ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្មុក​ល្ខោនខោល​១១១​ត្រៀម​បង្ហាញ​មុន​ព្រឹត្តិការណ៍​សម្តែង​ល្ខោនខោល​ដ៏​អស្ចារ្យ​នា​ចុងឆ្នាំ ២០២២

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សាលា​សិល្បៈ​ហ្វ៊ូ​ណ​ន​នឹង​រៀបចំ​ការ​ដាក់​តាំង​បង្ហាញ​ខ្មុក​ល្ខោនខោល​ចំនួន​១១១​ខ្មុក ដែល​នឹង​ធ្វើ​ឡើង នៅ​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០២២ ចាប់ពី​ម៉ោង​៨​ព្រឹក រហូត​ដល់​ម៉ោង​៩​យប់ នៅ​អគារ…

រាជធានី​ភ្នំពេញ ៖ សាលា​សិល្បៈ​ហ្វ៊ូ​ណ​ន​នឹង​រៀបចំ​ការ​ដាក់​តាំង​បង្ហាញ​ខ្មុក​ល្ខោនខោល​ចំនួន​១១១​ខ្មុក ដែល​នឹង​ធ្វើ​ឡើង នៅ​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០២២ ចាប់ពី​ម៉ោង​៨​ព្រឹក រហូត​ដល់​ម៉ោង​៩​យប់ នៅ​អគារ Factory Phnom penh ជិត​វត្ត​ចាក់​អង្រែ​លើ ខណៈ​កម្មវិធី​សិល្បៈ​មួយ គឺ​រៀបចំ​មុន​ព្រឹត្តិការណ៍​សម្តែង​ល្ខោនខោល​ដ៏​អស្ចារ្យ​មួយ​នា​បំណាច់​ឆ្នាំ​២០២២​ខាង​មុខ​នេះ​។

ប្រធាន​សាលា​សិល្បៈ​ហ្វ៊ូ​ណ​ន​លោក ស៊ុប សក្ក​រ៉ា បាន​អះអាង​ថា សម្រាប់​ព្រឹត្តិការណ៍​វប្បធម៌​ដ៏​ពិសេស​ខ្មុក​ខោល​នេះ​ជា​កម្មវិធី​សិល្បៈ​បុរាណ​មួយ​ក្នុង​ចំណោម​កម្ម​វី​ធី​សិល្បៈ​ជា​ច្រើន​ដែល​សាលា​សិល្បៈ​ហ្វ៊ូ​ណ​ន​តែងតែ​រៀបចំ​ដោយ​គ្រាន់តែ​យើង​លើកយក​ប្រធានបទ​ខុស​ៗ​គ្នា​ប៉ុណ្ណោះ ។

លោក​បញ្ជាក់​ថា ការ​តាំង​បង្ហាញ​ខ្មុក​ល្ខោនខោល​ចំនួន​១១១​ខ្មុក និង​សម្ភារៈ​ផ្សេង​ៗ​សម្រាប់​ព្រឹត្តិការណ៍​សម្តែង​ល្ខោនខោល​ដ៏​អស្ចារ្យ គឺ​យើង​ចង់​ស្វែងរក​មូលនិធិ​គាំទ្រ ដើម្បី​រៀបចំ​កម្មវិធី​ព្រឹត្តិការណ៍​សម្តែង​ល្ខោនខោល​ដ៏​អស្ចារ្យ​នា​ចុងឆ្នាំ​២០២២ ។

លោក​បន្ថែម​ថា កម្មវិធី​ខាងលើ​នេះ​រៀបចំ​ឡើង​ក៏​ក្នុង​គោលបំណង បំផុស​ការ​ចូលរួម​របស់​យុវជន​ឲ្យ​ស្វែង​យល់​កាន់តែ​ច្បាស់​អំពី​ទម្រង់​សិល្បៈ​បុរាណ ជា​ពិសេស​ល្ខោនខោល​ខ្មែរ​ដើម្បី​បន្ត​សាមគ្គី​គ្នា​ថែរក្សា ការពារ​ឲ្យ​បាន​ស្ថិតស្ថេរ គង់វង្ស​តរៀង​ទៅ ។

