ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តែម ម៉ឺន ទទូច​ឱ្យ​ផលិតកម្ម​ចម្រៀង​លើក​ស្ទួយ​វិស័យ​ប្រដាល់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​បញ្ចប់រឿង​ចម្រូងចម្រាស​ពាក់ព័ន្ធ​ជាមួយ​តារាចម្រៀង​ខេ​ម និង​ផលិតកម្ម​ថោ​ន លោក តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា​ដែល​ត្រូវ​គេ​ចោទប្រកាន់​ថា ជា​អ្នក​រួមចំណែក​ធ្វើ​ឱ្យ​បទ​«​ជីវិត​អ្នក​ប្រដាល់​»

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​បញ្ចប់រឿង​ចម្រូងចម្រាស​ពាក់ព័ន្ធ​ជាមួយ​តារាចម្រៀង​ខេ​ម និង​ផលិតកម្ម​ថោ​ន លោក តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា​ដែល​ត្រូវ​គេ​ចោទប្រកាន់​ថា ជា​អ្នក​រួមចំណែក​ធ្វើ​ឱ្យ​បទ​«​ជីវិត​អ្នក​ប្រដាល់​»​របស់​ផលិតកម្ម​ថោ​ន​ត្រូវ​បាន​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បិទ​ចោល បាន​ទទូច​ឱ្យ​ផលិតកម្ម​ចម្រៀង​រួម​គ្នា​លើក​ស្ទួយ​វិស័យ​ប្រដាល់​នៅ​ក្នុង​បទ​ចម្រៀង​ឱ្យ​បាន​ច្រើន ។ ទោះបី​យ៉ាងណា លោក​ថា បទ​ចម្រៀង​ទាំងនោះ​ត្រូវ​តែ​គោរព​លើ​កម្មសិទ្ធិបញ្ញា និង​មាន​ខ្លឹមសារ​កុំឱ្យ​មានការ​រិះគន់​ដើម្បី​ឱ្យ​បទ​ចម្រៀង​ដែល​បាន​ផលិត​ជា​ថ្មី​មិន​មាន​បញ្ហា​ដូច​បទ​«​ជីវិត​អ្នក​ប្រដាល់​»​នៅ​ពេល​ផលិត​រួច ។

លោក តែម ម៉ឺន នៅ​តែ​រក្សា​ជំហរ​អះអាង​ថា មិន​ដែល​បាន​ប្ដឹង​ផលិតកម្ម​ថោ​ន និង​មិន​ដែល​បាន​បញ្ចេញ​ប្រតិកម្ម​ណាមួយ​ពាក់ព័ន្ធ​នឹង​ការ​ផលិត​បទ​«​ជីវិត​អ្នក​ប្រដាល់​»​ទៅ​លើ​តារាចម្រៀង​ខេ​ម​នោះ​ឡើយ ។ លោក​ថា លោក​សប្បាយចិត្ត​ដែល​ការ​បកស្រាយ​របស់​លោក​ត្រូវ​បាន​មហាជន​បញ្ចប់​ការ​យល់​ច្រឡំ​ថា​សហព័ន្ធ​កីឡាប្រដាល់​មានការ​ក្ដៅ​ក្រហាយ​នឹង​រឿងលោក​ខេ​ម​បកស្រាយ​បទ​ចម្រៀង​«​ជីវិត​អ្នក​ប្រដាល់​»​មាន​ពាក្យ​«​តិរច្ឆាន​» ហើយ​បាន​ប្រតិកម្ម និង​ទាមទារ​ឱ្យ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​លុប​បទ​នោះ​ចោល ។ លោក​ថា ក្នុង​ពេល​អ្នកលេង​ហ្វេ​ស​ប៊ុ​កមួយ​ចំនួន​កាត់ត​មុខ​លោក និង​តារាចម្រៀង​ខេ​ម ហើយ​បង្ហោះ​ពាក្យ​ថា សហព័ន្ធ ឬ​លោក​ត្រៀម​ប្ដឹង ឬ​បាន​ដាក់​ពាក្យ​ប្ដឹង​អ្នកនិពន្ធ និង​អ្នកចម្រៀង​របស់​ផលិតកម្ម​ថោ​ន គឺ​លោក​មិន​ដែល​ដេក​លក់​នោះ​ទេ ។ លោក​ថា សហព័ន្ធ​បើ​ទោះជា​ស្ថិត​នៅ​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ ក៏​មិន​ដែល​មាន​បំណង​ដាក់​គំនាប​ណាមួយ​ទៅ​លើ​ផលិតកម្ម​ដែល​បាន​និពន្ធ​បទ​ពាក់ព័ន្ធ​នឹង​វិស័យ​ប្រដាល់​នោះ​ទេ បើ​ទោះជា​ខ្លឹមសារ​នៅ​ក្នុង​បទ​នោះ មានការ​ប៉ះទង្គិច​ខ្លះទៅ​លើ​អាជីព​ប្រដាល់​​ក្ដី​។

