ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Nintendo ចង់​ចេញ​ហ្គេ​ម Super Mario លើ​ទូរស័ព្ទ​នា​ថ្ងៃ​ទី​15 ធ្នូ ខាង​មុខ

7 ឆ្នាំ មុន

ចក្រភព​អង់គ្លេស ៖ ក្រុមហ៊ុន Nintendo នឹង​ចេញ​ហ្គេ​ម Super Mario Run សម្រាប់​ទូរស័ព្ទ iPhone និង iPad នៅ​ទូ​ទាំង​ពិភពលោក នា​ថ្ងៃ​ទី​១៥ ធ្នូ ខាង​មុខ ។ ការ​ចេញ​ហ្គេ​ម​នេះ គឺជា​ព្រឹត្តិការណ៍​មួយ​ដែល​មាន

ចក្រភព​អង់គ្លេស ៖ ក្រុមហ៊ុន Nintendo នឹង​ចេញ​ហ្គេ​ម Super Mario Run សម្រាប់​ទូរស័ព្ទ iPhone និង iPad នៅ​ទូ​ទាំង​ពិភពលោក នា​ថ្ងៃ​ទី​១៥ ធ្នូ ខាង​មុខ ។ ការ​ចេញ​ហ្គេ​ម​នេះ គឺជា​ព្រឹត្តិការណ៍​មួយ​ដែល​មានការ​រង់ចាំ​ពី​មនុស្ស​ជា​ច្រើន​បន្ទាប់​ពី​ហ្គេ​ម Pokemon Go ។

វា​ជា​ហ្គេ​ម​ទូរស័ព្ទ​ដំបូង​ដែល​មាន​តួអង្គ​ដ៏​ល្បីល្បាញ​របស់​ក្រុមហ៊ុន Nintendo ហើយនឹង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ទាញ​យក​ដោយ​ឥត​គិតថ្លៃ ខណៈ​ការ​ទិញ​ដាច់​តម្លៃ​៩,៩៩​ដុល្លារ​ដើម្បី​ទទួល​បាន​ផ្នែក​ទាំងអស់​នៃ​ហ្គេ​ម​នេះ ។ ក្រុមហ៊ុន​បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​កាលពី​ថ្ងៃ​អង្គា​រថា ហ្គេ​ម Super Mario Run នឹង​មាន​ជា​ភាសា​អង់គ្លេស ជប៉ុន និង​ភាសា​ជា​ច្រើន​ទៀត​ផង​ដែរ ។

លោក Neil Campling អ្នកវិភាគ​ក្នុង Northern Trust Capital Markets បាន​ឲ្យ​ដឹង​ថា ការ​ទាក់ទាញ​អ្នកលេង​តាម​រយៈ​ការ​ទាញ​យក​ដោយ​ឥត​គិតថ្លៃ និង​មានការ​ទិញ​ដាច់​នេះ គឺជា​យុទ្ធសាស្ត្រ​មួយ​ដ៏​ល្អ​របស់ Nintendo ។ មាន​ហ្គេ​ម​ជោគជ័យ​ជា​ច្រើន​ដូច​ជា Clash of Clans របស់​ក្រុមហ៊ុន Supercell Oy ដែល​ប្រើប្រាស់​យុទ្ធសាស្ត្រ​ស្រ​ដៀង​គ្នា​នេះ​ដែរ បាន​ប្រទះ​ឃើញ​អ្នកលេង​ចំណាយ​ប្រាក់​១០០​ដុល្លារ​ជា​រៀង​រាល់​ឆ្នាំ ។ តម្លៃ​របស់​ហ្គេ​ម Super Mario Run ធ្វើ​ឲ្យ​អ្នកលេង​គិត​ថា ពួក​គេ​ទទួល​បាន​ចំណេញ។

គួរ​បញ្ជាក់​ថា Super Mario Run គឺជា​ហ្គេ​ម​ស្មា​ត​ហ្វូ​ន​លើក​ទី​១ ដែល​រួម​មាន​តួអង្គ​ដ៏​ល្បីល្បាញ​របស់​ក្រុមហ៊ុន Nintendo ។ លោក Shigeru Miyamoto ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​អ្នក​ដែល​បង្កើត​ហ្គេ​ម Mario ថែម​ទាំង​បាន​បង្ហាញ​ពី​ការ​លេង​ហ្គេ​ម​ថ្មី​នេះ​នា​ខែកញ្ញា​កន្លង​មក ក្នុង​កម្មវិធី​ប្រចាំឆ្នាំ​របស់​ក្រុមហ៊ុន Apple ។

ការ​ចេញ​ហ្គេ​ម​ថ្មី​នេះ នឹង​ប្រព្រឹត្ត​ទៅ​បន្ទាប់​ពី​ហ្គេ​ម​ដ៏​ជោគជ័យ​គឺ Pokemon Go ត្រូវ​បាន​បង្កើត​ឡើង​សម្រាប់​ប្រព័ន្ធ iOS និង Android ដោយ​ក្រុមហ៊ុន Niantic ក្នុង San Francisco រួម​ជាមួយ​ក្រុមហ៊ុន Nintendo ផង​ដែរ និង​មានការ​ទាញ​យក​រាប់រយ​លាន​ដង​ឯណោះ ។ នេះ​បើ​តាម​ក្រុមហ៊ុន​ផលិត​ហ្គេ​ម ។

ជាមួយ​គ្នា​នេះ វិនិយោគិន​ក៏​បាន​គាំទ្រ​ដល់​ការងារ​របស់​ក្រុមហ៊ុន Nintendo ទៅ​កាន់​ផ្នែក​ទូរស័ព្ទ​ដៃ​ផង​ដែរ ដោយ​បាន​ធ្វើ​ឲ្យ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​កើនឡើង​ច្រើន​ជាង​៤៨%​ក្នុងឆ្នាំនេះ ។ ក្រុមហ៊ុន Nintendo ក៏​មាន​គម្រោង​ចេញ​ហ្គេ​ម Animal Crossing និង Fire Emblem សម្រាប់​ទូរស័ព្ទ​នា​ខែមីនា ខាង​មុខ​ផងដែរ ៕​