ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​ផ្លា​ស់ប្ដូ​រ​​ពី​កា​រ​ធ្វើ​ស្រូវទៅ​ធ្វើ​ដំណាំ​ឈូ​ក​វិ​ញ​​ម្តង​

1 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​៖ «ឈូ​ក» គឺជា​ដំណាំ​ម្យ៉ាង​ដែល​ងាយ​ដាំ និងងាយ​ថែទាំ​បំផុត​ នៅក្នុង​ទឹក​ឬ​ភក់​។ វា​ផ្ដល់​ផល​ប្រយោជន៍​ច្រើនយ៉ាង​ដល់​មនុស្ស គឺ «ផ្កា ផ្លែ និងក្រអៅ…

ខេត្តបាត់ដំបង​៖ «ឈូ​ក» គឺជា​ដំណាំ​ម្យ៉ាង​ដែល​ងាយ​ដាំ និងងាយ​ថែទាំ​បំផុត​ នៅក្នុង​ទឹក​ឬ​ភក់​។ វា​ផ្ដល់​ផល​ប្រយោជន៍​ច្រើនយ៉ាង​ដល់​មនុស្ស គឺ «ផ្កា ផ្លែ និងក្រអៅ ឬមើម» សម្រាប់​យក​ទៅ​លក់​លើ​ទីផ្សា​រ​ធ្វើជា​អាហារ​របស់​មនុស្ស ឬយក​ទៅ​កែច្នៃ​ធ្វើជា​គ្រឿង​បរិភោគ​ផ្សេង​ៗ​ទៀត​ ។ ដោយ​សារតែ​ដំណាំ«ឈូ​ក»មាន​ទីផ្សារ​ល្អ ងាយ​ស្រួល​ដាំដុះ ងាយ​ស្រូល​ថែទាំ និង​ផ្ដល់​ទិន្នផល​ល្អ​ប្រសើរ និង បាន​យូរ​អ្វែ​ង​ជាង​ដំណាំស្រូវ ទើប​រយៈពេល០២ឆ្នាំ​ចុងក្រោយ​នេះ គេ​ឃើញ​កសិករ​មួយចំនួន រស់​នៅ​ក្នុង​ឃុំ​តាគ្រាម និង​ឃុំ​ស្នឹង ស្រុក​បាន​ណន់ បាន​នាំគ្នា​ផ្លាស់ប្ដូរ​ដីស្រែ​​ពី​ការ​ធ្វើ​ដំណាំស្រូវ ទៅ​ដាំដំណាំ​ឈូក​វិញ រហូត​កសិករ​ខ្លះ​ស្វះស្វែង​រក​ជួល​ដីស្រែ​គេ ដើម្បី​សម្រុក​ដាំដំណាំ​ឈូក​នេះ​
ទៀ​ត​ផង​។

កសិករ​ដាំ​ឈូក​ម្នាក់​រស់នៅ​ភូមិ​តាង៉ែ​ន ឃុំ​តាគ្រាម លោក ចាន់ វិន អាយុ៥១ឆ្នាំ បាន​ផ្ដល់​បទ​សម្ភាស​ន៍​ជាមួយ​កោះសន្តិ​ភាព​ថា សព្វថ្ងៃ​នេះ ​គាត់​មា​នដំាំ​ណាំ​ឈូក​ចំនួន០៤ហិក​តា នៅ​ចំណុច​«ភ្នំ​ដំបង​វែង» ស្ថិត​ក្នុង​ភូមិ​តាង៉ែន ឃុំ​តាគ្រាម ប៉ែក​ខាងត្​បូ​ង​តំបន់​ទេស​ចរ​ណ៍«អាង​កំពីងពួយ» ដែល​ទើប​ដាំ​បាន​រយៈពេល០២ឆ្នាំ​កន្លងទៅ​នេះ ហើយ​ពេលនេះ​គាត់​កំពុង​ប្រមូល​ផល​បាន០២ខែ​ហើយ​។ នៅ​ខាងមុខ​កូនខ្ទម​តូច​មួយ កសិករ​រូប​នេះ​បាន​លើកឡើ​ង​ថា កសិករ​ដែល​ធ្វើ​ស្រូវ​មួយ​ចំនួន​កំពុង​ផ្ដោត​ខ្លាំង​ទៅលើ​ដំណាំ​ឈូក​នេះ ព្រោះ​វា​មាន​ទីផ្សារ​ល្អជា​ដំណាំស្រូវ​ ។ គាត់​បាន​
បញ្ជាក់​ថា បច្ចុប្បន្ន​នេះ ដំណាំ​ឈូក​ដែល​ប្រជាកសិករ​សម្រុក​ដាំ​ច្រើន​បំផុត គឺ​នៅ​តំបន់​ប៉ែក​ខាងត្បូង «អាង​កំពីងពួយ»។

