ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តួឯក​ស្រី​រឿង «​នាង​កែវ​មុខសេះ​» លះបង់​រឿង​មួយ មុន​បង្ហាញ​មុខការ​សម្តែង​លើក​ដំបូង

1 ឆ្នាំ មុន
  • ភ្នំពេញ

ស្រី​ស្អាត ថុ​ន មរកត គឺជា​តួឯក​ស្រី​ក្នុង​រឿង «​នាង​កែវ​មុខសេះ​» កំពុង​តែ​ទទួល​ការ​ចាប់អារម្មណ៍​ពី​សំណាក់​ទស្សនិកជន ក្នុង​ពេល​ដែល​តារា​ស្រី​ថ្មី​រូប​នេះ បាន​លះបង់​នូវ​រឿង​មួយ ដើម្បី​បាន​សម្តែង​រឿង​ជា​លើក​ដំបូង

រាជធានី​ភ្នំពេញ ៖ ស្រី​ស្អាត ថុ​ន មរកត គឺជា​តួឯក​ស្រី​ក្នុង​រឿង «​នាង​កែវ​មុខសេះ​» ដែល​កំពុង​ចាក់​ផ្សាយ​នៅ​លើ​កញ្ចក់​ទូរទស្សន៍ CTN នឹង​កំពុង​តែ​ទទួល​ការ​ចាប់អារម្មណ៍​ពី​សំណាក់​ទស្សនិកជន ក្នុង​ពេល​ដែល​តារា​ស្រី​ថ្មី​រូប​នេះ បាន​លះបង់​នូវ​រឿង​មួយ ដើម្បី​បាន​សម្តែង​រឿង​ជា​លើក​ដំបូង​នា​ពេល​នេះ។

រឿង​ដែល​នាង​លះបង់​នោះ គឺ​តារា​ស្រី​រូប​នេះ​បាន​សម្រេច​ធីប​ចោលការ​សិក្សា​របស់​ខ្លួន​រយៈពេល​មួយ​ឆ្នាំ​ពេញ ដើម្បី​មានឱកាស​បាន​ចូល​ថត​ភាពយន្ត​ជា​លើក​ដំបូង​របស់​ខ្លួន ដែល​បាន​ធ្លាក់​មក​ដោយ​មិន​នឹក​ស្មាន​ដល់​។

តារា​ស្រី​វ័យ​១៩​ឆ្នាំ នាង ថុ​ន មរកត បាន​អះអាង​ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​ថា រឿង «​កែវ​មុខសេះ​» នេះ​គឺជា​រឿង​ដំបូង​ដែល​នាង​បាន​សម្តែង ខណៈ​ពេល​ដែល​កន្លង​មក នាង​ត្រឹម​ជា​អ្នក​ថត​សម្អាងការ​ធម្មតា​ម្នាក់​តែ​ប៉ុណ្ណោះ​។ នាង​បញ្ជាក់​ថា ឱកាស​នេះ ការ​ថត​រឿង​ខាងលើ​នេះ គឺ​នាង​មិន​នឹក​ស្មាន​ដល់​ឡើយ ដោយសារ​នាង​ត្រូវ​បាន​ហៅ​ពី​ម្ចាស់​ផលិតកម្ម ដើម្បី​ធ្វើតេស្ត​(Cast) សម្តែង​ទាំង​នាង​មិន​មានបទពិសោធន៍​ទាល់តែ​សោះ​នៅ​ក្នុង​ការ​សម្តែង​រឿង​។

នាង​ថា ដោយសារ​ការ​ស្រឡាញ់ និង​ការ​បង្ហាត់បង្ហាញ​ពី​អ្នកដឹកនាំ​រឿង (Director) នាង​អាច​ហាត់​ពុត​លុត​ដុំ និង​អាច​សម្តែង​បាន​ទៅ​តាម​ការ​ចង់បាន​របស់​គេ បើ​ទោះបីជា​ការ​សម្តែង​លើក​ដំបូង វា​ហាក់​មានការ​លំបាក​ច្រើន​សម្រាប់​នាង​ក៏​ដោយ​។