ជាក់ស្ដែង​ដូច​ជា​បទ​«​ជីវិត​អ្នក​ប្រដាល់​» បើ​គ្មាន​ប្រតិកម្ម​ពី​សំណាក់​មហាជន​នោះ​ទេ លោក​ក៏​មិន​យល់​ថា​ពាក្យ​«​តិរច្ឆាន​» ដែល​ប្រើ​នៅ​ក្នុង​បទ​ចម្រៀង​របស់​លោក​ខេ​ម​មាន​ភាព​ធ្ងន់ធ្ងរ​នោះ​ដែរ ។ លោក​នៅ​តែ​បង្ហាញ​ការ​ត្រេកអរ​ដែល​ផលិតកម្ម​ថោ​ន​បាន​ផលិត​បទ​«​ជីវិត​អ្នក​ប្រដាល់​» ពាក់ព័ន្ធ​នឹង​វិស័យ​ប្រដាល់ ដោយ​លោក​បាន​ចាត់​ទុក​ថា​បទ​នោះ​បើ​ទោះជា​មាន​ប្រតិកម្ម​ពី​មហាជន​បន្តិច​មែន ប៉ុន្តែ​ក៏​បាន​បំផុស​ឱ្យ​មហាជន​មានការ​យល់​ដឹង​ពី​ស្ថានភាព​កីឡាប្រដាល់ និង​ថា​អ្វី​ដែល​បាន​និពន្ធ​ឡើង​វា​មិន​ខុស​នោះ​ទេ ដោយសារ​តែ​ភាព​ជាក់ស្ដែង​គឺ​វិស័យ​ប្រដាល់​នៅ​កម្ពុជា​ពិតជា​នៅ​មាន​កម្រិត ដោយសារ​តែ​ការ​រក​ចំណូល​ពី​ប្រដាល់​របស់​កីឡាករ​នៅ​មិន​ទាន់​អាច​ប្រដូច​វិស័យ​ប្រដាល់​នៅ​ប្រទេស​រីក​ចម្រើន​បាន ។ លោក​ថា ហេតុផល​ដែល​ពលរដ្ឋ​ខ្មែរ​នៅ​មាន​ចំនួន​តិច​ជាង​ប្រទេស​ជិតខាង គឺ​បញ្ហា​មួយ​ដែល​ធ្វើ​ឱ្យ​បណ្ដា​ស្ថាប័ន​ទូរទស្សន៍​មិន​អាច​ផ្ដល់​តម្លៃ​ឱ្យ​កីឡាករ​បាន​ខ្ពស់ ដែល​បណ្ដាល​មក​ពី​ក្រុមហ៊ុន​ជា​អ្នក​ជ្រោមជ្រែង​កម្មវិធី​ក៏​មិន​ហ៊ាន​ចំណាយ​ច្រើន ព្រោះតែ​ផលិតផល​ដែល​គេ​ផ្សព្វផ្សាយ​នៅ​កម្ពុជា​ក៏​លក់ដាច់​មិន​ច្រើន បើ​ធៀប​នឹង​ប្រទេស​ផ្សេង​ដែល​គេ​មាន​ប្រជាជន​ច្រើន ។

