ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុគ យក្ស​ផ្លែ និង​សេក គឹ​ម​រួន ត្រៀម​កណ្តាប់ដៃ​ស្វាគមន៍​កីឡាករ​ថៃ​នៅ​ព្រឹក​ថ្ងៃអាទិត្យ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃអាទិត្យ​ទី​២០ វិច្ឆិកា ខាន​ស្អែក​នេះ ប្រដាល់​អន្តរជាតិ​របស់​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ត្រូវ​គេ​រំពឹង​ថា ​នឹង​កក្រើក​ទៀត​ហើយ ជាមួយ​វត្តមាន​កីឡាករ​កម្ពុជា​២​រូប​គឺ​យុគ យក្ស​ផ្លែ និង​សេក គឹ​ម​រួន ប្រកួត

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃអាទិត្យ​ទី​២០ វិច្ឆិកា ខាន​ស្អែក​នេះ ប្រដាល់​អន្តរជាតិ​របស់​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ត្រូវ​គេ​រំពឹង​ថា ​នឹង​កក្រើក​ទៀត​ហើយ ជាមួយ​វត្តមាន​កីឡាករ​កម្ពុជា​២​រូប​គឺ​យុគ យក្ស​ផ្លែ និង​សេក គឹ​ម​រួន ប្រកួត​ជាមួយ​ជើង​ខ្លាំង​ថៃ​២​រូប ។ កីឡាករ​កម្ពុជា​សុទ្ធតែ​បង្ហាញ​ពី​ទឹកចិត្ត​ចង់​បំបាក់​កីឡាករ​ថៃ ខណៈ​កីឡាករ​ថៃ​វិញ​ក៏​បាន​ប្រកាស​បែប​នេះ​ដូច​គ្នា ដូច្នេះ​មាន​តែ​ការ​ប្រកួត​ជាក់ស្ដែង​ប៉ុណ្ណោះ​ទើប​ដឹង​ពី​លទ្ធផល ។

ការ​ប្រកួត​ដែល​នឹង​ធ្វើ​ឡើង​ចាប់ពី​ម៉ោង​៨​ព្រឹក​ក្រោម​ការ​រៀបចំ​របស់​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​នេះ ត្រូវ​គេ​ឃើញ​មានការ​រំពឹង​ខ្ពស់​ថា​នឹង​ក្លាយជា​ជំនួប​ស៊ីសាច់ហុតឈាម​របស់​កីឡាករ​គូ​អន្តរជាតិ​ទាំង​៤ ដោយសារ​តែ​ភាព​ជាក់ស្ដែង​គឺ​ព្រឹត្តិការណ៍​នេះ​ដំណើរការ​ចំ​ពេល​ថ្ងៃអាទិត្យ​ថ្ងៃ​សម្រាក ដែល​មាន​អ្នក​ទស្សនា​យ៉ាង​កកកុញ​ស្រាប់ ។ អ្នក​រៀបចំ​ការ​ប្រកួត​បាន​អះអាង​ថា កីឡាករ​ទាំង​៤​រូប​មាន​បំណង​ប៉ះ​គ្នា​យូរហើយ​មុន​ពេល​មានការ​សម្រេច​រៀបចំ​ព្រឹត្តិការណ៍​អន្តរជាតិ​មួយ​នេះ​ឲ្យ​ពួក​គេ​ប្រកួត​គ្នា​។ ក្នុង​នោះ​ភាគី​កីឡាករ​កម្ពុជា​បាន​ទាំង​សុំ​ខ្លួនឯង​សាក​កណ្ដាប់ដៃ​គ្នា​តាំងពី​ឮ​មានការ​ផ្គូផ្គង​នោះ​ផង ។

