ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើម្បី​កំណត់​តម្លៃ​លក់​ផ្ទះ ត្រូវ​រួម​បញ្ចូល​អ្វីខ្លះ ?

7 ឆ្នាំ មុន

ការ​កំណត់​តម្លៃ​លក់​ផ្ទះ រាប់​ជា​ចំណុច​សំខាន់​ដែល​អ្នកលក់​តែង​កង្វល់​ចិត្ត​ថា នឹង​លក់​ប៉ុន្មាន​ល្អ ហើយ​មិន​ខាត​ទុន ។ អ្នកខ្លះ​បាន​កំណត់​តម្លៃ​ខ្ពស់​ខ្លាំង​ពេក ដោយ​សង្ឃឹម​នឹង​ទទួល​បាន​ចំណេញ​ច្រើន រហូត​ធ្វើ​ឱ្យ​លក់​យឺតយ៉ាវ

ការ​កំណត់​តម្លៃ​លក់​ផ្ទះ រាប់​ជា​ចំណុច​សំខាន់​ដែល​អ្នកលក់​តែង​កង្វល់​ចិត្ត​ថា នឹង​លក់​ប៉ុន្មាន​ល្អ ហើយ​មិន​ខាត​ទុន ។ អ្នកខ្លះ​បាន​កំណត់​តម្លៃ​ខ្ពស់​ខ្លាំង​ពេក ដោយ​សង្ឃឹម​នឹង​ទទួល​បាន​ចំណេញ​ច្រើន រហូត​ធ្វើ​ឱ្យ​លក់​យឺតយ៉ាវ ឬ​លក់​មិន​ដាច់ ហើយ​ខ្លះ​ទៀត​កំណត់​តម្លៃ​ទាប​រហូត​ដល់​មើល​មិនឃើញ​ប្រាក់​ចំណេញ ។ ដូច្នេះ ការ​កំណត់​តម្លៃ​លក់​ត្រូវ​អាស្រ័យ​លើ​គោលការណ៍​រួម និង​គណនា​លើ​មូលដ្ឋាន​ការ​ពិត ។ តម្លៃ​ផ្ទះ​មាន​ដូច​ជា ៖

*​តម្លៃ​ដើម​ដែល​ទិញ​មក ៖ គិត​ត្រឡប់​ក្រោយ​ថា អ្នកទិញ​មក​ក្នុង​តម្លៃ​ប៉ុន្មាន ហើយ​ទីតាំង​នេះ​មាន​សក្តានុពល​ក្នុង​ការ​ដំឡើង​ថ្លៃ​ប៉ុន្មាន​ភាគរយ​ក្នុង​១​ឆ្នាំ ។
*​ថ្លៃ​តុបតែង និង​ជួសជុល ៖ មើល​តាម​សភាព​ថា ផ្ទះ​នេះ​បាន​ជួសជុល​អ្វី​មក​ខ្លះ ឬ​មានការ​ថែមថយ​អ្វី​ដែល​បង្កើត​តម្លៃ​ឡើង​បាន​ទៀត​ដូច​ជា ពង្រីក​ផ្ទះបាយ​១​បន្ទប់​ទៀត ។
*​តម្លៃ​ទីផ្សារ ៖ ស្ទង់​មើល​ផ្ទះ​ផ្សេង​ទៀត​ដែល​មាន​លក្ខណៈ​ស្រ​ដៀង​នឹង​ផ្ទះ​អ្នក ដើម្បី​ប្រៀបធៀប​មើល​ថា បើសិនជា​ផ្ទះ​អ្នក គួរតែ​លក់​ក្នុង​តម្លៃ​ប៉ុន្មាន ដូច​ជា ផ្ទះ​ដែល​មាន​ទំហំ​ប្រហាក់ប្រហែល​គ្នា ប៉ុន្តែ​ស្ថិត​នៅ​ចុង​ផ្លូវ ចូល​ទៅ​ជ្រៅ លក់​តម្លៃ​៥​លាន​បាត ។ ប៉ុន្តែ​ផ្ទះ​របស់​អ្នក​ស្ថិត​ស្ថិត​នៅ​ដើមផ្លូវ ងាយស្រួល​ជាង អាច​លក់​ប្រមាណ​៥,២-៥,៣​លាន​បាត។

