ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មឿ​ន សុខ​ហ៊ុ​ច សង្ឃឹម​ឆ្លង​ផុត​វគ្គ​ជម្រុះ ឯ​ធី តុង​ហ៊ី ​និង​គូប្រកួត​បង្ហាញ​តម្រុយ​មិន​អាច​ទៅ​រួច

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កម្មវិធី​ប្រកួត​ប្រដាល់​ដណ្ដើម​ខ្សែក្រវាត់​គោ​ជល់​ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម​នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី ថ្ងៃ​សៅរ៍​ទី​១៩ វិច្ឆិកា ខានស្អែក​នេះ នឹង​អាច​រក​ឃើញ​បេក្ខភាព​ឡើង​ទៅ​ប្រកួត​នៅ

រាជធានី​ភ្នំពេញ ៖ កម្មវិធី​ប្រកួត​ប្រដាល់​ដណ្ដើម​ខ្សែក្រវាត់​គោ​ជល់​ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម​នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី ថ្ងៃ​សៅរ៍​ទី​១៩ វិច្ឆិកា ខានស្អែក​នេះ នឹង​អាច​រក​ឃើញ​បេក្ខភាព​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​បន្ត​ទៀត​បាន​ហើយ ។

កីឡាករ​មឿ​ន សុខ​ហ៊ុ​ច មក​ពី​ក្លិប​ពុទ្ធ​សិរី​វង្ស​ព្រែក​តា​ទែន ដែល​នឹង​ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​កុង​ម៉េ​ង​ធី សីត​ប៉ុ​មពឺ​ន​នោះ មាន​សង្ឃឹមថានឹង​បាន​ឡើង​ប្រកួត​នៅ​វគ្គ​បន្ត​ប្រសិនបើ​ឈ្នះ​ការ​ប្រកួត​លើក​នេះ​ទៀត ព្រោះ​ប្រកួត​បាន​៣​លើក​ឈ្នះ​២​ចាញ់​១​មាន​៧​ពិន្ទុ​។ ចំណែក​កីឡាករ​ថៃ​ឈ្មោះ​កុង​ម៉េ​ង​ធី ស៊ីត​ប៉ុ​ម​ពឺ​ន ប្រកួត​បាន​៣​លើក​ដូច​គ្នា​ឈ្នះ​១​ចាញ់​២​។ ប្រកួត​លើក​នេះ មឿ​ន សុខ​ហ៊ុ​ច មាន​សង្ឃឹម​ឈ្នះ​ច្រើន​ជាង​ចាញ់ ដោយសារ​តែ​គេ​ជា​អ្នក​ប្រដាល់​មួយ​រូប​ដែល​មានបទពិសោធន៍​ប្រកួត​ខ្ពស់​នៅ​លើ​សង្វៀន ផ្លែ​កែង និង​ជង្គង់​អាច​ប្រើ​ការ​បាន​យ៉ាង​ស្ទាត់ជំនាញ និង​មានចិត្ត​សឿង​ថែម​ទៀត​ផង ។ សូ​ម្បី​តែ​អ្នក​ធ្លាប់​តាមដាន​ការ​ប្រកួត​ភាគច្រើន​ក៏​មាន​ជំនឿ​ចិត្ត​លើ​កីឡាករ​កម្ពុជា​រូប​នេះ​ដែរ​។ មឿ​ន សុខ​ហ៊ុ​ច ធ្លាប់​ប្រកួត​បាន​៩៩​ដង ឈ្នះ​៧០​ដង ចាញ់​២៤​ដង ស្មើ​៥​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​១៤​ដង​។ ចំណែក​គូប្រកួត​របស់​គេ​ធ្លាប់​ប្រកួត​បាន​១០៤​ដង ឈ្នះ​៨១​ដង ចាញ់​២០​ដង ស្មើ​៣​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​១០​ដង ។

