ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ក្រុម​គោព្រៃ​កម្ពុជា​អាច​បំបែក​កំណត់​ត្រា​យកឈ្នះ​ម្ចាស់ផ្ទះ​មី​យ៉ា​ន់​ម៉ា​បាន​ឬ​អត់​នៅ​ល្ងាចស្អែក​នេះ?

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ទោះបី​ចាញ់​ក្រុម​ខ្លា​ម៉ា​ឡេ​ស៊ី​២-៣ នៅ​ថ្ងៃ​បើក​ឆាក​ដំបូង​នៃ​ពានរង្វាន់ AFF Suzuki Cup 2016 ក្តី ក៏​ក្រុម​គោព្រៃ​កម្ពុជា​មិន​បាក់ទឹកចិត្ត​ឡើយ​ពេល​ជួប​ក្រុម
ម្ចាស់ផ្ទះ​មី​យ៉ា​ន់​ម៉ា​នា​ល្ងាច​ថ្ងៃ​ទី​២៣ វិច្ឆិកា នេះ

រាជធានី​ភ្នំពេញ ៖ ទោះបី​ចាញ់​ក្រុម​ខ្លា​ម៉ា​ឡេ​ស៊ី​២-៣ នៅ​ថ្ងៃ​បើក​ឆាក​ដំបូង​នៃ​ពានរង្វាន់ AFF Suzuki Cup 2016 ក្តី ក៏​ក្រុម​គោព្រៃ​កម្ពុជា​មិន​បាក់ទឹកចិត្ត​ឡើយ​ពេល​ជួប​ក្រុម
ម្ចាស់ផ្ទះ​មី​យ៉ា​ន់​ម៉ា​នា​ល្ងាច​ថ្ងៃ​ទី​២៣ វិច្ឆិកា នេះ នៅ​កីឡដ្ឋាន Thuwunna YTC Stadium ស្ថិត​នៅ​ក្នុង​ទីក្រុង Yangon ប្រទេស​មី​យ៉ា​ន់​ម៉ា ។

ជាក់ស្តែង​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្សែប្រយុទ្ធ​ប្រាក់ មុន្នី​ឧត្តម បាន​សរសេរ​បង្ហោះ​នូវ​ពាក្យពេចន៍​ដ៏​មាន​ន័យ បន្ទាប់​ពី​ក្រុម​គោព្រៃ​កម្ពុជា​ចាញ់​ក្រុម​ខ្លា​ម៉ា​ឡេ​ស៊ី​ថា​៖ «​ថ្ងៃនេះ​ពួក​យើង​ព្រម​ទទួល​ពាក្យ​បរាជ័យ​ក្នុង​ការ​ប្រកួត​ថ្ងៃនេះ ប៉ុន្តែ​ពួក​យើង​មិន​ព្រម​ទទួល​ពាក្យ​ប្រមាថ​ដែល​ធ្វើ​ឱ្យ​ក្រុម​ទាំងមូល​បាក់ទឹកចិត្ត​នោះ​ទេ ពួក​យើង​នឹង​តស៊ូ​ឱ្យ​ដល់ទី​បញ្ចប់​ដើម្បី​ប្រទេស​ជាតិ​របស់​ពួក​យើង​» ។ ទន្ទឹម​នឹង​ការ​បង្ហោះ​ពាក្យពេចន៍​ដ៏​មាន​ន័យ​នេះ ក៏​មាន​អ្នកគាំទ្រ​ជា​ច្រើន​បាន​បញ្ចេញមតិ​គាំទ្រ និង​កែតម្រូវ​ចំពោះ​ទម្រង់​លេង​របស់​ក្រុម​គោព្រៃ​កម្ពុជា​ផង​ដែរ ។ មតិ​ភាគច្រើន​បាន​លើក​ឡើង​ថា ការ​ប្រកួត​លើក​នេះ​ក្រុម​ទាំងមូល​ធ្វើ​បាន​ល្អ​ច្រើន ជា​ពិសេស​ខ្សែបម្រើ និង​ខ្សែប្រយុទ្ធ តែ​អ្វី​ដែល​ជា​ចំណុចខ្សោយ
ធ្វើ​ឱ្យ​ចាញ់​គេ​នោះ​គឺ​នៅ​ត្រង់​ប្រព័ន្ធ​ការពារ​ដែល​មាន​កង្វះខាត​ច្រើន​ធ្វើ​ឱ្យ​គូប្រកួត​មានឱកាស​វាយបក​វិញ ។ ប៉ុន្តែ​លោក​Lee Tae Hoon គ្រូបង្វឹក​ក្រុម​គោព្រៃ​កម្ពុជា​បាន​លើកយក​បញ្ហា​អាកាសធាតុ​ធ្វើ​ជា​មូលហេតុ​ដែល​នាំ​ឱ្យ​ក្រុម​របស់​លោកលេង​មិន​បាន​តាម​គម្រោង​ដែល​បាន​រៀបចំទុក និង​កីឡាករ​ខ្សោយ​ផ្នែក​ស្មារតី​ក្នុង​ការ​យកឈ្នះ​ពេល​ជួប​ក្រុម​ដែល​មាន​សមត្ថភាព​ខ្លាំង​ជាង​។ ទោះបី​យ៉ាងណា​លោក​ទទួលស្គាល់​ថា នេះ​ជា​បទ​ពិសោធន៍​ថ្មី​របស់​ក្រុម​គោព្រៃ​កម្ពុជា​ក្នុង​ការ​ឈាន​មក​ដល់​វគ្គ​នេះ​។