*​ពន្ធ ៖ ជា​ទូទៅ អ្នកលក់​នឹង​ត្រូវ​ចំណាយ​លើ​ការ​ចាយវាយ​ក្នុង​ការ​លក់​ដូច​ជា ពន្ធ​លើ​ប្រាក់​ដែល​បាន​មក ។

*​ការ​ប្រាក់​កម្ចី ៖ ក្រៅពី​ថ្លៃដើម​ដែល​ទិញ​មក​ហើយ កុំ​ភ្លេច​ការ​ប្រាក់​ដែល​អ្នក​បង់​ទៅ​ធនាគារ​នា​ពេល​កន្លង​មក​ដូច​ជា ទិញ​ផ្ទះ​មក​១០​ឆ្នាំ ចំណាយ​លើ​ការ​ប្រាក់​អស់​៤០%​នៃ​ប្រាក់​ដើម​។ ដូច្នេះ ការ​ប្រាក់​ដែល​ចំណាយ​អស់​១០​ឆ្នាំ ត្រូវ​រួម​បញ្ចូល​ទៅ​ក្នុង​តម្លៃ​លក់​ផង​ដែរ ។

ការ​កំណត់​តម្លៃ​លក់​ផ្ទះ​មាន​ចំណុច​លម្អិត​៨​យ៉ាងដូច​ជា ៖
១-​គណនា​តាម​អន​ឡាញ ៖
បច្ចុប្បន្ន មាន​វែ​ប​សាយ​ជា​ច្រើន​ដែល​អាច​គណនា​តាម​អន​ឡាញ និង​ដឹង​ពី​តម្លៃ​ទីផ្សារ​លំនៅ​ឋាន​ដែល​ប្រកាស​លក់ ។ វា​ជា​ការ​ចាប់ផ្តើម​ក្នុង​ការ​សិក្សា​ព័ត៌មាន​ការ​លក់​ដែល​ល្អ​បំផុត ទាំង​ឆាប់រហ័ស ងាយ និង​មិន​អស់​ថ្លៃ​ចំណាយ​ផ្សេង​ៗ ហើយ​អាច​ជួយ​សន្សំ​សំចៃ​ពេលវេលា​ក្នុង​ការ​ស្ទង់​មើល​តម្លៃ​ទីផ្សារ​ទៀត​ផង ។ វា​ជួយ​ឱ្យ​ឃើញ​តម្លៃ​របស់​ការ​លក់​ផ្សេង​ទៀត​ក្នុង​ទីតាំង​ដូច​គ្នា និង​ក្បែរ​ខាង​ថា មានការ​ប្រកាស​លក់​បែប​ណាខ្លះ ។

២-​គិត​ថា​ខ្លួន​ជា​អ្នកទិញ ៖
ខណៈ​ដែល​ដាក់​តម្លៃ​លក់ អ្នក​កំពុង​គិត​ក្នុង​ឋានៈ​ជា​អ្នកលក់ ពិត​ណាស់ អ្នក​សង្ឃឹមថា នឹង​ទទួល​បាន​ប្រាក់​ចំណេញ​ច្រើន និង​ចង់​លក់​ក្នុង​តម្លៃ​ខ្ពស់​បំផុត ។ វា​អាច​ធ្វើ​ឱ្យ​ផ្ទះ​របស់​អ្នកលក់​ដោយ​លំបាក ។ បើ​អាច​គិត​ថា យើង​ជា​អ្នកទិញ​វិញ គឺ​នៅ​តែ​មាន​អារម្មណ៍​ថា តម្លៃ​នេះ​សម​ហេតុផល​នឹង​ទិញ​ឬ​អត់ ។ បើ​អាច​គិត​បាន​ទាំង​២​យ៉ាង​បែប​នេះ នឹង​ធ្វើ​ឱ្យ​ការ​កំណត់​តម្លៃ​ត្រូវ​ចំណុចកណ្តាល និង​សម​ហេតុផល​ច្រើន​បំផុត ។

