ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប័រធម្មជាតិ នៅមណ្ឌលគិរី កំពុងប្រមូលផល និងលក់​បានថ្លៃ នាដើមរដូវវស្សានេះ​

1 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី៖ ចាប់តាំងពីពាក់កណ្តាលខែឧសភា រហូតដល់ខែមិថុនានេះ ផ្លែប័រធម្មជាតិ​ខេត្តមណ្ឌលគិរី កំពុងទុំបណ្តើរៗ សម្រាប់ផ្គត់ផ្គង់ទីផ្សារ និងលក់បានតម្លៃថ្លៃ នាដើមរដូវ​វស្សាឆ្នាំ២០២២នេះ។ ប្រជាពលរដ្ឋ រស់នៅក្រុងសែនមនោរម្យ…

ខេត្តមណ្ឌលគិរី៖ ចាប់តាំងពីពាក់កណ្តាលខែឧសភា រហូតដល់ខែមិថុនានេះ ផ្លែប័រធម្មជាតិ​ខេត្តមណ្ឌលគិរី កំពុងទុំបណ្តើរៗ សម្រាប់ផ្គត់ផ្គង់ទីផ្សារ និងលក់បានតម្លៃថ្លៃ នាដើមរដូវ​វស្សាឆ្នាំ២០២២នេះ។

ប្រជាពលរដ្ឋ រស់នៅក្រុងសែនមនោរម្យ បានឲ្យដឹងថា សព្វថ្ងៃ គាត់មានដើមប័រជាង ១០ដើម​ប៉ុណ្ណោះ កំពុងប្រមូលផល បានបីបួនឆ្នាំមកហើយ តែគាត់អាចទទួលប្រាក់​ចំណូល​មិនក្រោមប្រាំលានរៀលឡើយ ព្រោះប័ររបស់គាត់ដាំ មានរសជាតិឆ្ងាញ់ និងលក់បានតម្លៃថ្លៃ។ រាល់ថ្ងៃនេះ ផ្លែប័រ ដែលគាត់បេះលក់ឲ្យទៅគេ បានតម្លៃចាប់ពី ៨០០០រៀល ទៅមួយម៉ឺនរៀល ក្នុង ១គ.ក តាមពូជ និងទំហំប័រ។ ក្នុងមួយដើមប័រ អាយុចាស់ឆ្នាំ អាចផ្តល់ផលចាប់ពី ៥០គីឡូក្រាម ទៅជាង ១០០គីឡូក្រាម អាស្រ័យលើការថែទាំខ្លះដែរ។

បងស្រី រ័ត្ន អ្នកលក់ផ្លែឈើ នៅជិតរង្វង់មូលគោព្រៃ បានឲ្យដឹងថា ពួកគាត់ប្រមូលទិញផ្លែប័រ​តាមផ្ទះអ្នកភូមិ ឬពីចំការនានា ចន្លោះតម្លៃបីពាន់រៀល ទៅប្រាំមួយពាន់រៀល ហើយលក់​ចេញ​រាយ បានតម្លៃប្រមាណប្រាំពីរពាន់រៀល ទៅមួយម៉ឺនរៀល។

គាត់បានបន្តថា ចំពោះការលក់ដូរផលផ្លែឈើសព្វថ្ងៃ មិនដាច់ច្រើនរាល់ថ្ងៃឡើយ ប៉ុន្តែនៅថ្ងៃ​ឈប់សម្រាក ឬបុណ្យទានម្តងៗ ពួកគាត់ស្ទើររកផ្លែប័រ ឬស្ពៃក្តោបលក់ឲ្យភ្ញៀវសឹងមិនបាន។ទោះយ៉ាងណា នៅពេលគ្មានភ្ញៀវទេសចរ​ដើរលេងកម្សាន្ត ពួកគាត់ក៏នៅអាចបោះដុំផ្លែប័រ​ទៅកាន់ទីផ្សារក្រៅខេត្ត ឬទៅភ្នំពេញ ជាដើម។

ប្រធានមន្ទីរកសិកម្ម ខេត្តមណ្ឌលគិរី លោក សុង ឃាង បានឲ្យដឹងថា បច្ចុប្បន្ន ខេត្តមណ្ឌលគិរី មានចំការដំណាំប័រ អនុវត្តបានសរុបចំនួន ២៨៧ ហិកតា កើនលើសឆ្នាំមុន ៤៨ ហិកតា​។ ចំណែក​ផ្ទៃដីប្រមូលផល ២០៥ហិកតា បរិមាណផល ១ ៩៥៨ តោន និងផល ៩,៥៥១ តោន /ហិកតា ដែល​តម្លៃលក់នៅតាមទីផ្សារ ចន្លោះ ៤ ០០០៛ ទៅ ៨ ០០០៛ ប្រែប្រួលតាមពូជ។

លោកប្រធានមន្ទីរបន្តថា ដោយខេត្តមណ្ឌលគិរី មានសក្តានុពលអំណោយផល ទាំងដីមានជីវជាតិ អាកាសធាតុល្អ កសិករអាចដាំដុះដំណាំស្ទើរគ្រប់ប្រភេទ សម្រាប់បំពេញតម្រូវការទីផ្សារ។ ក្នុង​នោះ ដំណាំប័រ និងស្ពៃក្តោប បានក្លាយជាដំណាំដ៏ល្បីប្រចាំខេត្ត ដែលអាចទាក់ទាញ​មហាជន ឱ្យ​គាំទ្រ​កសិផល ដែលដាំដុះក្នុងខេត្ត និងជួយដល់ជីវភាពកសិករកាន់តែប្រសើរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