ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សប្បុរស​ជប៉ុន​ជួយ​កសាង​អគារសិក្សា និង​បណ្ណាល័យ

7 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ អតីត​សាលា​បុណ្យ​ដែល​ត្រូវ​បាន​គេ​បោះបង់​ចោល​ជា​ច្រើន​ឆ្នាំ​មាន​សភាព​ចាស់​ផងនោះ​បាន​ក្លាយទៅជា​សាលារៀន​សម្រាប់​ផ្តល់​ចំណេះដឹង​ដល់​សិស្សានុ​សិស្ស​ដែល​មាន​ទីតាំង​ស្ថិតនៅ​

ខេត្តកំពង់ឆ្នាំង ៖   អតីត​សាលា​បុណ្យ​ដែល​ត្រូវ​បាន​គេ​បោះបង់​ចោល​ជា​ច្រើន​ឆ្នាំ​មាន​សភាព​ចាស់​ផងនោះ​បាន​ក្លាយទៅជា​សាលារៀន​សម្រាប់​ផ្តល់​ចំណេះដឹង​ដល់​សិស្សានុ​សិស្ស​ដែល​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ស្តុក​អាច​ម៌​រមាស ឃុំ​តាំងក្រសាំង ស្រុក​ទឹកផុស ។ ពិតជា​មានសំណាង​ត្រូវ​បាន​សប្បុរសជន​ប្រទេស​ជប៉ុន​ផ្តល់​អគារសិក្សា​១​ខ្នង សាងសង់​ពី​បេតុង​ប្រក់​ក្បឿង បន្ទប់ទឹក អណ្តូងទឹក ទោង​ក្មេង​លេង ព្រមទាំង​បណ្ណាល័យ​១​ខ្នង​ទៀត សម្រាប់​ដាក់​សៀវភៅ​ឲ្យ​សិស្ស​អាន ដើម្បី​បង្កើន​ចំណេះដឹង ។

លោក កោះ ច័ន្ទ​តារា នាយក​សាលា​បឋម​សិក្សា​ស្តុក​អាច​ម៌​រមាស មាន​ប្រសាសន៍​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៦​ថា រូប​លោក​បាន​ចំណាយ​ពេលវេលា​ច្រើន ដោយ​​ត្រូវធ្វើ​ដំណើរ​ចម្ងាយ​ផ្លូវ​ជាង​៧​គីឡូម៉ែត្រ ដើម្បី​ទៅ​បង្រៀន​សិស្ស​នៅ​សាលា​បឋម​សិក្សា​ខ្លុង​ពពក រយៈពេល​១៣​ឆ្នាំ​ក្រោយមក​ទៀត ក៏​បាន​សុំ​ទៅ​ការិយាល័យ​អប់រំ​ស្រុក​ទឹកផុស ដើម្បី​សុំ​មក​បង្រៀន​សិស្ស​នៅ​ក្បែរ​ផ្ទះ​វិញ ដើម្បី​ឲ្យ​មាន​លក្ខណៈ​ងាយស្រួល​បន្តិច​កុំ​ឲ្យ​នឿយហត់​ពេក ។