៣-​រក​ចំណុច​ប្រៀបធៀប​ជាមួយ​គូប្រជែង​៖
គូប្រជែង​ក្នុង​ទី​នេះ គឺ​សំដៅ​ដល់​ផ្ទះ​ផ្សេង​ទៀត​ដែល​ប្រកាស​លក់​ក្នុង​បរិវេណ​ជិត​ៗ ។ ដូច​បាន​បកស្រាយ​ហើយ​ថា ការ​កំណត់​តម្លៃ​លក់ គួរ​អាស្រ័យ​លើ​តម្លៃ​ទីផ្សារ ព្រោះ​អ្នកទិញ​នឹង​ស្ទង់​មើល​ទីផ្សារ ហើយ​នៅ​ពេល​ដឹង​តម្លៃ​ទីផ្សារ​ត្រួស​ៗ​ហើយ បើ​អ្នក​ដាក់​តម្លៃ​ខ្ពស់​ជាង​ទីផ្សារ​នោះ ក៏​នឹង​ធ្វើ​ឱ្យ​ការ​លក់​លំបាក​ដែរ ។ លើកលែងតែ​ផ្ទះ​អ្នកមាន​ចំណុច​លេចធ្លោ​ដែល​គូប្រជែង​គ្មាន ដូច​ជា ទីតាំង​នៅ​កាច់ជ្រុង ប្រើ​សម្ភារ​មាន​តម្លៃ​ពេញ​ផ្ទះ ព្រមទាំង​គ្រឿងសង្ហារិម​ជាដើម ។ ចំណុចខ្លាំង​ទាំងនេះ ជា​អ្វី​ដែល​អ្នកដឹង​ច្បាស់​បំផុត និង​អាច​ចរចា​ជាមួយ​អ្នកទិញ​បាន ។

៤-​វែកញែក​រវាង​ការ​លក់​តាម​ឈ្មួញកណ្តាល និង​ខ្លួនឯង ៖
ចំណុច​មួយ​ត្រូវ​សង្កេត គឺ​ផ្ទះ​នេះ​លក់​តាម​រយៈ​ឈ្មួញកណ្តាល ឬ​លក់​ដោយ​ខ្លួនឯង ព្រោះ​ការ​លក់​ទាំង​២​យ៉ាង​នឹង​ធ្វើ​ឱ្យ​តម្លៃ​ខុស​គ្នា ។ បើ​អ្នកលក់​តាម​ឈ្មួញកណ្តាល ភាគច្រើន​នឹង​មានការ​ចំណាយ​៣%​ទៅ​លើ​ពួក​គេ ហើយ​ធ្វើ​ឱ្យ​ផ្ទះ​មាន​តម្លៃ​ថ្លៃ ។ ប៉ុន្តែ​បើ​អ្នកលក់​ដោយ​ខ្លួនឯង គឺ​តម្លៃនឹង​ស្មើ​ទីផ្សារ ។

៥-​ប្រឹក្សា​ជាមួយ​អ្នកជំនាញ ៖
បើ​អ្នក​មិន​ស្ថិត​នៅ​ក្នុង​ក្រុម​អចលនទ្រព្យ ឬ​មិន​ធ្លាប់​តាមដាន​ព័ត៌មាន​អំពី​អចលនទ្រព្យ​ពី​មុន​នោះ អាច​ជា​រឿង​លំបាក និង​ចាប់​ចុង​សំយុង​គល់​មិនសូវ​ត្រូវ ។ បើ​អ្នក​ស្គាល់​មនុស្ស​ដែល​អាច​ណែនាំ​ទៅ​លើ​រឿង​នេះ​បាន គួរ​ប្រឹក្សា​ជាមួយ​ពួក​គេ​ឱ្យ​បាន​ច្រើន ដើម្បី​មិន​ឱ្យ​កើតរឿង​ខុសឆ្គង​នៅ​ពេល​លក់​ផ្ទះ ។

