ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហគ្រិន​ស្ត្រី​មាន​ឆន្ទៈ​ធំធេង​ក្នុង​ការ​ចូលរួម​ចំណែក​អភិវឌ្ឍន៍​ប្រទេស

7 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ ការ​ជួយ​គាំទ្រ​ផ្នែក​សង្គម និង​សកម្មភាព​ពង្រឹង​សិ​ទិ្ធ​ជា​ម្ចាស់​ដល់​ស្ត្រី ក្នុង​ការ​បង្កើន​ប្រាក់​ចំណូល​នៅ​សហគមន៍ គឺជា​ការ​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ពី​ឆន្ទៈ​ដ៏​ធំធេង​ក្នុង​ការ​ចូលរួម​ចំណែក​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា

ខេត្ត​ព្រះ​សីហ​នុ ៖ ការ​ជួយ​គាំទ្រ​ផ្នែក​សង្គម និង​សកម្មភាព​ពង្រឹង​សិ​ទិ្ធ​ជា​ម្ចាស់​ដល់​ស្ត្រី ក្នុង​ការ​បង្កើន​ប្រាក់​ចំណូល​នៅ​សហគមន៍ គឺជា​ការ​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ពី​ឆន្ទៈ​ដ៏​ធំធេង​ក្នុង​ការ​ចូលរួម​ចំណែក​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា ។ នេះ​បើ​យោង​តាម​ប្រសាសន៍​លោក​ជំទាវ ហៀ​ក ហ៊ី​មុ​ល្លី អភិបាលរង​ខេត្ត ក្នុង​ឱកាស​បើក​សិក្ខាសាលា ស្តី​ពី​សមិទ្ធផល និង​ការ​ផ្តល់​រង្វាន់​ដល់​គម្រោង​ពង្រឹង​សហគ្រិន​ស្ត្រី​ក្នុង​ខេត្ត របស់​ក្រុមហ៊ុន​គ្រី​ស​អេ​នើ​ជី (​អប្សរា​) លី​មី​ធី​ត នា​ព្រឹក​ថ្ងៃ​ទី​២២ វិច្ឆិកា ។

លោក​ជំទាវ ហៀ​ក ហ៊ី​មុ​ល្លី គូសបញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​ផ្តោត​លើ​ការ​ពង្រីក​ឱកាស​សេដ្ឋកិច្ច​ដល់​ស្ត្រី និង​ផ្តល់​ការ​គាំទ្រ​ដល់​ស្ត្រី ក្នុង​ការ​បង្កើន​ប្រាក់​ចំណូល​ដល់​គ្រួសារ​រួម​មាន ការ​បង្កើត​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​ស្ត្រី​នៅ​ខេត្ត​មួយ​ចំនួន​ដើម្បី​ផ្តល់​នូវ​ជំនាញ​វិជ្ជាជីវៈ និង​សេវា​អភិវឌ្ឍន៍​អាជីវកម្ម​ជូន​ស្ត្រី ។ ជាង​នេះ​ទៀត រាជរដ្ឋាភិបាល​កម្ពុជា​បាន​កៀងគរ​ការ​ចូលរួម​ពី​បណ្តា​ដៃគូ​ពាក់ព័ន្ធ​ពី​ស្ថាប័នរដ្ឋ វិស័យ​ឯកជន និង​ដៃគូ​អភិវឌ្ឍន៍ ដើម្បី​សម្រេច​បាន​នូវ​យុទ្ធសាស្ត្រ​សំខាន់​ពាក់ព័ន្ធ​នឹង​ការ​បង្កើន​ភាព​អង់អាច​ផ្នែក​សេដ្ឋកិច្ច​ដល់​ស្ត្រី រួម​មាន ៖

-​ការ​ពង្រីក​ជំនាញ​វិជ្ជាជីវៈ​ដល់​ស្ត្រី​ទៅ​តាម​តម្រូវការ​ទីផ្សារ ។
-​ការ​អភិវឌ្ឍ​សហគ្រាស​ខ្នាត​តូច និង​មធ្យម​សម្រាប់​ស្ត្រី ។
-​ការ​បង្កើន​ជីវភាព​រស់នៅ​តាម​ជនបទ ជា​ពិសេស ស្ត្រី ។

