ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខំ​ប្តឹងប្អូនថ្លៃនិងប្តីចុង​ រឿងប៉ងរំលោ.ភនិងគំរាម​សម្លា.ប់​

7 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ ​អ្នកគ្រូ​បង្រៀន​ម្នាក់​បាន​អះអាង​ប្រាប់​តាម​ទូរស័ព្ទ​ថា​ គាត់​​​នាំ​កូនស្រី​​ទៅ​ដាក់​ពាក្យបណ្តឹង​ ប្តឹង​ជនសង្ស័យ​​ជា​ប្អូនថ្លៃ​ និង​ប្តី​ចុង​ដល់​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ ពី​បទ​ប៉ុនប៉ង​រំលោ.ភ​សេព​សន្ថវៈលើ​​កូនស្រី ​និង​គំរាម​សម្លា.ប់​ ។

ខេត្តបន្ទាយមានជ័យ ៖ អ្នកគ្រូ​បង្រៀន​ម្នាក់​បាន​អះអាង​ប្រាប់​តាម​ទូរស័ព្ទ​ថា គាត់​នាំ​កូនស្រី​ទៅ​ដាក់​ពាក្យបណ្តឹង ប្តឹង​ជនសង្ស័យ​ជា​ប្អូនថ្លៃ និង​ប្តី​ចុង​ដល់​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ពី​បទ​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​លើ​កូនស្រី និង​គំរាម​សម្លាប់ ។

អ្នកគ្រូ​ខាងលើ​មានឈ្មោះ​ទាក់ ហាក់ អាយុ​៤៧​ឆ្នាំ ជា​គ្រូបង្រៀន​នៅ​សាលា​បឋម​សិក្សា​ហ៊ុន សែន សុ​ភី និង​មាន​ទីលំនៅ​ក្នុងភូមិ
ភ្នំ​កន្ទួត សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ។

ជុំវិញ​ករណី​ដឹក​ដៃ​កូន​ទៅ​ដាក់​ពាក្យបណ្តឹង​ដល់​សាលាដំបូង​ខេត្ត ដើម្បី​ទាមទារ​រក​យុត្តិធម៌​នេះ អ្នកគ្រូ​បាន​រៀបរាប់​ឱ្យ​ដឹង​ថា កាល ពី​វេលា​ម៉ោង​១០ និង​៣០​នាទី​យប់​ថ្ងៃ​ទី​២០ កញ្ញា ២០១៦ កន្លង​មក នៅ​ភូមិ​២ សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ខណៈ​គាត់​និង​ប្តី​ចុង​កំពុង​ក្រាល​កម្រាលពូក​ក្នុង​បន្ទប់ ទុក​កូនស្រី​អាយុ​១១​ឆ្នាំ (​ជា​កូន​ប្តី​ដើម​) ឱ្យ​ដេក​លើ​ប៉ាវ​អ៊ី មើល​ទូរទស្សន៍​មុខ​ផ្ទះ ស្រាប់ តែ​កូនស្រី​ស្រែ​កថា «​ម៉ែអើយ ពុក​អើយ​ជួយ​ផង​» ។

ពេល​គាត់​ចេញ​ទៅ​មើល ស្រាប់តែ​កូនស្រី​ប្រាប់​ថា ពូ​វា​ឡើង​ទ្រោប​ពីលើ​ប្រុង​រំលោភ ។ អ្នកគ្រូ​ដដែល​នេះ​បន្ត​ថា នៅ​ថ្ងៃ​ដដែល គាត់​បាន​ទៅ​ដាក់​បណ្តឹង​នៅ​ការិយាល័យ​ព្រហ្ម​ទ​ណ្ទ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ឱ្យ​ចាប់​ជនសង្ស័យ​មក​ផ្តន្ទាទោស និង​ទាម ទារ​សំណង​ជា​ទឹកប្រាក់​ចំនួន​២,៥០០​ដុល្លារ​អា​មេ​រិ​ក ។

គាត់​បន្ត​ថា ក្រោយ​ដាក់​បណ្តឹង​ជនសង្ស័យ​ជា​ប្អូនថ្លៃ​ឈ្មោះ​ឡំ សំ​អឿ​ន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ក៏​ត្រូវ​សមត្ថកិច្ច​កា​រិ​យា​ល័​ព្រហ្ម ទណ្ឌ ហៅ​សួរនាំ​នៅ​ព្រឹក​ថ្ងៃ​ទី​២៤ តែ​ដោយ​ខ្លាច​ប្រឈម​និង​ផ្លូវច្បាប់​ជាប់គុក​ជាប់​ច្រ​វ៉ា​ក់​នោះ ជនសង្ស័យ​ក៏​សុំ​ធ្វើការ​សម្រប សម្រួល ដោយ​ព្រម​បង់ប្រាក់​ចំនួន​២,៥០០​ដុល្លារ តាម​ការ​ទាមទារ ។ ហើយ​ថែម​ទាំង​ធ្វើ​កិច្ចសន្យា​សង​សំណង​នោះ​ដែរ ចំពោះ​មុខ​សមត្ថកិច្ច​នៅ​ការិយាល័យ​ព្រហ្មទណ្ឌ​នោះ ។

