ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជា​តិរច្ឆាន​ណាស់ ! កូនស្រី​​បង្កើត​បណ្ដេញ​ម្តាយជរា​​ចេញពីផ្ទះ

7 ឆ្នាំ មុន

ខេត្តកំពត ៖ ទំនាស់​ក្នុង​គ្រួសារ​មួយ​ឈាន​រហូត​ដល់​ថ្នាក់​កូនស្រី​បណ្ដេញ​ម្តាយបង្កើត​ចេញពីផ្ទះ ដែល​រហូត​មក​ដល់​ពេល​នេះ​មាន​រយៈពេល​១៥​ឆ្នាំ​ហើយ អាជ្ញាធរ​នៅ​តែ …

ខេត្តកំពត ៖ ទំនាស់​ក្នុង​គ្រួសារ​មួយ​ឈាន​រហូត​ដល់​ថ្នាក់​កូនស្រី​បណ្ដេញ​ម្តាយបង្កើត​ចេញពីផ្ទះ ដែល​រហូត​មក​ដល់​ពេល​នេះ​មាន​រយៈពេល​១៥​ឆ្នាំ​ហើយ អាជ្ញាធរ​នៅ​តែ​មិន​ទាន់​អាច​ដោះស្រាយ​បាន​ទៀត មិនតែប៉ុណ្ណោះ​ត្រូវ​បាន​អ្នក​ភូមិ​មួយ​ចំនួន​អះអាង​ថា មេឃុំ​បាន​ឃុបឃិត​គ្នា​ធ្វើ​ប្លង់​កម្មសិទ្ធិ​ដីស្រែ​ឲ្យ​ទៅ​កូនស្រី​នោះ​ទៀត​ផង ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា លោកយាយ​ដែល​ត្រូវ​កូនស្រី​បណ្ដេញ​ចេញពីផ្ទះ​នោះ​ឈ្មោះ អៀម ហ៊ិ​ន អាយុ​៨៨​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ចេក ឃុំ​ទូក​មាស​ខាងលិច ស្រុក​បន្ទាយមាស ខេត្តកំពត ។ ចំណែក​កូនស្រី​ដែល​ដេញ​លោកយាយ​ចេញពីផ្ទះ​ឈ្មោះ អាន អិត អាយុ​៤៨​ឆ្នាំ ។

លោកយាយ​បាន​ប្រាប់ «​កោះសន្តិភាព​» កាលពី​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៦​ថា កូនស្រី​បង្កើត​របស់​គាត់​ឈ្មោះ អាន អិត បាន​បណ្តេញ​គាត់​ជា​ម្តាយ​ឲ្យ​ចុះ​ចេញពីផ្ទះ​រយៈពេល​១៥​ឆ្នាំ​ហើយ តាំងពី​ប្តី​របស់​គាត់​បាន​ស្លាប់​ចោល​ម្ល៉េះ ដែល​ការ​បណ្តេញ​ចេញពីផ្ទះ​នេះ​លោកយាយ​មិន​បាន​យក​អ្វី​នោះ​ទេ ហើយ​ផ្ទះ​ដែល​កូនស្រី និង​ប្តី​របស់​គេ​រស់នៅ​សព្វ​ថ្ងៃនេះ​គឺជា​ផ្ទះ​របស់​គាត់​ទេ រួម​ទាំង​ដីស្រែ​ផង តែ​ឯកសារ​ដូច​ជា​បង្កាន់ដៃ ប្លង់​ដី នៅ​លើ​ដៃ​គាត់ ពេល​គាត់​ចុះ​ភ្ជួរស្រែ​កូនប្រសា និង​កូនស្រី​បង្កើត​តែងតែ​ប្រើ​ហិង្សា​ដាក់​គាត់​ទើប​គាត់​មិន​ហ៊ាន​ទៅ​ធ្វើ​ទៀត  ។

លោកយាយ អៀម ហ៊ិ​ន បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា គាត់​បាន​សុំ​ដីស្រែ​មួយ​កន្លែង​ទុក​សម្រាប់​ជីវិត​ចុង​ក្រោយ​របស់​គាត់​ដែរ ប៉ុន្តែ​កូនស្រី​រូប​នោះ​មិន​ព្រមឱ្យ​គាត់​ទេ ។ ម្យ៉ាងទៀត​លោកយាយ​ក៏​បាន​ទៅ​ប្តឹង​ទាមទារ​ឱ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ​រក​ខុស​ត្រូវ​ដែរ តែ​រហូត​មក​ដល់​ពេល​នេះ​រយៈពេល​១៥​ឆ្នាំ​ហើយ នៅ​តែ​មិន​អាច​ដោះស្រាយ​បាន​ទៀត ។

