ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​កំប្លែង​នាយ ពាក់​មី ប្រកាស​ត្រៀម​ដើរ​ចេញ​ពី CTN ជា​ថ្មី​ម្តងទៀត (​វី​ដេ​អូ​)

1 ឆ្នាំ មុន
  • ភ្នំពេញ

តារា​កំប្លែង​នាយ ពាក់​មី បាន​ប្រកាស​ដើរ​ចេញពី​ស្ថានីយទូរទស្សន៍ CTN បន្ទាប់​ពី​លោក​ហាក់​សម្តែង​ការ​មិន​ពេញចិត្ត​ពី​ការ​ដឹកនាំ​ពី​ថ្នាក់ដឹកនាំ​ថ្មី ដែល​មានការ​កៀបសង្កត់​ខ្លាំង​

រាជធានី​ភ្នំពេញ ៖ តារា​កំប្លែង​នាយ ពាក់​មី បាន​ប្រកាស​ដើរ​ចេញពី​ស្ថានីយទូរទស្សន៍ CTN បន្ទាប់​ពី​លោក​ហាក់​សម្តែង​ការ​មិន​ពេញចិត្ត​ពី​ការ​ដឹកនាំ​ពី​ថ្នាក់ដឹកនាំ​ថ្មី ដែល​មានការ​កៀបសង្កត់​ខ្លាំង​ទៅ​លើ​បុគ្គលិក​។

បើ​ទោះបីជា​មានការ​សម្របសម្រួល​ម្តង​រួច​ហើយ​ក្តី ប៉ុន្តែ​ជា​ថ្មី​ម្តងទៀត​នាយ ពាក់​មី នៅ​តែ​ប្រកាន់​ជំហរ​ដើរ​ចេញពី CTN នេះ​ដដែល បន្ទាប់​ពី​កម្មវិធី​មួយ​ដែល​លោក​ធ្លាប់​សម្តែង​នោះ ត្រូវ​បាន​គេ​ដក​លោក​ចេញ​ដោយ​មិន​មាន​មូលហេតុ​។ ប្រការ​នេះ បាន​ធ្វើ​ឲ្យ​តារា​កំប្លែង​រូប​នេះ​ហាក់​សម្តែង​ការ​អន់ចិត្ត​យ៉ាង​ខ្លាំង ត្បិត​លោក​នៅ​តែ​មិន​ពេញចិត្ត​ពី​ការ​ដឹកនាំ​ពី​ថ្នាក់ដឹកនាំ​ថ្មី​នា​ពេល​នេះ ខណៈ​ពេល​ក៏​មាន​បុគ្គលិក​មួយ​ចំនួន​ទៀត ក៏​មិន​ពេញចិត្ត​ដូច​ជា​រូប​លោក​ផង​ដែរ​។

តាម​រយៈ​វី​ដេ​អូ​ឃ្លី​ប ដែល​បាន​បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​កាលពី​ពេល​ថ្មី​នេះ នាយ ពាក់​មី បាន​លើក​ឡើង​ថា «​ខ្លួន​អាច​នឹង​ដើរ​ចេញពី​ស្ថានីយទូរទស្សន៍ CTN មែនទែន​ហើយ ដោយ​កម្មវិធី​មួយ​ដែល​លោក​សម្តែង​នោះ ត្រូវ​បាន​គេ​ដក​លោក​ចេញ​ហើយ​»​។

តារា​កំប្លែង​រូប​នេះ​និយាយ​ថា «​ខ្ញុំ​ប្រហែលជា​ឈប់​ពី CTN ហើយ ដោយសារ​កម្មវិធី បាទ​មេ ដែល​ខ្ញុំ​ធ្លាប់​ថត​នោះ ឥឡូវ​វគ្គ​២​នេះ គេ​ដក​ខ្ញុំ​ចេញ​ហើយ​»​។ លោក​បញ្ជាក់​ថា «​រហូត​មក​ទល់​នា​ពេល​នេះ ខ្ញុំ​មិន​ដែល​ភ្លេចគុណ CTN ឡើយ ព្រោះ​កន្លែង​នេះ ដូច​ជា​ផ្ទះ​របស់ខ្ញុំ ជា​កន្លែង​មានគុណ​របស់ខ្ញុំ និង​ជាទី​កន្លែង​ដែល​បាន​ផ្តល់​កំណើត​សិល្បៈ​ដល់​រូប​ខ្ញុំ​។ ប៉ុន្តែ​ខ្ញុំ​មិន​ពេញចិត្ត​ឥណ្ឌា​ដែល​ជា​អគ្គនាយក​មក​កាន់​ថ្មី​នេះ គាត់​កៀបសង្កត់ និង​តឹង​រឹង​ពេក ហើយ​ខ្ញុំ​ចេញ​តវ៉ា​ប៉ុន្មាន​ថ្ងៃមុន​នេះ បាន​ចេញ​ដោះស្រាយ​ឲ្យ​ខ្ញុំ ហើយ​ឲ្យ​ខ្ញុំ​លុប​ការ​ផុស​ចោល ដល់​ឥឡូវ​ដក​ខ្ញុំ​ចេញពី​កម្មវិធី បាទ​មេ បាត់​ហើយ​»​។

