ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​សម្រុក​ដាំ​ត្រសក់ទ្រើង ជាង​ដំណាំ​ផ្សេង​ៗ នៅ​តំបន់​ទេសចរណ៍ «​អាង​កំ​ពូ​ង​ពួយ​»

1 ឆ្នាំ មុន
  • បាត់ដំបង

ប្រជា​កសិករ​ជា​ច្រើន​គ្រួសារ ដែល​មានមុខ​របរ​ដាំ​ដំណាំ​វិល​ជុំ​នៅ​ក្នុង​ទឹកដី​ឃុំ​តា​គ្រាម និង​ឃុំ​ស្នឹង ស្រុក​បាណ​ន់ ស្ថិត​នៅ​ប៉ែក​ខាងត្បូង​តំបន់​ទេសចរណ៍

ខេត្តបាត់ដំបង ៖ ប្រជា​កសិករ​ជា​ច្រើន​គ្រួសារ ដែល​មានមុខ​របរ​ដាំ​ដំណាំ​វិល​ជុំ​នៅ​ក្នុង​ទឹកដី​ឃុំ​តា​គ្រាម និង​ឃុំ​ស្នឹង ស្រុក​បាណ​ន់ ស្ថិត​នៅ​ប៉ែក​ខាងត្បូង​តំបន់​ទេសចរណ៍ «​អាង​កំ​ពូ​ង​ពួយ​» បាន​នាំ​គ្នា​សម្រុក​ដាំ​បន្លែ​ត្រសក់​រាប់​សិប​ហិច​តា ដោយ​ពួក​គេ​រំពឹង​ថា នឹង​មាន​ទីផ្សារ​ល្អ​នៅ​ពេល​ដល់​ថ្ងៃ​ប្រមូល​ផល​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​។

បើ​តាម​កសិករ​ម្នាក់​មានឈ្មោះ នៅ បៀ​ន អាយុ​៤១​ឆ្នាំ ដែល​មានមុខ​របរ​ដាំ​ដំណាំ​វិល​ជុំ​នេះ​ជា​ប្រចាំ បាន​និយាយ​ថា បន្លែ​ត្រសក់​ហាក់​មាន​ទីផ្សារ​ល្អ​ជាងគេ​ក្នុង​ចំណោម​បន្លែ​ជា​ច្រើន​មុខ ដែល​គាត់ និង​កសិករ​ដទៃ​ទៀត​បាន​ដាំ​។ លោក​ថា នេះ​ជា​ពេលវេលា​ដែល​កសិករ​កំពុង​សម្រុក​ដាំ​ត្រសក់ បើ​ទោះជា​ដំណាំ​នេះ មាន​តំលៃ​ទីផ្សារ​មិន​ទៀងទាត់​ក្ដី តែ​កសិករ​ភាគច្រើន​រំពឹង​ថា នឹង​មាន​ទីផ្សារ​ល្អ​ពេល​ប្រមូល​ផល​។ ដំណាំ​ត្រសក់​មាន​រយៈពេល​ត្រឹម​ជាង​១​ខែ​បន្តិច​ប៉ុណ្ណោះ កសិករ​នឹង​ចាប់ផ្ដើម​ប្រមូល​ផល​លក់​ដោយ​គិត​ចាប់ពី​ថ្ងៃ​ចាប់ផ្ដើម​ដាំ​។ នេះ​បើ​តាម​ការ​អះអាង​របស់​កសិក​ដែល​និយម​ដាំ​បន្លែ​លក់​នៅ​ក្បែរ​តំបន់​ទេសចរណ៍ «​អាង​កំពីងពួយ​»​។ ប៉ុន្តែ​កសិករ​ត្រូវ​ចំណាយ​ទុន​ច្រើន​គួរសម ក្នុង​ការ​ដាំ​ដំណាំ​នេះ តែ​កសិករ​ក៏​អាច​ទទួល​បាន​ផល​ចំណេញ​ច្រើន​គួរសម​ដែរ ប្រសិនបើ​ទីផ្សារ​មាន​តំលៃ​ល្អ​ដូច​សព្វ​ថ្ងៃនេះ​។

