ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ទាមទារ​ឱ្យ​ភាគី​ថៃ ផ្តន្ទាទោស​ពួក​សន្តិសុខ វាយ​ពលរដ្ឋ​ខ្មែរ​របួសធ្ងន់

7 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ សមត្ថកិច្ច​កម្ពុជា និង​សមត្ថកិច្ច​ថៃ បាន​ជួប​គ្នា​កាលពី​ថ្ងៃ​ទី​១៩ វិច្ឆិកា នៅ​ក្បែរ​ច្រក​ទ្វា​អន្តរជាតិ​ដូង ក្នុងស្រុក​កំ​រៀង

ខេត្តបាត់ដំបង ៖ សមត្ថកិច្ច​កម្ពុជា និង​សមត្ថកិច្ច​ថៃ បាន​ជួប​គ្នា​កាលពី​ថ្ងៃ​ទី​១៩ វិច្ឆិកា នៅ​ក្បែរ​ច្រក​ទ្វា​អន្តរជាតិ​ដូង ក្នុងស្រុក​កំ​រៀង ដើម្បី​រក​ដំណោះស្រាយ​ក្នុង​សំណុំរឿង​ដែល​ក្រុមសន្តិសុខ​ថៃ ប្រើ​ហិង្សា​ទៅ​លើ​ពលករ​ខ្មែរ​៣​នាក់​បណ្ដាល​ឲ្យ​របួស តែ​ភាគី​ថៃ​នៅ​មិន​ទាន់​ឆ្លើយ​តប​តាម​ការ​ទាមទា​របស់​ភាគី​ខ្មែរ​នៅឡើយ​ទេ​។ នេះ​បើ​តាម​ការ​ផ្ដល់​ព័ត៌មាន​ពី​លោក គឹ​ម ពន្លក អធិការ​នគរបាល​ស្រុក​កំ​រៀង ។

លោក​គឹ​ម ពន្លក អធិការ​នគរបាល​ស្រុក​កំ​រៀង បាន​ថ្លែងប្រាប់​កោះសន្តិភាព​នៅ​ព្រឹក​ថ្ងៃ​ទី​២០ វិច្ឆិកា​ថា ជុំវិញ​សំណុំរឿង​អំពើ​ហិង្សា​ដ៏​ឃោរឃៅ ដែល​បង្ក​ឡើង​ដោយ​ក្រុម​សន្តិសុខ​ថៃ​ខាងលើ​នេះ លោកស្នងការ​ខេត្ត​បាន​មាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​រហូត​ទាមទារ​ដាច់ខាត ស្នើ​ឲ្យ​ភាគី​ថៃ​ត្រូវ​តែ​ចាត់ការ​លើ​ជន​ដៃដល់​តាម​ផ្លូវច្បាប់​។ លោក​អធិការ​និយាយ​ថា ក្រោយ​ពី​ផ្ទុះ​នូវ​អំពើ​ហិង្សា​បាន​មួយ​ថ្ងៃ ភាគី​ខ្មែរ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា ដើម្បី​រក​ដំណោះស្រាយ​តាម​ផ្លូវច្បាប់​។ លោក​បញ្ជាក់​ថា ការ​ជួប​រក​ដំណោះស្រាយ​នោះ លោកស្នងការ​ខេត្ត​បាន​ដាក់​ចេញ​នូវ​គោលការណ៍​៣​ចំណុច​ទៅ​ភាគី​ថៃ ។

