ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ប៉ុស្តិ៍​លេខ​5​ប្រាប់​ហេតុផល​ពី​ការ​ប្តូរ​ថ្ងៃ​ប្រកួត​TV5 Knock Out Series​រដូវ​កាល​ទី​2

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ចប់​ការ​ប្រកួត​ជើងឯក​ព្រឹត្តិការណ៍​TV5 Knock Out Series​កាលពី​ថ្ងៃអាទិត្យ​ទី​៦ វិច្ឆិកា ស្ថាប័ន​ប៉ុស្ដិ៍​លេខ​៥​បាន​ប្រកាស​បើក​ព្រឹត្តិការណ៍​នេះ​សម្រាប់​រដូវ​កាល​ទី​២​ភ្លាម ដោយ​មាន​កីឡាករ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ចប់​ការ​ប្រកួត​ជើងឯក​ព្រឹត្តិការណ៍​TV5 Knock Out Series​កាលពី​ថ្ងៃអាទិត្យ​ទី​៦ វិច្ឆិកា ស្ថាប័ន​ប៉ុស្ដិ៍​លេខ​៥​បាន​ប្រកាស​បើក​ព្រឹត្តិការណ៍​នេះ​សម្រាប់​រដូវ​កាល​ទី​២​ភ្លាម ដោយ​មាន​កីឡាករ​ទម្ងន់​៦០​កី​ឡូ​ក្រាម​ចំនួន​៣២​រូប​ចូលរួម ។ ទោ​បី​យ៉ាងណា ការ​ប្រកួត​មួយ​នេះ​ត្រូវ​គេ​ឃើញ​ប្ដូរ​ពី​ថ្ងៃអាទិត្យ​ដែល​មាន​អ្នក​ទស្សនា​កកកុញ មក​ថ្ងៃ​សៅរ៍ វិញ​ខណៈ​មន្ត្រី​ជា​អ្នក​ទទួល​បន្ទុក​បាន​បញ្ជាក់​ឱ្យ​ដឹង​ពី​មូលហេតុ​នៃ​ការ​ផ្លាស់​ប្ដូរ​នេះ ។

លោក សេង ក​ដិ​កា អ្នក​រៀបចំ​ការ​ប្រកួត​ប្រចាំ​ប៉ុស្ដិ៍​លេខ​៥​បាន​អះអាង​ថា មិនមែន​ជា​លើក​ទី​១​នោះ​ទេ​ដែល​ប៉ុស្ដិ៍​លេខ​៥​បាន​រៀបចំ​កម្មវិធី​ប្រដាល់​ក្នុង​ទ្រង់ទ្រាយ​ធំ​បែប​នេះ ហើយ​រូបមន្ត​ប្រកួត​ក៏​មាន​លក្ខណៈ​ខុស​គេ​គឺ​៣២​រូប​ប្រកួត​គ្នា​ចាញ់​ធ្លាក់​ៗ​រហូត​រក​ឃើញ​អ្នក​ខ្លាំង​តែ​ម្នាក់​ដើម្បី​កាន់​តំណែង​ជើងឯក ។ ធៀប​នឹង​ការ​ប្រដាល់​ដណ្ដើម​ជើងឯក​នៅ​តាម​សង្វៀន​ស្ថានីយទូរទស្សន៍​ផ្សេង លោ​កថា​សមាសភាព​ចូលរួម​គឺ​សុទ្ធតែ​មាន​សមត្ថភាព ហើយ​ជា​កីឡាករ​វ័យក្មេង​រហូត​ដល់​៣២​រូប​ឱ្យ​ឡើង​ប្រកួត​គ្នា ។ លោក​ថា ការ​ប្រកួត TV5 Knok Out Series រដូវ​កាល​ទី​១ គឺជា​ការ​ប្រកួត​ដណ្ដើម​ជើងឯក​ក្នុង​ប្រភេទ​ទម្ងន់​៥៥​គីឡូក្រាម ទើប​ការ​ប្រកួត​សម្រាប់​រដូវ​កាល​ថ្មី គឺ​សមាសភាព​ចូលរួម​មិនមែន​ជា​កីឡាករ​ដដែល ជា​កីឡាករ​ថ្មី​ទម្ងន់​៦០​គីឡូក្រាម ។ បើ​ទោះជា​ព្រឹត្តិការណ៍ TV5 Knock Out Series ទើបតែ​ដំណើរការ​បាន​២​លើក ប៉ុន្តែ​លោក​ថា​ការ​ប្រកួត​ដែល​មាន​រូ​ម​មន្ត​ជម្រើស​យក​កីឡាករ​ថ្មី​ចាស់​រហូត​ដល់​៣២​រូប​ឱ្យ​ឡើង​ប្រកួត​គ្នា​ចាញ់​ធ្លាក់​ៗ​ប្រភេទ​នេះ គឺ​បាន​ធ្វើ​ឡើង​ច្រើន​សា​មក​ហើយ​នៅ​ប៉ុស្ដិ៍​លេខ​៥ ។ លោក​ថា ការ​ប្រកួត​មួយ​នេះ​សម្រេច​លើក​ពេល​ពី​ថ្ងៃអាទិត្យ មក​ដាក់​ថ្ងៃ​សៅរ៍ ដោយសារ​តែ​ប៉ុស្ដិ៍​លេខ​៥​មាន​គម្រោង​រៀបចំ​ការ​ប្រគំ​តន្ត្រី​នៅ​យប់​ថ្ងៃអាទិត្យ​ជា​រៀង​រាល់ស​ប្ដា​ហ៍​ក្នុង​ពេល​ខាង​មុខ ។ លោក​ថា ថ្ងៃអាទិត្យ និង​ថ្ងៃ​សៅរ៍ មិន​មាន​បញ្ហា​ខុស​គ្នា​នោះ​ទេ ប៉ុន្តែ​អ្វី​ដែល​ខុស​គ្នា​គឺ​កម្មវិធី​ក្រោយ​លើក​មក​កាន់​ថ្ងៃ​ផ្សេង​ពី​អ្វី​ដែល​ធ្លាប់​បាន​ប្រកួត គឺ​ត្រូវ​ប្រើ​ពេល​យូរ​ដើម្បី​កៀងគរ​អ្នក​ទស្សនា​ជា​ថ្មី ជា​ពិសេស​បញ្ជ្រាប​អារម្មណ៍​អ្នក​តាមដាន​ឱ្យ​ប្ដូរ​ពី​ទស្សនា​តាម​ទម្លាប់​រៀងរាល់ថ្ងៃ​អាទិត្យ មក​មើល​នៅ​ថ្ងៃ​សៅរ៍​វិញ ។ លោក​និយាយ​ថា ប៉ុស្ដិ៍​លេខ​៥ មិន​មាន​គម្រោង​បើក​ការ​ប្រកួត​នៅ​ថ្ងៃអាទិត្យ​ជំនួស​ឱ្យ​កម្មវិធី​ចាស់​បាន​ទេ ក្នុង​ពេល​ដែល​ស្ថាប័ន​នេះ​នឹង​យក​ម៉ោង​ល្ងាច​ថ្ងៃអាទិត្យ​ទៅ​ធ្វើ​តន្ត្រី​បន្ត​ផ្ទាល់ ហើយនឹង​ធ្វើ​រាល់​អាទិត្យ​ដើម្បី​ឱ្យ​អ្នក​ទស្សនា​មានឱកាស​បាន​កម្សាន្ត​ជាមួយ​បទ​ភ្លេង​ជា​ជំនួស ។ លោក​នៅ​តែ​មានការ​រំពឹង​ថា​ព្រឹត្តិការណ៍ TV5 Knock Out Series រដូវ​កាល​ទី​២​នឹង​ទទួល​បានការ​ចាប់អារម្មណ៍ ដោយសារ​តែ​ព្រឹត្តិការណ៍​មួយ​នេះ​មាន​សមាសភាព​កីឡាករ​ប្រភេទ​៦០​គីឡូក្រាម​៣២​រូប​ឡើង​ប្រកួត​គ្នា ។

លោក សេង ក​ដិ​កា បាន​អះអាង​ថា វគ្គ​ថ្មី​របស់​ព្រឹត្តិការណ៍​មួយ​នេះ បាន​បើក​ដំណើរការ​កាលពី​ថ្ងៃ​សៅរ៍​ទី​១៩ វិច្ឆិកា ដោយ​មាន​កីឡាករ​៤​រូប​ក្នុង​ចំណោម​៣២​រូប​ប្រកួត​គ្នា​ចាញ់​ធ្លាក់​ៗ​នៅ​លើ​សង្វៀន ។ លោក​ថា បើ​ទោះជា​ចំនួន​អ្នក​ទស្សនា​នៅ​មិន​ទាន់​បាន​ស្មើ​ជាមួយ​ព្រឹត្តិការណ៍​ដែល​ធ្លាប់​ធ្វើ​នៅ​រៀងរាល់ថ្ងៃ​អាទិត្យ ប៉ុន្តែ​មិនយូរ​ប៉ុន្មាន​គឺ​អ្នក​ទស្សនា​នឹង​ដឹង