ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចៅ​សង្កាត់​ព្រះ​ពន្លា ប្រាប់មូលហេតុ សុំលាលែង​ចេញ​ពី​តំណែង​(វីដេអូ​)

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖​ លោក​មុំ ប៉ុណ្ណា បេក្ខជន​លេខ​រៀង​ទី​១ ចៅសង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ

ខេត្តបន្ទាយមានជ័យ ៖​ លោក​មុំ ប៉ុណ្ណា បេក្ខជន​លេខ​រៀង​ទី​១ ចៅសង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ បាន​ដាក់​ពាក្យ​ស្នើ​សុំ​លាលែងពី​​តំណែង​ចៅសង្កាត់​អាណត្តិ​ទី​៥ ដោយសារ​ហេតុ​ផល​បញ្ហា​សុខភាព ។

លោក មុំ ប៉ុណ្ណា បាន​ប្រាប់​កាលពី​ថ្ងៃ​ទី​១៧​ ខែមិថុនា​ ឆ្នាំ​២០២២​ កន្លង​មក​ថា​ ៖ ​គ្មាន​នរណា ឬ​អង្គភាព​ណា​បង្ខិតបង្ខំ​គាបសង្កត់​រូប​លោក​ឡើយ តែ​រូប​លោក​ទៅ​វិញ​ទេ​ ដែល​ស្នើ​សុំ​ក្តី​អនុគ្រោះ​ពី​បក្ស ពី​រដ្ឋ និង​ពី​ប្រជាពលរដ្ឋ ក្នុង​ការ​លាឈប់​ពី​មុន​តំណែង​ចៅសង្កាត់​ថ្មី​នេះ ដែល​នឹង​ត្រូវ​ប្រកាស​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​។ នោះ​បណ្តាល​មក​ពី​បញ្ហា​សុខភាព​របស់​លោក​មានការ​លំបាក​ខ្លាំង ដែល​មិន​អាច​ទ្រោល​បម្រើ​ការងារ បម្រើសេវា​ជូន​ពលរដ្ឋ​ឲ្យ​បាន​ពេញលេញ​ដូច​មុន​។

លោក​បញ្ជាក់​ថា ៖ លោក​មាន​ជម្ងឺ​ប្រចាំ​កាយ​ដូច​ជា ទឹកនោមផ្អែម ឡើង​ជាតិ​ស្ករ ឡើង​ឈាម ខ្លាញ់​រុំ​បេះដូង​ជាដើម ។​ ជម្ងឺ​ទាំងនេះ តែង​ធ្វើ​ទុក្ខ​ភ្លាម​ៗ ដោយ​មិន​ឲ្យ​ដឹង​មុន ហើយ​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​និង​ព្យាបាល​បន្ទាន់​ផង​ដែរ ។

ទាក់ទិន​នឹង​ការ​លាលែង​ពី​តំណែង​នេះ​ដែរ កូន​ៗ​និង​គ្រួសារ​របស់​លោក​ក៏​បាន​យល់ព្រម​ឲ្យ​លោក​លាលែង​ផង​ដែរ ។ ជាមួយ​គ្នា​នោះ​លោក​ក៏​សូម​ការ​យោគយល់ អធ្យាស្រ័យ​ផង​ដែរ​ពី​រាស្ត្រ​ម្ចាស់​ឆ្នោត​ទាំង​៧​ភូមិ​នៃ​សង្កាត់​ព្រះ​ពន្លា ចំពោះ​ការ​ដែល​បងប្អូន​បោះ​ឆ្នោត​ជូន​បក្ស ជូន​លោក​ហើយ តែ​លោក​មិន​បាន​នៅ​បំពេញការងារ​បំរើ​បងប្អូន​វិញ​។