បើ​តាម​លោក ស៊ុប សក្ក​រ៉ា សម្រាប់​កម្មវិធី​ខ្មុក​ខោល​នេះ គឺ​ត្រូវ​បាន​បែក​ចែក​ជា​ពី​ពេល គឺ​ពេល​ព្រឹក​ចាប់ពី​ម៉ោង​៨:០០ ដល់ ១២:០០ ថ្ងៃត្រង់ គឺ​កម្មវិធី​សិក្ខាសាលា​អំពី​ទម្រង់​ល្ខោនខោល និង​របាំ​បុរាណ ដែល​មានការ​អញ្ជើញ​បង្ហាញ​ដោយ​ឯកឧត្តម​ព្រឹទ្ធាចារ្យ ព្រឿ​ង ឈាង រួម​ទាំង​ការ​ហាត់រៀន និង​គ្រោង​ឈុត​ល្ខោនខោល​របាំ​បុរាណ​ពី​សំណាក់​តារា​កិត្តិយស​ផ្សេង​ៗ ។

ដោយឡែក​នៅ​ពេល​រសៀល​ចាប់ពី​ម៉ោង​១៤:០០​ដល់​១៩:០០ ល្ងាច មានការ​ប្រគំ​តន្ត្រី​ទសវត្សរ៍​ទី​៦០ ដោយ​សាលា​សិល្បៈ​តន្ត្រី ការ​តាំង​បង្ហាញ មុខ​ខ្មុក​ល្ខោនខោល​ចំនួន​១១១​ខ្មុក និង​សំភារៈ​ផ្សេង​ៗ បង្ហាញ​ក្បាច់គុន​ល្បុក្កតោ ដោយ​សាលា​គុន​ជ័យ​តេជៈ​កញ្ញា ពេជ្រ ចរណៃ ការ​សម្តែង​ចាប៉ី​ដង​វែង និង​ល្ខោនខោល ឈុត ក្រុង​រាពណ៍​ជប់​ពល់ ។ សិល្បករ សិល្ប​ការិនី ទាំង​បុរាណ​និង​សម័យ ប្រមាណ​១០០​នាក់ ដែល​អ​ញ្ចើ​ញ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ ។

យ៉ាងណា​តាម​រយៈ​កម្មវិធី​ខាងលើ​នេះ លោក​សង្ឃឹមថា និង​មានការ​អញ្ជើញ​ចូលរួម​យ៉ាង​កុះករ​ពី​សំណាក់​ឯកឧត្តម លោក​ជំទាវ លោក លោកស្រី អ្នក​នាង​កញ្ញា ជា​ពិសេស​យុវជន ដើម្បី​បង្ហាញ​ការ​គាំទ្រ និង​ចូលរួម​ផ្សព្វផ្សាយ​សិល្បៈ​បុរាណ​ឲ្យ​កាន់តែ​ផុស​ផល ។

ជា​ការ​កត់សម្គាល់​ជា​រៀង​រាល់​ឆ្នាំ សាលា​សិល្បៈ​ហ្វ៊ូ​ណ​ន ក៏​តែងតែ​រៀបចំ​ព្រឹត្តិការណ៍​សិល្បៈ​បុរាណ​ដែល​មានឈ្មោះ​ថា ទិវា​បេតិកភណ្ឌ ក្រោម​ប្រធានបទ​ផ្សេង​ៗ​គ្នា​ក្នុង​គោលបំណង​អបអរសាទរ​ខួប​នៃ​ការ​ដាក់​បញ្ចូល​ស​ម្ប​តិ្ត​បេតិកភណ្ឌ​ខ្មែរ​ដូច​ជា ល្ខោនខោល ល្ខោនស្បែក​ធំ របាំ​ក្បាច់​បុរាណ ចាប៉ី​ដង​វែង​ជាដើម ជាស​ម្ប​តិ្ត​បេតិកភណ្ឌ​អរូបី​នៃ​មនុស្សជាតិ​ដោយ​អង្គការ UNESCO ដើម្បី​ចូលរួម​អភិរក្ស និង​អភិវឌ្ឍន៍​វប្បធម៌ អរិយធម៌​ដ៏​មាន​តម្លៃ​របស់​ជាតិខ្មែរ​ឲ្យ​ស្ថិតស្ថេរ​គង់វង្ស ។

ជា​ពិសេស​បង្ហាញ​ឲ្យ​យុវជន និង​មហា​គ្រួសារ​ខ្មែរ ស្វែង​យល់​កាន់តែ​ច្បាស់​អំពី​ទម្រង់​សិល្បៈ​បុរាណ​នីមួយ​ៗ ដើម្បី​បង្កើត​ចិត្ត​ស្រលាញ់ និង​ចូលរួម​ថែរក្សា​ទាំងអស់​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