លោក នៅ បៀ​ន ដែល​កំពុង​ដើរ​ពិនិត្យ​មើល​កម្មករ​តុបតែង​ទ្រើង​ត្រសក់​នៅ​លើ​ផ្ទៃដី​ចំនួន​០៧​រ៉ៃ បាន​ប្រាប់​ថា «​ដំណាំ​ត្រសក់​របស់ខ្ញុំ ដាំ​បាន​ជិត​២​ស​ប្ដា​ហ៍​ហើយ ហើយនឹង​ត្រូវ​ចាប់ផ្ដើម​ប្រមូល​ផល ក្នុងអំឡុងពេល​ជាង​១​ស​ប្ដា​ហ៍​ខាង​មុខ​ទៀត​នេះ​»​។

តើ​ពេល​នេះ​កសិករ​និយម​ដាំ​ដំណាំ​អ្វី​ច្រើន​ជាងគេ?
កសិករ​រូប​នេះ បាន​ផ្ដល់​ចម្លើយ​ដោយ​គ្មាន​ស្ទាក់ស្ទើរ​ថា «​ពេល​នេះ ខែ​នេះ ភាគច្រើន​កសិករ​ដាំ​ត្រសក់ ហើយ​បើ​តាម​ខ្ញុំ​ដឹង​នៅ​តំបន់​នេះ មាន​កសិករ​បាន​នាំ​គ្នា​ដាំ​ត្រសក់​លើ​ផ្ទៃដី​យ៉ាងតិច​ជាង​១០​ហិច​តា តែ​នៅ​មាន​ដំណាំ​ដទៃ​ទៀត ដូច​ជា ម្រះ និង​ត្រឡាច តែ​មិន​ច្រើន​ដូច​ដំណាំ​ត្រសក់​ទេ​»​។

បើ​តាម​ការ​សាកសួរ​អំពី​មូលហេតុ ដែល​នាំ​ឲ្យ​កសិករ​នាំ​គ្នា​សម្រុក​ដាំ​ដំណាំ​ត្រសក់​នៅ​ពេល​នេះ កសិករ​ភាគច្រើន​ហាក់​មាន​ជំនឿ​ថា «​បន្លែ​ត្រសក់ នៅ​តែ​មាន​ទីផ្សារ​ល្អ ហើយ​បើ​ទោះជា​តម្លៃ​ធ្លាក់​ទាប​ជាង​ការ​រំពឹង​ទុក​បន្តិច ក៏​អាច​ទប់ទល់​នឹង​ទុន​ចំណាយ​បាន​ដែរ​» នេះ​ជា​ហេតុផល ដែល​នាំ​ឲ្យ​កសិករ​នៅ​តំបន់​នោះ នាំ​គ្នា​សម្រុក​ដាំ​ដំណាំ​ត្រសក់​នា​ពេល​នេះ ខណៈ​ដំណាំ​ដទៃ​ទៀត​ត្រូវ​ផ្អាក់​ដាំ​មួយ​អ​ន្លឺ​សិន​។

លោក នៅ បៀ​ន ដែល​មានបទពិសោធន៍​ដាំ​ដំណាំ​ជា​ច្រើន​ឆ្នាំ​កន្លង​ទៅ​នេះ បាន​រៀបរាប់​អំពី​ខ្ទង់ចំណាយ និង​ទិន្នផល​ដែល​ប្រមូល​បាន​យ៉ាង​ដូច្នេះ​ថា «​ផ្ទៃដី​ខ្ញុំ​ដាំ​ត្រសក់​នៅ​ពេល​នេះ​មាន​ទំហំ​០៧​រ៉ៃ​។ ខ្ញុំ​ត្រូវ​ចំណាយ​ទុន​ប្រមាណ​៣០០០​ដុល្លារ ដើម្បី​ទិញ​ពូជ ទិញ​ជី ទិញ​សម្ភារៈ​ស្រោច​ស្រប សម្ភារៈ​កសិកម្ម​ដទៃ​ទៀត រួម​ទាំង​ថ្លៃ​កម្មករ​តុបតែង​ទ្រើង​ផង លុះដល់​ថ្ងៃ​ប្រមូល​ផល ខ្ញុំ​ត្រូវ​ចំណាយ​លើ​កម្មករ​បេះ​ទៀត​»​។ ដូច្នេះ​យើង​ត្រូវ​ចំណាយ​ទុន​ច្រើន​គួរសម​ដែរ​។