គោលការណ៍​ទាំង​៣​ចំណុច​នោះ​រួម​មាន ៖
១-​ទាមទារ​ឲ្យ​ភាគី​ថៃ​ចាត់វិធានការ​ទៅ​លើ​ក្រុម​សន្តិសុខ​ថៃ ដែល​ព្រួត​គ្នា​វាយ​ពលករ​ខ្មែរ​នោះ​តាម​ផ្លូវច្បាប់ ដោយ​គ្មាន​ការ​លើកលែង
២-​ទាមទារ​ឲ្យ​ភាគី​ថៃ​បញ្ឈប់​ការ​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ពលរដ្ឋ​ខ្មែរ ដែល​ឆ្លង​ដែន​ទៅ​ធ្វើការ ឬ​ប្រកប​របរ​ក្នុង​ទឹកដី​ថៃ
៣-​ទាមទារ​ឲ្យ​ជន​ដៃដល់​ត្រូវ​បង់​សំណង​ដោយ​ផ្ទាល់​ដល់​ជន​រង​គ្រោះ ។ ប៉ុន្តែ​លោក​ថា ភាគី​ថៃ​បាន​ទទួលយក​លក្ខខណ្ឌ​ពី​ភាគី​ខ្មែរ​ហើយ តែ​រហូត​មក​ដល់​ត្រឹម​ព្រឹក​ថ្ងៃ​ទី​២០ វិច្ឆិកា ភាគី​ថៃ​នៅ​មិន​ទាន់​ឆ្លើយ​តប​តាម​ការ​ទាមទារ​នេះ​នៅឡើយ​ទេ ។

សូម​បញ្ជាក់​ថា កម្លាំង​សន្តិសុខ​ថៃ​២​នាក់ ក្នុង​ចំណោម​ជិត​១០​នាក់ ត្រូវ​បាន​ចោទប្រកាន់​ថា បាន​ប្រើ​ហិង្សា​យ៉ាង​ឃោរឃៅ​ទៅ​លើ​ពលករ​ខ្មែរ​ចំនួន​៣​នាក់ បណ្ដាល​ឲ្យ​រង​របួសធ្ងន់ កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៨ វិច្ឆិកា នៅ​ផ្សារ​ឡែ​ម​(​ក្នុង​ដី​ថៃ​) ស្ថិត​ក្នុងភូមិ​ឡែ​ម ឃុំ​ទេព​និ​មិ្ម​ត ស្រុក​ពោង​ណាំ​រ៉​ន ខេត្ត​ច័​ន្ធ​បុរី ប្រទេស​ថៃ ទល់មុខ​ច្រក​ទ្វា​អន្តរជាតិ​ដូង ស្រុក​កំ​រៀង ។

បើ​តាម​របាយការណ៍​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ក្រុម​សន្តិសុខ​ថៃ​ទាំងនោះ បាន​ប្រើ​ដំបង​ព្រួត​វាយ​សំពង​ពលករ​ខ្មែរ ខណៈ​មានការ​ប៉ះទង្គិច​គ្នា​ដោយ​ពាក្យ​សំដី ពេល​ក្រុម​ពលករ​ខ្មែរ​ផឹកស៊ី​ស្រវឹង​ស្រែក​ឡូឡា​នៅ​ក្បែរ​ហាង​លក់ដូរ​មួយ​កន្លែង​ក្នុង​ផ្សារ​ថៃ ។ ការ​វាយដំ​ទៅ​លើ​ពលករ​ខ្មែរ​នោះ គ្មាន​នរណា​ហ៊ាន​ចូល​ជួយ​អន្តរ​គម​ន៍​ទេ ប្រៀប​ដូច​ជា​ទុក​ឲ្យ​ក្រុម​សន្តិសុខ​ថៃ​វាយ​សំពង​ខ្មែរ​តាម​ចិត្ត ដែល​នាំ​ឲ្យ​ពលករ​ខ្មែរ​ទាំង​៣​នាក់​នោះ​រង​របួសធ្ងន់ ។ ជន​រង​គ្រោះ​ទាំង​៣​នាក់​នោះ ១-​ឈ្មោះ​ជា គង់ ភេទ​ប្រុស​អាយុ​៤៦​ឆ្នាំ របួស​ក្បាល ២-​ឈ្មោះ​រឿ​ត សា​រ៉​ន ភេទ​ប្រុស​អាយុ​៣៦​ឆ្នាំ របួស​ក្បាល និង​៣-​ឈ្មោះ​ញ៉ា​ន រ៉េ​ត ភេទ​ស្រី​អាយុ​២៩​ឆ្នាំ ពួក​គេ​រស់នៅ​ភូមិ​អូរ​តា​គី ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល ។

