ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​លើកទឹកចិត្ត​វិនិយោគិន​10​ចំណុច​ដើម្បី​ជំរុញ​ការ​វិនិយោគ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ដើម្បី​លើកទឹកចិត្ត​ដល់​វិនិយោគិន​បរទេស​មក​វិនិយោគ​នៅ​កម្ពុជា​ឲ្យ​កាន់តែ​ច្រើន​ឡើង​បន្ថែម​ទៀត​នោះ រាជរដ្ឋាភិបាល​តាម​រយៈ​ក្រសួងពាណិជ្ជកម្ម​បាន
ផ្តល់​ឱកាស​ដល់​វិនិយោគិន​ចំនួន​១០​ចំណុច

រាជធានី​ភ្នំពេញ ៖ ដើម្បី​លើកទឹកចិត្ត​ដល់​វិនិយោគិន​បរទេស​មក​វិនិយោគ​នៅ​កម្ពុជា​ឲ្យ​កាន់តែ​ច្រើន​ឡើង​បន្ថែម​ទៀត​នោះ រាជរដ្ឋាភិបាល​តាម​រយៈ​ក្រសួងពាណិជ្ជកម្ម​បាន
ផ្តល់​ឱកាស​ដល់​វិនិយោគិន​ចំនួន​១០​ចំណុច បូក​ទាំង​ភាព​អនុគ្រោះ​ទីផ្សារ​បរទេស ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម ។

ថ្លែង​ក្នុង​ពិធី​ជំនួប​ពាណិជ្ជកម្ម​រវាង​ធុរជន​កម្ពុជា និង​ចិន មក​ពី​ខេត្ត​ស៊ី​ឈួ​ន នា​រសៀល​ថ្ងៃ​ទី​២១ វិច្ឆិកា នៅ​ណា​ហ្គា​វើ​ល លោក កឹ​ម ស៊ី​ថន រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម ឲ្យ​ដឹង​ថា កម្ពុជា​បាន​ផ្តល់​ឱកាស​សម្រាប់​វិនិយោគិន ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​លើកទឹកចិត្ត​ចំនួន​១០​ចំណុចរួម​មាន ៖ ១-​ពន្ធលើប្រាក់ចំណេញ កម្ពុជា​យក​យ៉ាងច្រើន​បំផុត​២០%​ប៉ុណ្ណោះ ។ ២-​ការ​បន្ធូរបន្ថយ​មិន​យក​ពន្ធលើប្រាក់ចំណេញ មាន​រហូត​ដល់​៩​ឆ្នាំ ។ ៣-​មិន​យកពន្ធ​នាំ​ចេញ​-​នាំ​ចូល​ក្នុង​ពេល​កំពុង​អនុវត្ត​គម្រោង ។ ៤-​កម្ពុជា មិន​រើសអើង និង​មិន​ប្រកាន់ពូជសាសន៍ ។ ៥-​កម្ពុជា​មិន​មានការ​បែងចែក​តំបន់​ពាណិជ្ជកម្ម ។ ៦-​កម្ពុជា​មិន​គ្រប់គ្រង​តម្លៃ​លើ​ផលិតផល និង​សេវា​របស់​អស់លោក ។ ៧-​កម្ពុជា​មិន​ត្រួតពិនិត្យ​លើ​អត្រា​ប្តូរ​ប្រាក់ ។ ៨-​កម្ពុជា​មិន​កំណត់​លក្ខខណ្ឌ​នៃ​ការ​បញ្ចូល​ទុន​ចេញ​-​ចូល និង​ការ​ត្រឡប់​ទៅ​វិញ​នូវ​ប្រាក់​ចំណេញ ។ ៩-​កម្ពុជា​មិន​កំណត់​ទំហំ​ពាណិជ្ជកម្ម និង​១០-​កម្ពុជា​អនុញ្ញាត​ជួល​ដី​រយៈពេល​វែង​ដល់​អ្នក​វិនិយោគ ។

សម្រាប់​ភាព​អនុគ្រោះ​ទីផ្សារ​បរទេស​វិញ លោក​រដ្ឋលេខាធិការ​ឲ្យ​ដឹង​ទៀត​ថា កម្ពុជា​ទទួល​បាន​ភាព​អនុគ្រោះ​ពាណិជ្ជកម្ម​ពី​សហគមន៍ អឺរ៉ុប (EBA) និង​ទទួល​បាន​ភាព​អនុគ្រោះ​ពាណិជ្ជកម្ម (MFN/ GSP) ពី​បណ្តា​ប្រទេស​ជា​ច្រើន​លើ​សកលលោក​ជាង​៣០​ប្រទេស​ដូច​ជា ៖ អូស្ត្រាលី បារាំង អា​ល្លឺ​ម៉​ង់ កា​ណា​ដា សហរដ្ឋអាមេរិក ចិន និង​កូរ៉េ​ជាដើម ។