យ៉ាងណា បើ​តាម​នាយ ពាក់​មី ថា ប្រសិនបើ​លោក​ត្រូវ​បាន​ដក​ចេញពី CTN ផ្លូវការ​មែន​នោះ លោក​មាន​តែ​ទៅ​ស្រុក​កំណើត​នៅ​ឯ​ខេត្តស្វាយរៀង ហើយ​ថត​ឃ្លី​ប​វី​ដេ​អូ​កំប្លែង​សម្រាប់​ឲ្យ​បងប្អូន​សើច​លេង​ប៉ុណ្ណោះ​។ លោក​បញ្ជាក់​ថា អំឡុង​ខ្ទង់​ដើមខែ​៧ នឹង​មានការ​ចេញ​ជា​លិខិត​ស្នាម​ត្រឹមត្រូវ ដោយនៅ​ក្នុង​នោះ​លោក​ប្រាកដ​មាន​រូប​លោក នាយ​ក្រូច នាយ​គ្រឿន និង​លោកតា វ៉ិ​ច​ទ័​រ ដែល​នឹង​ត្រូវ​ចាកចេញ ខណៈ​ពេល​ដែល​ពិធីករ​ផ្នែក​កីឡា​មួយ​ចំនួន​ទៀត​ក៏​ចាកចេញ​ដូច​គ្នា​។

លោក​ថា លោក​និយាយ​នេះ​មិនដឹង​ថា មាន​គេ​ស្អប់​លោក​យ៉ាងណា​ទេ ប៉ុន្តែ​យើង​ត្រូវ​តែ​និយាយ​ខ្លះ ព្រោះ​លោក​បាន​នៅ CTN នេះ ប្រមាណ​១០​ឆ្នាំ​ហើយ ដូច្នេះ​កុំ​ឲ្យ​បរទេស​ដែល​មក​ដឹកនាំ​ថ្មី​នេះ អាច​ធ្វើ​ឲ្យ​ពួក​លោក​ខ្ចាត់ខ្ចាយ​អស់​។

ដោយឡែក ពាក់ព័ន្ធ​បញ្ហា​ខាងលើ​នេះ​ដែរ កោះសន្តិភាព មិន​ទាន់​អាច​ស្វែងរក​ការ​បកស្រាយ​បន្ថែម​ពី​លោក សុវណ្ណ​រិ​ទ្ធី ហៅ​តា​វ៉ី​ច​ទ័​រ ដែល​ជា​អ្នក​រៀបចំ​កម្មវិធី​កំសាន្ត​មួយ​រូប​នៅ CTN បាន​នៅឡើយ​ទេ ខណៈ​ពេល​ការ​សាកសួរ​មិន​មានការ​ឆ្លើយ​តប​។

យ៉ាងណា ជុំវិញ​បញ្ហា​ខាងលើ​នេះ​កន្លង​មក លោក សុវណ្ណ រិ​ទ្ធី ហៅ​តា វ៉ិ​ច ទ័​រ ធ្លាប់​បាន​អះអាង​ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​ថា អគ្គនាយក​ថ្មី​ដែល​មក​ដឹកនាំ​នៅ CTN នេះ ពិតជា​មានការ​រិ​ត​ត្បិត​លើ​បុគ្គលិក​ខ្លាំង​មែន​។

លោក​បញ្ជាក់​ថា និយាយ​ដោយ​ខ្លី​ក្រុម​របស់​លោក គឺ​តែ​មួយ ហើយ​នា​ពេល​នេះ​លោក​មិន​អាច​និយាយ​អ្វី​បាន​ឡើយ ព្រោះ​អ្វី​ៗ​ស្ថិត​លើ​ថ្នាក់ដឹកនាំ​ជា​អ្នក​សម្រេច លោក​មិនដឹង​ទេ យើង​ជា​បុគ្គលិក​រង់ចាំ​តែ​អនុវត្តន៍​តែ​ប៉ុណ្ណោះ​៕

https://www.tiktok.com/@bongtharysunfc4/video/7108367032663526682?_t=8T902Flsixd&_r=1

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