាន​២​គ្រាប់​វិញ​នៅ​នាទី​ទី​៣៥ និង​៤០​មុន​ចប់​តង់​ទី​១ ។ ចូល​ដល់​តង់​ទី​២ កីឡាករ Aung Thu របស់​មី​យ៉ា​ន់​ម៉ា​រកបាន​១​គ្រាប់​ទៀត​នៅ​នាទី​ទី​៥៦ មុន​ចប់​ការ​ប្រកួត​ពេញ​ម៉ោង ។ ការ​បរាជ័យ​ចំនួន​២​ប្រកួត ក្នុង​ចំណោម​៣​ប្រកួត​នៅ​វគ្គ​នេះ ធ្វើ​ឱ្យ​ក្រុម​គោព្រៃ​កម្ពុជា​បាត់បង់​ឱកាស​ទាំងស្រុង ក្នុង​ការ​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ពានរង្វាន់​ខាងលើ​នេះ ។

ដោយឡែក នៅ​ថ្ងៃ​និង​កីឡដ្ឋាន​ដដែលមុន​ពេល​ក្រុម​គោព្រៃ​កម្ពុជា​ជួប​ក្រុម​ម្ចាស់ផ្ទះ​មីយ៉ា​ន់​ម៉ា ក្រុម​វៀតណាម បាន​យកឈ្នះ​ក្រុមម៉ា​ឡេ​ស៊ី ១-០ ទាំង​ត្រដាបត្រដួស ។ គ្រាប់​បាល់​ជ័យជម្នះ​នេះ​រកបាន​ដោយ​កីឡាករ Nguyên Trong Hoàng នៅ​តង់​ទី​២​នាទី​ទី​៨០ ខណៈ​តង់​ទី​១​ក្រុម​ទាំង​ពីរ​បញ្ចប់​ដោយ​លទ្ធផល​ស្មើគ្នា ០-០ ។

សម្រាប់​ចំណាត់ថ្នាក់​បណ្តោះអាសន្ន​បច្ចុប្បន្ន របស់​ក្រុម​ស្ថិត​ក្នុង​ពូ​ល​B ក្រុម​វៀតណាម​ឈរ​នៅ​កំពូល​តារាង​មាន​៦​ពិន្ទុ ក្រុម​មី​យ៉ា​ន់​ម៉ា​លេខ​២​មាន​៣​ពិន្ទុ ក្រុម​ម៉ា​ឡេ​ស៊ី​លេខ​៣​មាន​៣​ពិន្ទុ និង​ក្រុម​កម្ពុជា​ស្ថិត​នៅ​បាត​តារាង​ដោយ​គ្មាន​ពិន្ទុ​។ ការ​ប្រកួត​លើក​ចុង​ក្រោយ​នៅ​ក្នុង​វគ្គ​នេះ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​២៦ វិច្ឆិកា ដោយ​ក្រុម​គោព្រៃ​កម្ពុជា ត្រូវ​ជួប​ក្រុម​វៀតណាម​នៅ​កីឡដ្ឋាន Wunna Theikdi Stadium ស្ថិត​ក្នុង​ទីក្រុង Naypyidaw ចំណែក​ក្រុម​ម៉ា​ឡេ​ស៊ី ត្រូវ​ជួប​ក្រុម​មី​យ៉ា​ន់​ម៉ា​នៅ​កីឡដ្ឋាន Thuwunna YTC Stadium ស្ថិត​ក្នុង​ទីក្រុង Yangon ប្រទេស​មី​យ៉ា​ន់​ម៉ា ៕