ហើយ​វិល​មក​គាំទ្រ​សម្រាប់​ថ្ងៃ​សៅរ៍​ក្រោយ​ការ​ផ្លាស់​ប្ដូរ​។ លោក​មិន​មាន​អារម្មណ៍​សោកស្ដាយ​ដែល​ការ​ប្រកួត​ថ្ងៃអាទិត្យ​មាន​ភាព​អំណោយផល​ត្រូវ​បាន​ផ្លាស់​ចេញ​មក​ដាក់​ថ្ងៃ​សៅរ៍​នោះ​ទេ ដោយសារ​តែ​រៀងរាល់ថ្ងៃ​សៅរ៍​នៅ​ក្នុង​តំបន់​ជ្រោយចង្វា​ជាប់​សាកលវិទ្យាល័យ​ន័​រ​តុ​ន​នោះ ក៏​ជា​ថ្ងៃ​សម្រាក​ហើយ​មាន​អ្នក​ទស្សនា​មិន​តិច​ដូច​គ្នា។ បើ​ទោះជា​អះអាង​ថា ព្រឹត្តិការណ៍​ប្រដាល់​កាលពី​ថ្ងៃ​សៅរ៍​មួយ​ត្រូវ​បាន​បិទ​ចោល ដោយសារ​តែ​ហេតុផល​ខ្វះ​ការ​គាំទ្រ​ដូច​គ្នា​នឹង​រាល់ថ្ងៃ​អាទិត្យ ក៏​លោក​បញ្ជាក់​ថា ការ​ប្រកួត​ជម្រុះ​៣២​រូប​ចាញ់​ធ្លាក់​ៗ​មាន​ភាព​ទាក់ភ្នែក​ជាង បើ​ធៀប​នឹង​ការ​ប្រកួត​មិត្តភាព និង​ដណ្ដើម​ជើងឯក​អន្តរជាតិ​នា​ពេល​កន្លង​មក ដែល​បាន​បិទ​ចោល​សម្រាប់​ថ្ងៃ​សៅរ៍ ។ លោក​រំពឹង​ថា កម្មវិធី TV5 Knock Out Series ដែល​បាន​ប្ដូរ​ពេល​ទៅ​ថ្ងៃ​សៅរ៍​នេះ នឹង​មាន​អ្នក​ទស្សនា​ដូច​គ្នា​នឹង​ការ​ធ្វើ​នៅ​ថ្ងៃអាទិត្យ ខណៈ​ដែល​ថ្ងៃ​បើក​ឆាក​លោក​ថា​ក៏​មាន​អ្នក​ទស្សនា​ច្រើន​ផង​ដែរ បើ​ធៀប​នឹង​ការ​រៀបចំ​ដែល​ធ្លាប់​ធ្វើ​ឡើង​នៅ​រាល់ថ្ងៃ​អាទិត្យ ។

ពាក់ព័ន្ធ​នឹង​រូបមន្ត​ប្រកួត លោក​ថា កីឡាករ​ទាំង​៣២​រូប​ត្រូវ​កំណត់​ឱ្យ​ចាប់​គូ​គ្នា ហើយ​ឡើង​ប្រកួត​ចាញ់​ធ្លាក់​ៗ​ជា​ដំណាក់​ៗ​រហូត​នៅ​សល់​តែ​២​រូប​ចុង​ក្រោយ ដើម្បី​ប្រជែង​គ្នា​យក​ពាន​ជើងឯក និង​ប្រាក់​លាន​ស្មើនឹង​៤​ពាន់​ដុល្លារ ។ ការ​ប្រកួត​លើក​ទី​១ គឺ​តម្រូវ​ឱ្យ​ជម្រុះ​យក​១៦​នាក់​ដើម្បី​បន្ត​ទៅ​ប្រកួត​ជម្រុះ​យក​៨​នាក់​នៅ​វគ្គ​ទី​២ និង​ជម្រុះ​យក​៤​នាក់​ចុង​ក្រោយ​បន្ត​ទៀត ទៅ​កាន់​វគ្គ​ផ្ដាច់ព្រ័ត្រ ដើម្បី​ដណ្ដើម​យក​ចំណាត់ថ្នាក់​លេខ​១ ដល់​លេខ​៤ ។ លោក​ថា មិន​មាន​ព្រឹត្តិការណ៍​ណាមួយ​ដែល​មាន​សមាសភាព​ចូល​ប្រកួត​រហូត​ដល់​៣២​រូប ហើយ​កំណត់​ឱ្យ​ប្រកួត​ចាញ់​ធ្លាក់​ៗ​បែប​ហ្នឹង​នោះ​ទេ ទើប​លោក​នៅ​តែ​យល់​ឃើញ​ថា ការ​លើក​ពេល​មក​ធ្វើ​ថ្ងៃ​សៅរ៍ គឺ​រឹតតែ​មាន​អ្នក​ទស្សនា​កកកុញ ៕