ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​ដៃ​ដល់​ប្លន់​សម្លាប់​​ជន​ជាតិ​អ៊ីតាលី​ និង​លួច​​ត្រូវ​សមត្ថ​កិច្ច​ចាប់​ខ្លួន

15 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហនុ ៖ ជន​សង្ស័យ​ម្នាក់​​​​បាន​​ត្រូវ​សមត្ថ​កិច្ច​​​​​ការិយា​ល័យ​​កណ្តាល​នគរ​បាល​ព្រហ្ម​ទណ្ឌ​នៃ​ស្នង​ការ​ដ្ឋាន​ខេត្ត​ ឃាត់​ខ្លួន​កាល​ពីវេលា​ម៉ោង​៧​យប់ ថ្ងៃ​ទី​២១​ មីនា នៅ​ចំណុច​​ភូមិ​ថ្មី (ភូមិ​៣) សង្កាត់​​លេខ​៣ ក្រុង​ព្រះ​សីហនុ ពី​បទ​ចោរ​កម្ម​ និង​សម្លាប់​​ជន​ជាតិ​អ៊ីតាលី ។

យោង​​តាមលោក​វរ​សេនីយ៍​ត្រី​ ខេង សុផល ​អនុ​ប្រធាន​ការិយា​ល័យ​​​កណ្តាល​នគរ​បាល​ព្រហ្ម​ទណ្ឌ​​ខេត្ត​បាន​ឱ្យ​ដឹង​ថា ការ​ឃាត់​ខ្លួន​​នេះ គឺ​​ធ្វើ​ឡើង​តាម​ពាក្យ​បណ្តឹង​របស់​ជន​រង​គ្រោះ​​ឈ្មោះ​កុល ​វណ្ណា​លី  ភេទ​ស្រី អាយុ​២១​ឆ្នាំ ​មាន​​ទីលំនៅ​ក្រុម​១៧ ភូមិ​២ សង្កាត់​លេខ​៣ ក្រុង​ព្រះ​សីហនុ ដែល​បាន​បាត់​សំភារ​រួម​មាន​ទូរស័ព្ទ​ចំនួន​២​គ្រឿង ម៉ាក​អាយ​ហ្វូន និង​ទូរស័ព្ទ​​ម៉ាក​ណូគៀ ចំនួន​២​គ្រឿង កាបូប​ដាក់​លុយ​ចំនួន​១ ក្នុង​នោះ​មាន​លុយ​ចំនួន​៩០០​ដុល្លារ ក្រវិល​​ប្លាទីន​ចំនួន​១​គូ និង​ក្បាល​ខ្សែ​ក្រវាត់​ចំនួន​១ កាលពី​វេលា​ម៉ោង​​២​​រំលង​អធ្រាត្រ​ឈាន​ចូល​​ថ្ងៃ​ទី​២១​ មីនា។

ប្រភពដដែល​បាន​បន្ត​ទៀត​ថា ជន​សង្ស័យ​ដែល​​​ឃាត់​ខ្លួន​នេះ​​​ឈ្មោះ​ញឹម ឡាយ ភេទ​ប្រុស អាយុ​​១៩​ឆ្នាំ ​មុខ​របរ​ និង​ទី​លំនៅ​​មិន​ពិត​ប្រាកដ។ ​អ្វី​ដែល​គួរ​ឱ្យ​​កត់​សំគាល់​​​និង​​ជា​មោទន​ភាព​នា​ពេល​នេះ គឺ​កម្លាំង​ជំនាញ​យើង​បំបែក​សំណុំ​រឿង​បាន​ចំនួន​២ ក្នុង​ពេល​តែ​មួយ ​ដែល​សំណុំ​រឿង​ទី​១ គឺ​​ចោរ​កម្ម និង​សំណុំ​រឿង​ទី​២ គឺ​ប្លន់​សម្លាប់​ជន​ជាតិ​អ៊ីតាលី លោក RICCIARINI អាយុ​៥២​ឆ្នាំ ​កាល​ពី​ថ្ងៃ​ទី​៨ កុម្ភៈ ឆ្នាំ​២០១១​នៅ​ចំណុច​ក្រុម​ទី​១១ ភូមិ​២ សង្កាត់​លេខ​៣ ក្រុង​​ព្រះ​សីហនុ ។

យោង​តាមចម្លើយ​​សារ​ភាព​របស់​ជន​សង្ស័យ​​បាន​ឱ្យ​ដឹង​ថា​ ករណី​លួច​សំភារ និង​ប្លន់​សម្លាប់ជន​បរទេស​នោះ គឺ​ខ្លួន​ជា​អ្នក​ប្រព្រឹត្ត​ដោយ​កាល​នោះ​ខ្លួនគ្មាន​បំណង​សម្លាប់​​ទេ​គឺ​ចូល​ក្នុង​ផ្ទះ​ជន​បរទេស​នោះ​ក្នុង​បំណង​លួច​សំភារ​​ តែ​ដោយ​សារ​ជន​បរទេស​តដៃ​ខ្លួន​ក៏​យក​ឈើ​ជ្រុង​វាយ​សម្លាប់​តែ​ម្តង ។​ បន្ទាប់​ពី​សម្លាប់​រួច​ ខ្លួន​ក៏​ប្រមូល​លុយ​ ទូរស័ព្ទ​​ដៃ និង​កុំ​ព្យូទ័រ​យួរ​ដៃ​មួយ​គ្រឿង ។ ជន​សង្ស័យ​ ត្រូវ​បាន​សមត្ថ​កិច្ច​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលា​ការ ៕