រាជធានីភ្នំពេញ ៖ អង្គការលីកាដូ បានចេញសេចក្តីប្រកាសព័ត៌មានមួយនាថ្ងៃទី៨ មីនា ឱ្យដឹងថា ចំនួនស្ត្រី និងក្មេងស្រីនៅក្នុងពន្ធនាគារបានកើនឡើងចំនួន៤១% ចាប់តាំងពីឆ្នាំ២០០៧មក ។ ជាមួយគ្នានេះដែរ អ្នកទោសសរុបបានកើនដល់ចំនួន២៩% ដោយបន្ថែមពីលើស្ថានភាពចង្អៀតស្រាប់នៃលទ្ធភាពផ្ទុករបស់ពន្ធនាគារក្នុងអំឡុងពេលដូចគ្នា ។ សេចក្តីប្រកាសព័ត៌មានបន្តថា នៅចុងឆ្នាំ២០១០ ចំនួនអ្នកទោសជាស្ត្រីបានកើនឡើងដល់៩៤១នាក់ ក្នុងទូទាំងប្រទេសកម្ពុជា ។ ក្នុងចំណោមអ្នកទោសជាស្ត្រីទាំងអស់មាន១២នាក់ ជាស្ត្រីមានផ្ទៃពោះ ហើយមានកុមារចំនួន៤៧នាក់កំពុងរស់នៅជាមួយម្តាយក្នុងពន្ធនាគារ ។
អង្គការលីកាដូ និងអង្គការជាដៃគូកំពុងរៀបចំទិវាអន្តរជាតិនារីឆ្នាំនេះ ដោយផ្តោតការចាប់អារម្មណ៍ទៅលើស្ថានភាពស្ត្រី និងកុមារនៅក្នុងពន្ធនាគារ ។ អង្គការលីកាដូ និងដៃគូនឹងចែកអំណោយដែលមានអាហារ និងសំភារប្រើប្រាស់ដល់ស្ត្រីជាអ្នកទោស និងអំណោយបន្ថែមពិសេសដល់ស្ត្រីមានផ្ទៃពោះ និងកុមារតាមម្តាយនៅក្នុង១៨ពន្ធនាគារ និងមានកម្មវិធីពិសេសនៅមជ្ឈមណ្ឌលកែប្រែទី២ (ម២) និងពន្ធនាគារតាខ្មៅ ។ កម្មវិធីនៅមជ្ឈមណ្ឌលកែប្រែទី២ និងពន្ធនាគារតាខ្មៅ មានការសម្តែងរបាំបុរាណ ការលេងល្បែងកំសាន្ត ក៏ដូចជាចំណាប់អារម្មណ៍របស់វាគ្មិនទាក់ទងនឹងទិវាអន្តរជាតិនារី ។
ជាមួយនឹងស្ថានភាពចង្អៀតណែន ដែលកើតមានឡើងស្រាប់នោះ ភាពខ្វះខាតនៃថវិកាដ៏តិចតួចស្រាប់របស់ពន្ធនាគារសម្រាប់ស្ត្រី ជាពិសេសស្ត្រីដែលមានកូននៅជាមួយតែងតែកើតមានឡើង ដោយសារតែប្រព័ន្ធមិនដំណើរការ។
លោកស្រីវេជ្ជបណ្ឌិត ពុង ឈីវកេក បានមានប្រសាសន៍ថា ប្រព័ន្ធពន្ធនាគារនៅប្រទេសកម្ពុជា មិនទាន់មានលទ្ធភាពផ្តល់ឱ្យទៅតាមតម្រូវការរបស់មាតា និងកុមារនៅឡើយ ។ ការព្យាបាលសុខភាព និងចំណីអាហារមិនទាន់បានគ្រប់គ្រាន់ ចំណែកឯទឹកមិនទាន់បានស្អាតនៅឡើយ ហើយមានឱកាសតិចតួចណាស់់ សម្រាប់ការសិក្សា ។ ជាអកុសល មាតាជាច្រើនមិនមានជម្រើសផ្សេងក្រៅពីការបង្ខំចិត្តយកកូនទៅនៅជាមួយនៅក្នុងពន្ធនាគារ ។
នៅមានបញ្ហាផ្សេងៗទៀត ក្រៅពីបញ្ហារបស់ស្ត្រី និងកុមាររស់នៅជាមួយម្តាយ ។ ដោយសារតែទំហំនៃទីកន្លែងមានកំណត់ ពន្ធនាគារខ្លះក៏នៅមានការលំបាកក្នុងការបែងចែកឱ្យនៅដាច់ដោយឡែក ពីគ្នារវាងស្ត្រីនិងបុរស ។ ប្រព័ន្ធពន្ធនាគារក៏បានធ្វើឱ្យមានការលំបាកផងដែរ ដោយសារតែមន្ត្រីពន្ធនាគារជាស្ត្រីមានចំនួនតិច ពោលគឺបានតែ១០%ប៉ុណ្ណោះ ក្នុងចំណោមមន្ត្រី២.០៤៣នាក់ ដែលកំពុងធ្វើការនៅពន្ធនាគារនៅទូទាំងប្រទេសកម្ពុជា ៕
ចែករំលែកព័តមាននេះ