ពាក់ព័ន្ធ​នឹង​ករណី​ថៃ​វាយដំ​ខ្មែរ​នេះ​ដែរ បើ​តាម​ពលរដ្ឋ​ខ្មែរ​ដែល​ចេញចូល​រកស៊ី​ក្នុង​ទឹកដី​ថៃ បាន​និយាយ​ថា នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ ដែល​ពលរដ្ឋ​ខ្មែរ​រង​គ្រោះ​ដោយសារ​ស្នាដៃ​ក្រុម​សន្តិសុខ​ថៃ​ខាងលើ​នេះ ។ ពលរដ្ឋ​ខ្មែរ​និយាយ​ថា ក្រុម​សន្តិសុខ​ថៃ ដែល​ល្បី​ខាង​វាយដំ​ខ្មែរ គឺ​មាន​ម្នាក់​ឈ្មោះ​ដប ហើយ​ឈ្មោះ​ដប​នេះ តាម​ពិតជា​ជនជាតិ​ខ្មែរ​ទេ មានស្រុក​កំណើត​នៅ​ស្រុក​ប​វេ​ល តែ​ជន​វង្វេងជាតិ​នេះ​បាន​ទៅ​រស់នៅ​ក្នុង​ទឹកដី​ថៃ​ច្រើន​ឆ្នាំ​ហើយ រហូត​បាន​ធ្វើ​ជា​សន្តិសុខ​យាម​ផ្សារ​នៅ​ថៃ​នោះ​តែ​ម្ដង ។ ប៉ុន្តែ​កន្លង​មក​ពលរដ្ឋ​ខ្មែរ​ដែល​រង​ការ​វាយដំ​ពី​ក្រុម​សន្តិសុខ​ថៃ មិន​ដែល​ទទួល​បាន​យុត្តិធម៌​ទេ ដោយសារ​តែ​អាជ្ញាធរ​ខ្មែរ​ហាក់​ធ្វើ​ប្រ​ងើយ​កន្តើយ​ចំពោះ​បញ្ហា​ដែល​កើត​មាន​កន្លង​មក ។ ដូច្នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​ភាគី​ថៃ​ហ៊ាន​ធ្វើបាប​ពលរដ្ឋ​ខ្មែរ​តាម​ទំនើងចិត្ត ។ ទោះជា​យ៉ាងណា​សង្ឃឹមថា ករណី​សន្តិសុខ​ថៃ​វាយ​ពលករ​ខ្មែរ​ឲ្យ​របួសធ្ងន់​នា​ពេល​នេះ ត្រូវ​បានការ​យកចិត្តទុកដាក់​ពី​អាជ្ញាធរ​ខ្មែរ​ជា​មិន​ខាន ដោយ​មិន​ទុក​ឱ្យ​ហេតុការណ៍​នេះ​កន្លង​ហួស​ទៅ​ដោយ​គ្មាន​ការ​តវ៉ា​នោះ​ឡើយ ព្រោះ​បើ​នាំ​គ្នា​ធ្វើ​ចិត្ត​ត្រជាក់​តទៅ​ទៀត ច្បាស់​ជា​ការ​រំលោភ​បំពាន​ដដែល​ៗ​នឹង​កើត​មាន​ជា​ថ្មី​ទៀត​មិនខាន ៕