លោក កោះ ច័ន្ទ​តារា នាយក​សាលា​បឋម​សិក្សា​ស្តុក​អាច​ម៌​រមាស មាន​ប្រសាសន៍​បន្ត​ថា ក្នុង​អំឡុង​ឆ្នាំ​២០០៥ គឺ​រូប​លោក​បាន​ចាប់ផ្តើម​បង្រៀន​សិស្ស​មាន​តែ​១​ថ្នាក់​ទេ គឺ​ថ្នាក់​ទី​១ ក្រោម​ដំបូល​សាលា​បុណ្យ​ចាស់​ដែល​ត្រូវ​បាន​គេ​បោះបង់​ចោល​នោះ ។ ហើយ​បន្ត​មក​ដល់​ឆ្នាំ​២០០៦ សិស្ស​បាន​កើន​ដល់​ទៅ​២​ថ្នាក់​បង្រៀន​តែ​ម្នាក់ឯង ឆ្នាំ​២០០៧ បាន​កើន​ដល់​ទៅ​៣​ថ្នាក់ ខ្វះ​គ្រូបង្រៀន​ត្រូវ​បាន​ការិយាល័យ​អប់រំ​ស្រុកបាន​ផ្តល់​គ្រូ​ម្នាក់​ឲ្យ​មក​ជួយ​បង្រៀន ។ បន្ទាប់​មក​ទៀត​នៅ​ឆ្នាំ​២០១១ ក្នុង​ពេល​ដែល​រូប​លោក​កំពុងបង្រៀន​​សិស្ស​នោះ  ស្រាប់តែ​មាន​អ្នក​ទេសចរណ៍​ជនជាតិ​ជប៉ុន​១​ក្រុម បាន​ជិះ​កង់​កម្សាន្ត​លេង​កាត់​តាម​មុខ​សាលារៀន ដោយ​មាន​រថយន្ត​តួ​រី​ស​១​គ្រឿង​បើក​តាម​ពី​ខាងក្រោយ ប្រសិនណាបើ​ជិះ​កង់​អស់​កម្លាំង​ពេក​អាច​នឹង​ឡើង​ជិះ​រថយន្ត​អង្គុយ​ឲ្យ​បាន​ស្រួល​រួច​នឹង​បន្តដំណើរ​ទៅ​មុខ​ទៀត ។ តែ​នៅ​ពេល​ដែល​ជិះ​ហួស​សាលារៀន​បន្តិច បែរជា​អ្នក​ទេសចរណ៍​ជប៉ុន​នោះ បាន​នាំ​គ្នា​ត្រឡប់​មក​ក្រោយ​ដោយ​បាន​ឈាន​ជើង​ចូល​ក្នុង​សាលារៀន​របស់​លោក ដែល​មាន​សភាព​ចាស់​រខេករខាក ហាក់បីដូចជា​មាន​និស្ស័យ​ដោយ​បាន​សួរនាំ​រូប​លោក រួម​ទាំង​មាន​អ្នកបកប្រែ​ខ្មែរ​ម្នាក់​ផង​ដែរ​។ ក្នុង​ពេល​ដែល​សួរ​សំណេះ​សំ​ណា​ល​ចុះឡើង​ក៏​អ្នក​ទេសចរណ៍​ជប៉ុន បាន​សន្យា​នឹង​ផ្តល់​អគារសិក្សា​ថ្មី​១​ខ្នង​សាងសង់​អំពីបេតុង​ប្រក់​ក្បឿង​មាន​៥​បន្ទប់ ដោយ​មាន​សេចក្តី​ត្រេកអរ​ក្នុង​ចិត្ត​មិន​ថា ត្រឹមតែ​គ្រូ ក៏​ដូច​ជា​មាតាបិតាសិស្ស បាន​រៀបចំ​បែបបទ ដើម្បី​សុំ​ដី​ពី​អាជ្ញា​ពាក់ព័ន្ធ​ដែល​មាន​ទទឹង​ទំហំ​៦០​ម៉ែត្រ និង​បណ្តោយ​៧០ម៉ែត្រ រួម​ទាំង​កា​រិ​យ​ល័យ​អប់រំ​ស្រុក និង​ខេត្ត ។