លោក ញាណ សុធី អ្នក​រៀបចំ​កម្មវិធី​ប្រកួត​ប្រចាំ​ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍​បាន​ថ្លែងប្រាប់​ថា ក្នុង​ចំណោម​កីឡាករ​កម្ពុជា លោក​បាន​សម្រេចចិត្ត​ដាក់ យុគ យក្ស​ផ្លែ ដែល​​ជា​កីឡាករ​កូនភ្លោះ និង​ទើប​ប្ដូរ​មក​ជ្រក​ក្នុង​ក្លិប​បូ​រី​រាជសីហ៍​មាន​រិ​ទ្ធ ឱ្យ​ឡើង​ប៉ះ​ប្រកួត​ជាមួយ​កីឡាក​ថៃ​ឈ្មោះ​ខច សាន​ឡេ​ក ក្នុង​នាម​ជា​គូ​បើក​ឆាក​សម្រាប់​ប្រដាល់​អន្តរ​ជាតិ​នៅ​ព្រឹក​ថ្ងៃអាទិត្យ​ស្អែក ។ លោក​ថា ជំនួប​រវាង​ពួក​គេ​មិនមែន​ជា​រឿង​ចៃដន្យ​នោះ​ទេ ដោយ​លោក​មាន​បំណង​ចង់ឱ្យ​គេ​ប៉ះ​គ្នា​ជា​មួយគូ​បរទេស​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ​តែ​ម្ដង ។ លោក​ថា កីឡាករ​កម្ពុជា​គូ​នេះ អាច​ចាត់​ទុក​ថា​ជា​ជំនួប​ជើង​ខ្លាំង​ប៉ះ​ជើង​ខ្លាំង​នៅ​ក្នុង​ព្រឹត្តិការណ៍​ចម្រុះ​អន្តរជាតិ​នៅ​ក្នុង​ពិភព​ប្រដាល់ ។ លោក​ជឿជាក់​ទៅ​លើ​សមត្ថ​ភាព​​ពូកែ​គេច និង​ពូកែ​វាយ​សន្ធាប់​របស់​កីឡាករ​កម្ពុជា​រូប​នេះ ទើប​លោក​សម្រេចចិត្ត​ឱ្យ​គេ​ឡើង​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ខាងលើ បើ​ទោះជា​កីឡាករ​ថៃ​មាន​សមត្ថភាព​មិន​អាច​​មើល​ស្រាល​ក្ដី ។ លោក​និយាយ​ថា កីឡាករ​ថៃ​ខ្លាំង​ប៉ុន្តែ​លោក​នៅ​តែ​ទុកចិត្ត​លើ​យុគ យក្ស​ផ្លែ បើ​ទោះជា​មួយ​រយៈ​មុនគេ​មិនសូវ​បាន​ឡើង​រេញ ដែល​បណ្ដាល​ឱ្យ​មានការ​ភ័យ​បារម្ភ​រឿង​ធ្លាក់ដៃ​។ លោក​ថា កីឡាករ​ថៃ​ខច សាន​ឡេ​ក ធ្លាប់​ប្រកួត​៧៩​លើក ឈ្នះ​៦៨​លើក ចាញ់​៩​លើក និង​ស្មើ​២​លើក ក្នុង​ពេល​ដែល​កីឡាករ​កម្ពុជា ធ្លាប់​ប្រកួត​១៤៤​លើក ឈ្នះ​១២៥​លើក ចាញ់​១៤​លើក និង​ស្មើ​៥​លើក ដែល​នេះ​គឺជា​ប្រវត្តិ​ប្រកួត​ច្រើន​ជាង​ដាច់​ឆ្ងាយ បើ​ធៀប​នឹង​កីឡាករ​ថៃ​ទើប​លោក​ទុកចិត្ត​ពី​ជ័យជម្នះ​។ ទោះបី​យ៉ាងណា កីឡា​ករ​ថៃ​ដ្បិតថា​ប្រកួត​បាន​តិច​ជាង តែ​សមត្ថភាព​ប្រកួត​របស់​គេ​ក៏​មិន​អន់​នោះ​ទេ​ជា​ពិសេស​គឺ​កម្លាំង​ស៊ុ​ហ្វ និង​ភាព​រហ័ស​។

សម្រាប់​កីឡាករ សេក គឹ​ម​រួន លោក​ញាណ សុធី បញ្ជាក់​ថា គេ​ត្រូវ​ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​ជើង​ខ្លាំង​ថៃ​ឈ្មោះ​ភេ​ច ណាំ​អេក នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​អន្តរជាតិ​នៅ​ព្រឹក​ថ្ងៃអាទិត្យ​នោះ​ដែរ​។ លោក​ថា ការ​ប្រកួត​របស់​គូ​នេះ នៅ​មិន​ទាន់​ដឹង​ថា​អ្នក​ណា​ល្អ​ជាង​អ្នក​ណា​នោះ​ទេ ក្នុង​ពេល​សេក គឹ​ម​រួន ក៏​មានការ​ធ្លាក់ដៃ​ជាង​មុន ដែល​ធ្វើ​ឱ្យ​អ្នកគាំទ្រ​បាត់បង់​ទំនុកចិត្ត​អស់​មួយ​សន្ធឹក ។ កីឡាករ​ថៃ​ធ្លាប់​ប្រកួត​៨៥​លើក ឈ្នះ​៦៧​លើក ចាញ់​១៦​លើក និង​ស្មើ​២​លើក រីឯ​កីឡាករ​កម្ពុជា​ធ្លាប់​ប្រកួត​៧៥​លើក ឈ្នះ​៦២​លើក និង​ចាញ់​១៣​លើក​។ នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ពេល​រសៀល​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ថ្ងៃអាទិត្យ​នោះ​ដែរ ក៏​មានការ​ប្រកួត​អន្តរជាតិ​រវាង​កីឡាករ​ជើង​ខ្លាំង​និង​ជើង​ខ្លាំង​ផង​ដែរ ៕