ខេត្តព្រះវិហារ ៖ ប្រជាកសិករដែលកំពុងប្រមូលផលសណ្តែកសៀង មានការព្រួយបារម្ភខ្លាំង ពេលដែលទិន្នផលធ្លាក់ចុះ ហើយលក់ចេញមិនរួចថ្លៃដើម ដោយអ្នកខ្លះជំពាក់បំណុលធនាគារ ។ បញ្ហាដែលកើតឡើងនេះត្រូវកសិករបង្ហាញថា ដោយសារតែឆ្នាំនេះអាកាសធាតុមិន អំណោយផលសម្រាប់ដំណាំសណ្តែកសៀង ។
កសិករឈ្មោះងួន បារាំង រស់នៅភូមិចម្ការស្រមូវ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ កាលពីព្រឹកថ្ងៃទី១៧ វិច្ឆិកា បានលើកឡើងថា កសិករដែលដាំសណ្តែកសៀងទាំងអស់នៅខេត្តព្រះវិហារ ក្នុងឆ្នាំ២០១៦នេះ ដាំដុះមិនត្រូវតាមខែ ព្រោះតែបញ្ហាភ្លៀងធ្លាក់ខ្លាំងជាប់គ្នានៅដើមរដូវដាំដុះ ទើបធ្វើឲ្យពួកគាត់ដាំដុះយឺតពេល រហូតដល់ពេលប្រមូលផលបែរជាភ្លៀងបានធ្លាក ់ជាប់ៗគ្នា ធ្វើឲ្យសណ្តែកខ្លះហើម ខ្លះរលួយ ខ្លះស្កក ជាហេតុបង្កឲ្យសណ្តែកពួកគាត់ធ្លាក់ទិន្នផល ។ ពួកគាត់ជួបបញ្ហាប្រឈមពេលលក់សណ្តែកមិនរួចថ្លៃដើមដាំដុះ និងជួល កម្មករទេ ។ ការធ្លាក់ចុះទិន្នផលនេះកើតឡើងចំពោះកសិករដាំដុះសណ្តែកសៀងរយៈពេល៣ឆ្នាំ ជាប់ៗគ្នាមកហើយសម្រាប់ខេត្តព្រះវិហារ ។
កសិករដដែលអះអាងថា ទិន្នផលសណ្តែក សៀងប្រសិនបើល្អនោះ ទទួលបានចន្លោះពី១,៨តោនទៅ២តោនក្នុង១ហិកតា ប៉ុន្តែបច្ចុប្បន្ននេះពួកគាត់ប្រមូលផលបានត្រឹមតែ៧០០គីឡូក្រាមទៅ៨០០គីឡូក្រាមប៉ុណ្ណោះក្នុង១ហិកតា រីឯតម្លៃប្រហាក់ប្រហែលឆ្នាំមុន ។
ដោយឡែកឈ្មួញកណ្តាលដែលចាំប្រមូលទិញសណ្តែកសៀងពីកសិករនៅភូមិអូរខ្លែងពណ៌ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ បានលើកឡើងថា បច្ចុប្បន្ននេះសណ្តែក សៀងមានតម្លៃចន្លោះពី១៨០០ទៅ២០០០រៀលក្នុង១គីឡូក្រាមទៅតាមគុណភាពសណ្តែក បើធៀបនឹងឆ្នាំ២០១៥ ទទួលបានចន្លោះពី២០០០រៀល ទៅ២៥០០រៀល ហើយការនាំចេញគឺនាំទៅកាន់ប្រទេសវៀតណាម រីឯតម្លៃស្រេចតែលើឈ្មួញវៀតណាមកំណត់ ព្រោះនៅកម្ពុជាពុំទាន់មានអ្នកបញ្ជាទិញច្បាស់លាស់ ។
លោកពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានទទួលស្គាល់ថា ឆ្នាំ២០១៦នេះការដាំដុះដំណាំសណ្តែកសៀងរបស់កសិករនៅខេត្តព្រះវិហារ ជួបបញ្ហាប្រឈមប្រាកដមែន ដោយសារតែបណ្តាលមកពីអាកាសធាតុមិនអំណោយផលសម្រាប់ពួកគាត់ដាំដំណាំសណ្តែកសៀង ចំណែកឯកសិករមួយចំនួនធំបានប្រើប្រាស់ថ្នាំ បាញ់ស្មៅទៅលើដំណាំសណ្តែកលើសកំណត់ ទើបធ្វើឲ្យជួបបញ្ហាធ្លាក់ចុះទិន្នផលបែបនេះ ។
កាលពីខែមិថុនា ឆ្នាំ២០១៦ កសិករខេត្តព្រះវិហារ បានជួបប្រទះនឹងបញ្ហាសត្វដង្កូវហ្វូងបំផ្លាញសណ្តែកបាយប្រមាណជាង២០០ហិតា ធ្វើឲ្យទិន្នផល និងតម្លៃទីផ្សារសណ្តែក បាយធ្លាក់ចុះម្តងហើយ ។
យោងតាមរបាយការណ៍របស់មន្ទីរកសិ កម្មរុក្ខាប្រមាញ់ និងនេសាទឲ្យដឹងថា ខេត្ត ព្រះវិហារ ក្នុងឆ្នាំ២០១៦នេះមានផ្ទៃដីដាំដុះដំណាំសណ្តែកសៀងចំនួន១៧.០០០ហិកតា បើធៀបនឹងឆ្នាំ២០១៥ មានផ្ទៃដីប្រហាក់ប្រហែលគ្នា ៕
ចែករំលែកព័តមាននេះ