លោក មុំ ប៉ុណ្ណា បញ្ជាក់​ទៀត​ថា​៖​កន្លង​មក លោក​ក៏​បាន​ចូល​សម្រាក​ពេទ្យ​១​លើក​ៗ​ក៏​យូរ​ៗ​ដែរ​។ សូ​ម្បី​ក្នុង​ពេល​ដំណើរការ​យុទ្ធនាការ​បោះ​ឆ្នោត ក៏​លោក​មាន​ជម្ងឺ​ធ្ងន់ បាន​ត្រូវ​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​ពេទ្យ​ព​២ ខេត្តបាត់ដំបង ។ ​ប៉ុន្តែ​លោក​បាន​សុំ​អង្វរ​គ្រូពេទ្យ ទោះ​លោក​ស្លា.ប់ ក៏​ធ្វើ​ម៉េច​ឲ្យ​លោក​បាន​ចេញ​មក​បោះ​ឆ្នោត​តែ​១​ភ្លែត ជូន​គណបក្ស​ប្រជាជន​កម្ពុជា​សិន​ដែរ ។​

សូម​បញ្ជាក់​ថា លោក​មុំ ប៉ុណ្ណា អាយុ​ជិត​៧០​ឆ្នាំ បាន​បម្រើ​ការ​កងទ័ព​និង​ចុង​ក្រោយ​ជា​ចៅសង្កាត់​ព្រះ​ពន្លា​អាណត្តិ​ទី​៤ សរុប​អស់​ពេល​៤២​ឆ្នាំ​ហើយ ។ ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី​៥ លោក​នៅ​ជា​បេក្ខជន​លំដាប់​លេខ​រៀង​ទី​១ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ឈរឈ្មោះ នៅ​សង្កាត់​នៅ​សង្កាត់​ព្រះ​ពន្លា​ក្រុង​សិរី​សោភ័ណ​ខេត្តបន្ទាយមានជ័យ​ ។​ ប៉ុន្តែ​ឥឡូវនេះ តំណែង​ចៅសង្កាត់​នេះ​នឹង​បាន​ទៅ​បេ​ក្ខ​នារី​លំដាប់​លេខ​រៀង​ទី​២ គឺ​អ្នកស្រី​ឆាត សុ​ជា វិញ ។

សូម​បញ្ជាក់​ថា លទ្ធផល​បណ្តោះអាសន្ន​នៃ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ នៅ​សង្កាត់​ព្រះ​ពន្លា​នេះ គឺ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​៩​អាសន​: គណបក្ស​ភ្លើងទៀន​បាន​៣​អាសន​: ​លើ​អាសន​:​សរុប​១១ ។

ទោះ​លាឈប់​ពី​តំណែង​និង​ការងារ​សកម្ម​បែប​នេះ​ក្តី លោក​ក៏​ស្នើ​សុំ​នៅ​បម្រើ​ការងារ​បក្ស រដ្ឋ ក្នុង​តំណែង​ណាមួយ​ដូច​ជាទី​ប្រឹក្សា​ឬ​..​ដែល​មិនសូវ​សកម្ម មិនសូវ​ហត់ ឬ​បន្ទុក​ធ្ងន់​ពេក​ដែរ​ដើម្បី​ជីវភាព​និង​មាន​ពេលវេលា​ថែទាំ​សុខភាព ..​។

ប្រជាពលរដ្ឋ ក៏​ដូច​ថ្នាក់ដឹកនាំ​អាជ្ញាធរ​និង​គណបក្ស​បាន​ប្រាប់ នៅ​ថ្ងៃ​ទី​១៧ ​ខែមិថុនា កន្លង​មក​ថា​៖​ពួក​គេ​សោកស្តាយ​ចំពោះ​លោក​មុំ ប៉ុណ្ណា ដែល​បាន​លាលែង​តំណែង​ចៅសង្កាត់​ព្រះ​ពន្លា​។ ប៉ុន្តែ​ពួក​គេ​គោរព​ដល់​ការ​សម្រេចចិត្ត​និង​មូលហេតុ​របស់​សា​ម៉ី​ខ្លួន​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