មុន​ការ​ប្រកួត​ចាប់ផ្តើម​នៅ​ល្ងាច​នេះ លោក Lee Tae Hoon បាន​ថ្លែង​ថា យើង​ខក​ខានមិនបាន​ឡើង​ដល់​វគ្គ​នេះ​យូរហើយ ។ នេះ​ជា​ឱកាស​ដ៏​ល្អ​ដែល​យើង​បាន​ជួប​ក្រុម​ខ្លាំង​ជា​ច្រើន​នៅ​ក្នុង​តំបន់ ។ ពិត​ណាស់ គ្រប់ការ​ប្រកួត​ទាំងអស់​មិនមែន​ជា​រឿង​ងាយស្រួល​ឡើយ ព្រោះ​គូប្រជែង​សុទ្ធតែ​មាន​សមត្ថភាព​ខ្ពស់​ជាង​យើង ។ លោក​គិត​ថា ការ​ប្រកួត​ល្ងាច​នេះ​ពិតជា​សំខាន់ និង​លំបាក​មែនទែន ព្រោះ​យើង​ត្រូវ​ជួប​ក្រុមម្ចាស់ផ្ទះ​មី​យ៉ា​ន់​ម៉ា​ដែល​មាន​ប្រៀប​ជាង​យើង និង​កំពុង​ស្រេកឃ្លាន​ជ័យជម្នះ​យ៉ាង​ខ្លាំង បន្ទាប់​ពី​ចាញ់​មួយ​ប្រកួត​ដូច​យើង​ដែរ ។ ទោះបី​យ៉ាងណា លោក​នឹង​ព្យាយាម​ឱ្យ​អស់ពី​លទ្ធភាព​ដើម្បី​ដឹកនាំ​ក្រុម​គោព្រៃ​កម្ពុជា​ស្វែងរក​៣​ពិន្ទុ​ឱ្យ​បាន​ដើម្បី​បន្ត​ក្តី​សង្ឃឹម​ឆ្ពោះទៅ​វគ្គ​បន្ត ក៏​ដូច​ជា​បំបែក​កំណត់​ត្រា​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​កម្ពុជា​យកឈ្នះ​ក្រុម​ខ្លាំង​មួយ​នេះ​ឱ្យ​បាន​ដើម្បី​បំពេញចិត្ត​អ្នកគាំទ្រ ។

ចំណែក​គ្រូបង្វឹក​ក្រុម​ខ្លា​ម៉ា​ឡេ​ស៊ី លោក Ong Kim Swee បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទម្រង់លេង​របស់​ក្រុម​គោព្រៃ​កម្ពុជា​ថា​ពិតជា​ខ្លាំងមិនធម្មតា ។ ការ​ថ្លែង​បែប​នេះ​ហាក់ដូចជា​លោកកំពុង​ផ្ញើ​សារ​ប្រាប់​ទៅ​ក្រុម​ម្ចាស់ផ្ទះ​មី​យ៉ា​ន់​ម៉ា និង​វៀតណាម​ថា ជំនួប​ជាមួយ​ក្រុម​គោព្រៃកម្ពុជា​ពេល​នេះ​មិនមែន​ជា​រឿង​ងាយស្រួល​ដូចមុន​ឡើយ​។

ដូច្នេះ សូម​រង់ចាំ​ទស្សនា​ទាំងអស់​គ្នា​នៅ​លើ កញ្ចក់​ទូរទស្សន៍​បាយ័ន​ព័ត៌មាន (BTV News) នៅ​វេលា​ម៉ោង​៦ និង​៣០​នាទី​ល្ងាច​នេះ ថា​តើ​ក្រុម​គោព្រៃ​កម្ពុជា​អាច​បំបែក​កំណត់​ត្រា​យកឈ្នះ​ក្រុម​ម្ចាស់ផ្ទះ​មី​យ៉ា​ន់​ម៉ា​បាន​ឬ​យ៉ាងណា? យោង​តាម​ប្រវត្តិ​ជួប​គ្នា​ចំនួន​៦​លើក​រវាង​ក្រុម​ទាំង​ពីរ​បង្ហាញ​ឱ្យ​ឃើញ​ថា ក្រុម​គោព្រៃ​កម្ពុជា​មិន​ដែល​ឈ្នះ​សោះ ចាញ់​៥ និង​ស្មើ​១ ៕