លុះ​ព្រឹក​ថ្ងៃ​ទី​២៥ ជា​ថ្ងៃ​ណាត់ជួប​គ្នា​ទទួល​សំណង ស្រាប់តែ​មិនឃើញ​ជនសង្ស័យ មក​តាម​ការ​ណាត់ជួប​នោះ​ទេ ។ មិនតែ ប៉ុណ្ណោះ ប្តី​ចុង​គាត់​ឈ្មោះ​ឡំ ផល្លា អាយុ​៤៧​ឆ្នាំ ទំនងជា​កាន់ជើង​ប្អូន​ខ្លួនឯង ក៏​គំរាម​គាត់​នៅ​មុខ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ថា បើ​ឯង​ចង់បាន​លុយ​២៥០០$​ហ្នឹង ថ្ងៃក្រោយ​និង​បាត់​ខ្លួន​ហើយ ធ្វើ​ឱ្យ​គាត់​សម្រេច​ចាក​ចេញពីផ្ទះ​ខាង​ប្តី នាំ​កូន​មក​រស់នៅ​ផ្ទះ​ខ្លួនឯង ក្នុងភូមិ​ភ្នំ​កន្ទួត​សង្កាត់​ក្រុង​កើតហេតុ​វិញ ។

អ្នកគ្រូ​ខាងលើ​បន្ត​ថា ដោយ​ខ្លាច​មិន​ទទួល​បាន​នៅ​ភាព​យុត្តិធម៌ ទើប​នៅ​ថ្ងៃ​ទី​២៨ កញ្ញា ២០១៦ គាត់​ដឹក​ដៃ​កូនស្រី​ឈ្មោះ​បូ​កល្យាណី អាយុ​១១​ឆ្នាំ ទៅ​ដាក់​បណ្តឹងទាមទារ​រក​យុត្តិធម៌ នៅ​សាលាដំបូង​ខេត្ត ។ អ្នកគ្រូ​ភឿ​ង សុ​ផា បង្រៀន​នៅ​សាលា​បឋម​សិក្សា​ហ៊ុន សែន​សុ​ភី ប្រាប់​តាម​ទូរស័ព្ទ​ថា ឈ្មោះ​ឡំ ផល្លា ពិតជា​បាន​ប្រើ​ពាក្យ​គំរាម​អ្នកគ្រូ​ទាក់ ហាក់ និង​មុខ​គាត់​មែន ។

ចំពោះ​ការ​លើក​ឡើង​ថា ជនសង្ស័យ​សុំ​សម្រួល​ជា​សំណង​២៥០០$ និង​មាន​ធ្វើ​កិច្ចសន្យា​សង​ប្រាក់​ផង​នោះ ត្រូវ​បាន​មន្ត្រី​ជំនាញ​នៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ធ្វើការ​បដិសេធ​ថា មិន​មាន​ដូច​ការ​ចោទប្រកាន់​ទេ ហើយ​ថា​បណ្តឹង​នោះ ខាង​ការិយាល័យ​របស់​លោក បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ហើយ ។

បើ​ទោះជា​មានការ​បដិសេធ​ពី​មន្ត្រី​ជំនាញ ប៉ុន្តែ​មន្ត្រី​នគរបាល​បម្រើ​ការងារ​នៅ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ម្នាក់​ប្រាប់​តាម​ទូរស័ព្ទ​ថា ជនសង្ស័យ​ពិតជា​បាន​សុំ​សម្របសម្រួល និង​ធ្វើ​កិច្ចសន្យា​សង​ប្រាក់​២៥០០​ដុល្លារ​ពិតប្រាកដ​មែន គាត់​ក៏​ជា​អ្នក​ធ្វើ​សាក្សី​ដឹង​ឮ​ផង​ដែរ ។

ជុំវិញ​បណ្តឹង​របស់​គ្រួសារ​រង​គ្រោះ​ខាងលើ នាយក​ក្រឡាបញ្ជី​នៃ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ លោក​សួន រតនា ប្រាប់​កោះ សន្តិភាព​ តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃ​ទី​២២ វិច្ឆិកា ២០១៦​ថា បណ្តឹង​នោះ​បាន​ដល់​សាលាដំបូង​មែន​។