លោក កឹ​ម ស៊ី​ថន បាន​ឲ្យ​ដឹង​ទៀត​ថា ប្រទេស​ចិន និង​កម្ពុជា គឺជា​មិត្ត​ដ៏​ជិត​ស្និទ្ធ និង​គួរ​ជាទី​ទុកចិត្ត​បំផុត ។ ក្នុង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ពាណិជ្ជកម្ម ប្រមុខ​ដឹកនាំ​ប្រទេស​ទាំង​ពីរ​បាន​ដាក់​ចេញ​នូវ​ផែនការ​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ឲ្យ​សម្រេច​បាន​៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​នៅ​ក្នុង​ឆ្នាំ​២០១៧ ខាង​មុខ​នេះ ។ 

លោក​ថ្លែង​បញ្ជាក់​ថា ៖ « តាម​ការ​អនុវត្ត​ជាក់ស្តែង ពាណិជ្ជកម្ម​សរុប​រវាង​កម្ពុជា​និង​ចិន ក្នុង​ឆ្នាំ​២០១៥ សម្រេច​បាន​ចំនួន​៤.៣៣១ លាន​ដុល្លារ កើនឡើង​១៥,១៩% បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៤ មាន​ចំនួន​៣.៧៦០​លាន​ដុល្លារ ។ សម្រាប់​ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​ប្រទេស​ចិន​ក្នុង​ឆ្នាំ​២០១៥ មាន​ចំនួន​៤០៥​លាន​ដុល្លារ ថយ​ចុះ​១៥,៦៣% ប្រៀបធៀប​នឹង​ឆ្នាំ​២០១៤ មាន​ចំនួន​៤៨០​លាន​ដុល្លារ ។ ការ​នាំ​ចូល​របស់​កម្ពុជា​ពី​ចិន​ក្នុង​ឆ្នាំ​២០១៥ មាន​ចំនួន ៣.៩២៦​លាន​ដុល្លារ កើនឡើង​១៩,៧០%  ប្រៀបធៀប​នឹង​ឆ្នាំ​២០១៤ មាន​ចំនួន​៣.២៨០​លាន​ដុល្លារ » ។

លោក​សង្កត់ធ្ងន់​ថា ក្នុង​ក្របខ័ណ្ឌ​នៃ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស ផ្អែក​តាម​ការ​កត់ត្រា​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា រយៈពេល​៥​ឆ្នាំ​ជាប់​ៗ​គ្នា​ពី​ឆ្នាំ​២០១១ ដល់​ឆ្នាំ​២០១៥ ចិន​ជា​ប្រទេស​បាន​ដាក់​វិនិយោគទុន​ច្រើន​ជាងគេ​នៅ​កម្ពុជា ដោយ​បាន​បោះទុន​វិនិយោគ​សរុប​ប្រមាណ​៤,៩​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​នោះ​ការ​វិនិយោគ​របស់​ចិន​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស មាន​ចំនួន​ប្រមាណ​៥៦០​លាន​ដុល្លារ ។

សម្រាប់​ជំនួយ និង​ការ​វិនិយោគ​កម្ពុជា​ទទួល​បាន​កំណើន​វិនិយោគ​យ៉ាងច្រើន​ពី​ចិន ដូច​ជា ហេដ្ឋារចនាសម្ព័ន្ធ ថាមពល គម្រោង​បច្ចេកវិទ្យា​ព័ត៌មាន​និង​ទូរគមនាគមន៍ និង​ការ​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​ពាណិជ្ជកម្ម  កសិកម្ម និង​ទេសចរណ៍​ផង​ដែរ ។

គួរ​បញ្ជាក់​ថា ពិធី​ជំនួប​ពាណិជ្ជកម្ម​រវាង ធុរជន​កម្ពុជា និង​ចិន​មក​ពី​ខេត្ត​ស៊ី​ឈួ​ន មានការ​ចូលរួម​ពី​បណ្តា​ក្រុមហ៊ុន​វិនិយោគិន​ចិន និង​កម្ពុជា ជាង​២០០​នាក់  ៕