១​ស​ប្តា​ហ៍​ក្រោយមក​បន្ទាប់​ពី​បាន​សន្យា​ក្រុម​សាងសង់​សាលារៀន​របស់​ជប៉ុន​បាន​ដឹក​សម្ភារ​មក ដើម្បី​ស្ថាបនា​សាលារៀន​១​ខ្នង​មែន នៅ​ថ្ងៃ​ទី​១៤ ឧសភា ២០១២ សាលារៀន​បាន​សង់​រួច​នឹង​ដាក់​ឲ្យ​សម្ពោធ​ជា​ផ្លូវការ ។ ដោយ​ឃើញ​នូវ​កង្វះខាត​នោះ​សមាគម​ជំនួយ​ខ្មែ​នៃ​សតវត្ស​ទី​២១    រួម​នឹង​សមាគម​ខូ​បិ​យូ​ណេ​ស្កូ​របស់​ជប៉ុន  បាន​បន្ត​ជួយ​បន្ថែម​ទៀត មាន​បន្ទប់ទឹក​បង្គន់​អានា​ម័​យ អណ្តូងស្នប់ ទោង​សម្រាប់​ក្មេង​ជិះ​លេង តារាង​បាល់ទាត់ និង​ចុង​ក្រោយ​បាន​ជួយ​ផ្តល់​បណ្តា​ល័យ​១​ខ្នង​ទៀត​ថ្មីស្រឡាង សម្រាប់​ដាក់​សៀវភៅ​ឲ្យ​សិស្ស​អាន ត្រូវ​បាន​ដាក់​សម្ពោធ​ឲ្យ​ប្រើប្រាស់​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ វិច្ឆិកា ២០១៦  រួម​ទាំង​ការ​ផ្តល់​នូវ​អាហារ​ថ្ងៃត្រង់​របស់​ជប៉ុន​ដែល​មាន​រស់ជាតិ​ឆ្ងាញ់​ផង សម្រាប់​ឲ្យ​សិស្ស​ទទួលទាន​ផង​ដែរ ។ រាល់ថ្ងៃ​ដោយ​មាន​កំណើន​សិស្ស​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​នោះ រូប​លោក​នូវ​មាន​កង្វះខាត​អគារសិក្សា​១​ខ្នង​ទៀត មាន​៣​បន្ទប់​សម្រាប់​ថ្នាក់​ម​ត្តេ​យ្យ​២​បន្ទប់ និង​ការិយាល័យ​១​បន្ទប់ ទើប​អាច​បំពេញតម្រូវការ​បាន​គ្រប់គ្រាន់​។

លោក កា​តូ​យុ ស៊ី​អុ  ប្រធាន​សមាគម​ខូ​ប​យូ​ណេ​ស្កូ មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា រូប​លោក​ធ្លាប់​បាន​ធ្វើដំណើរ​មក​កាន់​សាលា​បឋម​សិក្សា​ស្តុក​អាច​ម៌​រមាស​នេះ ចំនួន​៤​ទៅ​៥​ដង​មក​ហើយ ដើម្បី​ផ្តល់​នូវ​ស​មិទ្ធ​ផល​នានា​មានការ​ខ្វះខាត ទើបបាន​ត្រឡប់​ទៅ​ប្រទេស​ជប៉ុន​វិញ រៃ​អង្គាស​លុយ​ពី​ប្រជាជន​ជប៉ុននិង​សមាគម​របស់​លោក​បាន​លុយ​មក​កសាង​សាលារៀន ។ ហើយ​នៅ​ថ្ងៃនេះ (១៨  វិច្ឆិកា ២០១៦)  បាន​មក​សម្ពោធ​បណ្ណាល័យ​១​ខ្នង ជាមួយនឹង​សិស្ស​ជប៉ុន និង​សមាជិក​ក្រុមការងារ​១៩​នាក់ ក្នុង​ពេល​មក​ឃើញ​ស្នាម​ញញឹម​របស់​សិស្ស​តូច​ៗ រូប​លោក​ពិតជា​មាន​ក្តី​សប្បាយ​រីករាយ​។ ហើយ​សូម​ឲ្យ​ចៅៗ​ត្រូវ​តែ​ប្រឹងប្រែង​រៀនសូត្រ ក្នុង​ការ​អាន​សៀវភៅ​នៅ​បណ្ណាល័យ ជាមួយ​នោះ​សប្បុរស​ជន​ជប៉ុនបាន​ផ្តល់​ជូន​នូវ​អាហារ​ថ្ងៃត្រង់​ស្រស់ស្រូប​ជាមួយ​គ្នា​ផង​ដែរ ៕