ខេត្តកណ្តាល ៖ យុវជនម្នាក់បានត្រូវនគរបាលប៉ុស្តិ៍សំរោងធំ ឃាត់ខ្លួនកាលពីយប់ថ្ងៃទី១៥ មីនា ឆ្នាំ២០១១ ក្រោយពីរូបគេលបចូលក្នុងបន្ទប់ផ្ទះកូនក្រមុំវៀតណាមម្នាក់ ហើយធ្វើសកម្មភាពចាប់រំលោភតែមិនបានសំរេចដោយសារនាងក្រមុំនោះស្រែកឆោឡោឡើង។ ហេតុការណ៍នេះបានកើតឡើងនៅភូមិព្រែកត្រែង ឃុំសំរោងធំ ស្រុកកៀនស្វាយ។
តាមប្រភពព័ត៌មានពីនគរបាលស្រុកកៀនស្វាយបានឱ្យដឹងថា យុវជនដែលត្រូវឃាត់ខ្លួននេះឈ្មោះយិន ប៉េងលាង អាយុ២៥ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់នៅក្នុងក្រុមហ៊ុនយាយលឹម ស្ថិតក្នុងភូមិ-ឃុំខាងលើ ធ្វើជាកម្មករដើរតាមរថយន្តដឹកដី រីឯនាងក្រមុំវៀតណាមនោះអាយុ១៧ឆ្នាំ។ នៅយប់ថ្ងៃទី១៥ មីនា នោះ ឈ្មោះយិន ប៉េងលាង បានលបចូលទៅក្នុងផ្ទះរបស់នាង ហើយបើកមុងចូលទៅចាប់បំណងរំលោភ ប៉ុន្តែនាងមិនព្រមក៏ស្រែកផ្អើលឆោឡោដល់ម្តាយរត់ទៅប្តឹងសមត្ថកិច្ចចាប់ខ្លួនភ្លាមៗទាំងយប់នោះតែម្តង។
នៅចំពោះមុខសមត្ថកិច្ច ឈ្មោះយិន ប៉េងលាង បានសារភាពថា រូបគេលួចស្រឡាញ់រូបនាងយូរមកហើយ ប៉ុន្តែពុំដឹងធ្វើយ៉ាងណាបានខ្លួននាងក៏សំរេចចិត្តឡើងចាប់រំលោភ ប៉ុន្តែត្រូវក្លាយជាអ្នកទោសស្នេហាទៅវិញ។ចំពោះករណីខាងលើនេះ សមត្ថកិច្ចនគរបាលស្រុកកៀនស្វាយបានកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕
ចែករំលែកព័តមាននេះ