កសិករ​ខ្លះ​ដាំ​លើ​ដី​ខ្លួន​ឯង តែមួយ​ចំនួន​ធំ​ជួល​ដី​គេ​ដាំ​។ តំបន់​ប៉ែក​ខាងត្បូង​នៃ «អាង​កំពីង» គឺ​ផ្នែក​ខ្លះ​ស្ថិត​ក្នុងទឹក​ដី ភូមិ​បឹង​ក្រសា​ល ឃុំ​ស្នឹង ស្រុក​បាណន់ និងផ្នែក​ខ្លះទៀត ស្ថិត​ក្នុងទឹក​ដី ភូមិ​តា​ង៉ែន ឃុំ​តាគ្រាម ស្រុក​បាណន់​ដែរ ​។ បើ​យើង​ទៅដល់​ទីនោះ គេ​ឃើញ​មាន​ដំណាំ​ឈូក​រាប់​សិប​ហិក​តា​លាតសន្ធឹង​ដាច់​កន្ទុយភ្នែក​ពី​ទិសខាងកើត ទៅ​ទិសខាងលិច​តាម​បណ្ដោយ នៃ​ទំនប់​អាង​កំពីងពួយ​ប៉ែក​ខាងត្បូង​ ។ នេះ​ជារ​ដូវ​ដែល​កសិករ​កំពុង​មមារញឹក​ខ្លាំង​ក្នុង​ការ​ប្រមូល​ផល​ ។ ផ្លែ​ឈូក​ទុំ​គេ​បេះ​យក​គ្រាប់​ថ្លឹង​លក់ រី​ឯ​ផ្លែ​ឈូក​ចាស់​គេ​បេះ​យក​ទៅ​ស្ងោរ​លក់ ឬ លក់​ផ្លែ​ឆៅ រី​ឯ​ក្រអៅ ឬ មើម​ឈូក​គេ​បេះ​យក​លក់​ធ្វើជា​ម្ហូប​អា​ហារ​ផ្សេង​ៗ ​។ អ្នកភូមិ​បឹង​ក្រសា​ល ដែល​ពីមុន​មក​ធ្លាប់តែ​បង្កបង្កើនផល​ស្រូវ​តាម​ប្រពៃណី ស្រាប់តែ​ពេលនេះ​កសិករ​មួយចំនួន​បាន​បោះបង់​ស្រូវ បែរជា​មក​ចាប់​យក​ដំណាំ​ឈូក​យ៉ាង​ពេញទំហឹង​ទៅវិញ​ ។

ជាង​មួយឆ្នាំ​កន្លងទៅ​នេះ គេ​ឃើញ​អ្នកភូមិ​នេះ​បាន​ផ្លា​សប្ដូ​រ​ដី​ពី​ការ​ធ្វើ​ស្រូវ ងាក​ទៅ​ដាំ​ឈូក​វិញ
​គួ​រឲ្យ​កត់សម្គាល់​។ កសិករ​ដាំ​ឈូក​នៅក្នុង​ភូមិ​នេះ​បាន​និយាយ​ថា បើ​ផ្អែកលើ​ទីផ្សារ រវាង​ផល​ស្រូវ និង ផល​ឈូក​នា​សព្វថ្ងៃ​នេះ គឺ តំលៃ​ឈូក​ល្អ​ជាង​តំលៃ​ស្រូវ​ឆ្ងា​យ​ណាស់ ដោយសារ​ខុសគ្នា​ស្រឡះ​បែបនេះ​ហើយ ទើប​អ្នកភូមិ​មួយចំនួន​នាំគ្នា​ប្ដូរ​ពី​ស្រូវ មក​ដាំ​ឈូក​វិញ​។ ពួកគេ​បាន​ពន្យល់​ថា ដំាំ​ណាំ​ស្រូវ​ចំណាយ​ទុន​ច្រើន​ដូចជា ថ្លៃ​ពូជ​ ថ្លៃ​ជី ថ្លៃ​ភ្ជួរ​រាល់ និង ថ្លៃ​ច្រូតកាត់ ហើយ​ធ្វើ​ម្ដង​ប្រមូល​ផល​បានតែ​ម្ដង​ប៉ុ​ណ្ណោះ រី​ឯ​តំលៃ​ទី​ផ្សា​រ​ទាប​ស្ទើរតែ​មិន​អាច​រួច​ថ្លៃ​ចំណាយ​ ។ ដោយ​ឡែ​ក​ដំាំ​ណាំ​ឈូក​វិញ មិន​ចំណាយ​ទុន​ច្រើន ឬ ប្រើ​ពេល​ថែទាំ​ដូច​ស្រូវ​ទេ ហើយ​ធ្វើ​តែម្ដង(ដាំ) ប្រមូល​ផល​បាន​ច្រើន​ឆ្នាំ រី​ឯ​ទីផ្សារ​មាន​តំលៃ​ល្អ បើសិនជា​ធ្លាក់​ថ្លៃ​ក៏​មិន​ប៉ះពាល់​ធ្ងន់ធ្ងរ​ដូច​ស្រូវ​ដែរ​។