លោក​បាន​រំលឹក​ថា សហព័ន្ធ​បាន​ត្រឹមតែ​ចេញ​លិខិត​ជា​លក្ខណៈ​សាមញ្ញ​មួយ​ទៅ​កាន់​ផលិតកម្ម​ថោ​ន ដើម្បី​ឱ្យ​ផលិតកម្ម​នេះ និង​អ្នកនិពន្ធ​កែ​ពាក្យ«​តិរច្ឆាន​»​ដែល​មាន​ប្រតិកម្ម កុំឱ្យ​មានការ​រិះគន់​បន្ត​ទៀត​ប៉ុណ្ណោះ ។ ចំណែក​រឿង​បិទ​គឺ​ដោយសារ​តែ​បទ​នោះ​ពាក់ព័ន្ធ​នឹង​កម្មសិទ្ធិបញ្ញា​លើ​បទ​ភ្លេង​ពី​ជំនាន់​ដើម​ឯណោះ​ទេ ។ លោក​ទទូច​ឱ្យ​ផលិតកម្ម​ថោ​ន ក៏​ដូច​ជា​ផលិតកម្ម​ផ្សេង​ៗ​ជួយ​រំលេច​បទ​ចម្រៀង​ដែល​ស្ដែង​ចេញពី​វិស័យ​ប្រដាល់​ឱ្យ​បាន​ច្រើន ដើម្បី​ជួយ​លើកទឹកចិត្ត​ដល់​កីឡាករ​ផង និង​ជួយ​ផ្សព្វផ្សាយ​ដល់​វិស័យ​ប្រដាល់​ផង ។ លោក​ថា បទ​ចម្រៀង​និយាយ​ពី​កីឡាប្រដាល់​ត្រូវ​បាន​និពន្ធ​ឡើង​គគ្រឹកគគ្រេង​ច្រើន​ឡើង​នៅ​តាម​ផលិតកម្ម​ធំ​ៗ នោះ​ចលនា​ស្រឡាញ់​ការ​ប្រដាល់​ពី​សំណាក់​ពលរដ្ឋ​ក៏​នឹង​មាន​ចំនួន​ច្រើន​ដែរ​នា​ពេល​ខាង​មុខ​។ តែ​លោក​ទទូច​ឱ្យ​និពន្ធ​ប្រភេទ​បទ​ក្នុង​ន័យ​លើក​ស្ទួយ និង​មិន​បន្តុះបង្អាប់ ដើម្បី​ឱ្យ​មហាជន​ក៏​ទទួលយក​បាន ហើយ​កីឡាករ និង​អ្នក​ពាក់ព័ន្ធ​ក្នុង​វិស័យ​ប្រដាល់​ក៏​ទទួលយក​បាន ។

លោក ងួ​ន សុ​បិ​ន្ត អ្នកនិពន្ធ​បទ​«​ជីវិត​អ្នក​ប្រដាល់​» បាន​អះអាង​ថា បើ​ទោះជា​បទ​លើក​ទី​១​របស់​ខ្លួន​ដែល​បាន​និពន្ធ​ឡើង​ពាក់ព័ន្ធ​នឹង​ការ​ប្រដាល់​ត្រូវ​បាន​ក្រសួង​បិទ​ចោល ប៉ុន្តែ​លោក​មិន​រួញរា​ទេ គឺ​លោក​នៅ​តែ​មាន​បំណង​និពន្ធ​បទ​ថ្មី​ពាក់ព័ន្ធ​នឹង​វិស័យ​ប្រដាល់​នេះ​ជា​ថ្មី​ម្ដងទៀត ដោយសារ​តែ​លោក​នៅ​តែ​យល់​ថា ការ​រំលេច​វិស័យ​ប្រដាល់​នៅ​ក្នុង​បទ​ចម្រៀង គឺ​នឹង​មិន​ខុស​ពី​ជួយ​ឱ្យ​វិស័យ​មួយ​នេះ​ទទួល​បាន​នូវ​ការ​ចាប់អារម្មណ៍ ។ លោក​អះអាង​ថា ខ្លួន​កំពុង​ស្វែងរក​ទំនុក​បទ​ភ្លេង​ថ្មី ហើយ​មាន​ចំណុច​ពីរោះ​យក​មក​និពន្ធ​ពី​ជីវិត​អ្នក​ប្រដាល់​ជា​ថ្មី ដោយ​ការ​រំលេច​ស្នាដៃ​របស់​ខ្លួន​ជា​ថ្មី​នោះ គឺ​ពិតជា​គ្មានប្រតិកម្ម​ណាមួយ​កើតឡើង​ទៀត​ឡើយ ។ ផ្ទុយ​ទៅ​វិញ​លោក​រំពឹង​ថា បទ​ដែល​គ្រោង​និពន្ធ​នោះ នឹង​មានការ​ចាប់អារម្មណ៍​ទៀត​ផង ក្រោយ​ពេល​ចេញផ្សាយ ។ ក្នុង​នោះ​លោក​នៅ​តែ​ប្រកាន់​ជំហរ​ឱ្យ​តារាចម្រៀង​ខេ​ម​ជា​អ្នក​ច្រៀង​ដដែល ដោយសារ​តែ​លោក​យល់​ថា​ទឹកដម​សំឡេង​របស់ខេ​ម​សម​នឹង​ច្រៀង​បទ​ចម្រៀង​ដែល​មាន​ទំនុក​និយាយ​ពី​វិស័យ​ប្រដាល់ ៕