ការ​ជួយ​គាំទ្រ​ផ្នែក​សង្គម​នា​ពេល​នេះ បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ពី​ឆន្ទៈ​ដ៏​ធំធេង​ក្នុង​ការ​ចូលរួម​ចំណែក​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា ជា​ពិសេស ការ​បង្កើន​ភាព​អង់អាច​ផ្នែក​សេដ្ឋកិច្ច​ដល់​ស្ត្រី ផ្តល់​ការ​គាំទ្រ​ដល់​ស្ត្រី​ក្នុង​ការ​បង្កើន​ប្រាក់​ចំណូល​ដល់​គ្រួសារ និង​ការ​អភិវឌ្ឍ​អាជីវកម្ម​ខ្នាត​តូច ដែល​នេះ​ជា​អាទិភាព​មួយ​ក្នុង​ចំណោម​អាទិភាព​ជា​ច្រើន​ទៀត​របស់​រាជរដ្ឋាភិបាល​កម្ពុជា ហើយ​ក៏​ជា​ផ្នែក​មួយ​នៃ​ការ​ទទួលខុសត្រូវ​ក្នុង​សង្គម​របស់​ក្រុមហ៊ុន​គ្រី​ស​អេ​នើ​ជី ផង​ដែរ ។ ដូចនេះ តាម​រយៈ​សិក្ខាសាលា គឺ​មាន​សារសំខាន់​ខ្លាំង​ណាស់​សម្រាប់​បងប្អូន​ជា​ស្ត្រី និង​អ្នកចូលរួម​ទាំងអស់​ជា​ក្រុម​ពង្រឹង​សិទ្ធិ​ជា​ម្ចាស់​ដល់​ស្ត្រី គណៈកម្មការ​ប្រឹក្សា​យោបល់​ស្ត្រី​សន្សំ​ប្រាក់ និង​អាជីវកម្ម​ក្រុម​មក​ជួបជុំ​គ្នា​ដើម្បី​ចែករំលែក​បទ​ពិសោធន៍ និង​រៀនសូត្រ​ពី​គ្នា​ទៅ​វិញ​ទៅ​មក ព្រមទាំង​បង្ហាញ​ពី​បញ្ហា​ប្រឈម និង​ការ​ដំណោះស្រាយ​នានា​ដែល​បាន​កើត​ទ្បើ​ង​ចំពោះ​ក្រុម​របស់​ខ្លួន ។

លោកស្រី ហ៊ី​ណា អាយ​ចាស៍ ប្រធាន​ផ្នែក​បរិស្ថាន សុខភាព សុវត្ថិភាព និង​សន្តិសុខ និង​ជា​អ្នកគ្រប់គ្រង​កម្មវិធី​ទទួលខុសត្រូវ​ផ្នែក​សង្គម​របស់​ក្រុមហ៊ុន​អេ​នើ​ជី ប្រចាំ​ប្រទេស​សិង្ហ​បុរី បាន​ថ្លែង​ថា អេ​នើ​ជី គឺជា​ក្រុមហ៊ុន​ប្រេង និង​ឧស្ម័ន​ឯករាជ្យ​មួយ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​។ យើង​បាន​មក​ធ្វើការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​តាំងពី​ឆ្នាំ​២០១០​មក​ម្ល៉េះ ហើយ​បច្ចុប្បន្ន យើង​គឺជា​ប្រតិបត្តិ​ករ​នៃ​ប្លុក​អា ដែល​មាន​ទីតាំង​ស្ថិត​នៅ​ប្រមាណ​ជាង​១៧៥​គីឡូម៉ែត្រ​ពី​ខេត្ត​ព្រះ​សីហ​នុ ជា​កន្លែង​ដែល​យើង​មាន​គម្រោង និង​អភិវឌ្ឍ​ការដ្ឋាន​ប្រេង​អប្សរា ។

ក្រុមហ៊ុន​គ្រី​ស​អេ​នើ​ជី​បាន​ប្តេជ្ញា​ចិត្ត​ចំពោះ​ប្រទេស​កម្ពុជា ហើយ​មាន​បំណង​ក្លាយជា​ក្រុមហ៊ុន​មួយ​ទទួលខុសត្រូវ​ចំពោះ​សហគមន៍ ។ យើង​បាន​បង្កើត​ដៃគូ​ជាមួយ​អង្គការ​នានា ដើម្បី​ធ្វើ​ឲ្យ​គុណភាព​ជីវិត​រស់នៅ​របស់​ជន​ងាយ​រង​គ្រោះ​មាន​ភាពល្អ​ប្រសើរ​ឡើង និង​ជួយ​កសាង​សហគមន៍​ឲ្យ​មាន​ភាពរឹងមាំ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ក្រោម​ការ​ដឹកនាំ​របស់​ថ្នាក់ដឹកនាំ​កម្ពុជា ៕