បើ​តាម​កសិករ​ដាំ​ឈូក​បាន​អះអាង​ប្រហាក់​ប្រហែ​ល​គ្នា​ថា សព្វថ្ងៃ​ឈ្មួញ​បាន​ដើរ​ទិញ​គ្រាប់​ឈូក​ដល់​ចំការ តែ​តំលៃ​ហាក់​មិនសូវ​ស្ថិតស្ថេរ​ទេ​។ ប៉ុន្តែ​តំលៃ​ជា​ធម្មតា​ដែល​ឈ្មួញ​កំពុង​ដើរ​ប្រមូល​ទិញ​គ្រាប់ឈូក​ទុំ នា​សព្វថ្ងៃ​នេះ​ចន្លោះ​ពី៦០០០រៀល ទៅ៦៥០០រៀល ក្នុង១គីឡូក្រាម តែ​ពេលខ្លះ​ក៏អាច​លើង​ថ្លៃជាង​នេះ ឬ ទាប​ជាង​នេះ​ដែរ (ឡើងចុះ​ដោយ​ខែ)។ កសិករ​និយម​ដាំ​ឈូក បាន​បង្ហាញ​ពី​ទិន្នផល​ស្រូវ និង​ទិន្នផល​ឈូក​ថា បើ​ប្រៀបធៀប​ទិន្នផល​ស្រូវ និង ទិន្នផល​ឈូក លើ​ផ្ទៃដី០១ហិច​តា ដំ​ណាំ​ស្រូវ​ទ​ទូល​បាន​ទិន្នផល​ស្រូវ​ចន្លោះ​ពី៣តោ​ន​ទៅ៣,៥តោន​ប៉ុណ្ណោះ ហើយ​តំលៃ​មិន​លើស​ពី១លាន​រៀល​ទេ ក្នុង០១តោន​។ ប៉ុន្តែ​បើ​និយាយ​ពី​ទិន្នផល​ឈូក​វិញ ផ្ទៃដី១ហិច​តា​ដូចគ្នា ទ​ទួល​បាន​ទិន្នផល​ចន្លោះ​ពី១តោន​ទៅ១,៥តោន​ ។

បើ​ទូទាត់​តំលៃ​លើ​ទី​ផ្សា គឺ ផល​ឈូក​ល្អ​ជាង​ផល​ស្រូវ​។ គុណសម្បត្តិ នៃ​ដំណាំ​ឈូក គឺ​ដាំ​រយៈ​ពេល​​ខ្លី​បាន​ប្រមូល​ផល និង​ប្រមូល​បាន​រយៈ​យូរអង្វែង ខុសពី​ស្រូវ​ដែល​ធ្វើ​ម្ដង​ប្រមូល​បានតែ​ម្ដង ហើយ​ថែមទាំង​ចំណាយ​ទុន​ច្រើន​ទៀត​។ ដូច្នេះហើយ ទើប​ប្រជាកសិករ​មួយចំនួន​ដែល​មាន​ដី​ធ្វើ​ស្រែ ងាក​ប្ដូរ​មក​ដាំ​ឈូក​ជំនួស​ដំណាំស្រូវ​វិញ​។ មិន​តែប៉ុណ្ណោះ កសិករ​ខ្លះទៀត បាន​ស្វះស្វែង​រក​ជួល​ដី​គេ​បន្ថែម ដើម្បី​ដាំដំណាំ​ឈូក​នេះ​ទៀត​ផង​។ បើ​តាម​ការ​អះអាង​របស់​កសិករ​បាន​បញ្ជាក់​ថា បច្ចុប្បន្ន ដំណាំ​ឈូក​កំពុងពេញនិយម​បំផុត ដែល​កសិករ​បាន​និង​កំពុង​ដាំ​រាប់​រយ​ហិក​តា ស្ថិតនៅ​ប៉ែក​ខាងត្បូង នៃ​តំបន់​ទេស​ចរ​ណ៍ «អាង​កំពីងពួយ» ខណៈ​ដំណាំ​ឈូក​នេះ ដែល​ពីមុន​មក​គេ​និយម​ដាំ​ច្រើន​បំផុត​នៅក្នុង «អាង​កំពីងពួយ» ពេលនេះ ​ត្រូវ​ហិនហោច​ស្ទើរ​ដាច់​ពូជ​ដោយសារ​សត្វ​ខ្យង​ចង្រៃ​ស៊ី​បំផ្លាញ (ខ្យង​ក្រហម) ៕ ​

អត្ថបទសរសេរ ដោយ