ប៉ុន្តែ​កសិករ​ដែល​មាន​បទ​ពិសោធ​ដាំ​បន្លែ​រូប​នេះ បាន​បញ្ជាក់​ថា សព្វថ្ងៃ​តម្លៃ​ត្រសក់​អាច​លក់​បាន​ចន្លោះ​ពី​១៥០០​រៀល ទៅ ២០០០​រៀល​ក្នុង​១​គីឡូក្រាម តែ​មិន​ទៀងទាត់​ទេ វា​អាស្រ័យ​លើ​ដល់​ខែ​ប្រមូល​ផល​ជាក់ស្ដែង ជូន​កាល​អាច​ឡើងថ្លៃ​ជាង​នេះ ឬ ធ្លាក់​ចុះ​ជាង​នេះ​។

កសិករ​បាន​និយាយ​ថា ការ​ដាំ​ដំណាំ​ត្រសក់​ក្នុង​អំឡុង​ខែ​នេះ មិនសូវ​ទទួល​បាន​ផល​ច្រើន​ទេ​។ ក្នុង​ផ្ទៃដី​១​ហិច​តា​អាច​ប្រមូល​ផល​បាន​ចន្លោះ​ពី​២០​តោន​ទៅ​២៥​តោន តែបើ​ដាំ​ចាប់ពី​អំឡុង​ខែតុលា​ឡើង​ទៅ ដំណាំ​នេះ​អាច​ទទួល​បាល​ទិន្នផល​ខ្ពស់​ក្នុង​ចន្លោះ​តោន​ទៅ​៥០​តោន​។

យ៉ាងណា​ក្ដី ពាក់ព័ន្ធ​នឹង​ដំណាំ​ត្រសក់​នេះ បើ​តាម​កសិករ​ដែល​មានបទពិសោធន៍​ច្រើន លោក នៅ បៀ​ន បាន​បង្ហាញ​ពី​ការ​ប្រឈម​សំខាន់​ៗ​ក្នុង​ការ​ប្រកប​មុខរបរ​ដាំ​បន្លែ​ត្រសក់​នេះ​ថា ដំណាំ​ត្រសក់​អាច​ប្រឈម​នឹង​ផលវិបាក​ចំនួន​០២ ដែល​កសិករ​ប្រឈម​នឹង​ការ​ខាតបង់​។ ដោយ​ទី​១ ដំណាំ​ត្រសក់​ប្រឈម​នឹង​សត្វល្អិត​ដែល​យើង​ពី​បាក​ថែទាំ​បន្តិច និង​ទី​២ បើ​ប៉ះ​ចំ​រដូវភ្លៀង​ជោកជាំ ដំណាំ​នេះ​អាច​រលាក​ស្លឹក និង​ដើម ដែល​នាំ​ឲ្យ​ការ​លូតលាស​មិន​បាន​ល្អ ទទួល​បាន​ទិន្នផល​តិច ប៉ុន្តែ​យ៉ាងណា ក៏​កសិករ​មិន​ខាតបង់​រហូត​ដាច់​ដើម​ដែរ ប្រសិនបើ​ទីផ្សារ​នៅ​មាន​តម្លៃ​ស្ថេ​រ​ដូច​សព្វ​ថ្ងៃនេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