៦-​ចរចា​តម្លៃ ៖
ត្រូវ​ត្រៀម​ចិត្ត​ថា អ្នកទិញ​នឹង​សុំ​បញ្ចុះតម្លៃ​យ៉ាង​ពិតប្រាកដ មិន​ថា​អ្នក​ដាក់​តម្លៃ​ស្មើ ឬ​ទាប​ជាង​ទីផ្សារ ។ ដូច្នេះ គួរតែ​ដាក់​តម្លៃ​ឱ្យ​គេ​អាច​សុំ​បញ្ចុះ​ប្រមាណ​៥%-១០%​យ៉ាងតិច សម្រាប់​ពេល​បញ្ចុះតម្លៃ​នោះ​នឹង​មិន​បាត់បង់​ប្រាក់​ចំណេញ​ខ្លាំង​ពេក ។

៧-​រួម​ថ្លៃ​ចំណាយ​ផ្សេង​ៗ ៖
អ្វី​ដែល​អ្នកលក់​ផ្ទះ​តែង​ភ្លាត់​បំផុត​នោះ គឺ​មិន​បាន​បូក​បញ្ចូល​នូវ​ថ្លៃ​ចំណាយ​ផ្សេង​ៗ​ជាមួយ​តម្លៃ​ផ្ទះ ។ ដូច​បាន​និយាយ​ខាង​ដើម​ហើយ​ថា តម្លៃ​ផ្ទះ ក្រៅពី​តម្លៃ​ដើម​ជាមួយ​ថ្លៃ​លើ​ទីផ្សារ​ហើយ កុំ​ភ្លេច​បញ្ចូល​ថ្លៃ​ចំណាយ​ផ្សេង​ៗ​ផង​ដូច​ជា ការ​ជួសជុល ថ្លៃ​តុបតែង ថ្លៃ​ពន្ធ និង​ការ​ប្រាក់​ជាដើម ។

៨-​ជួសជុលផ្ទះ​ដើម្បី​លក់​បាន​ថ្លៃ ៖
ការ​ជួសជុល​នូវ​ចំណុច​ចាំបាច់​ក្នុងផ្ទះ នឹង​ជួយ​ដល់​ការ​កំណត់​តម្លៃ​លក់​បាន​ខ្ពស់​។ ក្រៅពី​នេះ ការ​តុបតែង​ផ្ទះ​ឱ្យ​មើលទៅ​ថ្មី នឹង​អាច​ជំរុញ​អ្នកទិញ​ធ្វើការ​សម្រេចចិត្ត​ដោយ​ងាយ ដូច​ជា ជួសជុល​ប្រព័ន្ធ​ភ្លើង​ឱ្យ​ប្រើ​បាន​ទាំងអស់ ឬ​ជួសជុល​ប្រព័ន្ធ​ទឹក​មិន​ឱ្យ​ជ្រាប និង​លាប​ពណ៌​ថ្មី ។ ទាំងនេះ​ជា​កត្តា​សំខាន់ នឹង​ជួយ​បំពេញ​តម្លៃ​ផ្ទះ​ឱ្យ​ខ្ពស់ ព្រមទាំង​បិទ​បាំង​ចំណុចខ្សោយ​របស់​ផ្ទះ​ទៀត​ផង ប៉ុន្តែ​កុំ​ភ្លេច​បូក​ថ្លៃ​ជួសជុល ឬ​តុបតែង​ទៅ​ក្នុង​តម្លៃ​លក់​ផង​ដែរ ៕