  • ពលករ​ខ្មែរ​ម្នាក់​ត្រូវ​បាន​ថៅកែ​ថៃ​បាញ់​សម្លាប់​នៅ​ខេត្ត​ស្រះ​កែវ

ខេត្តបន្ទាយមានជ័យ ៖​ ពលករ​ខ្មែរ​ម្នាក់​តាម​ប្រភព​ព័ត៌មាន​ថា​ត្រូវ​ថៅកែ​ថៃ​បាញ់​សម្លាប់ ហើយ​សាកសព​ត្រូវ​គេ​បញ្ជូន​ឱ្យ​សាច់ញាតិ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត នៅ​វេលា​ម៉ោងជាង​៦​ល្ងាច​ថ្ងៃ​ទី​១៩ វិច្ឆិកា បន្ទាប់​ពី​មុន​នេះ​មួយ​ថ្ងៃ​ពលករ​៤​នាក់ ត្រូវ​ក្រុម​សន្តិសុខ​ផ្សារ​ឡែ​ម​ក្នុង​ខេត្ត​ចាន់​បូ​រី​ឈម​ទឹកដី​កម្ពុជា​ច្រក​ទ្វារ​អន្តរជាតិ​ដូង​ស្រុក​កំ​រៀង ខេត្តបាត់ដំបង វាយ​ឱ្យ​របួស​ធ្ង​ន់-​ស្រាល​យ៉ាង​ព្រៃផ្សៃ ។

ជន​រង​គ្រោះ​ដោយ​អំពើ​រ​បាញ់ប្រហារ​ពី​ថៅកែ​ថៃ​ឈ្មោះ​សរ ងី ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជា​កម្មករ​ស៊ីឈ្នួល​ដក​ដំឡូង​លើទឹកដី​ថៃ​នៅ​ខេត្ត​ស្រះ​កែវ និង​មាន​ទីលំនៅ​ក្នុងស្រុក​អង្គរជុំ ខេត្តសៀមរាប ។ គេ​មិន​ទាន់​ដឹង​ពី​មូលហេតុ​ដែល​ឈាន​ដល់​ការ​បាញ់​សម្លាប់​ពលករ​ខ្មែរ​នោះ​ទេ ប៉ុន្តែ​បើ​យោង​តាម​របាយការណ៍​របស់​មន្ត្រី​ស្ថាន​កុងស៊ុល​ខ្មែរ​ប្រចាំ​ខេត្ត​ស្រះ​កែវ​ប្រទេស​ថៃ​បញ្ជាក់​ថា ដោយសារ​មាន​ទំនាស់​នឹង​គ្នា​កាលពី​ម៉ោង​៩​យប់​ថ្ងៃ​ទី​១៨ វិច្ឆិកា ។

មក​ទល់​ម៉ោង​ជិត​៥​ល្ងាច​ថ្ងៃ​ទី​២០ វិច្ឆិកា កោះសន្តិភាព​នៅ​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​លម្អិត​នៅ​ឡើ​យ ដោយ​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​លោក​ប៊ុ​ន សុខ​វិបុល អគ្គ​កុងស៊ុល​ខ្មែរ​ប្រចាំ​ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ បាន​ទេ​ព្រោះ​ទូរស័ព្ទ​មិន​ចូល ។

ចំណែក​មន្ត្រី​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ​ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​លោក​វរសេនីយ៍ទោ​សៅ​វាសនា​អះអាង​ថា លោក​មិន​ទាន់​ដឹង​លម្អិត​ពី​កន្លែង​កើ​ត​ហេតុ និង​មូលហេតុ​ទេ ដឹង​ត្រឹមតែ​ជន​រង​គ្រោះ​មាន​ជម្លោះ​ជាមួយ​ថៅកែ​ថៃ​ទើ​ប​គេ​បាញ់​សម្លាប់ ។

ទោះជា​យ៉ាងណា​ក៏​ដោយ​កោះសន្តិភាព​ទទួល​បាន​ព័ត៌មាន​ពី​ខេត្ត​ស្រះ​កែវ​ប្រទេស​ថៃ​មក​ថា ហេតុការណ៍​នោះ​កើ​ត​ឡើ​ង​នៅ​ស្រុក​វ៉ា​ត់​ថា​ណា​ណា​ក់​ខន ហើយ​ជនល្មើស​ត្រូវ​សមត្ថកិច្ច​ថៃ​ចាប់ខ្លួន​ហើ​យ ៕