ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​ ១២៣គ្រួសារ សំណូមពរដល់​អាជ្ញាធរ​ក្រុងសិរីសោភ័ណ ចុះពិនិត្យប្រឡាយ​ទឹក ដែលលោក ឈឹម សារឿន ហៅ ចិនខ្មៅ ចាក់ដីលុប

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ ​លោក ឈឹម សារឿន ហៅ ចិនខ្មៅ ម្ចាស់ផ្សារចិនខ្មៅ កំពុងចាក់ដី លុបប្រឡាយ​ទឹក ដើម្បីត្រៀមអង្កន់ពុះដីឡូត៍លក់។…

បន្ទាយមានជ័យ៖ ​លោក ឈឹម សារឿន ហៅ ចិនខ្មៅ ម្ចាស់ផ្សារចិនខ្មៅ កំពុងចាក់ដី លុបប្រឡាយ​ទឹក ដើម្បីត្រៀមអង្កន់ពុះដីឡូត៍លក់។ ការចាក់ដីលុបប្រឡាយទឹកហូរចូលស្រែរបស់ប្រជាកសិករ​នោះ ធ្វើឱ្យប៉ះពាល់ដល់ការធ្វើស្រែរបស់ប្រជាកសិករ ចំនួន ១២៣គ្រួសារ នៅក្នុង ៤ភូមិ រួមមាន ភូមិព្រះពន្លា ភូមិព្រៃឬស្សី ភូមិតាទុង និងភូមិកោះពងសត្វ ក្នុងសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ប្រជាកសិករ បានស្នើសុំដល់អាជ្ញាធរក្រុងសិរីសោភ័ណ ឱ្យពិនិត្យមើលការចាក់ដីលុបប្រឡាយ​របស់លោក ឈឹម សារឿន ហៅ ចិនខ្មៅ ម្ចាស់ផ្សារចិនខ្មៅនេះផង​។

ប្រជាពលរដ្ឋម្នាក់ សុំមិនបញ្ចេញឈ្មោះ រស់នៅភូមិព្រះពន្លា សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយ​មានជ័យ តំណាងឱ្យប្រជាពលរដ្ឋទាំង ១២៣គ្រួសារនោះ បាននិយាយថា ប្រជាពលរដ្ឋធ្វើស្រែខាង​កើតផ្សារចិនខ្មៅ និងស្ពានតាផាន់ រាប់រយហិកតាឯណោះ រំពឹងលើប្រឡាយខាងកើតស្ពានតាផាន់ហូរកាត់ទៅស្ពានតាប៉ក់តាំងពីជំនាន់បារាំង ព្រោះប្រជាពលរដ្ឋធ្វើស្រែនៅខាងកើតផ្សារចិនខ្មៅ និងស្ពានតាផាន់ទាំង ៤ភូមិនេះ គាត់បានបូមទឹកពីប្រឡាយនេះ មកដាក់ស្រែគាត់ទាំងខែប្រាំង និងវស្សាជារៀងរាល់ឆ្នាំកន្លងមក។

ប្រជាពលរដ្ឋរូបនោះ បានបញ្ជាក់ទៀតថា នៅឆ្នាំ២០១៦ លោក ឈឹម សារឿន ហៅ ចិនខ្មៅ បានចាក់ដីលុបប្រឡាយនេះ ស្ទើរអស់ទាំងស្រុង ហើយរហូតបន្តចាក់លុបប្រឡាយនៅ​ខាងជើងផ្សារចិនខ្មៅ ជាប់នឹងផ្លូវរថភ្លើង ជិតអស់ទៀត ហើយបានដាក់លូមុខកាត់តូច មកជំនួសវិញ ធ្វើឱ្យទឹកមិនអាចហូរចូលមកដល់ប្រឡាយមេ​បាន។ ម្យ៉ាងទៀត ប្រឡាយ ដែលលោកចិនខ្មៅ ចាក់លុបនោះ នៅចំណុចខាងជើងផ្សារចិនខ្មៅ ជាប់នឹងផ្លូវរថភ្លើង ស្ថិតក្នុងភូមិព្រៃឬស្សី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មានទទឹងប្រហែល ២០ម៉ែត្រ និងបណ្តោយរាប់ ១០០ម៉ែត្រឯណោះ។

ប្រជាពលរដ្ឋ ស្នើសុំឲ្យអាជ្ញាធរក្រុង សិរីសោភ័ណ ពិសេសលោក ហ៊ិល រ៉ាយ៉ា មេត្តាចុះពិនិត្យមើលទីតាំងដែល​លោក ឈឹម សារឿន ហៅចិនខ្មៅ ចាក់ដីបិទប្រព័ន្ធ​ប្រឡាយនោះផង ព្រោះវាជាបេះដូងរបស់ប្រជាពលរដ្ឋ ក្នុងសង្កាត់ព្រះពន្លានេះត្រូវការទឹក ចាំចាច់ខ្លាំងណាស់ សំរាប់ធ្វើស្រែរបស់ពួកគាត់។

ចំណែក​លោក ឈឹម សារឿន បានបញ្ជាក់ដោយខ្លីថា ការអភិវឌ្ឍន៍លំនៅដ្ឋាន នៅកន្លែងណា​មួយនោះ វាតែងតែមានការប៉ះទង្គិចគ្នារវាងអ្នកអភិវឌ្ឍន៍ និងប្រជាពលរដ្ឋ ជៀសមិនផុតពីការ​មានទំនាស់នោះឡើយ​។ ដោយឡែកអាជ្ញាធរសមត្ថកិច្ចក្រុងសិរីសោភ័ណ មិនទាន់មាន​អត្ថាធិប្បាយ បែបណានៅឡើយទេ៕ ណុប រក្សា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