រីឯ​កីឡាករ​ធី តុង​ហ៊ី មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា និង​កីឡាករ​ថៃ​ឈ្មោះ​ម៉ា​ណា​វ​ថង ណេ​ត​ណាំ​ឆ័​យ​ជួប​គ្នា​លើក​នេះ​ជា​ការ​បង្គ្រប់កិច្ច​ប៉ុណ្ណោះ​ទោះ​ចាញ់ ឬ​ឈ្នះ​ក៏​គ្មាន​ឱកាស​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​បន្ត​ទៀត​បាន​ដែរ​ ដោយសារ​ពួក​គេ​ប្រកួត​បាន​៣​លើក​ដូច​គ្នា​ចាញ់​ទាំង​៣​លើក ។ គូ​នេះ​ធី តុង​ហ៊ី ធ្លាប់​ប្រកួត​បាន​១១៧​ដង ឈ្នះ​៨៦​ដង ចាញ់​២៩​ដង ស្មើ​២​ដង និង​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​៣៣​ដង ។ ចំណែក​កីឡាករ​ថៃ​ឈ្មោះ​ម៉ា​ណា​វ​ថង ណេ​ត​ណាំ​ឆ័​យ ធ្លាប់​ប្រកួត​បាន​៩៣​ដង ឈ្នះ​៧៥​ដង ចាញ់​១៣​ដង ស្មើ​៥​ដង និង​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​១០​ដង ។

នៅ​លើ​សង្វៀន​ដដែល​ក៏​មានការ​ប្រកួត​មិត្តភាព​រវាង​កីឡាករ​កម្ពុជា និង​កម្ពុជា​ផង​ដែរ​ដូច​ជា​កីឡាករ​ផាត សូ​ដា មក​ពី​ក្លិប​អេ​ភូ​ថង​កីឡា ប្រកួត​ជាមួយ​កីឡាករ សៅ ប៊ុ​ន​ធឿ​ន មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ និង​កីឡាករ រ៉ែ​ម រាជ មក​ពី​ក្លិប​អង្គរ​មាន​ជ័យ ខេត្តសៀមរាប ប្រកួត​ជាមួយ​កីឡាករ បឺត សង្ឃឹម មក​ពី​ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក ។

ដោយឡែក​នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​ធី​អិន ថ្ងៃ​សៅរ៍​នោះ​ដែរ​ក៏​មានការ​ប្រកួត​លក្ខណៈ​មិត្តភាព​អន្តរជាតិ​រវាង​កីឡាករ​កម្ពុជា​-​ថៃ​ដែលពោរពេញ​ដោយ​វិជ្ជា​គុន​ពេញ​ខ្លួន​ដូច​គ្នា។ កីឡាករ​កម្ពុជា ទេស ជីវ៉ា មក​ពី​ក្លិប​កងពលតូច​លេខ​៧០ នឹង​ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ជើង​ខ្លាំង​ថៃ​ឈ្មោះ ដេ​ន​ឡាំ​ប៉ាវ ស​.​ភុង​ស៊ិ​ត ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥​គីឡូ​ក្រាម ។ កីឡាករ សរ រាជសីហ៍ មក​ពី​ក្លិប​មោង​ឬ​ស្សី​មរតក​គុន​ខ្មែរ​ខេត្តបាត់ដំបង ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​យ៉​ត​ណា​ក់​រ៉​ប កៅ​ក្លៃ​យី​ម ក្នុង​ប្រភេទ​ទម្ងន់​៦៧​គីឡូក្រាម ។

ក្រៅពី​គូ​អន្តរជាតិ​ទាំង​ពីរ​គូ​នេះ​ទៅ​នៅ​មានការ​ប្រកួត​រវាង​កីឡាករ​ក្នុងស្រុក​ផង​ដែរ​ដូច​ជា​កីឡាករ ណា​ង សុភា មក​ពី​ក្លិប​រាជសីហ៍​ខេត្តរតនគិរី ប្រកួត​ជាមួយ​កីឡាករ ស៊ុំ សុខ​ឡេ​ង មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា ។ កីឡាករ សុខ ចិន្ដា មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ប្រកួត​ជាមួយ​កីឡាករ ផ​ន ផល្លា មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ និង​គូ​ចុង​ក្រោយ​កីឡាករ ផៃ គឹ​ម​ហឿ​ត មក​ពី​ក្លិប​គី​សែ​មាន​រិ​ទ្ធ ប្រកួត​ជាមួយ​កីឡាករ ជឹ​ម ចិ​ត្រា មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ៕