ស្រី​ស្អាត​ថន មរកត បាន​លើក​ឡើង​បន្ថែម​ថា កន្លង​មក នាង​មិន​ដែល​ចូលរួម​ការ​ប្រឡង​ណាមួយ ឬ​មានបទពិសោធន៍​នៅ​ក្នុង​ការ​សម្តែង​នេះ​ឡើយ ហើយ​ឱកាស​បាន​ថត​សម្អាងការ​នេះ​ទៀត​សោចិ៍ គឺ​ដោយសារ​នាង​មានការ​ចាប់អារម្មណ៍​ពី​អ្នក​ផាត់មុខ​ដែល​ស្គាល់​រូប​នាង​ប៉ុណ្ណោះ​។

យ៉ាងណា​បើ​តាម ថន មរកត ការ​ដែល​នាង​បាន​ថត​សម្តែង​រឿង​ដំបូង​នា​ពេល​នេះ គឺ​នាង​បាន​សម្រេច​ឈប់​ការ​សិក្សា​រយៈពេល​មួយ​ឆ្នាំ ក្នុង​ពេល​ដែល​នាង​ត្រូវ​បន្ត​ថ្នាក់​មហាវិទ្យាល័យ ក្រោយ​ប្រឡង​ជាប់​ថ្នាក់​ទី​១២​រួច​មក​។

នាង​បញ្ជាក់​ថា ការ​សម្រេច​ផ្អាក​ការ​សិក្សា ដើម្បី​បាន​ថត​រឿង​នេះ ក៏​ត្រូវ​បាន​ជំទាស់​ខ្លះ​ដែរ​ពី​ឪពុក​ម្តាយ​របស់​នាង ដោយសារ​ពួក​គាត់​ចង់​ឲ្យ​នាង​រៀនសូត្រ​ជា​មុន​សិន​។ នាង​ថា ប៉ា​ម៉ាក់​គាត់​បាន​ហាមឃាត់​ដែរ ប៉ុន្តែ​មិន​ហាមឃាត់​ដាច់​ម៉ាត់​នោះ​ដែរ ដោយសារ​ពួក​គាត់​ចង់​ឲ្យ​ខ្ញុំ​រៀនសូត្រ​ឲ្យ​បាន​ចប់​ចុង​ចប់​ដើម​ជា​មុន ហើយ​ពេល​រៀន​ចប់​ចង់​ធ្វើ​អ្វី​ក៏​ធ្វើ​ចុះ​។

យ៉ាងណា ក្រោយ​ពេល​ថត​រឿង «​នាង​កែវ​មុខសេះ​» នេះ​ចប់ នាង​ក៏​បាន​ងាក​មក​រក​ការ​សិក្សា​វិញ ដោយ​នាង​ត្រូវ​រៀន​ឆ្នាំ​ទី​១​នៅ​មហាវិទ្យាល័យ លើ​មុខ​ជំនាញ​គណនេយ្យ ខណៈ​ពេល​ដែល​អាជីព​សិល្បៈ​របស់​នាង​ក៏​ត្រូវ​ពិចារណា​ផង​ដែរ​។

តារា​ស្រី​ដែល​មាន​ដើម​កំណើត​នៅ​ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​រូប​នេះ បាន​បញ្ជាក់​ថា ការ​សិល្បៈ​នាង​ក៏​មានចិត្ត​ស្រឡាញ់​ខ្លាំង​ណាស់​ដែរ ប៉ុន្តែ​នាង​ចង់​រៀនសូត្រ​ឲ្យ​បាន​ចប់​សព្វគ្រប់ ដើម្បី​មានការ​ងារ​ច្បាស់លាស់​មួយ​។ ដោយឡែក​សម្រាប់​សិល្បៈ​នាង​អាច​នឹង​នៅ​ទទួល​ដដែល ប៉ុន្តែ​នាង​ទទួល​តែ​ការ​ថត​ភាពយន្ត​ណា​ដែល​មាន​រយៈពេល​ខ្លី​ប៉ុណ្ណោះ ព្រោះ​នាង​ត្រូវ​ទុក​ពេល​សម្រាប់​ការ​សិក្សា​។

បើ​តាម ថន មរកត ក្រោយ​បង្ហាញ​មុខជា​លើក​ដំបូង​នៅ​ក្នុង​ការ​សម្តែង​រឿង​នេះ បច្ចុប្បន្ន​នាង​ក៏​ទទួល​បានការ​សាកសួរ​ខ្លះ​ពី​បណ្តា​ផលិតកម្ម​នានា ដែល​មាន​បំណង​ហៅ​នាង​ទៅ​ថត​ផង​ដែរ ប៉ុន្តែ​ការងារ​នេះ​នៅ​មិន​ទាន់​ច្បាស់លាស់​នៅឡើយ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