ស្ត្រី​ម្នាក់​ឈ្មោះ អាន អូន អាយុ​៥១​ឆ្នាំ ជា​កូនស្រី​បង្កើត​របស់​លោកយាយ អៀម ហ៊ិ​ន បាន​ឲ្យ​ដឹង​ដែរ​ថា ប្អូនស្រី​គាត់​ឈ្មោះ អាន អិត បាន​ចោទប្រកាន់​ថា គាត់​ជា​អ្នក​ញុះញង់​ឱ្យ​ម្តាយ​ចុះ​ចេញពីផ្ទះ ហើយ​ចង់បាន​ទ្រព្យកេរ​ម្តាយ ។ ស្ត្រី​រូប​នោះ​និយាយ​ទាំង​ទឹកភ្នែក​ថា មិន​គួរ​ប្អូនស្រី​ធ្វើបាប​ម្តាយ​ថ្នាក់​ហ្នឹង​សោះ សូម​អាជ្ញាធរ​ថ្នាក់​ខេត្ត​-​ស្រុក​មេត្តា​ជួយ​ដោះស្រាយ​បញ្ចប់​ជម្លោះ​នេះ​ផង បើ​មិន​ដោះស្រាយ​ទេ​នោះ ​អាច​នឹង​មាន​អំពើ​ហិង្សា​កើតឡើង​នៅ​ថ្ងៃ​ណាមួយ​មិន​ខាន​ឡើយព្រោះ​តែ​ផ្ទះ​នៅ​ជាប់គ្នាគ្រាន់តែបាំងរបង​ស័ង្កសី​ប៉ុណ្ណោះ ។

ចំណែក​ស្ត្រី​ឈ្មោះ  អាន អិត ជា​កូនស្រី​ពៅ​ដែល​បាន​រង​ការ​ចោទប្រកាន់​ថា​បាន​ដេញ​ម្តាយ​ខ្លួន​ចេញពីផ្ទះ បាន​ប្រាប់​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​២២ ខែ​វិ​ច្ឆ​កា​ដែរ​ថា ស្រែ​ម្តាយ​មាន​ចំណែក​ហើយ តែ​គាត់​លក់​អស់ហើយ ម្តាយ​ខ្ញុំ​នេះ​ជឿ​តាម​បង​ៗ ។

លោកស្រី ប៉ែន សុ​វ​ណ្ណា​រី មេឃុំ​ទូក​មាស​ខាងលិច បានឱ្យ​ដឹង​ថា ទំនាស់​ផ្ទៃក្នុង​គ្រួសារ​លោកយាយ អៀម ហ៊ិ​ន និង​កូន​ៗ​នោះ ពិតជា​ពិបាក​ណាស់ ហើយ​ការ​ចោទ​ថា លោក​មេឃុំ​ធ្វើ​ប្លង់​ដី​ទៅ​ឱ្យ​កូនស្រី​ឈ្មោះ អាន អិត នោះ​មិន​ពិត​ទេ ព្រោះ​ដី​មាន​ទំនាស់​នរណា​ហ៊ាន​ចេញ​ប្លង់​ឱ្យ​នោះ ។

ទោះបីជា​យ៉ាងណា រឿង​នេះ​មិន​ទាន់​ដោះស្រាយ​បញ្ចប់​ជម្លោះ​នៅឡើយ​ទេ ហើយ​ត្រូវ​បាន​ប្រជាពលរដ្ឋ​នៅ​ម្តុំ​នោះ​និយាយ​ថា បើ​មិន​ដោះស្រាយ​បញ្ចប់​ជម្លោះ​ឆាប់​ៗ​ទេ​នោះ​អាច​នឹង​ផ្ទុះ​ការ​បង្ហូរឈាម​ជា​មិន​ខាន​ឡើយ ព្រោះ​ផ្ទះ​ភាគី​ជម្លោះ​នៅ​ជិត​គ្នា​បង្កើយ​(​ជាប់​គ្នា​)​ដោយ​គ្រាន់តែ​បាំង​ស័ង្កសី​ធ្វើ​ជា​ជា​របង​ប៉ុណ្ណោះ ៕